ជំនួយអភិវឌ្ឍន៍សម្រាប់ការកាន់កាប់និងការចេញប័ណ្ណកម្មសិទ្ធិ បានចាប់ផ្តើមនៅឆ្នាំ ២០០២ ជាមួយនឹងមូលនិធីពីម្ចាស់ជំនួយជាច្រើនក្នុងគម្រោងរដ្ឋបាល និងការគ្រប់គ្រងដីធ្លី។ គម្រោងនេះ គាំទ្រការបង្កើតប្រព័ន្ធរដ្ឋបាលដីធ្លីដ៏មានប្រសិទ្ធភាពមួយ ដែលរួមមាន អាជ្ញាធរចុះបញ្ជីដីធ្លីបែបមជ្ឈការ និងកម្មវិធីចុះបញ្ជីដីធ្លីជាប្រព័ន្ធ។ បន្ទាប់ពីហេតុការណ៍ជម្លោះដីធ្លីកន្លងមកក្នុងសហគមន៍បឹងកក់នាទីក្រុងភ្នំពេញ គម្រោងរដ្ឋបាល និងការគ្រប់គ្រងដីធ្លីនេះ ត្រូវបានផ្អាក។ បន្ទាប់ពីការបញ្ចប់គម្រោងនេះ កម្មវិធីផ្តល់ប័ណ្ណកម្មសិទ្ធិដីធ្លីបានបន្តធ្វើឡើងក្រោមកម្មវិធីអនុវិស័យរដ្ឋបាលដីធ្លី របស់ក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់។
គម្រោងរដ្ឋបាល និងគ្រប់គ្រងដីធ្លី
គម្រោងនេះ គឺជាកម្មវិធីសន្តិសុខកម្មសិទ្ធិដីធ្លីដែលអនុវត្តដោយក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់ និងទទួលបានហិរញ្ញវត្ថុពីធនាគារពិភពលោក។ ប្រទេសអាល្លឺម៉ង់ ហ្វាំងឡង់ និងកាណាដាផ្តល់ជំនួយបច្ចេកទេស និងជំនួយហិរញ្ញវត្ថុមួយចំនួនដល់កម្មវិធីនេះផងដែរ។
គម្រោងនេះអនុវត្តដំណើរការចុះបញ្ជីដីធ្លីជាប្រព័ន្ធ ដែលស្រុក ឬឃុំទាំងមូលត្រូវបានកំណត់សម្រាប់ការវិនិច្ឆ័យ ហើយក្រុមចុះបញ្ជីដីធ្លីបានចុះវាស់វែង និងកំណត់ព្រំដែនក្បាលដី វាយតម្លៃឯកសារកម្មសិទ្ធិ និងវិនិច្ឆ័យកម្មសិទ្ធិសម្រាប់ការផ្តល់ប័ណ្ណកម្មសិទ្ធិដីធ្លី។ បន្ទាប់ពីបានចាត់ទុកថាជាជោគជ័យមួយនៅក្នុងការផ្តល់ប័ណ្ណកម្មសិទ្ធិដល់តំបន់ជនបទ បញ្ហានានាក្នុងគម្រោងនេះបានលេចឡើងបន្ទាប់ពីមានភាពចម្រូងចម្រាស់នៅជុំវិញការបណ្តេញចេញដោយបង្ខំនៅតំបន់ទីប្រជុំជន ជាពិសេសតំបន់បឹងកក់ក្នុងរាជធានីភ្នំពេញ។1
ដោយត្រូវបានកំណត់ពីដំបូងឡើយសម្រាប់ការចុះបញ្ជី និងការកំណត់វិនិច្ឆ័យលើកម្មសិទ្ធិដីធ្លី សហគមន៍បឹងកក់ និងតំបន់ជុំវិញ មិនត្រូវបានវាយតម្លៃនោះទេ ប៉ុន្តែត្រូវបានរដ្ឋាភិបាលជួលឲ្យក្រុមហ៊ុនឯកជនទៅវិញ។2 តំបន់នេះមានប្រជាជនរស់នៅ ៤,២៥០ គ្រួសារ ហើយប្រជាជនទាំងនោះត្រូវបានបង្ខំឲ្យបោះបង់លំនៅដ្ឋានរបស់ខ្លួនជាថ្នូរនឹងការផ្តល់សំណង ឬដីដោះដូរ នៅក្នុងតំបន់តាំងទីលំនៅថ្មីក្រៅក្រុង។3 នៅឆ្នាំ ២០០៩ ពលរដ្ឋទាំងនោះ បានដាក់ពាក្យបណ្តឹងទៅក្រុមអធិការកិច្ចធនាគារពិភពលោក ដែលបានបញ្ចប់គម្រោងរដ្ឋបាល និងគ្រប់គ្រងដីធ្លី ដោយសារការបំពានលើគោលនយោបាយធានាការពាររបស់ធនាគារពិភពលោក។4
ក្រោយជម្លោះដីធ្លីក្នុងសហគមន៍បឹងកក់ ៖ កម្មវិធីអនុវិស័យរដ្ឋបាលដីធ្លី
ការចុះបញ្ជីដីធ្លីបានបន្តធ្វើឡើង ក្រោមកម្មវិធីអនុវិស័យរដ្ឋបាលដីធ្លី ដែលទទួលបានជំនួយពីប្រទេសអាល្លឺម៉ង់ និងហ្វាំងឡង់។ ប្រទេសកាណាដាបានបញ្ឈប់ការផ្តល់មូលនិធិដល់គម្រោងនៅពាក់កណ្តាលឆ្នាំ២០១៣5 ហើយប្រទេសហ្វាំងឡង់បានបន្តការចូលរួមចំណែករបស់ខ្លួនក្នុងកម្មវិធី រហូតដល់ដំណាច់ឆ្នាំ ២០១៣។6 ជំនួយរបស់អាល្លឺម៉ង់ក្រោមកម្មវិធីសិទ្ធិដីធ្លីនឹងត្រូវបញ្ចប់នៅចុងឆ្នាំ ២០១៦។7
បន្ទាប់ពីព្រឹត្តិការណ៍ក្នុងតំបន់បឹងកក់ ក្រសួងកិច្ចសហប្រតិបត្តិការ និងអភិវឌ្ឍន៍សេដ្ឋកិច្ចអាល្លឺម៉ង់ បានប្រកាសថា ការបន្តផ្តល់មូលនិធិ គឺអាស្រ័យលើការសម្រេចបានសំខាន់ៗរបស់ប្រទេសកម្ពុជា ទាក់ទងនឹងបញ្ហាសិទ្ធិមនុស្សក្នុងវិស័យដីធ្លី។8 យ៉ាងនេះក្តី ការចង់បានទាំងនេះ មិនសម្រេចបានបំពេញពេញលេញទេ ហើយជំនួយនៅតែបន្តផ្តល់។ ជាលទ្ធផលនៃការចូលរួមរបស់ខ្លួន ក្នុងការផ្តល់ប័ណ្ណកម្មសិទិ្ធដីធ្លីនៅកម្ពុជា និងការចោទប្រកាន់នានា ក្រសួងកិច្ចសហប្រតិបត្តិការ និងអភិវឌ្ឍន៍សេដ្ឋកិច្ចអាល្លឺម៉ង់ បានប្រឈមនឹងសម្ពាធ និងបញ្ហានានាពីរដ្ឋសភាអាល្លឺម៉ង់ អង្គការមិនមែនរដ្ឋាភិបាលនៅអាល្លឺម៉ង់ កម្ពុជា និងបរទេស ព្រមទាំងគណៈកម្មាធិការសិទ្ធិសេដ្ឋកិច្ច សង្គម និងវប្បធម៌របស់អង្គការសហប្រជាជាតិ។9
បញ្ហាដែលពាក់ព័ន្ធនឹងគម្រោងផ្តល់ប័ណ្ណកម្មសិទ្ធិដីធ្លីដែលផ្តល់ជំនួយដោយម្ចាស់ជំនួយ បានបង្ហាញពីបញ្ហាប្រឈមនៃកម្មវិធីជំនួយអភិវឌ្ឍន៍នៅកម្ពុជា ជាពិសេសរចនាសម្ព័ន្ធអភិបាលកិច្ច និងគណនេយ្យភាពទន់ខ្សោយ។10
ទាក់ទងនឹង ការអភិវឌ្ឍនិងជំនួយសម្រាប់ការកាន់កាប់ដីធ្លីនិងការចេញប័ណ្ណកម្មសិទ្ធិដីធ្លី
- សិទ្ធិដីធ្លីផ្ទះសម្បែង និងការបណ្តេញចេញ
- ការផ្ទេរដីធ្លី
បច្ចុប្បន្នភាពចុងក្រោយ ថ្ងៃទី ១ ខែវិច្ឆិកា ឆ្នាំ២០១៥
ឯកសារយោង
- 1. ម៉ាក ហ្រ្គីមឌីជ. ឆ្នាំ២០១៤. “គណនេយ្យភាពម្ចាស់ជំនួយ និងអភិបាលកិច្ចមូលដ្ឋាន ៖ ជំនួយអភិវឌ្ឍន៍ក្នុងវិស័យដីធ្លីនៅកម្ពុជា.” ទស្សនវិស័យ ការវិភាគ និងសេចក្តីអត្ថាធិប្បាយនយោបាយ ៖ អាស៊ី. អង្គការ ហែនរីច បូល ស្ទីហ្វស្ទុង. លេខ ២: ទំព័រ ៦៦-៧១. https://www.academia.edu/8476776/Donor_Accountability_and_Local_Governance_Development_Assistance_to_the_Cambodian_Land_Sector ។
- 2. ដូចយោងខាងលើ។
- 3. ដូចយោងខាងលើ។
- 4. ដូចយោងខាងលើ។
- 5. “ឯកសារគម្រោង ៖ កម្មវិធីគាំទ្ររដ្ឋបាលដីធ្លីនៅកម្ពុជា.” កិច្ចការបរទេស, ពាណិជ្ជកម្ម និងអភិវឌ្ឍន៍កាណាដា. កែសម្រួលចុងក្រោយនៅថ្ងៃទី ២២ ខែ មិថុនា ឆ្នាំ ២០១៥. ចូលអាននៅថ្ងៃទី ១៩ ខែ មិថុនា ឆ្នាំ ២០១៥. http://www.acdi-cida.gc.ca/cidaweb/cpo.nsf/projen/A032150001 ។
- 6. ហ្វែលិច រ៉ូប៉ាច. “កម្មវិធីផ្តល់ប័ណ្ណកម្មសិទ្ធិដីធ្លី និងការបង្កើតប្រព័ន្ធសុរិយោដីទំនើបដែលមានគោលបំណងចម្រុះ.” FM-International Oy FINNMAP. ចូលអាននៅថ្ងៃទី ១៩ ខែ មិថុនា ឆ្នាំ ២០១៥. http://www.finnmap.com/projects/land-titling-program-development-modern-multi-purpose-cadastral-system-lassp/ ។
- 7. “ការចូលរួមចំណែកក្នុងការធានាសិទ្ធិដីធ្លី.” អង្គការជីអាយហ្សិត. ចូលអាននៅថ្ងៃទី ២២ ខែ មិថុនា ឆ្នាំ ២០១៥. https://www.giz.de/en/worldwide/17277.html ។
- 8. លុក ម៉ូនីកា. “ការវាយតម្លៃសិទ្ធិមនុស្សនៃកម្មវិធីសិទ្ធិដីធ្លីរបស់អាល្លឺម៉ង់-កម្ពុជា.” វិទ្យាស្ថានសិទ្ធិមនុស្សអាល្លឺម៉ង់ (២០១៣), ទំព័រ២០. https://landportal.org/library/resources/mlrf2186/human-rights-assessment-german-cambodian-land-rights-program-lrp ។
- 9. ហ្រ្គីមឌីជ. ឆ្នាំ២០១៤។
- 10. លុក. ឆ្នាំ២០១៣, ១៧។