​ផលិតផល​ព្រៃឈើ​

ដែនជម្រកសត្វព្រៃព្រៃឡង់។ រូបភាពដោយ ស្ថានទូតសហរដ្ឋអាមេរិកប្រចាំរាជធានីភ្នំពេញ ថតថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០១៦។​ ក្រោម​អាជ្ញាប័ណ្ណក្រោម CC BY-ND 2.0

​ប្រទេស​កម្ពុជា​មាន​ធនធាន​ព្រៃឈើ​ជាង​ ៨​លាន​ហិ​កតា​ក្នុង​ឆ្នាំ​ ២០២០​ ស្មើនឹង​ ៤៤,៧%​ នៃ​ផ្ទៃដី​សរុប​របស់​ប្រទេស​។​1​ រាជរដ្ឋាភិបាល​កាន់កាប់​ផ្ទៃដី​ព្រៃឈើ​ទាំងអស់​នៅ​ក្នុង​ប្រទេស​ នេះ​មាន​ន័យ​ថា​រដ្ឋាភិបាល​អាច​ផ្ទេរ​ដី​ព្រៃ​ទៅ​សហគមន៍​មូលដ្ឋាន​ក្នុង​ទម្រង់​ជា​ព្រៃ​សហគមន៍​សម្រាប់​ការ​គ្រប់គ្រង​ធនធាន​ព្រៃឈើ​ និង​ការ​ប្រើប្រាស់​បែប​ប្រពៃណី​ ឬ​ផ្តល់​ឲ្យ​ក្រុមហ៊ុន​ឯកជន​ក្នុង​ទម្រង់​សម្បទាន​ដី​សេដ្ឋកិច្ច​ (ELCs)​ ព្រមទាំង​ផ្តល់​ជូន​ប្រជាពលរដ្ឋ​ជា​​សម្បទាន​ដី​​សង្គមកិច្ច​ (SLCs)​។​ ព្រៃឈើ​អចិន្ត្រៃយ៍​រួម​មានព្រៃ​បម្រុង​ទុក​អចិន្ត្រៃយ៍​ និង​ព្រៃ​ឯកជន​។​ ព្រៃ​បម្រុង​ទុក​អចិន្ត្រៃយ៍​មាន​បី​ប្រភេទ​ដូច​ជា​ ព្រៃ​ផ្តល់​ផល​ ព្រៃ​ការពារ​ និង​ព្រៃ​សម្រាប់​ផ្ទេរ​។​ ព្រៃ​ផ្តល់​ផល​ត្រូវ​បាន​រក្សា​ទុក​សម្រាប់​ផលិតកម្ម​ផល​ និង​អនុ​ផល​ព្រៃឈើ​ប្រកបដោយ​និរន្តរភាព​ដែល​ក្នុង​នោះ​ មុខងារ​ការពារ​ត្រូវ​ចាត់ទុកជា​អាទិភាព​បន្ទាប់​។​ ព្រៃ​ផ្តល់​ផល​មាន​ដូច​ជា​ ព្រៃ​សម្បទាន​ ព្រៃ​ផ្តល់​ផល​ក្រៅពី​ព្រៃ​សម្បទាន​ ព្រៃឈើ​ត្រូវ​ស្តារ​ឡើង​វិញ​ ផ្ទៃដី​ព្រៃ​បម្រុង​ទុក​សម្រាប់​ដាំ​ដើមឈើ​ឡើង​វិញ​ ឬ​ចំការ​ព្រៃឈើ​ ផ្ទៃដី​បម្រុង​ទុក​សម្រាប់​បន្ត​ពូជ​ព្រៃឈើ​ និង​ព្រៃ​សហគមន៍​ក្រោម​កិច្ចព្រមព្រៀង​។​2​ ព្រៃឈើ​ឯកជន​មួយ​ចំនួន​ រួម​មាន​ចំការ​ដើមឈើ​ ឬ​ព្រៃឈើ​ត្រូវ​បាន​កាន់កាប់​ដោយ​ក្រុមហ៊ុន​ឯកជន​ បុគ្គល​ និង​គ្រួសារ​ក្នុងស្រុក​។​ ព្រៃ​ឯកជន​ត្រូវ​រក្សា​ទុក​ដោយ​ម្ចាស់​កម្មសិទ្ធិ​ ហើយ​មាន​សិទ្ធិ​ទទួលផល​ប្រយោជន៍​ក្នុង​ការ​អភិវឌ្ឍ​ និង​ប្រមូល​ផល​ប្រើប្រាស់​ និង​លក់​ចែកចាយ​ផលិតផល​របស់​ខ្លួន​ផ្ទាល់​។​3

​ផលិតផល​ព្រៃឈើ​

​រាជរដ្ឋាភិបាល​កាន់កាប់​ផលិតផល​ព្រៃឈើ​ និង​អនុ​ផល​ព្រៃឈើ​ទាំងអស់​ (​ផលិតផល​ឈើ​ អនុ​ផល​ព្រៃឈើ​ និង​ទំនិញ​កែ​ច្នៃ​)​ ដែល​រក​ឃើញ​នៅ​ក្នុង​ និង​ប្រភព​មក​ពី​ព្រៃ​បម្រុង​ទុក​អចិន្ត្រៃយ៍​។​ នៅ​ពេល​ដែល​ការ​ផ្គត់ផ្គង់​លើស​ពី​តម្រូវការ​ក្នុងស្រុក​ គេ​ជ្រើសរើស​ផលិតផល​សម្រាប់​តម្រូវការ​ក្នុងស្រុក​ប្រចាំឆ្នាំ​ និង​នាំ​ចេញ​។​4​ ដោយ​ផ្អែក​លើ​សក្តានុពល​ផលិតកម្ម​ រដ្ឋាភិបាល​អាច​ផ្តល់​សម្បទាន​ដី​ព្រៃឈើ​ដល់​អ្នក​វិនិយោគ​ ឬ​ក្រុមហ៊ុន​ស្របច្បាប់​ ដោយ​អនុញ្ញាត​ឱ្យ​ពួក​គេ​គ្រប់គ្រង​ និង​ប្រមូល​ផល​ព្រៃឈើ​ និង​អនុ​ផល​ព្រៃឈើ​។​ ទោះ​យ៉ាងណា​ក៏​ដោយ​ រដ្ឋាភិបាល​បាន​លុប​ចោល​ក្រុមហ៊ុន​សម្បទាន​ទាំងអស់​ក្នុង​ឆ្នាំ​២០០២​ ហើយ​បាន​ហាម​ការ​កាប់​ឈើ​នៅ​ក្នុង​ព្រៃ​ធម្មជាតិ​ ក៏​ដូច​ជា​បាន​ផ្អាក​ការ​នាំ​ចេញ​ឈើ​នៅ​ឆ្នាំ​២០០៦​។​ បច្ចុប្បន្ន​នេះ​ ការ​ប្រមូល​ផល​ និង​អនុ​ផល​ព្រៃឈើ​លើ​ដី​រដ្ឋ​ត្រូវ​បាន​អនុញ្ញាត​តែ​ក្នុង​សម្បទាន​ដី​សេដ្ឋកិច្ច​ សម្បទាន​ដី​សង្គមកិច្ច​ ការ​អភិវឌ្ឍន៍​ហេដ្ឋារចនាសម្ព័ន្ធ​ ដី​ឯកជន​ និង​ព្រៃ​សហគមន៍​តែ​ប៉ុណ្ណោះ​។​5​ ព្រៃឈើ​ផ្តល់​ផល​របស់​ប្រទេស​កម្ពុជា​មាន​ចំនួន​ ៣,១​លាន​ហិ​កតា​6​ ខណៈ​ដែល​ការ​បាត់បង់​ព្រៃឈើ​ប្រចាំឆ្នាំ​ជា​មធ្យម​ (២០១០-២០២០)​ គឺ​ ២៥២.០០០​ហិ​កតា​ក្នុង​មួយ​ឆ្នាំ​ ស្មើនឹង​ ២,៦៨​ភាគរយ​ ។​ ព្រៃឈើ​ចំនួន​ ៣,១​លាន​ហិ​កតា​ត្រូវ​បាន​កំណត់​សម្រាប់​ផលិតកម្ម​។​7

​ប្រទេស​កម្ពុជា​ផលិត​ឈើហុប​បាន​ប្រមាណ​ ៨១៣.០០០​ម៉ែត្រគូប​ក្នុង​ឆ្នាំ​២០២០​។​ ការ​ផលិត​ឈើ​របស់​ប្រទេស​មាន​កម្រិត​ទាប​ ចាប់តាំងពី​រដ្ឋាភិបាល​បាន​បញ្ឈប់​អាជ្ញាប័ណ្ណ​កាប់​ឈើ​នៅ​ក្នុង​ព្រៃ​ធម្មជាតិ​ក្នុង​ឆ្នាំ​២០០២​ និង​បាន​ផ្អាក​ការ​នាំ​ចេញ​ឈើ​នៅ​ឆ្នាំ​២០០៦​។​ នៅ​ក្នុង​ឆ្នាំ​២០១៩​ កម្ពុជា​បាន​នាំ​ចេញ​ផលិតផល​ឈើ​ដូច​ជា​ ក្តារបន្ទះ​ ក្តារ​កុង​ផ្លា​កេ​ និង​ឈើ​ឡា​មី​ណេ​តទៅ​កាន់​ប្រទេស​មួយ​ចំនួន​រួម​មាន ​សហរដ្ឋអាមេរិក​ ៩២,០៧​ភាគរយ​ ចិន​ ៥,៧​ភាគរយ​ វៀតណាម​ ០,៨​ភាគរយ​ កា​ណា​ដា​ ០,៣​ភាគរយ​ ​​តៃវ៉ាន់​​ ០,១​ភាគរយ​ និង​សិង្ហ​បុរី​ ០,១​ភាគរយ​។​ តម្លៃ​នៃ​ការ​នាំ​ចេញ​ទាំងមូល​នៃ​ផលិតផល​ឈើ​បឋម​គឺ​ប្រមាណ​ ១៩០​លាន​ដុល្លារ​អា​មេ​រិ​ក​។​ នៅ​ឆ្នាំ​ ២០២០​ កម្ពុជា​បាន​នាំ​ចេញ​ឈើហុប​ប្រមាណ​ ១៣.៤១០​ម៉ែត្រគូប​។​8

​ក្របខណ្ឌ​ច្បាប់​សម្រាប់​ការ​ប្រមូល​ផល​ព្រៃឈើ​

​ការ​ប្រមូល​ផល​ព្រៃឈើ​របស់​បុគ្គល​ សហគមន៍​ និង​ក្រុមហ៊ុន​នីមួយៗ​ ត្រូវ​មាន​ឯកសារ​ផ្លូវច្បាប់​ផ្សេងៗ​ ដោយ​ផ្អែក​លើ​ប្រភេទ​ដី​ដូច​ខាងក្រោម​៖

  • សម្បទាន​ដី​សេដ្ឋកិច្ច​៖​ សម្បទាន​ដី​សេដ្ឋកិច្ច​ គឺជា​ការ​ជួល​រយៈពេល​វែង​ដែល​អនុញ្ញាត​ឲ្យ​សម្បទា​និក​ធ្វើការ​សម្អាត​ដី​ ដើម្បី​អភិវឌ្ឍ​វិស័យ​ក​សិ​-​ឧស្សាហកម្ម​ខ្នាត​ធំ​ ហើយ​អាច​ផ្តល់​ឱ្យ​សម្រាប់​សកម្មភាព​ផ្សេងៗ​រួម​មាន​ ចំការ​ធំៗ​ ការ​ចិញ្ចឹមសត្វ​ និង​ការ​សាងសង់​រោងចក្រ​កែ​ច្នៃ​ផលិតផល​កសិកម្ម​ជាដើម​។​ ក្រុមហ៊ុន​ឯកជន​ត្រូវ​បាន​ផ្តល់​កិច្ចសន្យា​សម្បទាន​ដី​សេដ្ឋកិច្ច​ ដើម្បី​អភិវឌ្ឍ​ដី​ព្រៃ​សម្រាប់​ការ​ប្រើប្រាស់​ផ្សេងៗ​។​ ចាប់តាំងពី​ឆ្នាំ​២០១៤​មក​ សម្បទាន​ដី​សេដ្ឋកិច្ច​សម្រាប់​ក​សិ​-​ឧស្សាហកម្ម​ (​រួម​ទាំង​ការ​ដាំ​ដើមឈើ​)​ អាច​ផ្តល់​រយៈពេល​អតិបរមា​ ៥០​ឆ្នាំ​ និង​ផ្ទៃដី​មិន​លើស​ពី​ ១០.០០០​ហិ​កតា​។​ នៅ​ពេល​ដែល​លក្ខខណ្ឌ​ផ្លូវច្បាប់​ និង​កិច្ចសន្យា​មិន​ត្រូវ​បាន​បំពេញ​ រដ្ឋាភិបាល​មាន​សិទ្ធិ​ដកហូត​ ឬ​លុប​ចោល​កិច្ចសន្យា​សម្បទាន​ដី​សេដ្ឋកិច្ច​។​9
    • ​កិច្ចសន្យា​សម្បទាន​ដី​សេដ្ឋកិច្ច​
    • ​ផែនការ​គ្រប់គ្រង​
    • ការ​ចុះបញ្ជី​ដីធ្លី​
    • ផែនទី​សុរិយោដី​
      ​ការ​វាយតម្លៃ​ហេតុ​ប៉ះពាល់​បរិស្ថាន​
    • ​បញ្ជី​សារពើ​ភណ្ឌ​ព្រៃឈើ​ បញ្ជី​ប្រភេទ​ឈើ​ និង​បរិមាណ​
    • ​ការ​ចុះបញ្ជី​ពាណិជ្ជកម្ម​
    • លិខិតអនុញ្ញាត​ឱ្យ​ប្រមូល​ផល​អនុ​ផល​ព្រៃឈើ​ និង​អនុ​ផល​។​10
  • សម្បទាន​ដី​សង្គមកិច្ច​៖​ រដ្ឋាភិបាល​បាន​បែងចែក​ទ្រព្យសម្បត្តិ​ឯកជន​សម្រាប់​លំនៅ​ដ្ឋា​ន​ និង​/​ឬ​ការ​ធ្វើ​កសិកម្ម​លក្ខណៈ​គ្រួសារ​។​ សម្បទាន​ដី​សង្គមកិច្ច​អាច​ត្រូវ​បាន​បំប្លែង​ទៅ​ជា​ដី​ឯកជន​បន្ទាប់​ពី​ការ​កាន់កាប់​រយៈពេល​ ៥​ឆ្នាំ​លើ​ដី​ឯកជន​របស់​រដ្ឋ​ ហើយ​ការ​ដាំ​ព្រៃឈើ​ក៏​ក្លាយជា​ចម្ការ​ព្រៃ​ឯកជន​ផង​ដែរ​។​11​ ក្រសួង​រៀបចំ​ដែនដី​ នគរូបនីយកម្ម​ និង​សំណង់​ ទទួល​បន្ទុក​ដាក់​សំណើ​ទៅ​រដ្ឋាភិបាល​សម្រាប់​ការ​ផ្តល់​ដី​សម្បទាន​។​ ប្រសិនបើ​មានការ​អនុញ្ញាត​ ក្រុមហ៊ុន​អាច​ដេញថ្លៃ​ឈូស​ឆាយដី​ ដោយ​ផ្អែក​លើ​លទ្ធផល​សារពើ​ភ័​ណ្ឌ​ព្រៃឈើ​របស់​រដ្ឋបាល​ព្រៃឈើ​។​ លិខិតអនុញ្ញាត​ប្រមូល​ផល​ ក៏​ដូច​ជា​ការ​អនុញ្ញាត​សម្រាប់​ការ​ដឹក​ជញ្ជូន​គឺ​ចាំបាច់​។​12
  • ការ​អភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​៖​ គឺជា​ដី​របស់​រដ្ឋ​ដែល​កំណត់​សម្រាប់​ការ​អភិវឌ្ឍ​ដោយ​ក្រុមហ៊ុន​ឯកជន​ (​ទំនប់​វា​រី​អគ្គិសនី​ ផ្លូវជាតិ​ និង​ផ្លូវ​ខេត្ត​)​។​ ការ​អនុញ្ញាត​ការ​ប្រមូល​ផល​គឺ​ចាំបាច់​ដើម្បី​ឈូស​ឆាយដី​ក្នុង​ការ​រៀបចំ​សម្រាប់​ការ​សាងសង់​។​13
    • ​អនុស្សរណៈ​នៃ​ការ​យោគយល់​គ្នា​ជាមួយ​ក្រសួង​រ៉ែ​ និង​ថាមពល​
    • ​ការ​សិក្សា​លទ្ធភាព​
    • ​អនុម័ត​ដោយ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​
    • ​អាជ្ញាប័ណ្ណ​ប្រើប្រាស់​ទឹក​ពី​ក្រសួង​ធនធានទឹក​ និង​ឧតុនិយម​
    • ​ការ​វាយតម្លៃ​ហេតុ​ប៉ះពាល់​បរិស្ថាន​
    • ​កិច្ចសន្យា​សាងសង់​-​ប្រតិបត្តិការ​-​ផ្ទេរ​
    • ​លិខិតអនុញ្ញាត​ឱ្យ​កំណត់​កូតា​ប្រមូល​ផល​
    • ​លិខិតអនុញ្ញាត​ឱ្យ​ប្រមូល​ផល​ និង​អនុ​ផល​ព្រៃឈើ​។​
  • ​ដី​ឯកជន​៖​ ដី​ដែល​ជា​កម្មសិទ្ធិឯកជន​ និង​គ្រប់គ្រង​ដោយ​ឯកជន​ គឺ​ដី​ត្រូវ​តែ​ចុះបញ្ជី​ ហើយ​មាន​វិញ្ញាបនបត្រ​ចុះបញ្ជី​។​ ផលិតផល​ពី​ព្រៃ​ឯកជន​ ឬ​ចំការ​ដើមឈើ​មិន​តម្រូវ​ឱ្យ​មានការ​អនុញ្ញាត​ ដូច​ជា​លិខិតអនុញ្ញាត​ប្រមូល​ផល​ អាជ្ញាប័ណ្ណ​អនុញ្ញាត​ ឬ​លិខិតអនុញ្ញាត​ដឹក​ជញ្ជូន​នោះ​ទេ​។​ ប៉ុន្តែ​ត្រូវ​មាន​អាជ្ញាប័ណ្ណ​នាំ​ចេញ​ ឬ​កែ​ច្នៃ​ផលិតផល​ពី​ព្រៃ​ឯកជន​ ឬ​ចម្ការ​ដើមឈើ​ ដែល​ចេញ​ដោយ​ក្រសួងពាណិជ្ជកម្ម​ និង​រដ្ឋបាល​ព្រៃឈើ​។​
  • សហគមន៍​ព្រៃ​ឈើ​​៖​ ឈើ​ពី​តំបន់​ព្រៃ​សហគមន៍​ក៏​អាច​នាំ​ចេញ​បាន​ដែរ​ ប្រសិនបើ​ក្រុមហ៊ុននាំចេញ​ឈើ​ទិញ​។​ សហគមន៍​មូលដ្ឋាន​មាន​សិទ្ធិ​ប្រើប្រាស់​លើ​ផលិតផល​ និង​អនុ​ផល​ព្រៃឈើ​ ហើយ​អាច​ជួយ​គ្រប់គ្រង​ព្រៃឈើ​។​ សហគមន៍​ក៏​មាន​សិទ្ធិ​ប្រមូល​ផល​ និង​អនុ​ផល​ព្រៃឈើ​ ប៉ុន្តែ​ត្រូវ​មានការ​យល់ព្រម​ពី​ក្រសួងកសិកម្ម​ រុក្ខា​ប្រមាញ់​ និង​នេសាទ​ និង​មាន​លិខិតអនុញ្ញាត​ប្រមូល​ផល​ដែល​ចេញ​ដោយ​រដ្ឋបាល​ព្រៃឈើ​។​ ការ​បង់ថ្លៃ​បុព្វលាភ​ និង​សួយ​សារ​គឺ​ចាំបាច់​ ហើយ​កំណត់​រួម​គ្នា​ដោយ​ក្រសួងកសិកម្ម​ រុក្ខា​ប្រមាញ់​ និង​នេសាទ​ និង​ក្រសួង​សេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ​។​14

​ពន្ធ​ព្រៃឈើ​ ថ្លៃ​ឈ្នួល​ និង​សួយសារអាករ​

​បុគ្គល​ និង​នីតិបុគ្គល​ដែល​ប្រមូល​ផល​ព្រៃឈើ​ និង​អនុ​ផល​ព្រៃឈើ​អចិន្ត្រៃយ៍​ដោយ​ហេតុផល​ពាណិជ្ជកម្ម​ ត្រូវ​បង់ថ្លៃ​សួយ​សារ​ និង​បុព្វលាភ​ចូល​ថវិកាជាតិ​ តាម​រយៈ​រដ្ឋបាល​ព្រៃឈើ​ យោង​តាម​ច្បាប់​ស្តី​ពី​ព្រៃឈើ​ មាត្រា​៥២​។​ ប្រាក់​តំកល់​សុវត្ថិភាព​ដើម្បី​ធានា​ការ​បង់ថ្លៃ​សួយ​សារ​ និង​បុព្វលាភ​គឺ​ចាំបាច់​ដើម្បី​ទទួល​បាន​លិខិតអនុញ្ញាត​ប្រមូល​ផល​ ហើយ​ទំហំ​នៃ​ប្រាក់​តំកល់​សុវត្ថិភាព​អាស្រ័យ​ទៅ​លើ​ការ​អនុញ្ញាត​កូតា​ប្រមូល​ផល​ប្រចាំឆ្នាំ​។​ ម្យ៉ាងវិញទៀត​ ផលិតផល​ដែល​ប្រមូល​ផល​ពី​ព្រៃ​ឯកជន​ និង​ព្រៃ​សហគមន៍​ត្រូវ​បាន​លើកលែង​ពី​សួយ​សារ​ និង​បុព្វលាភ​។​ ពន្ធ​នាំ​ចេញ​និង​ពន្ធ​ផ្សេងៗ​ត្រូវ​បង់​ចូល​ថវិកាជាតិ​។​15

ទាក់ទងនឹងផលិតផលព្រៃឈើ

ឯកសារយោង

  1. 1. ​អង្គការ​ស្បៀងអាហារ​ និង​កសិកម្ម​នៃ​អង្គការសហប្រជាជាតិ​,​ “​ការ​វាយតម្លៃ​ធនធាន​ព្រៃឈើ​សកល​ឆ្នាំ​២០២០,“​ បាន​ចូល​អាន​នៅ​ថ្ងៃ​ទី​០៣​ ខែកក្កដា​ ឆ្នាំ​២០២២​។​
  2. 2. ​រាជរដ្ឋាភិបាល​កម្ពុជា​,​ “​ច្បាប់​ស្តី​ពី​ព្រៃឈើ​,”​ ថ្ងៃ​ទី​៣១​ ខែសីហា​ ឆ្នាំ​២០០២​ បាន​ចូល​អាន​នៅ​ថ្ងៃ​ទី​០១​ ខែកក្កដា​ ឆ្នាំ​២០២២​។​
  3. 3. ​ដូច​ឯកសារយោង​ខាងលើ​។
  4. 4. ​រាជរដ្ឋាភិបាល​កម្ពុជា​,​ "​ច្បាប់​ស្តី​ពី​ព្រៃឈើ​,"​ ថ្ងៃ​ទី​៣១​ ខែសីហា​ ឆ្នាំ​២០០២​ បាន​ចូល​អាន​នៅ​ថ្ងៃ​ទី​០១​ ខែកក្កដា​ ឆ្នាំ​២០២២​។​
  5. 5. ​ពាណិជ្ជកម្ម​ឈើ​,​ "​ក្រប​ខណ្ឌ​ច្បាប់​សម្រាប់​ការ​គ្រប់គ្រង​ព្រៃឈើ​ និង​ពាណិជ្ជកម្ម​ឈើ​នៅ​កម្ពុជា​,"​ បាន​ចូល​អាន​នៅ​ថ្ងៃ​ទី​១០​ ខែមិថុនា​ ឆ្នាំ​២០២០​។​
  6. 6. ​ពាណិជ្ជកម្ម​ឈើ​,​ "​ធនធាន​ព្រៃឈើ​ និង​បរិបទ​នៃ​ប្រទេស​កម្ពុជា​”​ បាន​ចូល​អាន​នៅ​ថ្ងៃ​ទី​០១​ ខែកក្កដា​ ឆ្នាំ​ ២០២២​។​
  7. 7. ​អង្គការ​ស្បៀងអាហារ​ និង​កសិកម្ម​នៃ​អង្គការសហប្រជាជាតិ​,​ "​ការ​វាយតម្លៃ​ធនធាន​ព្រៃឈើ​សកល​ឆ្នាំ​២០២០,"​ បាន​ចូល​អាន​នៅ​ថ្ងៃ​ទី​០៣​ ខែកក្កដា​ ឆ្នាំ​២០២២​។​
  8. 8. ​ពាណិជ្ជកម្ម​ឈើ​,​ "​ទិដ្ឋភាព​ទូទៅ​នៃ​វិស័យ​ឈើ​ក្នុង​ប្រទេស​កម្ពុជា,​”​ បាន​ចូល​អាន​នៅ​ថ្ងៃ​ទី​០១​ ខែកក្កដា​ ឆ្នាំ​២០២២​។​
  9. 9. Preferred​ by​ Nature,​ “​ព័ត៌មាន​ហានិភ័យ​ព្រៃឈើ​នៅ​កម្ពុជា​”​ ថ្ងៃ​ទី​២៤​ ខែវិច្ឆិកា​ ឆ្នាំ​២០២២​ បាន​ចូល​អាន​នៅ​ថ្ងៃ​ទី​០១​ ខែកក្កដា​ ឆ្នាំ​២០២២​។​
  10. 10. ​ពាណិជ្ជកម្ម​ឈើ​,​ "​ក្រប​ខណ្ឌ​ច្បាប់​សម្រាប់​ការ​គ្រប់គ្រង​ព្រៃឈើ​ និង​ពាណិជ្ជកម្ម​ឈើ​នៅ​កម្ពុជា​,"​ បាន​ចូល​អាន​នៅ​ថ្ងៃ​ទី​១០​ ខែមិថុនា​ ឆ្នាំ​២០២០​។​
  11. 11. Preferred​ by​ Nature,​ “​ព័ត៌មាន​ហានិភ័យ​ព្រៃឈើ​នៅ​កម្ពុជា​”​ ថ្ងៃ​ទី​២៤​ ខែវិច្ឆិកា​ ឆ្នាំ​២០២២​ បាន​ចូល​អាន​នៅ​ថ្ងៃ​ទី​០១​ ខែកក្កដា​ ឆ្នាំ​២០២២​។​
  12. 12. ​ពាណិជ្ជកម្ម​ឈើ​,​ "​ក្រប​ខណ្ឌ​ច្បាប់​សម្រាប់​ការ​គ្រប់គ្រង​ព្រៃឈើ​ និង​ពាណិជ្ជកម្ម​ឈើ​នៅ​កម្ពុជា​,"​ បាន​ចូល​អាន​នៅ​ថ្ងៃ​ទី​១០​ ខែមិថុនា​ ឆ្នាំ​២០២០​។​
  13. 13. Preferred​ by​ Nature,​ “​ព័ត៌មាន​ហានិភ័យ​ព្រៃឈើ​នៅ​កម្ពុជា​”​ ថ្ងៃ​ទី​២៤​ ខែវិច្ឆិកា​ ឆ្នាំ​២០២២​ បាន​ចូល​អាន​នៅ​ថ្ងៃ​ទី​០១​ ខែកក្កដា​ ឆ្នាំ​២០២២​។​
  14. 14. ​ពាណិជ្ជកម្ម​ឈើ​,​ "​ក្រប​ខណ្ឌ​ច្បាប់​សម្រាប់​ការ​គ្រប់គ្រង​ព្រៃឈើ​ និង​ពាណិជ្ជកម្ម​ឈើ​នៅ​កម្ពុជា​,"​ បាន​ចូល​អាន​នៅ​ថ្ងៃ​ទី​១០​ ខែមិថុនា​ ឆ្នាំ​២០២០​។​
  15. 15. ​រាជរដ្ឋាភិបាល​កម្ពុជា​,​ "​ច្បាប់​ស្តី​ពី​ព្រៃឈើ​,"​ ថ្ងៃ​ទី​៣១​ ខែសីហា​ ឆ្នាំ​២០០២​ បាន​ចូល​អាន​នៅ​ថ្ងៃ​ទី​០១​ ខែកក្កដា​ ឆ្នាំ​២០២២​។​
ទំនាក់ទំនងយើងខ្ញុំ

ទំនាក់ទំនងយើងខ្ញុំ

បើលោកអ្នកមានសំនួរទាក់ទងនឹងខ្លឹមសារផ្សាយនៅលើគេហទំព័រ Open Development Cambodia (ODC)? យើងខ្ញុំ​នឹង​ឆ្លើយ​តប​​ដោយ​ក្តី​រីក​រាយ។

តើអ្នកបានឃើញបញ្ហាបច្ចេកទេសណាមួយនៅលើគេហទំព័រOpen Development Cambodia (ODC) ដែរឬទេ?

តើលោកអ្នកយល់យ៉ាងដូចម្តេចដែរចំពោះការងាររបស់អូឌីស៊ី?

តើលោកអ្នកមានឯកសារដែលអាចជួយពង្រីក​គេហទំព័រOpen Development Cambodia (ODC) ដែរ​ឬទេ​?​ យើងខ្ញុំ​នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ទិន្នន័យ​អំពី​ផែនទី​ ច្បាប់​ អត្ថបទ​ និង​ ឯកសារ​ដែល​ពុំ​មាននៅ​លើ​គេហទំព័រ​នេះ​ ហើយ​ពិចារណា​បោះផ្សាយ​ទិន្នន័យ​ទាំងនោះ​។​ សូម​មេត្តា​ផ្ញើ​តែ​ឯកសារ​ណា​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative Commons

ឯកសារត្រូវបានលុប
មានបញ្ហា!

កំណត់សម្គាល់៖ Open Development Cambodia (ODC) នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ឯកសារ​ដែល​បាន​បញ្ជូន​មក​យ៉ាង​ហ្មត់ចត់​ ដើម្បី​កំណត់​ភាព​ត្រឹមត្រូវ​ និង​ពាក់ព័ន្ធ​ មុន​ពេលធ្វើការ​បង្ហោះ​ផ្សាយ​។​ រាល់​ឯកសារ​ដែល​បាន​បង្ហោះ​ផ្សាយ​នឹង​ជា​ឯកសារ​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative​ Commons​។​ យើងខ្ញុំ​សូម​អគុណ​សំរាប់​ការ​គាំទ្រ​របស់​លោក​អ្នក​។​

DGXhC
* ប្រអប់មតិមិនអាចទទេ! មិនអាចបញ្ចូនបាន សូមធ្វើការបញ្ចូនម្តងទៀត! Please add the code correctly​ first.

សូម​អរគុណ​សំរាប់​ការ​ចំនាយ​ពេល​ក្នុង​ការ​ចែក​រំលែក​មក​កាន់​យើងខ្ញុំ!