ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ

​ក្រសួងការបរទេស​ និង​សហប្រតិបត្តិការ​អន្តរជាតិ​។ រូបថត​ពី​ គេហទំព័រ​ហ្វេ​ស​ប៊ុ​ក​ របស់​ក្រសួង​​ ថត​នៅ​ថ្ងៃ​ទី​២៣​ ខែសីហា​ ឆ្នាំ​២០២៣​។​

​ការ​បង្កើត​ទ្បើ​ង​

​យោង​តាម​ព្រះរាជក្រឹត្យ​លេខ​ ន​ស​/​រកម​/០១៩៦/១០​ ក្រសួងការបរទេស​ និង​សហប្រតិបត្តិការ​អន្តរជាតិ​ (MFAIC)​ ត្រូវ​បាន​បង្កើត​ឡើងជា​ផ្លូវការ​នៅ​ថ្ងៃ​ទី​២៤​ ខែមករា​ ឆ្នាំ​១៩៩៦​។​ ក្រសួង​មាន​ទំនួល​ខុស​ត្រូវ​សំខាន់ៗ​ចំនួន​ ១៧​ រួម​មាន​ ការពារ​ឯករាជ្យ​ អធិបតេយ្យភាព​ បូរណភាព​ទឹកដី​ សេចក្តី​ថ្លៃថ្នូរ​ និង​កិត្យានុភាព​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ អនុវត្ត​គោលនយោបាយ​ការ​បរទេស​របស់​កម្ពុជា​ ពង្រឹង​ទំនាក់ទំនង​កម្ពុជា​ជាមួយ​សហគមន៍​អន្តរជាតិ​ និង​តំណាង​ឱ្យ​កម្ពុជា​ទ្វេភាគី​ និង​កិច្ច​សន្ទនា​ និង​កិច្ច​សហប្រតិបត្តិការ​ពហុភាគី​។1​ អាន​បន្ថែម​នៅ​មាត្រា​ ៥​ នៃ​អនុក្រឹត្យ​លេខ​ ២៧៤​ អន​ក្រ​.​បក​។​

​គោលនយោបាយ​ការ​បរទេស​របស់​កម្ពុជា​ ផ្អែក​ទៅ​លើ​បេសកកម្ម​យុទ្ធសាស្ត្រ​ចំនួន​ ៥​ គឺ​ ១)​ ការពារ​ឯករាជ្យ​ អធិបតេយ្យភាព​ជាតិ​ បូរណភាព​ទឹកដី​ អព្យាក្រឹតភាព​ រក្សា​ការពារ​ឱ្យ​បាន​គត់មត់​នូវ​សន្តិភាព​ សន្តិសុខ​ ស្ថិរភាព​ សណ្តាប់ធ្នាប់​ និង​ឯកភាព​សង្គម​ ២)​បង្កើន​មិត្ត​ខាងក្រៅ​ ដោយ​ឈរ​លើ​ស្មារតី​ឯករាជ្យ​ជាតិ​ ៣)​ ជំរុញ​ការងារ​ការទូត​សេដ្ឋកិច្ច​ ៤)​ បន្ត​គាំទ្រ​ និង​ពង្រឹង​ពហុភាគី​និយម​ និង​ ៥)​ លើកកម្ពស់​គុណភាព​ ប្រសិទ្ធភាព​ការងារ​ និង​ការ​អភិវឌ្ឍ​សមត្ថភាព​មន្ត្រី​ការទូត​។​2

​គិត​ត្រឹម​ឆ្នាំ​២០២៣​ ក្រសួងការបរទេស​ និង​សហប្រតិបត្តិការ​អន្តរជាតិ​ស្ថិត​នៅ​ក្រោម​ការ​ដឹកនាំ​របស់​ឯកឧត្តម​ សុខ​ ចិន្តា​សោភា​ ឧបនាយករដ្ឋមន្ត្រី​ និង​ជា​រដ្ឋមន្ត្រី​ក្រសួងការបរទេស​ និង​សហប្រតិបត្តិការ​អន្តរជាតិ​។​ នៅ​ក្រោម​រដ្ឋមន្ត្រី​គឺ​រដ្ឋលេខាធិការ​ ១៩​រូប​ អនុរដ្ឋលេខាធិការ​ ១៧​រូប​ និង​អគ្គនាយក​ ៩​រូប​។​3 បន្ថែម​ពីលើ​តំណែង​របស់​ លោក​នៅ​ក្នុង​ក្រសួងការបរទេស​ និង​សហប្រតិបត្តិការ​អន្តរជាតិ​ ឯកឧត្តម​ សុខ​ ចិន្តា​សោភា​ក្នុង​រដ្ឋាភិបាល​នីតិកាល​ទី​០៧​ បាន​ជាប់​ឆ្នោត​ជ្រើសរើស​ដំណាងរាស្ត្រ​ជា​សមាជិក​សភា​ ប្រចាំ​មណ្ឌល​ខេត្តកណ្តាល​។​4

​រចនាសម្ព័ន្ធ​អង្គការ

​រចនាសម្ព័ន្ធ​អង្គការ​របស់​ក្រសួងការបរទេស​ និង​សហប្រតិបត្តិការ​អន្តរជាតិ​.​ ដកស្រង់​ចេញពី​គេហទំព័រ​ផ្លូវការ​របស់​ក្រសួងការបរទេស​ និង​សហប្រតិបត្តិការ​អន្តរជាតិ​។​

រដ្ឋមន្ត្រីក្រសួងការបរទេសតាំងពីឆ្នាំ១៩៩៣

តារាងពេលវេលាខាងក្រោមបង្ហាញពីបញ្ជីឈ្មោះបុគ្គលដែលធ្លាប់បានបម្រើការជារដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិតាំងពីឆ្នាំ ១៩៩៣។5 6 7 8 9 10

​តារាង​ពេលវេលា​បង្ហាញ​ពី​អាណត្តិ​រដ្ឋមន្ត្រី​ក្រសួងការបរទេស​ និង​ទំនាក់ទំនង​អន្តរជាតិ​ តាំងពី​ឆ្នាំ​១៩៩៣​ រៀបចំ​ដោយ​ក្រុមការងារ​ អូ​ឌី​ស៊ី​។​

​វិទ្យាស្ថាន​ជាតិ​ការទូត​ និង​ទំនាក់ទំនង​អន្តរជាតិ​

​យោង​តាម​អនុក្រឹត្យ​លេខ​ ២៧៤​ អន​ក្រ​.​បក​ ចុះ​ថ្ងៃ​ទី​២៦​ ខែធ្នូ​ ឆ្នាំ​២០១៦​ ដោយ​រាជរដ្ឋាភិបាល​កម្ពុជា​ វិទ្យាស្ថាន​ជាតិ​ការទូត​ និង​ទំនាក់ទំនង​អន្តរជាតិ​ (NIDIR)​ ត្រូវ​បាន​បង្កើត​ឡើងជា​ផ្លូវការ​ ក្រោម​រដ្ឋមន្ត្រី​ក្រសួងការបរទេស​ និង​សហប្រតិបត្តិការ​អន្តរជាតិ​។​ វិទ្យាស្ថាន​នេះ​មាន​បេសកកម្ម​ កសាង​វិជ្ជាជីវៈ​អ្នកការទូត​កម្ពុជា​ តាម​រយៈ​ការ​អភិវឌ្ឍ​សមត្ថភាព​ ដើម្បី​បំពាក់​ឱ្យ​ពួក​គេ​នូវ​ជំនាញ​ក្នុង​វិស័យ​ការទូត​ និង​លើកកម្ពស់​អធិបតេយ្យភាព​ និង​តួនាទី​របស់​កម្ពុជា​ក្នុង​កិច្ចការ​តំបន់​ និង​អន្តរជាតិ​។​ ចក្ខុវិស័យ​ចម្បង​របស់​វិទ្យាស្ថាន​គឺ​ដើម្បី​ក្លាយជា​មជ្ឈមណ្ឌល​ឧត្តមភាព​របស់​កម្ពុជា​សម្រាប់​ការ​បណ្តុះបណ្តាល​ ការទូត​ និង​ជា​ស្ថាប័ន​ស្រាវជ្រាវ​កំពូល​ក្នុង​វិស័យ​កិច្ចការ​អន្តរជាតិ​។​11

​វិទ្យាស្ថាន​នេះ​មាន​ភារកិច្ច​សំខាន់ៗ​ចំនួន​បួន​ រួម​មាន​ ១)​ បង្កើត​កម្មវិធី​បណ្តុះបណ្តាល​ និង​ស្រាវជ្រាវ​លើ​កិច្ចការបរទេស​ និង​កិច្ច​សហប្រតិបត្តិការ​អន្តរជាតិ​ ២)​ ផ្តល់​ការ​បណ្តុះបណ្តាល​ជា​ភាសាបរទេស​ ៣)​ ធ្វើការ​ស្រាវជ្រាវ​ដើម្បី​ជូនដំណឹង​អំពី​គោលនយោបាយ​ការ​បរទេស​ និង​កិច្ច​សហប្រតិបត្តិការ​អន្តរជាតិ​ និង​ ៤)​ បង្កើត​ភាព​ជា​ដៃគូ​ជាមួយ​ ស្ថាប័ន​ការទូត​ និង​ទំនាក់ទំនង​អន្តរជាតិ​នានា​។​ នាយកដ្ឋាន​សំខាន់ៗ​ចំនួន​ប្រាំ​ដែល​បង្កើត​ឡើង​ក្នុង​នោះ​រួម​មាន​៖​ នាយកដ្ឋាន​កិច្ចការ​ទូទៅ​ នាយកដ្ឋាន​បណ្តុះបណ្តាល​ នាយកដ្ឋាន​ស្រាវជ្រាវ​ និង​វិភាគ​យុទ្ធសាស្ត្រ​ នាយកដ្ឋាន​ទំនាក់ទំនង​សាធារណៈ​ និង​នាយកដ្ឋាន​ភាសាបរទេស​។​12

​នៅ​ឆ្នាំ​២០២០​ វិទ្យាស្ថាន​ជាតិ​ការទូត​ និង​ទំនាក់ទំនង​អន្តរជាតិ​បាន​ចុះហត្ថលេខា​លើ​អនុស្សរណៈ​យោគយល់​គ្នា​(MOU)​ ជាមួយ​មូលនិធិ​អាស៊ី​ស្តី​ពី​កិច្ច​សហប្រតិបត្តិការ​ និង​ការ​កសាង​សមត្ថភាព​លើ​ការទូត​ និង​ទំនាក់ទំនង​អន្តរជាតិ​។​ គោលដៅ​នៃ​អនុស្សរណៈ​នេះ​ គឺ​ដើម្បី​ពង្រឹង​ ជំរុញ​ និង​អភិវឌ្ឍ​កិច្ច​សហប្រតិបត្តិការ​លើ​វិស័យ​ទំនាក់ទំនង​អន្តរជាតិ​ និង​ការទូត​ ព្រមទាំង​គាំទ្រ​ដល់​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​រដ្ឋាភិបាល​ក្នុង​ការ​លើកកម្ពស់​ទំនាក់ទំនង​របស់​កម្ពុជា​ជាមួយ​សហគមន៍​អន្តរជាតិ​។​13

​កិច្ច​សហប្រតិបត្តិការ​ក្នុង​តំបន់​ និង​អន្តរជាតិ​

​គិត​ត្រឹម​ឆ្នាំ​២០២៣​ អង្គការ​មិនមែន​រដ្ឋាភិបាល​បរទេស​ប្រហែល​ ២៨៨​ បាន​ចុះហត្ថលេខា​លើ​អនុស្សរណៈ​នៃ​ការ​យោគយល់​គ្នា​ (MoU)​ ជាមួយ​ក្រសួង​។​ អង្គការ​មិនមែន​រដ្ឋាភិបាល​មាន​ប្រភព​មក​ប្រទេស​បី​ច្រើន​ជាងគេ​ រួម​មាន​សហរដ្ឋអាមេរិក​ (៩៧​ អង្គការ​)​ កូរ៉េ​ខាងត្បូង​ (៤១​ អង្គការ​)​ និង​ ជប៉ុន​ (២៨​ អង្គការ​)​។​ អង្គការ​មិនមែន​រដ្ឋាភិបាល​ភាគច្រើន​អនុវត្ត​គម្រោង​ទាក់ទង​នឹង​ការ​អប់រំ​ សង្គមកិច្ច​ និង​កសិកម្ម​ រួម​ជាមួយ​វិស័យ​អភិវឌ្ឍន៍​ពាក់ព័ន្ធ​ផ្សេង​ទៀត​។​14

​កិច្ច​សហប្រតិបត្តិការ​អន្តរជាតិ​ផ្សេង​ទៀត​រួម​មាន​ អង្គការសហប្រជាជាតិ​ សមាគម​ប្រជាជាតិ​អាស៊ី​អាគ្នេយ៍​ (​អាស៊ាន​)​ គំនិត​ផ្តួចផ្តើម​ខ្សែក្រវាត់​ និង​ផ្លូវ​ ក្រប​ខណ្ឌ​កិច្ច​សហប្រតិបត្តិការ​មេគង្គ​ ហ្វ្រ​ង់​កូ​ហ្វូ​នី​ ACD/CICA/ASEM​ និង​ CLV/CLMV/ACMECS​ ជាដើម​។​15

​ការទូត​សេដ្ឋកិច្ច​កម្ពុជា​

​ក្នុង​នាម​ជា​បេសកកម្ម​យុទ្ធសាស្ត្រ​មួយ​ក្នុង​ចំណោម​បេសកកម្ម​យុទ្ធសាស្ត្រ​ទាំង​ប្រាំ​ដែល​បាន​រៀបរាប់​ខាងលើ​ ការទូត​សេដ្ឋកិច្ច​ គឺជា​អាទិភាព​ចម្បង​មួយ​របស់​ក្រសួង​។​ រាជរដ្ឋាភិបាល​កម្ពុជា​ មាន​ចក្ខុវិស័យ​ប្រែក្លាយ​ប្រទេស​កម្ពុជា​ទៅ​ជា​ប្រទេស​ដែល​មាន​ចំណូល​មធ្យម​កម្រិត​ខ្ពស់​នៅ​ឆ្នាំ​២០៣០​ និង​ជា​ប្រទេស​មាន​ចំណូល​ខ្ពស់​នៅ​ឆ្នាំ​២០៥០​ ដោយ​ជំរុញ​ឱ្យ​វិស័យ​ការទូត​ឱ្យ​ផ្តោត​លើ​សេដ្ឋកិច្ច​ វប្បធម៌​ និង​ទេសចរណ៍​។​ គោលដៅ​សំខាន់​គឺ​ដើម្បី​ទាក់ទាញ​ការ​វិនិយោគ​បរទេស​ ធ្វើ​ពិពិធ​កម្ម​ប្រភព​វិនិយោគ​ ពង្រីក​ទីផ្សារ​នាំ​ចេញ​ផលិតផល​ក្នុងស្រុក​ ទាក់ទាញ​ភ្ញៀវ​ទេសចរ​ និង​ផ្សព្វផ្សាយ​វប្បធម៌​កម្ពុជា​ទៅ​កាន់​ពិភពលោក​។​16

​ក្រសួងការបរទេស​ និង​សហប្រតិបត្តិការ​អន្តរជាតិ​បាន​ដើរតួ​នាទី​យ៉ាង​សំខាន់​ក្នុង​ការ​សម្រេច​បាន​នូវ​ការ​អនុវត្ត​របស់​កម្ពុជា​នូវ​ សេរីភាវូបនីយកម្ម​សេដ្ឋកិច្ច​ ពាណិជ្ជកម្ម​បើកចំហ​ និង​សកលភាវូបនីយកម្ម​ ខណៈ​លើកកម្ពស់​ពាណិជ្ជកម្ម​ពហុភាគី​ ជាមួយ​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក​ (WTO)​។​ ក្រសួង​បាន​រួមចំណែក​យ៉ាង​សំខាន់​ដល់​ការ​ចរចា​នៃ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ ដូច​ជា​ភាព​ជា​ដៃគូ​សេដ្ឋកិច្ច​ទូលំទូលាយ​ ក្នុង​តំបន់​ (RCEP)​ ក៏​ដូច​ជា​ជាមួយនឹង​ទីផ្សារ​ផ្សេងៗ​គ្នា​ រួម​មាន​សាធារណរដ្ឋ​កូរ៉េ​ និង​សហភាព​សេដ្ឋកិច្ច​អឺ​រ៉ា​ស៊ី​។​17 18

នៅ​ឆ្នាំ​២០២០​ ក្រសួងការបរទេស​ និង​សហប្រតិបត្តិការ​អន្តរជាតិ​បាន​អនុម័ត​យុទ្ធសាស្ត្រការទូតសេដ្ឋកិច្ច ២០២១-២០២៣​ ដើម្បី​បន្ត​សមាហរណកម្ម​សេដ្ឋកិច្ច​របស់​កម្ពុជា​ទៅ​កាន់​តំបន់​ និង​ពិភពលោក​ តាម​រយៈ​ការ​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​ទ្វេភាគី​ និង​ពហុភាគី​ ពិពិធ​កម្ម​ប្រភព​នៃ​កំណើន​ ពង្រីក​សក្តានុពល​សេដ្ឋកិច្ច​ និង​ទាញ​យក​អត្ថប្រយោជន៍​ពេញលេញ​នៃ​ឱកាស​ថ្មីៗ​។​ យុទ្ធសាស្ត្រ​ការទូត​សេដ្ឋកិច្ច​របស់​កម្ពុជា​ផ្តោត​លើ​ការ​ការពារ​ និង​ការ​លើកកម្ពស់​ផលប្រយោជន៍​ជាតិ​ក្នុង​កម្រិត​តំបន់​ និង​អន្តរជាតិ​ ដោយ​ធានា​បាន​នូវ​វិបុលភាព​សេដ្ឋកិច្ច​ និង​ការ​អភិវឌ្ឍន៍​សង្គម​។​19

​លើស​ពី​នេះ​ ក្រសួង​ក៏​កំពុង​ប្រើប្រាស់​ “​ការទូត​អាហារ​”​ ដោយ​វា​ទាក់ទង​ទៅ​នឹង​អាទិភាព​ទី​៤​ នៃ​ក្របខ័ណ្ឌ​យុទ្ធសាស្ត្រ​ ការទូត​សេដ្ឋកិច្ច​ ដែល​និយាយ​អំពី​ការ​លើកកម្ពស់​វិស័យ​ទេសចរណ៍​ វប្បធម៌​ និង​កីឡា​ តាម​រយៈ​ការ​ផ្សព្វផ្សាយ​ប្រពៃណី​ វប្បធម៌​ និង​អាហារូបត្ថម្ភ​របស់​កម្ពុជា​។​20 នៅ​ឆ្នាំ​២០២២​ ក្រសួង​បាន​រៀបចំ​វគ្គ​បណ្តុះបណ្តាល​ស្តី​ពី​ “​ការទូត​ម្ហូបអាហារ​”​ សម្រាប់​ឯកអគ្គរាជទូត​ និង​ចុងភៅ​ដែល​ត្រូវ​បាន​តែងតាំង​ថ្មី​នៅ​ស្ថានទូត​កម្ពុជា​នៅ​បរទេស​ ដោយ​សង្កត់ធ្ងន់​លើ​របៀប​ដែល​ ការទូត​ម្ហូបអាហារ​អាច​ផ្តល់​ផលប្រយោជន៍​ដល់​ប្រទេស​កម្ពុជា​នៅ​លើ​ឆាក​អន្តរជាតិ​។21 ក្នុង​ឆ្នាំ​ដដែល​នេះ​ ក្រសួង​ក៏​បាន​សម្ភោ​ធ​ សៀវភៅ​ “​កេរដំណែល​ស្នាដៃ​ម្ហូប​ខ្មែរ​“​ ដើម្បី​លើកកម្ពស់​ការទូត​ផ្នែក​ធ្វើ​ម្ហូប​ ដោយ​ប្រើប្រាស់​នូវ​មុខម្ហូប​ និង​បង្អែម​ខ្មែរ​។​ ឯកឧត្តម​ ប្រាក់​ សា​ខុន​ រដ្ឋមន្ត្រី​ក្រសួងការបរទេស​ និង​សហប្រតិបត្តិការ​អន្តរជាតិ​ បាន​មាន​ប្រសាសន៍​ថា​ ការទូត​អាហារ​មាន​ឥទ្ធិពល​អាច​លើកកម្ពស់​ពាណិជ្ជកម្ម​ ទេសចរណ៍វប្បធម៌​ និង​ការ​នាំ​ចេញ​របស់​កម្ពុជា​។22

​ទាក់ទង​ក្រសួងការបរទេស​ និង​សហប្រតិបត្តិការ​អន្តរជាតិ​

ឯកសារយោង

  1. 1. រាជរដ្ឋាភិបាល​កម្ពុជា​,​ “​អនុក្រឹត្យ​លេខ​ ២៧៤​ ស្តី​ពី​ការ​រៀបចំ​ និង​ការ​ប្រព្រឹត្ត​ទៅ​របស់​ក្រសួងការបរទេស​ និង​សហប្រតិបត្តិការ​អន្តរជាតិ​,”​ បាន​ចូល​អាន​នៅ​ថ្ងៃ​ទី​២៩​ ខែកញ្ញា​ ឆ្នាំ​២០២៣​។​
  2. 2. ក្រសួងការបរទេស​ និង​សហប្រតិបត្តិការ​អន្តរជាតិ​,​ “​ទិសដៅនយោបាយការបរទេសរបស់កម្ពុជា​,”​ បាន​ចូល​អាន​នៅ​ថ្ងៃ​ទី​២​ ខែតុលា​ ឆ្នាំ​២០២៣​។​
  3. 3. ក្រសួងការបរទេស​ និង​សហប្រតិបត្តិការ​អន្តរជាតិ​,​ “​អង្គការលេខ​,”​ បាន​ចូល​អាន​នៅ​ថ្ងៃ​ទី​២​ ខែតុលា​ ឆ្នាំ​២០២៣​។​
  4. 4. ទីស្តីការគណៈរដ្ឋមន្ត្រី​,​ “​បញ្ជីរាយនាមបេក្ខជនជាប់ឆ្នោតជាតំណាងរាស្ត្រ នីតិកាលទី០៧ ឆ្នាំ២០២៣ [ជាភាសាខ្មែរ] តាមមណ្ឌលបោះឆ្នោត,”​ ចូល​អាន​នៅ​ថ្ងៃ​ទី​២០​ ខែតុលា​ ឆ្នាំ​២០២៣​។​
  5. 5. ក្រុមប្រឹក្សាធម្មនុញ្ញ​កម្ពុជា​,​ “​ក្រុមប្រឹក្សាធម្មនុញ្ញកម្ពុជា​,”​ បាន​ចូល​អាន​នៅ​ថ្ងៃ​ទី​១៩​ ខែតុលា​ ឆ្នាំ​២០២៣​។
  6. 6. បុគ្គលិក​ភ្នំពេញ​ប៉ុស្តិ៍​,​ “​អ៊ឹង ហួត – ការកើនឡើងកេរ្តិ៍ឈ្មោះដោយមិនបានគ្រោងទុក​,”​ ១៩៩៥,​ បាន​ចូល​អាន​នៅ​ថ្ងៃ​ទី​២០​ ខែតុលា​ ឆ្នាំ​២០២៣​។​
  7. 7. Leang,​ Delux,​ “​លោក​ អ៊ឹ​ង​ ហួត​៖​ ពី​នាយក​រដ្ឋមន្ត្រី​ ក្លាយជា​អ្នក​ដាំ​ម្រេច​,”​ ThmeyThmey,​ ឆ្នាំ​២០១៥,​ បាន​ចូល​អាន​នៅ​ថ្ងៃ​ទី​២០​ ខែតុលា​ ឆ្នាំ​២០២៣​។​
  8. 8. ក្រសួងការបរទេស​ និង​សហប្រតិបត្តិការ​អន្តរជាតិ​,​ “​ប្រវត្តិរូបសង្ខេប​,”​ ថ្ងៃ​ទី​១៦​ ខែកក្កដា​ ឆ្នាំ​២០១១,​ បាន​ចូល​អាន​នៅ​ថ្ងៃ​ទី​២០​ ខែតុលា​ ឆ្នាំ​២០២៣​។​
  9. 9. ក្រសួងការបរទេស​ និង​សហប្រតិបត្តិការ​អន្តរជាតិ​,​ “ប្រវត្តិរូបសង្ខេប,”​ ២០១៨,​ បាន​ចូល​អាន​នៅ​ថ្ងៃ​ទី​២០​ ខែតុលា​ ឆ្នាំ​២០២៣​។​
  10. 10. ក្រសួងការបរទេស​ និង​សហប្រតិបត្តិការ​អន្តរជាតិ​,​ “ប្រវត្តិរូបសង្ខេប​,”​ បាន​ចូល​អាន​នៅ​ថ្ងៃ​ទី​១៩​ ខែតុលា​ ឆ្នាំ​២០២៣​។​
  11. 11. NIDIR.​ “វិទ្យាស្ថានជាតិការទូត និងទំនាក់ទំនងអន្តរជាតិ​,”​ បាន​ចូល​អាន​នៅ​ថ្ងៃ​ទី​២៨​ ខែកញ្ញា​ ឆ្នាំ​២០២៣​។​
  12. 12. ដូច​ឯកសារយោង​ខាង​ដើម​។​
  13. 13. Tien,​ Kylie,​ “​វិទ្យាស្ថាន​ជាតិ​ការទូត​ និង​ទំនាក់ទំនង​អន្តរជាតិ​របស់​កម្ពុជា​ និង​មូលនិធិ​អាស៊ី​ ចុះ​អនុស្សរណៈ​នៃ​ការ​យោគយល់​”,​ មូលនិធិ​អាស៊ី​,​ ថ្ងៃ​ទី​២​ ខែកក្កដា​ ឆ្នាំ​២០២០,​ បាន​ចូល​អាន​នៅ​ថ្ងៃ​ទី​២៨​ ខែកញ្ញា​ ឆ្នាំ​២០២៣​។​
  14. 14. ក្រសួងការបរទេស​ និង​សហប្រតិបត្តិការ​អន្តរជាតិ​,​ “​បញ្ជី​ឈ្មោះ​អង្គការ​មិនមែន​រដ្ឋាភិបាល​បរទេស​ដែល​បាន​ចុះ​ អនុស្សរណៈ​យោគយល់​គ្នា​ ជាមួយ​ក្រសួងការបរទេស​ និង​សហប្រតិបត្តិការ​អន្តរជាតិ​,”​ បាន​ចូល​អាន​នៅ​ថ្ងៃ​ទី​២​ ខែតុលា​ ឆ្នាំ​២០២៣​។​
  15. 15. ក្រសួងការបរទេស​ និង​សហប្រតិបត្តិការ​អន្តរជាតិ​,​ “​ទំព័រដើម​”​ ចូល​អាន​នៅ​ថ្ងៃ​ទី​២​ ខែតុលា​ ឆ្នាំ​២០២៣​។​
  16. 16. ក្រសួងការបរទេស​ និង​សហប្រតិបត្តិការ​អន្តរជាតិ,​ “​គោលនយោបាយការបរទេសរបស់កម្ពុជា​,”​ បាន​ចូល​អាន​នៅ​ថ្ងៃ​ទី​២​ ខែតុលា​ ឆ្នាំ​២០២៣​។​
  17. 17. ក្រសួងការបរទេស​ និង​សហប្រតិបត្តិការ​អន្តរជាតិ​,​ “​ការទូតសេដ្ឋកិច្ច,”​ បាន​ចូល​អាន​នៅ​ថ្ងៃ​ទី​១០​ ខែតុលា​ ឆ្នាំ​២០២៣​។​
  18. 18. ក្រសួងការបរទេស​ និង​សហប្រតិបត្តិការ​អន្តរជាតិ​,​ “​យុទ្ធសាស្ត្រការទូតសេដ្ឋកិច្ច ២០២១-២០២៣,”​ ២០២១,​ បាន​ចូល​អាន​នៅ​ថ្ងៃ​ទី​១០​ ខែតុលា​ ឆ្នាំ​២០២៣​។​
  19. 19. ដូច​ឯកសារយោង​ខាង​ដើម​។​
  20. 20. ដូច​ឯកសារយោង​ខាង​ដើម​។​
  21. 21. ​ក្រសួងការបរទេស​ និង​សហប្រតិបត្តិការ​អន្តរជាតិ​,​ “​វគ្គ​បណ្តុះបណ្តាល​ស្តី​ពី​ ការទូត​អាហារ​,”​ ២០២២,​ បាន​ចូល​អាន​នៅ​ថ្ងៃ​ទី​១០​ ខែតុលា​ ឆ្នាំ​២០២៣​។​
  22. 22. ជា​ វណ្ណ​យុទ្ធ​,​ “​ការទូត​អាហារជាគន្លឹះ​ដើម្បី​ជំរុញ​ពាណិជ្ជកម្ម ទេសចរណ៍ ការ​នាំ​ចេញ​,”​ ខ្មែរ​ថា​ម​ស៍​,​ ថ្ងៃ​ទី​២៧​ ខែមេសា​ ឆ្នាំ​២០២៣,​ បាន​ចូល​អាន​នៅ​ថ្ងៃ​ទី​១០​ ខែតុលា​ ឆ្នាំ​២០២៣​។​
ទំនាក់ទំនងយើងខ្ញុំ

ទំនាក់ទំនងយើងខ្ញុំ

បើលោកអ្នកមានសំនួរទាក់ទងនឹងខ្លឹមសារផ្សាយនៅលើគេហទំព័រ Open Development Cambodia (ODC)? យើងខ្ញុំ​នឹង​ឆ្លើយ​តប​​ដោយ​ក្តី​រីក​រាយ។

តើអ្នកបានឃើញបញ្ហាបច្ចេកទេសណាមួយនៅលើគេហទំព័រOpen Development Cambodia (ODC) ដែរឬទេ?

តើលោកអ្នកយល់យ៉ាងដូចម្តេចដែរចំពោះការងាររបស់អូឌីស៊ី?

តើលោកអ្នកមានឯកសារដែលអាចជួយពង្រីក​គេហទំព័រOpen Development Cambodia (ODC) ដែរ​ឬទេ​?​ យើងខ្ញុំ​នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ទិន្នន័យ​អំពី​ផែនទី​ ច្បាប់​ អត្ថបទ​ និង​ ឯកសារ​ដែល​ពុំ​មាននៅ​លើ​គេហទំព័រ​នេះ​ ហើយ​ពិចារណា​បោះផ្សាយ​ទិន្នន័យ​ទាំងនោះ​។​ សូម​មេត្តា​ផ្ញើ​តែ​ឯកសារ​ណា​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative Commons

ឯកសារត្រូវបានលុប
មានបញ្ហា!

កំណត់សម្គាល់៖ Open Development Cambodia (ODC) នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ឯកសារ​ដែល​បាន​បញ្ជូន​មក​យ៉ាង​ហ្មត់ចត់​ ដើម្បី​កំណត់​ភាព​ត្រឹមត្រូវ​ និង​ពាក់ព័ន្ធ​ មុន​ពេលធ្វើការ​បង្ហោះ​ផ្សាយ​។​ រាល់​ឯកសារ​ដែល​បាន​បង្ហោះ​ផ្សាយ​នឹង​ជា​ឯកសារ​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative​ Commons​។​ យើងខ្ញុំ​សូម​អគុណ​សំរាប់​ការ​គាំទ្រ​របស់​លោក​អ្នក​។​

3nmBu
* ប្រអប់មតិមិនអាចទទេ! មិនអាចបញ្ចូនបាន សូមធ្វើការបញ្ចូនម្តងទៀត! Please add the code correctly​ first.

សូម​អរគុណ​សំរាប់​ការ​ចំនាយ​ពេល​ក្នុង​ការ​ចែក​រំលែក​មក​កាន់​យើងខ្ញុំ!