គោលនយោបាយ និងការគ្រប់គ្រងវិស័យអប់រំ

រាជរដ្ឋាភិបាល​កម្ពុជា​បាន​បន្ត​ខិតខំ​កែទម្រង់​វិស័យ​អប់រំ​គ្រប់​កម្រិត​។​ ប៉ុន្មាន​ឆ្នាំ​មកនេះ​ គោលនយោបាយ​ និង​បទ​ប្បញ្ញត្តិ​ត្រូវ​បាន​អនុវត្ត​ដើម្បី​បង្កើន​គុណភាព​អប់រំ​ ភាព​ងាយស្រួល​ ប្រសិទ្ធភាព​ បរិ​យា​ប័ន្ន​ និង​តម្លាភាព​។​ គោលនយោបាយ​ និង​បទ​ប្បញ្ញត្តិ​ទាំងនោះ​រួម​មាន​ ផែនការ​យុទ្ធសាស្ត្រ​អប់រំ​ ២០១៩-២០២៣,​ ផែនទី​បង្ហាញ​ផ្លូវការ​អប់រំ​មធ្យមសិក្សា​កម្ពុជា​ឆ្នាំ​ ២០៣០,​ គោលនយោបាយ​ ស្ដី​ពី​ ចក្ខុវិស័យ​ឧត្តម​សិក្សា​ ២០៣០,​ ផែនទី​បង្ហាញផ្លូវ​ ការ​អប់រំ​កម្ពុជា​ឆ្នាំ​២០៣០​ (គោលដៅ​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព​ទី​៤),​ គោលនយោបាយ​ ស្តី​ពី​ សាលារៀន​ជំនាន់​ថ្មី​,​ គោលនយោបាយ ស្តីពី ការអប់រំប្រកបដោយបរិយាប័ន្ន និងគោលនយោបាយ​ជាតិ ស្តី​ពី ​ការ​សិក្សា​ពេញ​មួយ​ជីវិត​​។​ ការ​អភិវឌ្ឍធនធានមនុស្ស​មាន​សារៈសំខាន់​ណាស់​ក្នុង​ការ​សម្រេច​បាន​នូវ​គោលដៅ​សេដ្ឋកិច្ច​ឆ្នាំ​ ២០៣០​ ដើម្បី​ក្លាយជា​ប្រទេស​ដែល​មាន​ចំណូល​មធ្យម​កម្រិត​ទាប​។​ រដ្ឋាភិបាល​បាន​យកចិត្តទុកដាក់​លើ​ការ​អប់រំ​ និង​ការ​បណ្តុះបណ្តាល​ដើម្បី​បង្កើន​ធនធានមនុស្ស​។​ ការ​ប្តេជ្ញា​ចិត្ត​របស់​រដ្ឋាភិបាល​​អាច​មើលឃើញ​នៅ​ក្នុង​ការ​ចំណាយ​លើ​ការ​អប់រំ​ប្រចាំឆ្នាំ​។​ នៅ​ឆ្នាំ​ ២០២១​ ការ​ចំណាយ​លើ​វិស័យ​អប់រំ​មាន​ចំនួន​ ៨១០​ លាន​ដុល្លារ​អា​មេ​រិ​ក​ និង​ ៧៩៧​ លាន​ដុល្លារ​សម្រាប់​ឆ្នាំ​ ២០២២។1 

​លទ្ធភាព​ទទួល​បានការ​អប់រំ​

​យោង​តាម​មាត្រា​ ៦៨​ នៃ​រដ្ឋធម្មនុញ្ញ​ រដ្ឋាភិបាល​មាន​កាតព្វកិច្ច​ផ្តល់​ការ​អប់​រំជា​មូលដ្ឋាន​រយៈពេល​ប្រាំបួន​ឆ្នាំ​ដោយ​ឥត​គិតថ្លៃ​សម្រាប់​ប្រជាពលរដ្ឋ​កម្ពុជា​ដែល​មាន​សិទ្ធិ​ទទួល​បាន​។​ ក្រសួង​អប់រំ​ យុវជន​ និង​កីឡា​ បាន​ជំរុញ​ និង​លើកកម្ពស់​ការ​ចុះ​ឈ្មោះ​ចូល​រៀន​ថ្នាក់​មូលដ្ឋាន​នៅ​ទូ​ទាំង​ប្រទេស​ ជា​ពិសេស​សម្រាប់​ក្រុម​ជន​ងាយ​រង​គ្រោះ​ និង​អ្នក​រស់នៅ​ជនបទ​ និង​ដាច់​ស្រយាល​។​2​ យោង​តាម​ស្ថិតិ​អប់រំ​សាធារណៈ​ឆ្នាំ​ ២០២០-២០២១​ អត្រា​ចុះ​ឈ្មោះ​ចូល​រៀន​នៅ​កម្រិត​បឋម​សិក្សា​មាន​ ៨៦.៨​ ភាគរយ​សម្រាប់​ឆ្នាំ​សិក្សា​ ២០២១-២០២២​។​ នៅ​តំបន់​ជនបទ​មាន​កុមារ​ចំនួន​ ១.៦៦៤.៩២៥ ​នាក់​បាន​ចុះ​ឈ្មោះ​ចូល​រៀន​នៅ​សាលា​បឋម​សិក្សា​សាធារណៈ​ ខណៈ​ដែល​នៅ​តាម​ទីក្រុង​មាន​កុមារ​ចំនួន​ ៣៤៥.៣៦១​ នាក់​បាន​ចូល​រៀន​ដូច​គ្នា​។​3

​រដ្ឋាភិបាល​បាន​ដាក់​ចេញ​នូវ​គោលនយោបាយ​ស្តី​ពី​ការ​អប់រំ​ប្រកបដោយ​បរិ​យា​ប័ន្ន​ ដើម្បី​គាំទ្រ​ និង​ដោះស្រាយ​បញ្ហា​លទ្ធភាព​ទទួល​បានការ​អប់រំ​របស់​សិស្ស​ ដោយ​ផ្តោត​ជា​ពិសេស​លើ​កុមារ​ដែល​មាន​តម្រូវការ​ពិសេស​ និង​ក្រុម​ដែល​ខ្វះខាត​។​4​ គោលនយោបាយ​នេះ​ក៏​ផ្តោត​លើ​ហេដ្ឋារចនាសម្ព័ន្ធ​នៃ​សាលារៀន​ និង​អនាម័យ​ផង​ដែរ​ ដោយ​ធ្វើ​ឱ្យ​មាន​បរិយាកាស​ប្រកបដោយ​សុវត្ថិភាព​ និង​ផាសុកភាព​សម្រាប់​សិស្ស​ដែល​មាន​តម្រូវការ​ពិសេស​។5

​ក្នុង​ផែនការ​យុទ្ធសាស្ត្រ​អប់រំ​ ២០១៩-២០២៣​ ការ​កែ​លម្អ​លទ្ធភាព​ទទួល​បានការ​អប់រំ​ គឺជា​គោលនយោបាយ​ចម្បង​មួយ​សម្រាប់​ការ​អប់រំ​បឋម​សិក្សា​ និង​មធ្យមសិក្សា​។​6​ ដោយ​អនុវត្ត​តាម​គោលការណ៍​នៃ​ការ​អប់រំ​ប្រកបដោយ​បរិ​យា​ប័ន្ន​ និង​ការ​អប់រំ​សម្រាប់​ទាំងអស់​គ្នា​ ក្រសួង​អប់រំ​ យុវជន​ និង​កីឡា​បាន​សង្កត់ធ្ងន់​យ៉ាង​ខ្លាំង​ដល់​ក្រុម​ងាយ​រង​គ្រោះ​ ដូច​ជា​កុមារ​មានពិការភាព​ និង​ ជនជាតិ​ដើម​ភាគតិច​ ដើម្បី​ធានា​បាន​នូវ​សមភាព​ក្នុង​ការ​ចូល​រៀន​នៅ​សាលា​បឋម​សិក្សា​។​ ផែនការ​យុទ្ធសាស្ត្រ​អប់រំ​ បាន​ដាក់​ចេញ​នូវ​យុទ្ធសាស្ត្រ​ចំនួន​បី​សម្រាប់​កម្រិត​បឋម​សិក្សា​ ដើម្បី​ធានា​ឱ្យ​សិស្ស​ទទួល​បានការ​អប់រំ​ដូច​ជា​៖

  • ​ពង្រីក​វិធានការ​នានា​ដើម្បី​បង្កើន​ការ​ចូល​រៀន​ វត្តមាន​ទៀងទាត់​ និង​រៀន​ចប់​បឋម​សិក្សា​ជា​ពិសេស​ក្រុម​កុមារ​ជួប​ការ​លំបាក​
  • ​អភិ​វ​ឌ្ឈ​ហេដ្ឋារចនាសម្ព័ន្ធ​រូប​វ័​ន្ត​ និង​បរិស្ថាន​សិក្សា​ស្អាត​ និង​មាន​សុ​វត្តិភាព​ស្រប​តាម​ស្តង់ដា​សាលារៀន​បឋម​សិក្សា​ ជា​ពិសេស​សាលារៀន​មិន​គ្រប់​កម្រិត​ និង​សាលារៀន​ជួប​ការ​លំបាក​
  • ​លើកកម្ពស់​សុខភាព​របស់​កុមារ​នៅ​តាម​សាលារៀន​បឋម​សិក្សា​

​លើស​ពី​នេះ​ គោលបំណង​មួយ​នៃ​ផែនទី​បង្ហាញ​ផ្លូវការ​អប់រំ​មធ្យមសិក្សា​កម្ពុជា​ឆ្នាំ​ ២០៣០​ គឺ​ការ​មិន​រើសអើង​ ដោយ​ធានា​នូវ​ឱកាស​ស្មើៗ​គ្នា​សម្រាប់​ប្រជាជន​កម្ពុជា​ទាំងអស់​ក្នុង​ការ​ទទួល​បានការ​អប់រំ​មធ្យមសិក្សា​ដោយ​មិន​គិត​ពី​ភេទ​ ស្ថានភាព​សង្គម​ ភូមិសាស្ត្រ​ ភាសា​ សាសនា​ និង​ជនជាតិ​។​7​ វា​បាន​កំណត់​នូវ​ផែនការ​មួយ​​ ដើម្បី​បង្កើន​លទ្ធភាព​ទទួល​បានការ​អប់រំ​មធ្យមសិក្សា​ ដែល​ជា​កម្រិត​អប់រំ​ដែល​មាន​សារៈសំខាន់​សម្រាប់​ការ​អភិវឌ្ឍ​បុគ្គល​។​8

ក្នុង​ឆ្នាំ​ ២០១៩​ ក្រសួង​អប់រំ​ យុវជន​ និង​កីឡា​បាន​អនុវត្ត​គោលនយោបាយ​ជាតិ​ស្តី​ពី​ការ​សិក្សា​ពេញ​មួយ​ជីវិត​ ដោយ​មានការ​គាំទ្រ​ពី​ដៃគូ​អភិវឌ្ឍន៍​គឺ​អង្គការ​យូ​ណេ​ស្កូ​។​9​ មិន​ត្រឹមតែ​ផ្តោត​ទៅ​លើ​ការ​អប់រំ​ផ្លូវការ​ប៉ុណ្ណោះ​ទេ​ ប៉ុន្តែ​គោល​គំនិត​នៃ​ការ​សិក្សា​ពេញ​មួយ​ជីវិត​ក៏​យកចិត្តទុកដាក់​យ៉ាង​ខ្លាំង​ចំពោះ​ការ​អប់រំ​វិជ្ជាជីវៈ​ដែល​អាច​ស្ថិត​ក្នុង​ទម្រង់​នៃ​ការ​អប់រំ​ក្រៅ​ផ្លូវការ និង​ក្រៅ​ប្រព័ន្ធផងដែរ​។​10​ គោលនយោបាយ​នេះ​ធានា​ថា​ ប្រជាជន​កម្ពុជា​ទាំងអស់​អាច​ទទួល​បានការ​សិក្សា​ជំនាញ​ និង​ឱកាស​ដែល​មាន​ប្រយោជន៍​សម្រាប់​ការ​អប់រំ​នៅ​គ្រប់​វ័យ​ ដើម្បី​ទ្រទ្រង់​ការ​រស់នៅ​របស់​ពួក​គេ​ ជា​ពិសេស​ការ​បោះបង់​ការ​សិក្សា​ ជនជាតិភាគតិច​ ពលករ​ចំណាកស្រុក​ អ្នក​អត់​ការងារ​ធ្វើ​ និង​ក្រុម​ជន​ក្រីក្រ​។​ អង្គការ​យូ​ណេ​ស្កូ​បាន​បញ្ជាក់​ថា​ ការ​រៀនសូត្រ​ពេញ​មួយ​ជីវិត​ គឺជា​ដំណើរការ​មួយ​ដែល​ជំនាញ​ និង​ចំណេះដឹង​ត្រូវ​បាន​លើកកម្ពស់​ ដើម្បី​បង្កើន​សន្តិភាព​ និង​ភាព​សុខដុមរមនា​ក្នុង​សង្គម​។​11

​គុណភាព​នៃ​ការ​អប់រំ​

សិស្សកំពុងឈរធ្វើលំហាត់នៅក្នុងថ្នាក់។ រូបភាពដោយ Global Partnership for Education ថតនៅក្នងខែធ្នូ ឆ្នាំ​២០១១។​ ក្រោម​អាជ្ញាប័ណ្ណ CC BY-ND 2.0

​រដ្ឋាភិបាល​មាន​គោលដៅ​ប្រែក្លាយ​ប្រទេស​កម្ពុជា​ទៅ​ជា​សង្គម​ដែល​ផ្អែក​លើ​ចំណេះដឹង​ ដូច្នេះ​ការ​កែ​លម្អ​គុណភាព​អប់រំ​ គឺ​ចាំបាច់​ដើម្បី​សម្រេច​គោលដៅ​នេះ​។​ គុណភាព​អប់រំ​គឺជា​កត្តា​សំខាន់​ក្នុង​ការ​ធានា​ថា​សិស្សានុសិស្ស​ត្រូវ​បាន​បំពាក់​ដោយ​ចំណេះដឹង​ និង​ជំនាញ​អនុវត្ត​ជាក់ស្តែង​ដែល​អាច​ប្រកួតប្រជែង​ជាមួយនឹង​ស្តង់ដារ​តំបន់​ និង​អន្តរជាតិ​។​ ប៉ុន្មាន​ឆ្នាំ​មកនេះ​ ក្រសួង​អប់រំ​ យុវជន​ និង​កីឡា​ បាន​ដាក់​ចេញ​នូវ​កំណែទម្រង់​ និង​វិធីសាស្ត្រ​ជា​ច្រើន​ ដោយ​ផ្តោត​លើ​វិស័យ​ផ្សេងៗ​គ្នា​ ដូច​ជា​គុណភាព​នៃ​ការ​បង្រៀន​ និង​ការ​សិក្សា​ ហេដ្ឋារចនាសម្ព័ន្ធ​ និង​ការ​គ្រប់គ្រង​។​12​ឧទាហរណ៍​ដូច​ជា​ ការ​ដំឡើង​ប្រាក់បៀវត្សរ៍​របស់​គ្រូ​ និង​កំណែ​ទម្រង់ការ​ប្រឡង​ចេញ​ថ្នាក់​ទី​១២​ គឺជា​វិធានការ​ដែល​ព្យាយាម​លើកកំពស់​គុណភាព​អប់រំ​។​1314​ រដ្ឋាភិបាល​ក៏​បាន​ធ្វើការ​សហការ​ជាមួយ​ដៃគូ​អភិវឌ្ឍន៍​ និង​អង្គការ​ឯកជន​ ដើម្បី​ជំរុញ​ឱ្យ​មាន​កំណែទម្រង់​កាន់តែ​មាន​ប្រសិទ្ធភាព​។​

ដូច​មាន​ចែង​ក្នុង​ផែនការ​យុទ្ធសាស្ត្រ​អប់រំ​ឆ្នាំ​ ២០១៩-២០២៣​ ក្រសួង​អប់រំ​បាន​ប្តេជ្ញា​ចិត្ត​ចំពោះ​ក្រប​ខណ្ឌ​សសរស្តម្ភ​ទាំង​ ៥​ ដែល​ផ្តល់​អាទិភាព​ដល់​គោលដៅ​កំណែទម្រង់​គោលនយោបាយ​ជាតិ​អប់រំ​។​15​ សសរស្តម្ភ​មាន​គោលបំណង​លើកកំពស់​គុណភាព​អប់រំ​ដែល​ផ្តោត​លើ​គ្រូបង្រៀន​ និង​គុណភាព​បង្រៀន​របស់​ពួក​គេ​ដូច​ជា​៖

  1. ​ការ​អនុវត្ត​ផែនការ​សកម្មភាព​គោលនយោបាយ​គ្រូបង្រៀន​
  2. ​ពិនិត្យ​កម្មវិធី​សិក្សា​ និង​សៀវភៅ​សិក្សា​ និង​កែ​លម្អ​បរិយាកាស​សិក្សា​
  3. ​ការ​អនុវត្ត​ការ​ត្រួតពិនិត្យ​
  4. ​កែ​លម្អ​ការ​វាយតម្លៃ​ការ​សិក្សា​ ដើម្បី​ឆ្លើយ​តប​នឹង​កម្រិត​ជាតិ​ តំបន់​ និង​អន្តរជាតិ​
  5. ​កំណែទម្រង់​ឧត្តម​សិក្សា​។​

​រដ្ឋាភិបាល​បាន​ដោះស្រាយ​ការ​ផ្លាស់​ប្តូរ​រចនាសម្ព័ន្ធ​អប់រំ​ដោយ​ដាក់​ឱ្យ​ប្រើប្រាស់​ប្រព័ន្ធ​គ្រប់គ្រង​តាម​សាលារៀន​ (SBM)​។​ វិធីសាស្ត្រ​នេះ​បាន​ធ្វើ​វិមជ្ឈការ​អំណាច​នៃ​ការ​សម្រេចចិត្ត​ពី​កម្រិត​កំពូល​ ដោយ​អនុញ្ញាត​ឱ្យ​សាលារៀន​មានការ​សម្រេចចិត្ត​គ្រប់គ្រង​ផ្ទាល់ខ្លួន​។​16​ វា​អនុញ្ញាត​ឱ្យ​មានការ​សម្រេចចិត្ត​អភិបាលកិច្ច​ស្វយ័ត​ ដែល​អាច​ផ្តល់​អត្ថប្រយោជន៍​ និង​លើកកម្ពស់​គុណភាព​នៃ​ការ​បង្រៀន​ និង​ការ​សិក្សា​។​ លើស​ពី​នេះ​ ការ​គ្រប់គ្រង​តាម​សាលារៀន​ក៏​នឹង​លើកកម្ពស់​គណនេយ្យ​ភាព​ហិរញ្ញវត្ថុ​ និង​ការ​គ្រប់គ្រង​ហិរញ្ញវត្ថុ​ឱ្យ​កាន់តែ​ប្រសើរ​ឡើង​ ដើម្បី​ឱ្យ​ការ​បែងចែក​មូលនិធិ​អាច​ទៅ​ដល់​កន្លែង​ដែល​វា​ត្រូវការ​។​17​ ក្រសួង​អប់រំ​បាន​អនុវត្ត​ ការ​គ្រប់គ្រង​តាម​សាលារៀន​ជា​គម្រោង​សាកល្បង​លើ​សាលារៀន​គោលដៅ​ចំនួន​ ១០០​ និង​សាលារៀន​មិនមែន​គោលដៅ​ចំនួន​ ៣០០​ ក្រោម​គម្រោង​កែ​លម្អ​ការ​អប់រំ​មធ្យមសិក្សា​ឆ្នាំ​២០១៨-២០២២​ ។​18

​បើ​និយាយ​ពី​ផ្នែក​ផ្គត់ផ្គង់​វិញ​ ក្រសួង​អប់រំ​មាន​គោលបំណង​បំពេញ​តាម​សមាមាត្រ​គ្រូបង្រៀន​ និង​សិស្ស​ ៤០:១​ ដែល​ត្រូវ​បាន​ណែនាំ​ដោយ​អង្គការ​យូ​ណេ​ស្កូ​។​19​ នៅ​ឆ្នាំ​ ២០២១​ សមាមាត្រ​គ្រូបង្រៀន​និង​សិស្ស​គឺ​ ៤៦.២:១​ ដែល​តម្រូវ​ឱ្យ​ក្រសួង​អប់រំ​ជ្រើសរើស​គ្រូបង្រៀន​ចំនួន​ ៦,៩៥០​ នាក់​បន្ថែម​ទៀត​សម្រាប់​ឆ្នាំ​សិក្សា​នោះ​។​20​ បន្ថែម​ពីលើ​ការ​ជ្រើសរើស​ថ្មី​ ក្រសួង​អប់រំ​ យុវជន​ និង​កីឡា​ ផ្តោត​លើ​ការ​អភិវឌ្ឍសមត្ថភាព​គ្រូបង្រៀន​ ដែល​អាច​លើកកម្ពស់​គុណភាព​អប់រំ​ប្រកបដោយ​ប្រសិទ្ធភាព​។​ ស្ដង់ដារ​គ្រូបង្រៀន​ត្រូវ​មាន​ភាព​ស្មើគ្នា​ជាមួយនឹង​ស្តង់ដារ​អន្តរជាតិ​ ដើម្បី​ធានា​ថា​សិស្ស​របស់​កម្ពុជា​ត្រូវ​បាន​បំពាក់​ដោយ​ជំនាញ​សតវត្ស​ទី​២១​។​21​ដោយ​សហការ​ជាមួយ​ដៃគូ​អភិវឌ្ឍន៍​ ក្រសួង​អប់រំ​ យុវជន​ និង​កីឡា​ បាន​ដាក់​ចេញ​នូវ​គំនិត​ផ្តួចផ្តើម​ផ្សេងៗ​ ដើម្បី​បង្កើន​ការ​ត្រៀមខ្លួន​របស់​គ្រូបង្រៀន​ ក្នុង​ការ​បង្រៀន​កម្មវិធី​ និង​កម្មវិធី​សិក្សា​ដែល​ទាក់ទង​នឹង​ឌី​ជី​ថ​ល​ និង​ទំនើប​។​22​ជា​ផ្នែក​មួយ​នៃ​កំណែទម្រង់​គ្រូបង្រៀន​ ការ​ដំឡើង​ប្រាក់បៀវត្សរ៍​គ្រូបង្រៀន​គឺជា​កំណែទម្រង់​យុទ្ធសាស្ត្រ​មួយ​។​ ជា​ឧទាហរណ៍​ ៨០​ ភាគរយ​នៃ​ការ​ចំណាយ​របស់​រដ្ឋាភិបាល​ឆ្នាំ​ ២០១៩​ សម្រាប់​វិស័យ​អប់រំ​ត្រូវ​បាន​បែងចែក​ដើម្បី​លើកកំពស់​ប្រាក់ខែ​គ្រូបង្រៀន​។​23

​វិទ្យាសាស្ត្រ​ បច្ចេកវិទ្យា​ និង​ការ​អប់រំ​បែប​ឌី​ជី​ថ​ល​

​វិទ្យាសាស្ត្រ​ បច្ចេកវិទ្យា​ និង​ជំនាញ​ឌី​ជី​ថ​ល​បាន​ក្លាយជា​កម្លាំង​មូលដ្ឋាន​សម្រាប់​ការ​អភិវឌ្ឍ​សង្គម​ និង​សេដ្ឋកិច្ច​ក្នុង​យុគសម័យ​ឌី​ជី​ថ​ល​។​24 ​ការ​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​នូវ​បច្ចេកវិទ្យា​ និង​ការ​អប់រំ​ឌី​ជី​ថ​ល​នឹង​រួមចំណែក​ដល់​ដំណើរការ​នៃ​ការ​សម្រេច​បាន​នូវ​គោលដៅ​សេដ្ឋកិច្ចជាតិ​ទាំងមូល​។​ លើស​ពី​នេះ​ទៀត​ រដ្ឋាភិបាល​កម្ពុជា​ក៏​បាន​ប្តេជ្ញា​ផ្លាស់​ប្តូរ​ទៅ​ជា​រដ្ឋាភិបាល​ឌី​ជី​ថ​ល​ សេដ្ឋកិច្ច​ និង​សង្គម​ ដូច្នេះ​ការ​អភិវឌ្ឍ​បច្ចេកវិទ្យា​ និង​វិទ្យាសាស្ត្រ​មាន​សារៈសំខាន់​ណាស់​។​ ចាប់តាំងពី​ឆ្នាំ​ ២០០៤​ មក​ រដ្ឋាភិបាល​បាន​ចាក់​បញ្ចូល​ការ​អប់រំ​ផ្នែក​វិទ្យាសាស្ត្រ​ បច្ចេកវិទ្យា​ គណិត​វិទ្យា​ និង​វិស្វកម្ម​ (STEM)​ និង​បច្ចេកវិទ្យា​ព័ត៌មាន​ និង​សារ​គមនាគមន៍​ (ICT)​ ទាំង​កម្រិត​បឋម​សិក្សា​ និង​ខ្ពស់​ជាង​នេះ​ តាម​រយៈ​កម្មវិធី​ និង​គោលនយោបាយ​ផ្សេងៗ​។​

​គោលនយោបាយ​អប់រំ​ចុង​ក្រោយបង្អស់​ដែល​ទាក់ទង​នឹង​ ICT​ គឺ​គោលការណ៍​ណែនាំ​គោលនយោបាយ​សម្រាប់​សាលា​ជំនាន់​ថ្មី​ (NGS)​។​ គំនិត​ផ្តួចផ្តើម​នេះ​ត្រូវ​បាន​អនុវត្ត​ជា​លើក​ដំបូង​នៅ​ក្នុង​ឆ្នាំ​ ២០១១​ ដោយ​អង្គការ​សកម្មភាព​សម្រាប់​ការ​អប់រំ​នៅ​កម្ពុជា​ (KAPE)​ ដែល​ជា​អង្គការ​មិនមែន​រដ្ឋាភិបាល​ដែល​ធ្វើការ​ក្នុង​វិស័យ​អប់រំ​។​25​ បន្ទាប់​មក​ គម្រោង​នេះ​ត្រូវ​បាន​សាកល្បង​ដោយ​ក្រសួង​អប់រំ​ នៅ​ក្នុង​ឆ្នាំ​ ២០១៤​។​ គំនិត​ផ្តួចផ្តើម​នេះ​បាន​ដំណើរការ​នៅ​ក្នុង​សាលារៀន​ចំនួន​ ១០​ ក្នុង​ឆ្នាំ​ ២០១៥​ ហើយ​មាន​គោលបំណង​ឈាន​ដល់​ ១០០​ សាលារៀន​នៅ​ឆ្នាំ​ ២០២២​។​26​ គោលបំណង​សំខាន់​នៃ​គំនិត​ផ្តួចផ្តើម​សាលារៀន​ជំនាន់​ថ្មី​ គឺ​ដើម្បី​ណែនាំ​វិធីសាស្ត្រ​បង្រៀន​ និង​រៀន​​តាម​បែប​ទំនើប​ និង​ច្នៃប្រឌិត​នៅ​ក្នុង​សាលា​រដ្ឋ​កម្ពុជា​ ដូច​ជា​ការ​អនុវត្ត​ការ​រៀន​តាម​គម្រោង​ និង​វិធីសាស្ត្រ​ផ្តោត​លើ​សិស្ស​។​27​ គម្រោង​សាលា​ជំនាន់​ថ្មី​ ក៏​អនុវត្ត​ប្រព័ន្ធ​គ្រប់គ្រង​តាម​សាលា​ផង​ដែរ​។​28

អ្នកចូលរួមក្នុងព្រឹត្តិការណ៍ពិព័រណ៍បច្ចេកវិទ្យាកម្ពុជា។ រូបភាពយកចេញពីទំព័រ Facebook ផ្លូវការរបស់់ពិព័រណ៍បច្ចេកវិទ្យាកម្ពុជា នៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២២។

​សម្រាប់​ថ្នាក់ឧត្តម​សិក្សា​ និស្សិត​បញ្ចប់​ការ​សិក្សា​ផ្នែក​វិទ្យាសាស្ត្រ​ និង​បច្ចេកវិទ្យា​មាន​សារៈសំខាន់​ណាស់​សម្រាប់​ការ​រីក​ចម្រើន​របស់​ប្រទេស​។​ ស្រប​តាម​គោលបំណង​នៃ​របៀបវារៈ​របស់​រដ្ឋាភិបាល​ដើម្បី​សម្រេច​បាន​នូវ​រដ្ឋាភិបាល​ សេដ្ឋកិច្ច​ និង​សង្គម​ឌី​ជី​ថ​ល​ ការ​បង្កើន​ការ​ចុះ​ឈ្មោះ​ចូល​រៀន​ និង​និស្សិត​បញ្ចប់​ការ​សិក្សា​មុខ​វិជ្ជា​ទាក់ទង​នឹង​ STEM​ គឺជា​វិធីសាស្ត្រ​ចាំបាច់​មួយ​។​ នៅ​ក្នុងផែនទីបង្ហាញផ្លូវ វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍កម្ពុជា ឆ្នាំ ២០៣០ ការ​កសាង​ធនធានមនុស្ស​ក្នុង​វិស័យ​វិទ្យាសាស្ត្រ​ និង​បច្ចេកវិទ្យា​គឺជា​គោលដៅ​អាទិភាព​មួយ​។​ គោលនយោបាយ​នេះ​ រំពឹង​ថា​នៅ​ឆ្នាំ​២០៣០​ ៥០%​ នៃ​និស្សិត​សាកលវិទ្យាល័យ​កម្ពុជា​នឹង​សិក្សា​លើ​មុខ​ជំនាញ​ STEM​ ហើយ​ ៤០%​ ជា​ស្ត្រី​។​29​រដ្ឋាភិបាល​បាន​បង្កើត​បណ្ឌិត្យសភា​បច្ចេកវិទ្យា​ឌី​ជី​ថ​ល​កម្ពុជា​ (CADT)​ ដែល​មាន​គោលបំណង​ផ្តល់​ការ​អប់រំ​ ការ​បណ្តុះបណ្តាល​ ការ​ស្រាវជ្រាវ​ និង​ការ​អភិវឌ្ឍ​ និង​លើកកម្ពស់​ការ​ច្នៃប្រឌិត​ផ្នែក​បច្ចេកវិទ្យា​ឌី​ជី​ថ​ល​ដល់​សិស្ស​ និស្សិត​ មន្ត្រីរាជការ​ និង​អ្នក​ច្នៃប្រឌិត​ ដើម្បី​ចូលរួម​ចំណែក​ក្នុង​ការ​អភិវឌ្ឍ​រដ្ឋាភិបាល​ឌី​ជី​ថ​ល​ សេដ្ឋកិច្ច​ និង​សង្គម​។​30​ស្ថាប័ន​អប់រំ​ដែល​ផ្តោត​លើ​ឌី​ជី​ថ​ល​ និង​បច្ចេកវិទ្យា​នេះ​ មាន​បី​ស្ថាប័ន​គឺ​ វិទ្យាស្ថាន​បច្ចេកវិទ្យា​ឌី​ជី​ថ​ល​ វិទ្យាស្ថាន​អភិបាលកិច្ច​ឌី​ជី​ថ​ល​ និង​វិទ្យាស្ថាន​ស្រាវជ្រាវ​ និង​នវានុវត្តន៍​ឌី​ជី​ថ​ល​។​ លើស​ពី​នេះ​ រដ្ឋាភិបាល​ក៏​បាន​ទាក់ទាញ​ការ​យកចិត្តទុកដាក់​ និង​លើកកម្ពស់​ការ​យល់​ដឹង​ជា​សាធារណៈ​តាម​រយៈ​កម្មវិធី​ដែល​ទាក់ទង​នឹង​វិទ្យាសាស្ត្រ​ និង​បច្ចេកវិទ្យា​ ដូច​ជា​ការ​បង្កើត​វិ​ប​ផត​ថ​ល​សេដ្ឋកិច្ច​ឌី​ជី​ថ​ល​ និង​ព្រឹត្តិការណ៍​សាធារណៈ​ដូច​ជា​ពិព័រណ៍​បច្ចេកវិទ្យា​ Tech​ expo​ ជាដើម​។​

​បញ្ហា​ប្រឈម​ និង​ដំណើរ​ឆ្ពោះទៅ​មុខ​

​ក្នុង​រយៈពេល​ពីរ​ទសវត្សរ៍​មក​ហើយ​ រដ្ឋាភិបាល​កម្ពុជា​បាន​ខិតខំ​ប្រឹងប្រែង​យ៉ាង​ខ្លាំង​ក្នុង​ការ​កែទម្រង់​ និង​កែ​លម្អ​វិស័យ​អប់រំ​ ដោយ​ផ្តោត​សំខាន់​លើ​លទ្ធភាព​ទទួល​បានការ​អប់រំ​របស់​សិស្ស​។​ ទោះជា​យ៉ាងណា​ក៏​ដោយ​ បញ្ហា​ប្រឈម​មួយ​ចំនួន​នៅ​តែ​មាន​ដែល​បង្អាក់​លទ្ធភាព​ទទួល​បានការ​អប់រំ​របស់​សិស្ស​ ជា​ពិសេស​ក្រុម​ដែល​ជួប​ការ​លំបាក​ ដូច​ជា​សិស្ស​មាន​ពិការ​ភាព​ និង​ក្រុម​ជនជាតិ​ដើម​ភាគតិច​ជាដើម​។​ បញ្ហា​មធ្យោបាយ​ធ្វើ​ដំណើរ​គឺជា​បញ្ហា​ទូទៅ​បំផុត​មួយ​សម្រាប់​សិស្សានុសិស្ស​នៅ​តំបន់​ដាច់​ស្រយាល​។​31​ បញ្ហា​នេះ​រួមចំណែក​ដល់​ និង​ត្រូវ​បាន​ផ្សារ​ភ្ជាប់​ជាមួយនឹង​អត្រា​បោះបង់​ការ​សិក្សា​កម្រិត​មធ្យមសិក្សា​ខ្ពស់​។​32​ សិស្សានុសិស្ស​ជា​ច្រើន​ដែល​រស់នៅ​ជនបទ​តែងតែ​បោះបង់​ការ​សិក្សា​នៅ​អនុ​វិទ្យាល័យ​ ដោយសារ​ការ​ធ្វើ​ដំណើរ​ឆ្ងាយ​ពី​ផ្ទះ​ទៅ​សាលារៀន​។​ បញ្ហា​មួយទៀត​ដែល​ប៉ះពាល់​ដល់​ល​ទ្អ​ភាព​ទទួល​បានការ​អប់រំ​ គឺ​បញ្ហា​ភាសា​។​33​ កុមារ​មក​ពី​ជនជាតិភាគតិច​ពិបាក​រៀន​ ព្រោះ​ពួក​គេ​ប្រហែលជា​មិន​ចេះ​​ភាសា​ខ្មែរ​។​ សាលា​ និង​កម្មវិធី​សិក្សា​នៅ​កម្ពុជា​ភាគច្រើន​មិន​មាន​​បង្រៀន​​​​ជា​ភាសា​​ផ្សេងៗ​នោះទេ​ ​​ដូច​ជា​ភាសា​កំណើត​របស់​ជនជាតិភាគតិច​ជាដើម​។​ នេះ​បាន​ផ្តល់​នូវ​ការ​លំបាក​ដល់​សិស្ស​ជនជាតិភាគតិច​ ដែល​នៅ​ទីបំផុត​ពួក​គេ​នឹង​ត្រូវ​បង្ខំចិត្ត​បោះបង់​ចោលការ​សិក្សា​។​

​បញ្ហា​ប្រឈម​ផ្សេង​ទៀត​ចំពោះ​វិស័យ​អប់រំ​នៅ​កម្ពុជា​ គឺ​វិសមភាព​នៃ​ការ​អប់រំ​ និង​សមត្ថភាព​គ្រូបង្រៀន​។​34​ សកម្មភាព​សំខាន់​មួយ​ដែល​ក្រសួង​អប់រំ​ យុវជន​ និង​កីឡា​ត្រូវ​ដោះស្រាយ​ គឺ​គម្លាត​រវាង​គ្រឹះស្ថាន​អប់រំ​នៅ​តាម​ជនបទ​ និង​ទីក្រុង​។​ សាលារៀន​នៅ​តាម​ទីក្រុង​ផ្តល់​នូវ​គុណភាព​អប់រំ​ និង​ហេដ្ឋារចនាសម្ព័ន្ធ​ខ្ពស់​ជាង​សាលារៀន​នៅ​តាម​ជនបទ​ និង​តំបន់​ដាច់​ស្រយាល​។​ ក្នុងអំឡុងពេល​នៃ​ការ​រាតត្បាត​នៃ​ជំងឺ​កូ​វី​ដ​-១៩​ គម្លាត​នេះ​កាន់តែ​ខិត​ឆ្ងាយ​។​35របាយការណ៍​ពី​អង្គការ​ទិន្នន័យ​អំពី​ការ​អភិ​វ​ឌ្ឈ​ (ODC)​ និង​ បណ្តាញ​អង្គការ​ប្រើប្រាស់​បច្ចេកវិទ្យា​ដើម្បី​ការ​អភិវឌ្ឍ (ICT4D)​ បាន​រក​ឃើញ​ថា​ គ្រូបង្រៀន​ប្រឈម​មុខ​នឹង​បញ្ហា​ជា​ច្រើន​ជាមួយ​ការ​បង្រៀន​ក្នុងអំឡុងពេល​ជំងឺ​រាតត្បាត​។​36​ យោង​តាម​ការ​ស្ទង់​មតិ​ បញ្ហា​ទូទៅ​មានដូចជាការ​ដាច់​អ៊ីនធឺណិត​ និង​អគ្គិសនី​ ការ​លំបាក​ក្នុង​ការ​វាយតម្លៃ​សិស្ស​ កង្វះ​ទំនាក់ទំនង​ សុវត្ថិភាព​អន​ឡាញ​ និង​បញ្ហា​អំពី​ឧបសគ្គ​ឯកជន​ភាព​ និង​ភាសា​។​ បញ្ហា​ប្រឈម​នៃ​ការ​រៀន​ពី​ចម្ងាយ​បង្ហាញ​ពី​ចន្លោះ​ប្រហោង​ដែល​រដ្ឋាភិបាល​កម្ពុជា​ត្រូវ​បំពេញ​ ជា​ពិសេស​ផ្នែក​បច្ចេកវិទ្យា​ និង​ការ​ត្រៀមខ្លួន​ឌី​ជី​ថ​ល​។​37​ របាយការណ៍​រក​ឃើញ​បាន​ផ្តល់​អនុសាសន៍​ឱ្យ​បញ្ចូល​វិទ្យាសាស្ត្រ​ និង​បច្ចេកវិទ្យា​ ដើម្បី​លើកកម្ពស់​ការ​អប់រំ​ឌី​ជី​ថ​ល​របស់​កម្ពុជាផងដែរ​។​

ទាក់ទងនឹងគោលនយោបាយ និងការគ្រប់គ្រងវិស័យអប់រំ

ឯកសារយោង

  1. 1. យឹម ស្រីលីន,”ក្រសួងអប់រំត្រូវកាត់បន្ថយថវិកា ទោះបីបាត់បង់ការសិក្សាក៏ដោយ,” Khmertimes, ថ្ងៃទី០៥​ ខែកក្កដា ឆ្នាំ ២០២២, បានចូលអាននៅខែវិច្ឆិកា ឆ្នាំ​២០២២។
  2. 2. ក្រសួងអប់រំ យុវជន និងកីឡា, “ការយល់ដឹងពីការមិនរាប់បញ្ចូលសង្គមនៅក្នុងបរិបទកម្ពុជា និងផែនការសម្រាប់ការអប់រំបរិ​យា​ប័ន្ន,” នាយកដ្ឋានគោលនយោបាយ ក្រសួងអប់រំ យុវជន និងកីឡា, ខែកក្កដា ឆ្នាំ២០២១, បានចូលអាននៅខែវិច្ឆិកា ឆ្នាំ​២០២២។
  3. 3. ក្រសួងអប់រំ យុវជន និងកីឡា, “ស្ថិតិ និង​សូចនាករ​អប់រំសាធារណៈ ឆ្នាំ២០២០-២០២១,” នាយកដ្ឋានប្រព័ន្ធព័ត៌មានគ្រប់គ្រងការអប់រំ, ខែមីនា ឆ្នាំ ២០២១, បានចូលអាននៅខែវិច្ឆិកា ឆ្នាំ​២០២២។
  4. 4. ក្រសួងអប់រំ យុវជន និងកីឡា, “គោលនយោបាយស្តីពីការអប់រំបរិ​យា​ប័ន្ន,” នាយកដ្ឋានគោលនយោបាយ និងនាយកដ្ឋានអប់រំពិសេស​, ខែមិថុនា ឆ្នាំ ២០១៨, បានចូលអាននៅខែវិច្ឆិកា ឆ្នាំ​២០២២។
  5. 5. ដូចឯកសារយោងខាងដើម។
  6. 6. ក្រសួងអប់រំ យុវជន និងកីឡា, “​ផែនការ​យុទ្ធសាស្ត្រ​អប់រំ​ ២០១៩-២០២៣​,” ខែមិថុនា ឆ្នាំ២០១៩, បានចូលអាននៅខែវិច្ឆិកា ឆ្នាំ​២០២២។
  7. 7. ក្រសួងអប់រំ យុវជន និងកីឡា, “ផែនទី​បង្ហាញ​ផ្លូវការ​អប់រំ​មធ្យមសិក្សា​កម្ពុជា​ឆ្នាំ​ ២០៣០,” ខែឧសភា ឆ្នាំ២០២១, បានចូលអាននៅខែវិច្ឆិកា ឆ្នាំ​២០២២។
  8. 8. ដូចឯកសារយោងខាងដើម។
  9. 9. ក្រសួងអប់រំ យុវជន និងកីឡា, “គោលនយោបាយជាតិស្តីពីការសិក្សាពេញមួយជីវិត,” បានចូលអាននៅខែវិច្ឆិកា ឆ្នាំ​២០២២។
  10. 10. ដូចឯកសារយោងខាងដើម។
  11. 11. អង្គការ​យូ​ណេ​ស្កូ​, “កម្ពុជា៖ គោលនយោបាយជាតិស្តីពីការសិក្សាពេញមួយជីវិត ចេញផ្សាយក្នុងឆ្នាំ ២០១៩,“ថ្ងៃទី២១ ខែ តុលា ឆ្នាំ ២០២២, បានចូលអាននៅខែវិច្ឆិកា ឆ្នាំ​២០២២។
  12. 12. បុគ្គលិកភ្នំពេញប៉ុស្តិ៍, “យុទ្ធសាស្ត្រកំណែទម្រង់របស់ក្រសួងអប់រំ ដើម្បីលើកកម្ពស់គុណភាពគ្រូបង្រៀន,” កាសែតភ្នំពេញប៉ុស្តិ៍, ថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ ២០១៥,បានចូលអាននៅខែធ្នូ ឆ្នាំ​២០២២។
  13. 13. Janelle Retka, “បួនឆ្នាំក្រោយមក កំណែទម្រង់ការប្រឡងថ្នាក់ជាតិកំពុងទទួលបានផ្លែផ្កា,” ថ្ងៃទី២១ ខែសីហា ឆ្នាំ ២០១៧, បានចូលអាននៅខែធ្នូ ឆ្នាំ​២០២២។
  14. 14. តាត ឧត្តម, “គ្រូបង្រៀន​ទទួល​បាននឹងទទួលបានការដំឡើង​ប្រាក់​ឈ្នួល,” កាសែតភ្នំពេញប៉ុស្តិ៍, ថ្ងៃទី០២​ ខែមីនា ឆ្នាំ២០១៥, ​បានចូលអាននៅខែធ្នូ ឆ្នាំ​២០២២។
  15. 15. ក្រសួងអប់រំ យុវជន និងកីឡា, “ផែនការ​យុទ្ធសាស្ត្រ​វិស័យ​អប់រំ​ ឆ្នាំ​ ២០១៩​ -​ ២០២៣,” ខែមិថុនា ឆ្នាំ២០១៩, បានចូលអាននៅខែធ្នូ ឆ្នាំ​២០២២។
  16. 16. នាគ ពិសិដ្ឋ, “កំណែទម្រង់ការអប់រំនៅកម្ពុជា៖ ការផ្លាស់ប្តូរការគ្រប់គ្រងតាមសាលារៀនទៅជាយុទ្ធសាស្ត្រសហគមន៍សាលារៀន,” EdCambodia, ថ្ងៃទី២៥ ខែ មករា ឆ្នាំ ២០២២, បានចូលអាននៅខែធ្នូ ឆ្នាំ​២០២២។
  17. 17. បូ ច័ន្ទកុលីកា, “ហេតុអ្វីបានជាការគ្រប់គ្រងតាមសាលារៀន (SBM) នៅកម្ពុជា?,” Cambodia Education Review, ឆ្នាំ​ ២០១៩, ​បានចូលអាននៅខែធ្នូ ឆ្នាំ​២០២២។
  18. 18. មុំ គន្ធា, “ការគ្រប់គ្រងតាមសាលា ដើម្បីពង្រីកទូទាំងប្រទេស ដើម្បីសម្រេចបាននូវចក្ខុវិស័យឆ្នាំ ២០៣០ សម្រាប់សាលារៀន,” Khmertimes, ថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ ២០២២, បានចូលអាននៅខែធ្នូ ឆ្នាំ​២០២២។
  19. 19. Laignee Barron និង ប៉ិច សុធារី, “ក្រសួង​កំពុង​ប្រឈម​នឹង​កង្វះ​គ្រូបង្រៀន,” កាសែតភ្នំពេញប៉ុស្តិ៍, ថ្ងៃទី២៩ ខែតុលា ឆ្នាំ២០១៤, បានចូលអាននៅខែធ្នូ ឆ្នាំ​២០២២។
  20. 20. ដូចឯកសារយោងខាងដើម។
  21. 21. វ៉​ន​ ដា​រ៉ា​, “ក្រសួង​អប់រំ​ចុះ​បញ្ជី ៨ ចំណុច​សម្រាប់​កំណែទម្រង់,” កាសែតភ្នំពេញប៉ុស្តិ៍, ថ្ងៃទី១៦ ខែសីហា ឆ្នាំ ២០២២, បានចូលអាននៅខែធ្នូ ឆ្នាំ​២០២២។
  22. 22. យូនីសេហ្វ, “សន្និសីទថ្នាក់ជាតិលើកទី១ ស្តីពីការអភិវឌ្ឍគ្រូបង្រៀន ផ្តោតលើការកែទម្រង់ការបណ្តុះបណ្តាលគ្រូ ដើម្បីរៀបចំសិស្សកម្ពុជានូវជំនាញសតវត្សរ៍ទី២១,” ថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ ២០២២, បានចូលអាននៅខែធ្នូ ឆ្នាំ​២០២២។
  23. 23. កាយ គីមសង់, “ក្រសួងអប់រំ ដំឡើងប្រាក់បៀវត្សរ៍គ្រូបង្រៀន ចំពេលមានការកែទម្រង់,” Khmertimes, ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ ២០១៨, បានចូលអាននៅខែធ្នូ ឆ្នាំ​២០២២។
  24. 24. Zia Qureshi, “របៀបដែលការផ្លាស់ប្តូរឌីជីថលកំពុងជំរុញការផ្លាស់ប្តូរសេដ្ឋកិច្ច,” Brookings, ថ្ងៃទី ១៨ ខែមករា ឆ្នាំ ២០២២, បានចូលអាននៅខែធ្នូ ឆ្នាំ​២០២២។
  25. 25. Melissa Donaher និងNuoya Wu, “កំណែទម្រង់សាលារៀនជំនាន់ថ្មីនៅកម្ពុជា,” ថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២០, បានចូលអាននៅខែធ្នូ ឆ្នាំ​២០២២។
  26. 26. ជា វឌ្ឍនា និងជា សុខលីម, “សាលាជំនាន់ថ្មី៖ ដោះស្រាយបញ្ហាអសមត្ថភាពរ៉ាំរ៉ៃរបស់កម្ពុជាក្នុងការផ្តល់ការអប់រំប្រកបដោយគុណភាព,” ថ្ងៃទី៣០ ខែមេសា ឆ្នាំ ២០២១, បានចូលអាននៅខែធ្នូ ឆ្នាំ​២០២២។
  27. 27. ក្រសួងអប់រំ យុវជន និងកីឡា, “គោលនយោបាយ​ ស្តី​ពី​សាលារៀន​ជំនាន់​ថ្មី,” ខែសីហា ឆ្នាំ ២០១៦, បានចូលអាននៅខែធ្នូ ឆ្នាំ​២០២២។​
  28. 28. ដូចឯកសារយោងខាងដើម។
  29. 29. រាជរដ្ឋាភិបាលកម្ពុជា, “ផែនទីបង្ហាញផ្លូវ វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍កម្ពុជា ឆ្នាំ ២០៣០,” ឆ្នាំ២០២១, បានចូលអាននៅខែធ្នូ ឆ្នាំ​២០២២។
  30. 30. CADT, “អំពីយើង,” បានចូលអាននៅខែធ្នូ ឆ្នាំ​២០២២។
  31. 31. អង្គការទស្សនៈពិភពលោក, “ការដោះសោអនាគតរបស់ប្រទេសកម្ពុជាតាមរយៈការធ្វើឱ្យប្រសើរឡើងនូវលទ្ធភាពទទួលបានការអប់រំជាមូលដ្ឋានប្រកបដោយគុណភាព,” ថ្ងៃទី២២ ខែ វិច្ឆិកា ឆ្នាំ ២០១៩, បានចូលអាននៅខែធ្នូ ឆ្នាំ​២០២២។
  32. 32. ដូចឯកសារយោងខាងដើម។
  33. 33. Action Education, “ឧបសគ្គចំពោះការអប់រំនៅអាស៊ីអាគ្នេយ៍៖ កុមារត្រូវបានបង្រៀនជាភាសាដែលពួកគេមិនចេះនិយាយ,” ថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ ២០១៩, បានចូលអាននៅខែធ្នូ ឆ្នាំ​២០២២។
  34. 34. See Beyond Borders, “បញ្ហាប្រឈមដ៏ធំបំផុតដែលប្រឈមមុខនឹងការអប់រំនៅកម្ពុជា ចាប់តាំងពីរបបខ្មែរក្រហម,” បានចូលអាននៅខែធ្នូ ឆ្នាំ​២០២២។
  35. 35. Gerald Flynn,”ការបិទសាលាបង្ហាញពីវិសមភាពក្នុងការអប់រំ នៅពេលដែលថ្នាក់រៀនផ្លាស់ទីតាមអ៊ីនធឺណិត,” កាសែតថ្មីថ្មី, ថ្ងៃទី២៣ ខែ មីនា ឆ្នាំ ២០២០, បានចូលអាននៅខែធ្នូ ឆ្នាំ​២០២២។
  36. 36. Julia G Puig, “ការ​សិក្សា​ពី​ចម្ងាយ​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា​ព័ត៌មាន​ និង​សារ​គមនាគមន៍​ (ICT)​ ឆ្លើយ​តប​នឹង​ជំងឺ​កូ​វី​ដ​-១៩​ នៅ​កម្ពុជា​,” អង្គការទិន្នន័យអំពីការអភិវឌ្ឍ, ខែកក្កដា ឆ្នាំ២០២១, បានចូលអាននៅខែធ្នូ ឆ្នាំ​២០២២។
  37. 37. ដូចឯកសារយោងខាងដើម។
ទំនាក់ទំនងយើងខ្ញុំ

ទំនាក់ទំនងយើងខ្ញុំ

បើលោកអ្នកមានសំនួរទាក់ទងនឹងខ្លឹមសារផ្សាយនៅលើគេហទំព័រ Open Development Cambodia (ODC)? យើងខ្ញុំ​នឹង​ឆ្លើយ​តប​​ដោយ​ក្តី​រីក​រាយ។

តើអ្នកបានឃើញបញ្ហាបច្ចេកទេសណាមួយនៅលើគេហទំព័រOpen Development Cambodia (ODC) ដែរឬទេ?

តើលោកអ្នកយល់យ៉ាងដូចម្តេចដែរចំពោះការងាររបស់អូឌីស៊ី?

តើលោកអ្នកមានឯកសារដែលអាចជួយពង្រីក​គេហទំព័រOpen Development Cambodia (ODC) ដែរ​ឬទេ​?​ យើងខ្ញុំ​នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ទិន្នន័យ​អំពី​ផែនទី​ ច្បាប់​ អត្ថបទ​ និង​ ឯកសារ​ដែល​ពុំ​មាននៅ​លើ​គេហទំព័រ​នេះ​ ហើយ​ពិចារណា​បោះផ្សាយ​ទិន្នន័យ​ទាំងនោះ​។​ សូម​មេត្តា​ផ្ញើ​តែ​ឯកសារ​ណា​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative Commons

ឯកសារត្រូវបានលុប
មានបញ្ហា!

កំណត់សម្គាល់៖ Open Development Cambodia (ODC) នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ឯកសារ​ដែល​បាន​បញ្ជូន​មក​យ៉ាង​ហ្មត់ចត់​ ដើម្បី​កំណត់​ភាព​ត្រឹមត្រូវ​ និង​ពាក់ព័ន្ធ​ មុន​ពេលធ្វើការ​បង្ហោះ​ផ្សាយ​។​ រាល់​ឯកសារ​ដែល​បាន​បង្ហោះ​ផ្សាយ​នឹង​ជា​ឯកសារ​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative​ Commons​។​ យើងខ្ញុំ​សូម​អគុណ​សំរាប់​ការ​គាំទ្រ​របស់​លោក​អ្នក​។​

Mh8k2
* ប្រអប់មតិមិនអាចទទេ! មិនអាចបញ្ចូនបាន សូមធ្វើការបញ្ចូនម្តងទៀត! Please add the code correctly​ first.

សូម​អរគុណ​សំរាប់​ការ​ចំនាយ​ពេល​ក្នុង​ការ​ចែក​រំលែក​មក​កាន់​យើងខ្ញុំ!