តំបន់​ការពារ

ស្របពេលដែលប្រទេសកម្ពុជាបានងើបចេញពីសង្គ្រាមអស់រយៈពេលជាច្រើនឆ្នាំមក សម្ពាធបានកើនឡើងទៅលើការប្រើប្រាស់ និងការគ្រប់គ្រងធនធានធម្មជាតិ និងតំបន់រសើបនានា។ ជាការឆ្លើយតបទៅនឹងសម្ពាធទាំងនេះ តំបន់ការពារមួយចំនួនត្រូវបានបង្កើតឡើងក្រោមព្រះរាជក្រឹត្យឆ្នាំ១៩៩៣ ដើម្បីការពារតំបន់ដែលមានសារៈសំខាន់ ផ្នែកបរិស្ថាន និងវប្បធម៌។ គោលការណ៍ណែនាំលម្អិតបន្ថែមទៅលើការគ្រប់គ្រងតំបន់ការពាររបស់កម្ពុជាមានចែងនៅក្នុងច្បាប់ស្តីពី តំបន់ការពារឆ្នាំ២០០៨។

10581043793_dfa6de975c_b

ប្រាសាទតាព្រហ្ម។ រូបភាព ថតដោយ Drriss & Marrionn, ១ តុលា ២០០៨។ ក្រោមអាជ្ញាប័ណ្ណ CC BY-NC-SA 2.0

តំបន់ការពារធម្មជាតិត្រូវបានកំណត់ថា ជាតំបន់ដែលទទួលបានកិច្ចការពារបន្ថែមដើម្បី ការអភិរក្សយូរអង្វែងទៅលើសត្វព្រៃ ធនធានធម្មជាតិ ប្រព័ន្ធអេកូឡូស៊ី និងវប្បធម៌។អង្គការសហភាពអន្តរជាតិដើម្បីការអភិរក្សធម្មជាតិ(IUCN) បានបង្កើតប្រព័ន្ធចំណាត់ថ្នាក់ការគ្រប់គ្រងតំបន់ការពារដែលបានគ្របដណ្តបស្ទើរ ១២ ភាគរយនៃផ្ទៃដីគោកនៅលើពិភពលោកទាំងមូល។1

ព្រះរាជក្រឹត្យស្តីពីការការពារតំបន់ធម្មជាតិឆ្នាំ១៩៩៣ បានទទួលស្គាល់តំបន់ការពារចំនួន ២៣កន្លែង។ 2ព្រះរាជក្រឹត្យនេះបានបែងចែកតំបន់ការពារចេញជាបួនប្រភេទ(តំបន់ឧទ្យានជាតិ តំបន់ជម្រកសត្វព្រៃ តំបន់ការពារទេសភាពនិងតំបន់ប្រើប្រាស់ច្រើនយ៉ាង)ដោយយោងតាមលក្ខណៈ គោលបំណងនៃការការពារនិងការអភិរក្សទៅលើតំបន់ការពារនីមួយៗ។ មកទល់ពេលនេះ តំបន់ការពារទាំងនេះបានគ្រប់ដណ្តបប្រមាណ១៨ភាគរយលើផ្ទៃដីប្រទេសកម្ពុជាទាំងមូល។3

ទោះបីជាតំបន់ការពារដែលមានស្រាប់មួយចំនួនត្រូវបានផ្លាស់ប្តូរទំហំក៏ដោយ តំបន់ការពារធម្មជាតិបន្ថែមទៀតដែលស្ថិតនៅក្រោមប្រភេទតំបន់រ៉ាមសារត្រូវបានបង្កើតឡើងក្នុងឆ្នាំ១៩៩៩បន្ទាប់ពីប្រទេសកម្ពុជាបានក្លាយជាសមាជិកនៃអនុសញ្ញាការពារដីសើមដែលមានសារៈសំខាន់ជាអន្តរជាតិ ឬអនុសញ្ញារ៉ាមសារ។4ក្រោមក្របខណ្ឌគតិយុត្តិអន្តរជាតិនេះ តំបន់រ៉ាមសារដែលជាប្រភេទថ្មីក្នុងចំណោមប្រភេទតំបន់ការពារធម្មជាតិនឹងក្លាយជាតំបន់ដែលត្រូវបានការពារខ្ពស់ជាងគេក្នុងលំដាប់អន្តរជាតិនៅក្នុងប្រទេសកម្ពុជា។5

ច្បាប់តំបន់ការពារធម្មជាតិឆ្នាំ២០០៨

ក្នុងឆ្នាំ២០០៨ ច្បាប់ស្តីពីតំបន់ការពារធម្មជាតិបានបន្ថែមប្រភេទថ្មីចំនួន៣ចូលទៅក្នុងតំបន់ការពារធម្មជាតិ ដែលនាំឱ្យតួរលេខសរុបនៃប្រភេទតំបន់ការពារធម្មជាតិកើនឡើងដល់៨។ទោះបីជាលក្ខណៈនិងគោលបំណងនៃការការពារតំបន់ធម្មជាតិក្នុងប្រភេទនីមួយៗត្រូវបានកំណត់ដោយច្បាប់ គោលការណ៍នៃការគ្រប់គ្រងតំបន់ទាំង៤អាចនឹងប្រើប្រាស់ចំពោះតំបន់ការពារទាំងនេះផងដែរក្នុងករណីចាំបាច់។

ក្រោមក្របខណ្ឌគតិយុត្តិនិងរដ្ឋបាលថ្មីនៃច្បាប់ឆ្នាំ២០០៨ តំបន់ការពារធម្មជាតិកម្ពុជាត្រូវបានបែងចែកនិងគ្រប់គ្រងដោយវិធានដូចតទៅ៖

  • តំបន់ឧទ្យានជាតិ

  • តំបន់ដែនជម្រកសត្វព្រៃ៖ តំបន់ការពារនិងអភិរក្សសត្វព្រៃ

  • តំបន់ការពារទេសភាព ជាតំបន់ដែលត្រូវបានរក្សាទុក ជាកន្លែងទស្សនាទេសភាព សម្រាប់ជាការកំសាន្ត និងទេសចរណ៍។
  • តំបន់ប្រើប្រាស់ច្រើនយ៉ាង ជាតំបន់មានភាពចាំបាច់ សម្រាប់ស្ថេរភាពធនធានទឹក ព្រៃឈើ សត្វព្រៃ និងនេសាទ ហើយក៏បម្រើសម្រាប់ការកំសាន្ត និងការអភិរក្សធម្មជាតិដើម្បីធានាការអភិវឌ្ឍសេដ្ឋកិច្ច។
  • តំបន់ស្នូលនៃឋបនីយជីវមណ្ឌល៖ តំបន់អភិរក្សជីវចម្រុះនិងគាំទ្រសកម្មភាពអភិវឌ្ឍប្រកបដោយនិរន្តរភាព។តំបន់នេះមានទីតាំងស្ថិតនៅជិតខេត្តបាត់ដំបងនិងខេត្តកំពង់ធំ។ ការបង្កើតតំបន់ឋបនីយជីវមណ្ឌលបឹងទន្លេសាបជាចំណែកពិសេសនៅក្នុងច្បាប់នេះដែលស្តែងពីសារៈសំខាន់របស់បឹងនេះមកកាន់ប្រទេសកម្ពុជា។

  • តំបន់បេតិកភណ្ឌធម្មជាតិ៖ តំបន់ធម្មជាតិឬពាក់កណ្តាលធម្មជាតិដែលមានគុណតម្លៃ សម្រាប់ប្រព័ន្ធអេកូឡូស៊ី/សោភណ្ឌភាព/វប្បធម៌។

  • តំបន់ឧទ្យានជាតិសមុទ្រ៖ តំបន់ឆ្នេរសមុទ្ររួមមានរុក្ខជាតិ សត្វព្រៃនិងមច្ឆានិងមានគុណតម្លៃប្រវត្តិសាស្ត្រនិងវប្បធម៌។

  • តំបន់រ៉ាមសារ៖ តំបន់ដែលត្រូវបានទទួលស្គាល់អំពីសារៈសំខាន់នៃដីសើម រួមមានបរិស្ថានជុំវិញដែលភាគច្រើនសំដៅលើសត្វព្រៃ  ជម្រករបស់វានិងប្រព័ន្ធអេកូឡូស៊ី។ មានការប៉ានស្មានថាផ្ទៃដីប្រមាណសាមសិបភាគរយរបស់កម្ពុជាជាដីសើម និងមានតំបន់ជាច្រើនទៀតដែលត្រូវបានរំពឹងថានឹងស្ថិតក្រោមការការពារដោយអនុសញ្ញាតំបន់រ៉ាមសារនាពេលអនាគត។

ព្រំប្រទល់តំបន់ការពារ

តំបន់ការពារធម្មជាតិត្រូវបានកំណត់ព្រំដែនជា៤តំបន់6ដូចខាងក្រោម៖

  • តំបន់ស្នូល៖ តំបន់ដែលមានតម្លៃអភិរក្សខ្ពស់ និងមានអំបូរសត្វនិងរុក្ខជាតិងាយរងគ្រោះដោយការគំរាមកំហែង ក៏ដូចជាមានបរិស្ថានជីវៈចម្រុះងាយរងគ្រោះ។ ការចូលទៅកាន់តំបន់ស្នូលនេះ ត្រូវបានហាមឃាត់ និងមានការលើកលែងតែចំពោះមន្ត្រីរដ្ឋបាលអភិរក្សនិងការពារធម្មជាតិ និងអ្នកស្រាវជ្រាវតែប៉ុណ្ណោះ។មន្ត្រីរដ្ឋបាលទទួលបន្ទុកអភិរក្សនិងការពារធម្មជាតិ អាចផ្តល់សិទ្ធិចូលទៅកាន់តំបន់នេះដល់មន្ត្រីនិងអ្នកស្រាវជ្រាវដោយមានការអនុញ្ញាតិពីក្រសួងបរិស្ថានជាមុន។មានករណីលើកលែងចំពោះមន្ត្រីទទួលបន្ទុកសន្តិសុខនិងការពារជាតិដែលមានសិទ្ធិអនុញ្ញាតក្នុងការចូលទៅកាន់តំបន់នេះ។ រាល់ការប្រើប្រាស់ធនធាតិធម្មជាតិក្នុងតំបន់ស្នូលត្រូវបានហាមឃាត់ជាកំហិត។សកម្មភាពកសិកម្មត្រូវបានហាមឃាត់ផងដែរ។
  • តំបន់អភិរក្ស៖ គឺជាតំបន់ដែលមានតម្លៃអភិរក្សខ្ពស់ រួមមានធនធានធម្មជាតិ ប្រព័ន្ធអេកូឡូស៊ី តំបន់ទីជម្រាលនិងតំបន់ទេសភាពធម្មជាតិដែលមានទីតាំងស្ថិតនៅក្បែរតំបន់ស្នូល។ ការចូលទៅកាន់តំបន់នេះ ត្រូវមានការអនុញ្ញាតពីរដ្ឋបាលអភិរក្សនិងការពារធម្មជាតិជាមុន។ សហគមន៍ខ្នាតតូចដែលប្រើអនុផលព្រៃឈើ ដើម្បីទ្រទ្រង់ដល់ជីវភាពរបស់ប្រជាពលរដ្ឋមូលដា្ឋនត្រូវបានអនុញ្ញាតឲ្យចូលទៅកាន់តំបន់នេះក្រោមការត្រួតពិនិត្យយ៉ាងតឹងតែង និងក្រោមលក្ខខណ្ឌមិនបង្កផលប៉ះពាល់ធ្ងន់ធ្ងរទៅលើជីវៈចម្រុះនៅក្នុងតំបន់នោះ។ការចូលទៅកាន់តំបន់នេះទាមទារការអនុញ្ញាតពីរដ្ឋបាលអភិរក្សនិងការពារធម្មជាតិ និងមានករណីលើកលែងចំពោះមន្ត្រីទទួលបន្ទុកសន្តិសុខនិងការពារជាតិ។រាល់ការប្រើប្រាស់ធនធាតិធម្មជាតិក្នុងតំបន់ស្នូលត្រូវបានហាមឃាត់ជាកំហិត។សកម្មភាពកសិកម្មត្រូវបានហាមឃាត់ផងដែរ។
  • តំបន់ប្រើប្រាស់ដោយចីរ​ភាព៖ ជាតំបន់ដែលមានតម្លៃសេដ្ឋកិច្ចខ្ពស់ ចំពោះការអភិវឌ្ឍ និងការគ្រប់គ្រងសេដ្ឋកិច្ចជាតិ និងការអភិរក្សតំបន់ការពារ។ដោយឡែកពីតំបន់ស្នូលនិងតំបន់អភិរក្ស តំបន់នេះអនុញ្ញាតឱ្យមានការសាងសង់ ក្រោមការកំហិតនិងការអនុញ្ញាតពីក្រសួងបរិស្ថាន។ រដ្ឋាភិបាលអាចនឹងអនុញ្ញាតឱ្យរដ្ឋបាលមូលដ្ឋានឬសហគមន៍ធ្វើការអផិវឌ្ឍនិងវិនិយោគនៅក្នុងតំបន់នេះដោយផ្អែកតាមលក្ខខណ្ឌកំណត់ដោយក្រសួងបរិស្ថាន។ ការប្រើប្រាស់ធនធានធម្មជាតិអាចត្រូវបានអនុញ្ញាតប្រសិនបើតំបន់នេះត្រូវបានប្រើប្រាស់ជាតំបន់ការពារសហគមន៍។ក្រសួងបរិស្ថានអាចបែងចែកផ្នែកមួយចំនួននៃតំបន់នេះទៅកាន់សហគមន៍ក្នុងនាមជាតំបន់ការពាររបស់សហគមន៍។
  • តំបន់សហគមន៍​៖ ជាតំបន់បម្រុងក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមសម្រាប់សហគមន៍មូលដ្ឋាន និងសហគមន៍ជនជាតិដើមភាគតិច។ តំបន់នេះរួមមានដីប្រជាពលរដ្ឋ វាលស្រែ វាលចំការនិងតំបន់សម្រាប់ធ្វើកសិកម្ម។ ប័ណ្ណកម្មសិទ្ធិដីទាមទារឱ្យមានការអនុញ្ញាតពីក្រសួងបរិស្ថាន។

ត្រឹមចុងខែឧសភាឆ្នាំ២០១៦ មានតំបន់ការពារធម្មជាតិចំនួនហាសិបបីកន្លែងដែលត្រូវបានដាក់បញ្ចូលក្នុងប្រភេទទាំងប្រាំ សូមចូលមកកាន់ទិន្នន័យតំបន់ការពារធម្មជាតិ។ ទោះបីជាតំបន់ការពារធម្មជាតិមួយចំនួនត្រូវបានដាក់បញ្ជូលទៅក្នុងប្រភេទតែមួយក៏ដោយ កម្រិតនៃការការពារនិងអភិរក្សទៅលើតំបន់ទាំងនេះមានសភាពខុសៗគ្នាទៅតាមករណីនីមួយៗ ដែលនេះទាមទារឱ្យមាននិយមន័យច្បាស់លាស់ទៅលើប្រភេទនិងការកំណត់ព្រំដែនតំបន់នៃតំបន់ការពារនីមួយៗក្នុងការអនុវត្តច្បាប់ប្រកបដោយប្រសិទ្ធិភាព។

ក្រសួងបរិស្ថានជាស្ថាប័នទទួលបន្ទុកលើការគ្រប់គ្រងនិងត្រួតពិនិត្យតំបន់ការពាររបស់ប្រទេសកម្ពុជាក្នុងកិច្ចសហប្រតិបត្តិការជាមួយស្ថាប័នដ៏ទៃទៀត។ច្បាប់ស្តីអំពីការការពារបរិស្ថាននិងការគ្រប់គ្រងធនធានធម្មជាតិបានផ្តល់អាជ្ញាសិទ្ធិដល់ក្រសួងបរិស្ថានក្នុងការចូលទៅកាន់តំបន់ការពារនិងស៊ើបអង្កេតលើសកម្មភាពក្នុងតំបន់នេះក្នុងករណីដែលសកម្មភាពទាំងនេះមានផលប៉ះពាល់ដល់បរិស្ថាន។7អនុក្រឹត្យនេះបានបកស្រាយបន្ថែមអំពីទំនួលខុសត្រូវរបស់ក្រសួងក្នុងការរៀបចំនិងអនុម័តគោលនយោបាយនិងគម្រោងគ្រប់គ្រងទៅលើតំបន់ការពារទាំងនេះ ក៏ដូចជាផ្តល់សំណើរទៅលើតំបន់ថ្មីៗដែលគួរដាក់បញ្ជូលក្នុងការការពារ។ ក្រសួងបរិស្ថាន ទទួលខុសត្រូវចំពោះការបញ្ចប់ផែនទីតំបន់ការពារនីមួយៗផងដែរ។8

ច្បាប់ស្តីពីតំបន់ការពារធម្មជាតិត្រូវបានបង្កើតឡើងក្នុងគោលបំណងពង្រឹងការគ្រប់គ្រង ការអភិរក្សជីវៈចម្រុះ និងការប្រើប្រាស់ធនធានធម្មជាតិក្នុងតំបន់ការពារប្រកបដោយនិរន្តរភាព។ ច្បាប់នេះពង្រឹងពីសិទ្ធិរបស់ក្រសួងបរិស្ថាននិងតួនាទីក្នុងការ៖

  • ការល្បាតនិងការបង្ក្រាបសកម្មភាពខុសច្បាប់
  • ត្រួតពិនិត្យអាជ្ញាប័ណ្ណនិងច្បាប់អនុញ្ញាត្តិលើសកម្មភាពសេដ្ឋកិច្ចនិងការអភិវឌ្ឍក្នុងតំបន់ការពារ
  • ធ្វើការវគ្គបណ្តុះបណ្តាលការយល់ដឹងនិងការអប់រំដើម្បីតភា្ឋប់សាធារណជនទៅនឹងការគ្រប់គ្រងនៃតំបន់ការពារ9

 ការអភិវឌ្ឍនៅក្នុងតំបន់ការពារ

យោងតាមច្បាប់ គ្មានការកាប់ឆ្ការ ឬ សាងសង់ណាមួយ ត្រូវបានអនុញ្ញាតឲ្យធ្វើនៅក្នុងតំបន់ស្នូល ឬ តំបន់អភិរក្សឡើយ ហើយការអភិវឌ្ឍណាមួយ ដែលស្ថិតនៅក្នុងតំបន់សហគមន៍ ឬ តំបន់ប្រើប្រាស់ដោយចីរ​ភាព អាចកើតឡើងបាន ប្រសិនបើមានការយល់ព្រមពីរដ្ឋាភិបាល តាមសំណើររបស់ក្រសួងបរិស្ថាន។ ការអភិវឌ្ឍណាមួយ នៅក្នុងតំបន់អស់ទាំងនេះ ឬ តំបន់នៅក្បែរតំបន់ការពារ ត្រូវតែជាកម្មវត្ថុនៃការប៉ាន់ប្រមាណផលប៉ះពាល់បរិស្ថាន និងសង្គម ជាមុនសិន។10

តាំងពីច្បាប់ស្តីពីតំបន់ការពារត្រូវបានអនុម័ត មានអនុក្រឹត្យជាច្រើន ត្រូវបានប្រកាសចាត់ថ្នាក់កន្លែងនេះថាជាតំបន់ប្រើប្រាស់ដោយចីរ​ភាព។ យោងតាមច្បាប់ បន្ទាប់ពីមានការពិគ្រោះយោបល់ជាមួយស្ថាប័ន និងក្រសួងពាក់ព័ន្ធ អាជ្ញាធរមូលដ្ឋាន និងសហគមន៍មូលដ្ឋាន រដ្ឋាភិបាលអាចអនុញ្ញាតឲ្យមានការអភិវឌ្ឍន៍ និងធ្វើសកម្មភាពវិនិយោគនៅក្នុងតំបន់ទាំងនោះ។ យោងតាមឧបសម្ព័ន្ធនៃច្បាប់ សកម្មភាពទាំងអស់នេះ រួមមានការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ដែលមានទាំងគម្រោងធារាសាស្ត្រ និងវារីអគ្គិសនី ការរុករករ៉ែ និងជ័រទឹក ជាដើម។11ជនណាម្នាក់ ដែលត្រូវបានគេរកឃើញថា បំពានទៅលើបញ្ញត្តិនៃច្បាប់ស្តីពីតំបន់ការពារ នឹងត្រូវទទួលខុសត្រូវប្រឈមនឹងការដាក់ទណ្ឌកម្ម ដែលមានចាប់ពីការព្រមាន និងការចេញសងថ្លៃខូចខាតឲ្យដូចដើមវិញ តាមការផាកពិន័យចាប់ពី ២៥០ លានរៀល និងជាប់ពន្ធនាគាររយៈពេល ១០ឆ្នាំ ដោយផ្អែកលើស្ថានទំងន់នៃបទល្មើស។12

យ៉ាងណាមិញ យោងតាមក្រឹត្យនិងអនុក្រឹត្យ ច្បា់ទៅលើការការពារតំបន់ការពារធម្មជាតិមិនមានព្រំប្រទល់នៃការគ្រប់គ្រងឡើយ ហើយបើទោះបីជាមានក៏ដោយ មិនមានព័ត៌មានភូមិសាស្ត្រត្រូវបានផ្តល់ឱ្យនោះទេ។ នេះមានន័យថា មិនមានការត្រួតពិនិត្យទៅលើតំបន់សេដ្ឋកិច្ចពិសេសដែលស្ថិតនៅក្នុងតំបន់ការពារនោះឡើយ មិនថាតំបន់នោះស្ថិតក្នុងព្រំប្រទល់គ្រប់គ្រងណាមួយនៃការការពារពិសេសឬក៏អត់នោះទេ។ (សូមចូលទៅកាន់ស្រទាប់ផែនទីតំបន់ការពារធម្មជាតិ និងស្រទាប់ផែនទីដ៏ទៃទៀតនៃតំបន់សេដ្ឋកិច្ចពិសេស។)

តំបន់ការពាររបស់ប្រទេសកម្ពុជា ទាក់ទាញភ្ញៀវទេសចរ និងមានធនធានដែលសំបូរហូរហៀរ ប្រសិនបើប្រើប្រាស់ក្នុងលក្ខណៈនិរន្តរភាពនោះ វាអាចផ្តល់ការងារ ប្រាក់ចំណូល និងជួយចូលរួមចំណែកទៅក្នុងការអភិវឌ្ឍរបស់ប្រទេសកម្ពុជា។ ប្រសិនបើការអនុវត្តមានប្រសិទ្ធិភាព ប្រព័ន្ធតំបន់ការពារ នឹងមានសក្តានុពលការពារតំបន់ងាយរងគ្រោះ តាមរយៈការដាក់កំហិត និងត្រួតពិនិត្យការអភិវឌ្ឍ ដើម្បីធានាថាសេចក្តីត្រូវការទាំងផ្នែកការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម និងកិច្ចការពារបរិស្ថាន មានតុល្យភាពនឹងគ្នា។

ក៏ប៉ុន្តែ ការកាប់បំផ្លាញព្រៃឈើ គឺកំពុងតែកើតឡើងនៅក្នុងតំបន់ការពារមួយចំនួន។ នៅក្នុងឆ្នាំ២០១៥នេះ ក្រុមការពារបរិស្ថានមានមូលដ្ឋាននៅអាមេរិកមានឈ្មោះថា អង្គការនិន្នាការព្រៃឈើ (Forest Trends) បានរាយការណ៍ថា ការផ្តល់សម្បទានដីចំនួន ២៧២ គិតត្រឹមចុងឆ្នាំ២០១៣នេះ ក្នុងនោះ ១ភាគ៤ ស្ថិតក្នុងព្រំដែនតំបន់ការពារ។13

នៅក្នុង ខែមករា ឆ្នាំ២០១៦ អភិបាលខេត្តមួយរូប បានប្រាប់ក្រុមមន្ត្រីថា ឧកញ៉ា ទ្រីភាព និង ឧកញ៉ា លឹម ប៊ុនណា ទទួលបានសម្បទានដីសេដ្ឋកិច្ច នៅក្នុងដែនជម្រកសត្វព្រៃដែលរឹបអូសបានពីក្រុមហ៊ុនចំនួនពីរផ្សេងទៀត។14

បានធ្វើបច្ចុប្បន្នភាព៖ ០៩ មិថុនា ២០១៦

ទាក់ទងនឹងតំបន់ការពារ

ឯកសារយោង

  1. 1. Dudley, Nigel (ed), គោលការណ៍ណែនាំសម្រាប់ប្រភេទនៃការគ្រប់គ្រងតំបន់ការពារធម្មជាតិ, IUCN, Gland, ប្រទេសស្វីស, ២០០៨.
  2. 2. ព្រះរាជក្រឹត្យស្តីពីការបង្កើតតំបន់ការពារធម្មជាតិ (១៩៩៣), មាត្រា១ និង ២
  3. 3. សុជាតិលក្ខិណាសាន,បង្ហាញពីភាពជោគជ័យ៖ ការវាយតម្លៃលើសហគមន៍តំបន់ការពារនៅក្នុងប្រទេសកម្ពុជា, in Sango Mahanty, Jefferson Fox, Michael Nurse, Peter Stephen, and Leslie McLees (eds.),រក្សាលំនឹង៖ សមធម៌ក្នុងការគ្រប់គ្រងធនធានធម្មជាតិនៅតាមសហគមន៍ក្នុងតំបន់អាស៊ី, RECOFTCមជ្ឈមណ្ឌលហ្វឹកហ្វឺនព្រៃសហគមន៍នៅតំបន់អាស៊ីនិងប៉ាស៊ីហ្វិក,មជ្ឈមណ្ឌល East-West Center, Honolulu, ២០០៦.
  4. 4. លេខាធិការដ្ឋានអនុសញ្ញាតំបន់រ៉ាមសារ.“ អំពីប្រទេសកម្ពុជា.”ចូលអានថ្ងៃទី០៣ មិថុនា ២០១៦. http://www.ramsar.org/wetland/cambodia
  5. 5. ឯកសារយោងដូចខាងលើ
  6. 6. ច្បាប់ស្តីពីតំបន់ការពារ ឆ្នាំ២០០៨, មាត្រា ១១
  7. 7. ច្បាប់ស្តីពីការការពារបរិស្ថាននិងការគ្រប់គ្រងធនធានធម្មជាតិឆ្នាំ១៩៩៦, មាត្រា១៥
  8. 8. ច្បាប់ស្តីពីតំបន់ការពារ ឆ្នាំ២០០៨, មាត្រា ១៤
  9. 9. ច្បាប់ស្តីពីតំបន់ការពារ ឆ្នាំ២០០៨, មាត្រា ១និង៦
  10. 10. ច្បាប់ស្តីពីតំបន់ការពារ ឆ្នាំ២០០៨, មាត្រា ៣៦ និង ៤៤។
  11. 11. ច្បាប់ស្តីពីតំបន់ការពារ ឆ្នាំ២០០៨, មាត្រា ១១, ឧបសម្ព័ន្ធ។
  12. 12. ច្បាប់ស្តីពីតំបន់ការពារ ឆ្នាំ២០០៨, មាត្រា ៥៦។
  13. 13. អង្គការនិន្នាការព្រៃឈើ, ២០១៥. ការបម្លែងឈើ, ការត្រួតពិនិត្យព្រៃឈើ និងអភិបាលកិច្ចការប្រើប្រាស់ដី នៅកម្ពុជា, កក្កដា ២០១៥. http://forest-trends.org/releases/uploads/Cambodia%20Concessions%20Report%20small%20size.pdf.
  14. 14. “អភិបាលខេត្តថា លោក ទ្រី ភាព ទទួលបានដីសម្បទានថ្មីស្របពេលរដ្ឋាភិបាលកំពុងផ្អាកការផ្តល់សម្បទាន.” អូន ភាព. ខេមបូឌាដេលី, ១៩ មករា ២០១៦. ដកស្រង់ ១៩ មករា ២០១៦. https://www.cambodiadaily.com/news/try-pheap-gets-new-elc-amid-freeze-governor-says-105822/
ទំនាក់ទំនងយើងខ្ញុំ

ទំនាក់ទំនងយើងខ្ញុំ

បើលោកអ្នកមានសំនួរទាក់ទងនឹងខ្លឹមសារផ្សាយនៅលើគេហទំព័រ Open Development Cambodia (ODC)? យើងខ្ញុំ​នឹង​ឆ្លើយ​តប​​ដោយ​ក្តី​រីក​រាយ។

តើអ្នកបានឃើញបញ្ហាបច្ចេកទេសណាមួយនៅលើគេហទំព័រOpen Development Cambodia (ODC) ដែរឬទេ?

តើលោកអ្នកយល់យ៉ាងដូចម្តេចដែរចំពោះការងាររបស់អូឌីស៊ី?

តើលោកអ្នកមានឯកសារដែលអាចជួយពង្រីក​គេហទំព័រOpen Development Cambodia (ODC) ដែរ​ឬទេ​?​ យើងខ្ញុំ​នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ទិន្នន័យ​អំពី​ផែនទី​ ច្បាប់​ អត្ថបទ​ និង​ ឯកសារ​ដែល​ពុំ​មាននៅ​លើ​គេហទំព័រ​នេះ​ ហើយ​ពិចារណា​បោះផ្សាយ​ទិន្នន័យ​ទាំងនោះ​។​ សូម​មេត្តា​ផ្ញើ​តែ​ឯកសារ​ណា​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative Commons

ឯកសារត្រូវបានលុប
មានបញ្ហា!

កំណត់សម្គាល់៖ Open Development Cambodia (ODC) នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ឯកសារ​ដែល​បាន​បញ្ជូន​មក​យ៉ាង​ហ្មត់ចត់​ ដើម្បី​កំណត់​ភាព​ត្រឹមត្រូវ​ និង​ពាក់ព័ន្ធ​ មុន​ពេលធ្វើការ​បង្ហោះ​ផ្សាយ​។​ រាល់​ឯកសារ​ដែល​បាន​បង្ហោះ​ផ្សាយ​នឹង​ជា​ឯកសារ​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative​ Commons​។​ យើងខ្ញុំ​សូម​អគុណ​សំរាប់​ការ​គាំទ្រ​របស់​លោក​អ្នក​។​

XEeeh
* ប្រអប់មតិមិនអាចទទេ! មិនអាចបញ្ចូនបាន សូមធ្វើការបញ្ចូនម្តងទៀត! Please add the code correctly​ first.

សូម​អរគុណ​សំរាប់​ការ​ចំនាយ​ពេល​ក្នុង​ការ​ចែក​រំលែក​មក​កាន់​យើងខ្ញុំ!