ជំនួយអភិវឌ្ឍន៍ទ្វេភាគី

Phum Doung Bridge over the Tatai River.

ស្ពានភូមិដូងលើទន្លេតាតៃ។ រូបភាព ដោយ Robert Tyabji, ថតនៅថ្ងៃទី ០៩ ខែ ធ្នូ ឆ្នាំ ២០១០។ ក្រោមអាជ្ញារបណ្ណ CC BY-NC-ND 2.0

ជំនួយទ្វេភាគី គឺជាជំនួយដែលផ្តល់ដោយផ្ទាល់ដោយរដ្ឋាភិបាលមួយទៅឱ្យរដ្ឋាភិបាលមួយទៀត ឬទៅឱ្យអង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុកមួយ។1 រាជរដ្ឋាភិបាលនៃកម្ពុជាបាននឹងកំពុងទទួលជំនួយទ្វេភាគីចាប់តាំងពីការបោះឆ្នោតនៅឆ្នាំ ១៩៩៣។ ដូច្នេះហើយ ទើបប្រទេសកម្ពុជាបានទទួលមូលនិធិយ៉ាងច្រើនសន្ធិកសន្ធាប់ពីបណ្តាដៃគូអភិវឌ្ឍន៍អន្តរជាតិនានា។2

ខ្ទង់ចំនាយផ្លូវការនៃជំនួយសម្រាប់ឆ្នាំ ២០១៥ មានចំនួន ៨១៧,៥៦៥,៧៥១ ដុល្លារអាមេរិក និងប្រាក់ចំនួន ១,០៣៩,៤៨០,២៩២ ដុល្លារអាមេរិក ដែលបានគ្រោងទុកសម្រាប់ឆ្នាំ ២០១៦ (ខ្ទង់ចំនាយជាក់ស្តែងនៅមិនទាន់មាននៅឡើយទេនៅពេលនេះ)។ ជំនួយប្រភេទនេះត្រូវបានផ្តល់ទៅកាន់រាជរដ្ឋាភិបាលកម្ពុជា តាមរយៈជំនួយឥតសំណង កម្ចី និង ជំនួយអភិវឌ្ឍន៍ផ្លូវការ (ODA)។ អស់រយៈពេលប៉ុន្មានទស្សវត្សមកនេះ ជំនួយទ្វេភាគីបានផ្លាស់ប្តូរយ៉ាងលើសលុបលើមូលនិធិជំនួយឥតសំណងវិញ។ ប្រទេសជាច្រើនមាន “កិច្ចព្រមព្រៀងសហប្រតិបត្តិការ” ជាមួយរាជរដ្ឋាភិបាលកម្ពុជាចំពោះប្រភេទជំនួយមួយចំនួន។3 កិច្ចព្រមព្រៀងប្រភេទទាំងនេះអនុញ្ញាតឱ្យប្រទេសម្ចាស់ជំនួយមានធាតុបញ្ជូលមួយចំនួន ទៅតាមប្រភេទនៃគម្រោងណាមួយដែលមូលនិធិជំនួយរបស់ពួកគេនឹងផ្តល់ទៅឱ្យ ប៉ុន្តែដោយសារតែធម្មជាតិនយោបាយនៃជំនួយទ្វេភាគី គម្រោងទាំងនេះនឹងត្រូវបានរំពឹងថានឹងមិនសូវមានច្រើននៅក្នុងគម្រោងសង្គមស៊ីវិលនានា ខណៈដែលវានឹងក្លាយជាកម្លាំងជម្រុញខ្លាំងលើវិស័យហេដ្ឋារចនាសម្ព័ន្ធ។4

ការផ្លាស់ប្តូរថ្មីៗនេះរបស់ប្រទេសកម្ពុជាពី “ប្រទេសមានសេដ្ឋកិច្ចចំណូលទាប” មកស្ថិតនៅកម្រិត “ប្រទេសសេដ្ឋកិច្ចចំណូលទាបមធ្យម”5 គឺត្រូវបានគេរំពឹថា នឹងមានការផ្លាស់ប្តូរជំនួយបរទេសមួយចំនួន ពីជំនួយផ្ទាល់ទៅកាន់ទម្រង់កិច្ចគាំពារផ្សេងៗ។

កិច្ចព្រមព្រៀងអន្តរជាតិ និងនិន្នាការការអភិវឌ្ឍ

ប្រជាជាតិដែលជាម្ចាស់ជំនួយទ្វេភាគីមាន ពីរក្រុមធំៗ៖ សមាជិកគណៈកម្មាធិការជំនួយអភិវឌ្ឍន៍ ឌីអេស៊ី (DAC) និងប្រទេសដែលមិនមែនជាសមាជិកគណៈកម្មាធិការជំនួយអភិវឌ្ឍន៍ ឌីអេស៊ី។ គណៈកម្មាធិការជំនួយអភិវឌ្ឍន៍ ឌីអេស៊ី (DAC) ជាបណ្តុំនៃប្រជាជាតិចំនួន ២៩ និងអ្នកផ្តល់ជំនួយពហុភាគី ដែលបានសម្រេចចិត្តផ្តល់ជំនួយអភិវឌ្ឍន៍ដែលមានការទទួលខុសត្រូវច្រើនយ៉ាង។ មានន័យថា កម្ចីនៃជំនួយអភិវឌ្ឍន៍ផ្លូវការ (ODA) ចាំបាច់ត្រូវបានធ្វើឡើងក្នុងលក្ខណៈជាសម្បទាននានា – ដែលសម្បទានទាំងនេះត្រូវបាន “កំណត់ជាកម្ចីដែលមានភាពអនុគ្រោះខ្លាំងជាងកម្ចីនានាលើទីផ្សារ។ ការធ្វើសម្បទាន គឺត្រូវបានសម្រេចទាំងក្នុងករណីអត្រាការប្រាក់ទាបជាងអត្រានៅលើទីផ្សារ ឬ អំឡុងពេលអនុគ្រោះ ឬករណីរួមនៃលក្ខខណ្ឌទាំងពីរ”។6 ជំនួយប្រភេទនេះ ក៏ទាមទារយ៉ាងហោចណាស់ ២៥ ភាគរយ ដើម្បីផ្តល់ជាជំនួយឥតសំណងមិនមែនកម្ចី។7

សមាជិកមិនមែនគណៈកម្មាធិការជំនួយអភិវឌ្ឍន៍ ឌីអេស៊ី មិនមានគោលការណ៍ណែនាំទាំងនោះទេ ហើយពួកគេអាចវិនិយោគ ផ្តល់កម្ចី ផ្តល់ជំនួយឥតសំណង ឬធ្វើពាណិជ្ជកម្មទៅតាមការជ្រើសរើសរបស់ពួកគេ។

ប្រទេសកម្ពុជាបានស្ថិតក្នុងដំណាក់កាលដែលកាន់តែពឹងផ្អែកច្រើនលើដៃគូក្នុងតំបន់ជាជាងពីបណ្តាដៃប្រទេសលោកខាងលិច។ នេះគឺជាផ្នែកមួយនៃយុទ្ធសាស្ត្រចតុកោណដែលបានលើកពិភាក្សានៅក្នុងទំព័រ “គោលនយោបាយអភិវឌ្ឍន៍ និងការគ្រប់គ្រង”។ ជាលទ្ធផល ដៃគូអភិវឌ្ឍន៍ទ្វេភាគីធំៗចំនួនពីរ មានដូចជា ប្រទេសជប៉ុន (ស្ថិតនៅក្នុងក្រុមឌីអេស៊ី) និង ប្រទេសចិន (ស្ថិតនៅក្នុងក្រុមមិនមែនជាសមាជិកគណៈកម្មាធិការជំនួយអភិវឌ្ឍន៍ ឌីអេស៊ី។

ខណៈដែលប្រទេសកម្ពុជាកំពុងបោះជំហានទៅរកគំរូអភិវឌ្ឍន៍បែបអាស៊ី ប្រទេសនេះនៅបន្តទទួលយកស្តង់ដាសកលសម្រាប់ការទទួលយកជំនួយ។ វាគឺជាផ្នែកមួយនៃសេចក្តីប្រកាសទីក្រុងប៉ារីសឆ្នាំ ២០០៥ ស្តីពីប្រសិទ្ធិភាពការប្រើប្រាស់ជំនួយ ដែលបន្ទាប់មកត្រូវបានចុះហត្ថលេខាទាំងលើ គោលដៅអភិវឌ្ឍន៍សហស្សវត្សរ៍ និង គោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព របស់អង្គការសហប្រជាជាតិ។ ដូច្នេះហើយ វាចាំបាច់ត្រូវតែអនុលោមតាមស្តង់ដាអន្តរជាតិមួយចំនួនសម្រាប់ការប្រើប្រាស់ជំនួយ។ បញ្ហានេះបានបង្កើតនូវភាពមិនច្បាស់លាស់ នៅពេលដែលការវិនិយោគរបស់ប្រទេសចិនត្រូវបានពិចារណា។8 នេះក៏ព្រោះតែ “ការវិនិយោគ” គឺស្ថិតនៅក្រៅពីរូបភាពពិតប្រាកដនៃស្តង់ដារទាំងនោះ។ បញ្ហានេះបានបណ្តាលឱ្យមានការប៉ះទង្គិចខ្លះៗនៅពេលដែលប្រជាជាតិថ្មីៗនេះបានអំពាវនាវឱ្យកម្ពុជា ផ្អាកការប្តេជ្ញាចិត្តក្នុងការអភិវឌ្ឍរបស់ខ្លួន ហើយ ជាការឆ្លើយតបទៅវិញ រាជរដ្ឋាភិបាលបាននិយាយថា ពួកគេសុខចិត្តទទួលយកប្រាក់ដែលមិនមានការស្នើរសុំលក្ខខណ្ឌពីប្រទេសចិន ហើយអនុវត្តន៍ការកែទម្រង់ជាមួយនឹងជំនួយទាំងនោះ។9

ខណៈដែលកំពុងមានការធ្លាក់ចុះ ជំនួយបច្ចេកទេស (TA) ឬ កិច្ចសហប្រតិបត្តិការបច្ចេកទេស នៅតែបន្តការគួរឱ្យកត់សម្គាល់នៅប្រទេសកម្ពុជា។ រាជរដ្ឋាភិបាលកម្ពុជាបានប្រើប្រាស់ ជំនួយបច្ចេកទេស (TA) ដើម្បីកសាងសមត្ថភាពក្នុងវិស័យនានាក្នុងប្រទេសដែលជានិច្ចកាលនៅតែទន់ខ្សោយនៅឡើយ។10 ជាធម្មតា ជំនួយបច្ចេកទេស (TA) ចូលរួមដោយប្រទេសម្ចាស់ជំនួយ តាមរយៈការបញ្ជូនអ្នកជំនាញ ឬការបណ្តុះបណ្តាលបុគ្គលិកដល់ប្រទេសទទួលជំនួយ ដើម្បីសម្រួលដល់កំណើន ឬ ការត្រួតពិនិត្យគម្រោងនៅក្នុងវិស័យមួយដែលមិនទាន់មានសម្ធិផលច្រើន។

ប្រទេសដែលចូលរួមចំណែកក្នុងជំនួយទ្វេភាគីធំៗនៅប្រទេសកម្ពុជាក្នុងឆ្នាំ ២០១៦

    • ប្រទេសជប៉ុន
    • ប្រទេសចិន
    • សាធារណៈរដ្ឋកូរ៉េ
    • សហរដ្ឋអាមេរិក
    • ប្រទេសអូស្ត្រាលី

ឱកាស និងការប្រឈម

ភ្នាក់ងារផ្តល់ជំនួយទ្វេភាគីទំនងនឹងត្រួវបានលើកទឹកចិត្តដោយសារសន្ទុះនយោបាយ។ វាមានករណីច្រើនជាងនេះសម្រាប់អង្គការពហុភាគី។ ជាឧទាហរណ៍ ទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់អភិវឌ្ឍន៍អន្តរជាតិ (USAID) ដែលជាសាខាជំនួយបរទេសរបស់សហរដ្ឋអាមេរិក។ រាល់មូលនិធិទាំងអស់ដែលបានមកពី ទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់អភិវឌ្ឍន៍អន្តរជាតិ (USAID) គឺត្រូវបានត្រៀមបម្រុងទុក និងផ្តល់សច្ចាប័នដោយសភាសហរដ្ឋអាមេរិក។ នេះគឺជាករណីដែលមានក្នុងរាល់ជំនួយទ្វេភាគី។ ដូច្នេះហើយ រាល់មូលនិធិទាំងអស់ត្រូវបានរឹតបណ្តឹងដើម្បីគោលបំណងការអភិវឌ្ឍរបស់ប្រទេសម្ចាស់ជំនួយ។ មានការពន្យល់មួយទៀត បង្ហាញថាប្រជាជាតិដែលផ្តល់ជំនួយទ្វេភាគីមានទំនោរចង់ “ដាក់ទង់ជាតិប្រទេសរបស់ពួកគេ” ក្នុងគម្រោងដើម្បីជាសក្ខីភាពដោយសង្ឃឹមថា វានឹងបង្ហាញពីកិច្ចចូលរួមអន្តរជាតិរបស់ពួកគេនៅក្នុងប្រជាជាតិផ្សេងទៀត ដែលវាជាគោលបំណងដើម្បីរក្សាភាពនាំមុខ ហើយវាទំនងដើម្បីជម្រុញការចាប់អារម្មណ៍ពីបរទេសមកលើប្រទេសរបស់ខ្លួនផងដែរ។11 ក្រៅពីសេចក្តីប្រកាសទីក្រុងប៉ារីសឆ្នាំ ២០០៥ និងវេទិកាបន្តបន្ទាប់ទៀត ប្រជាជាតិជាម្ចាស់ជំនួយទ្វេភាគី មិនបានផ្លាស់ប្តូរការសម្របសម្រួលគ្នាទៅវិញទៅមកនោះទេ 12 – ដែលធ្វើឱ្យប្រសិទ្ធិភាពនៃជំនួយស្ថិតនៅក្នុងភាពការចោទសួរ ដោយហេតុតែ កិច្ចព្រមព្រៀងជាន់គ្នាយ៉ាងច្រើនលើគម្រោងដែលបានអនុញ្ញាតរួចហើយ។13

ខណៈដែលប្រទេសនីមួយៗគាំទ្រយ៉ាងពេញទំហឹងលើវិស័យជាច្រើន ប៉ុន្តែវានៅមានការប្រែប្រួលខ្លះៗនៅក្នុងតំបន់។ នៅពេលដែល ជំនួយអភិវឌ្ឍន៍ផ្លូវការ (ODA) ត្រូវបានធ្វើជំរើសតាមវិស័យ និងតាមសេចក្តីយោងឆ្លងជាមួយប្រទេស វានឹងឃើញទម្រង់ច្បាស់លាស់។ បណ្តាប្រទេសនៅអាស៊ីបូព៌ាមានទំនោរទៅរកវិស័យ “ហេដ្ឋារចនាសម្ព័ន្ធ”។ ជាឧទាហរណ៍៖ ប្រទេសចិនផ្តល់មូលនិធិយ៉ាងច្រើនសន្ធឹកសន្ធាប់លើរាល់គម្រោងដឹកជញ្ជូន នៅមានការផ្តល់មូលនិធិពីបណ្តាប្រទេសផ្សេងទៀតនៅអាស៊ីបូព៌ា ដែលភាគច្រើនត្រូវបានផ្តល់លើវិស័យនេះ។14 ហើយវិស័យមួយទៀតដែលជាក់ស្តែងទទួលបានការឧបត្ថម្ភច្រើនបន្ទាប់ពីវិស័យហេដ្ឋារចនាសម្ព័ន្ធនោះគឺ វិស័យកសិកម្ម។ ក្រៅពីការផ្តល់ជំនួយលើវិស័យជាក់លាក់នានារបស់ប្រទេសចិន ម្ចាស់ជំនួយអាស៊ីបូព៌ាផ្តល់មូលនិធិដល់វិស័យផ្សេងទៀតដូចជា៖ “សេវាកម្មពាណិជ្ជកម្ម និងហិរញ្ញវត្ថុ”, “ការអភិវឌ្ឍជនបទ”, “ថាមពល, ការផលិតថាមពល និងអគ្គិសនី” និង “បច្ចេកវិទ្យា, ព័ត៌មានវិទ្យា និងទំនាក់ទំនង” (ដែលផ្តាច់មុខដោយប្រទេសជប៉ុន)។ វិស័យ “យ៉ែនឌ័រ”, “សុខុមាលភាពសហគម និងសង្គម”, និង“ទេសចរណ៍” ត្រូវបានផ្តល់ជំនួយមូលនិធិពីបណ្តាបញ្ចឹមប្រទេស (ដោយរួមទាំងប្រទេសអូស្ត្រាលីផងដែរ)។15

បញ្ហាប្រឈមមួយផ្សេងទៀតជាមួយនឹងជំនួយជាច្រើនមកកាន់ប្រទេសកម្ពុជាគឺ កម្រិតដ៏ខ្ពស់នៃការបែងចែក។16 ការបែងចែកបានរារាំងជំនួយពីការត្រូវបានប្រើប្រាស់ដោយមានប្រសិទ្ធិភាពទាំងស្រុង។ បញ្ហានោះគឺ នៅពេលដែលម្ចាស់ជំនួយជាច្រើនចែករំលែកចំណែកតូចមួយនៃជំនួយសរុប ទៅឱ្យគម្រោងទោលមួយ ហើយគម្រោងនោះកាន់តែតូចទៅៗ អ្នកទទួលជំនួយចាំបាច់ត្រូវរាយការណ៍បញ្ហាទៅកាន់ម្ចាស់ជំនួយជាច្រើន។ ការអនុវត្តបែបនេះមិនសូវមាននិរន្តភាពនោះទេ ហើយងាយប្រឈមនឹងហានិភ័យនៃភាពមិនស្ថិតស្ថេរច្រើន។17

ស្ថានភាពកាន់តែអាក្រក់ដោយសារតែភាពមិនស្ថិតស្ថេរនៃជំនួយនេះ។ ប្រជាជាតិអាចនឹងផ្តល់ឱ្យនូវថវិកាជំនួយដែលមានចំនួនខុសៗគ្នាពីមួយឆ្នាំទៅមួយឆ្នាំ ដូច្នេះហើយវាមិនមានការធានាពីលទ្ធផលជោគជ័យនៃគម្រោងបាននោះទេ។ ជាឧទាហរណ៍ នៅក្នុងឆ្នាំ ២០១៣ ចក្រភពអង់គ្លេស បានផ្តល់ថវិកាចំនួន ១៧,១៤០,០០០ ដុល្លារអាមេរិក ហើយនៅឆ្នាំ ២០១៤ ថវិកាដែលផ្តល់ឱ្យបានត្រឹមតែ ៣,១៨០,០០០ ដុល្លារប៉ុណ្ណោះ។18

ធ្វើបច្ចុប្បន្នភាពចុងក្រោយ៖ ថ្ងៃទី ១២ ខែ កក្កដា ឆ្នាំ ២០១៦

ទាក់ទងនឹងជំនួយអភិវឌ្ឍន៍ទ្វេភាគី

ឯកសារយោង

  1. 1. វិទ្យាស្ថានសម្រាប់ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន, JICA ប្រទេសដែលសិក្សាសម្រាប់ជំនួយហិរញ្ញប្បទានផ្លូវការ (ODA) របស់ជប៉ុន៖ ព្រះរាជាណាចក្រកម្ពុជា- ពីការកសាងឡើងវិញមកជាប្រទេសអភិវឌ្ឍន៍ប្រកបដោយនិរន្តភាព- ខែមីនា ឆ្នាំ២០០២។ 2. ក្រសួងការបរទេសសហរដ្ឋអាមេរិក. “កំណតត្រាតថភាពនៃប្រទេស៖ ទំនាក់ទំនងសហរដ្ឋអាមេរិកជាមួយកម្ពុជា.” ចូលអានថ្ងៃទី ១២ ខែកក្កដា ឆ្នាំ២០១៦។ https://www.state.gov/u-s-relations-with-cambodia/
  2. 2. ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC). កម្មវិធីអ្នកផ្តល់ជំនួយសហប្រតិបត្តិការអភិវឌ្ឍន៍. http://www.cdc-crdb.gov.kh/cdc/donor_country_pro.htm
  3. 3. សមាគមអភិវឌ្ឍន៍អន្តរជាតិ (មករា ២០០២). “IDA, ជំនួយឥតសំណង និងរចនាសម្ព័ន្ធជំនួយការអភិវឌ្ឍន៍ផ្លូវការ”. http://documents.worldbank.org/curated/en/998091468779994153/pdf/264620Grants0and0structure07.pdf
  4. 4. ទិន្នន័យក្រុមប្រឹក្សាអភិវឌ្ឍន័កម្ពុជា. “ខ្ទង់ចំនាយតាមវិស័យ, អ្នកផ្តល់ជំនួយ និងឆ្នាំ”។
  5. 5. ទិន្នន័យធនាគារពិភពលោក. “ប្រទេសធនាគារពិភពលោក និងក្រុមផ្តល់ប្រាក់កម្ចី.” ចូលអានថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៦។ https://datahelpdesk.worldbank.org/knowledgebase/articles/906519
  6. 6. មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF), ២០០៣, “ស្ថិតិបំណុលខាងក្រៅ: សេចក្តីណែនាំសម្រាប់អ្នកចងក្រង និងអ្នកប្រើប្រាស់.” ឧបសម្ព័ន្ធ ៣។ http://unstats.un.org/unsd/nationalaccount/docs/External_debt_statistics_guide.pdf
  7. 7. ដូចឯកសារយោងខាងដើម។
  8. 8. វិទ្យាស្ថានសៀងហៃ សម្រាប់ការសិក្សាអន្តរជាតិ, មហាវិទ្យាល័យសិក្សាមនុស្សសាស្ត្រ និងការអភិវឌ្ឍ. មិថុនា ២០១៥. “ទស្សនៈសង្គមស៊ីវិលស្តីពីជំនួយរបស់ប្រទេសចិនឱ្យទៅកម្ពុជា”.
  9. 9. ប្រាក់ ចាន់ថុល. “នាយករដ្ឋមន្ត្រីកម្ពុជាមិនខ្វល់នឹងការគំរាមផ្តល់ជំនួយពីសហភាពអឺរ៉ុប, អ្នកគាំទ្រគណៈបក្សប្រឆាំងត្រូវជាប់គុក”. សារព័ត៌មាន Reuters, ចុះថ្ងៃទី ១៣ ខែមិថុនា ឆ្នាំ ២០១៦។ http://www.reuters.com/article/us-cambodia-politics-idUSKCN0YZ0TY
  10. 10. ឯក ចាន់បូរ៉ែត និងសុខ ហាច. ធ្នូ ២០០៨. “ប្រសិទ្ធិភាពនៃជំនួយនៅកម្ពុជា.” វិទ្យាស្ថាន Brookings។ http://www.brookings.edu/~/media/research/files/papers/2008/12/cambodia-aid-chanboreth/12_cambodia_aid_chanboreth.pdf
  11. 11. Nunnenkamp, P., Öhler, H., និង Thiele, R. (២០១៣). ការសម្របសម្រួុល និងជំនាញម្ចាស់ជំនួយ: តើសេចក្តីប្រកាសទីក្រុងប៉ារីសបានធ្វើឱ្យការផ្លាស់ប្តូរខុសពីមុន?. Review of World Economics. https://www.ifw-kiel.de/publications/journal-article/donor-coordination-and-specialization-did-the-paris-declaration-make-a-difference-6033/
  12. 12. Andreas Fuchs, Peter Nunnenkamp, និង Hannes Öhler (២០១៣). “ហេតុអ្វីម្ចាស់ជំនួយបរទេសមិនផ្តល់ការសម្របសម្រួល: តួនាទីនៃការប្រកួតប្រជែង សម្រាប់ការនាំចេញ និងការគាំទ្រនយោបាយទីផ្សារ. Kiel Working Paper No. 1825. https://www.ifw-kiel.de/publications/journal-article/why-donors-of-foreign-aid-do-not-coordinate-the-role-of-competition-for-export-markets-and-political-support-7857/
  13. 13. ឯក ចាន់បូរ៉ែត និងសុខ ហាច. ធ្នូ ២០០៨. “ប្រសិទ្ធិភាពនៃជំនួយនៅកម្ពុជា.” វិទ្យាស្ថាន Brookings។ http://www.brookings.edu/~/media/research/files/papers/2008/12/cambodia-aid-chanboreth/12_cambodia_aid_chanboreth.pdf
  14. 14. ទិន្នន័យក្រុមប្រឹក្សាអភិវឌ្ឍន័កម្ពុជា. “ខ្ទង់ចំនាយតាមវិស័យ, ម្ចាស់ជំនួយ និងឆ្នាំ”។
  15. 15. ទិន្នន័យក្រុមប្រឹក្សាអភិវឌ្ឍន័កម្ពុជា. “ខ្ទង់ចំនាយតាមវិស័យ, ម្ចាស់ជំនួយ និងឆ្នាំ”។
  16. 16. OECD Development Cooperation Directorate (ឧសភា ២០០៨). “របាយការណ៍ឆ្នាំ ២០០៨ ការអង្កេតគោលនយោបាយរៀបចំសម្រាប់ជំនួយ និងការចង្អុលបង្ហាញពីផែនការចំណាយពេលខាលមុខ.” https://www.oecd.org/dac/aid-architecture/40636926.pdf
  17. 17. ដូចឯកសារយោងខាងដើម។
  18. 18. Index Mundi. “ខ្ទង់ចំនាយODAនៅកម្ពុជា.” http://www.indexmundi.com/facts/cambodia/net-bilateral-aid-flows-from-dac-donors
ទំនាក់ទំនងយើងខ្ញុំ

ទំនាក់ទំនងយើងខ្ញុំ

បើលោកអ្នកមានសំនួរទាក់ទងនឹងខ្លឹមសារផ្សាយនៅលើគេហទំព័រ Open Development Cambodia (ODC)? យើងខ្ញុំ​នឹង​ឆ្លើយ​តប​​ដោយ​ក្តី​រីក​រាយ។

តើអ្នកបានឃើញបញ្ហាបច្ចេកទេសណាមួយនៅលើគេហទំព័រOpen Development Cambodia (ODC) ដែរឬទេ?

តើលោកអ្នកយល់យ៉ាងដូចម្តេចដែរចំពោះការងាររបស់អូឌីស៊ី?

តើលោកអ្នកមានឯកសារដែលអាចជួយពង្រីក​គេហទំព័រOpen Development Cambodia (ODC) ដែរ​ឬទេ​?​ យើងខ្ញុំ​នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ទិន្នន័យ​អំពី​ផែនទី​ ច្បាប់​ អត្ថបទ​ និង​ ឯកសារ​ដែល​ពុំ​មាននៅ​លើ​គេហទំព័រ​នេះ​ ហើយ​ពិចារណា​បោះផ្សាយ​ទិន្នន័យ​ទាំងនោះ​។​ សូម​មេត្តា​ផ្ញើ​តែ​ឯកសារ​ណា​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative Commons

ឯកសារត្រូវបានលុប
មានបញ្ហា!

កំណត់សម្គាល់៖ Open Development Cambodia (ODC) នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ឯកសារ​ដែល​បាន​បញ្ជូន​មក​យ៉ាង​ហ្មត់ចត់​ ដើម្បី​កំណត់​ភាព​ត្រឹមត្រូវ​ និង​ពាក់ព័ន្ធ​ មុន​ពេលធ្វើការ​បង្ហោះ​ផ្សាយ​។​ រាល់​ឯកសារ​ដែល​បាន​បង្ហោះ​ផ្សាយ​នឹង​ជា​ឯកសារ​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative​ Commons​។​ យើងខ្ញុំ​សូម​អគុណ​សំរាប់​ការ​គាំទ្រ​របស់​លោក​អ្នក​។​

U5REk
* ប្រអប់មតិមិនអាចទទេ! មិនអាចបញ្ចូនបាន សូមធ្វើការបញ្ចូនម្តងទៀត! Please add the code correctly​ first.

សូម​អរគុណ​សំរាប់​ការ​ចំនាយ​ពេល​ក្នុង​ការ​ចែក​រំលែក​មក​កាន់​យើងខ្ញុំ!