ការកាប់បំផ្លាញព្រៃឈើ គឺជាបញ្ហានៅក្នុងប្រទេសកម្ពុជាចាប់តាំងពីទសវត្សរ៍ឆ្នាំ ១៩៧០ ហើយវាកាន់តែអាក្រក់ទៅៗក្នុងប៉ុន្មានទសវត្សរ៍ចុងក្រោយនេះ។ តំបន់ការពារខ្លះត្រូវបានកាប់បំផ្លាញព្រៃឈើរហូតដល់សល់ព្រៃឈើតិចតួចប៉ុណ្ណោះ។ កម្ពុជាបានបាត់បង់គម្របព្រៃឈើចំនួន ៥៥៧.០០០ ហិកតា (១១,៧%) នៅក្នុងតំបន់ការពារ ចន្លោះពីឆ្នាំ ២០០១ ដល់ឆ្នាំ ២០១៨។1 ការបាត់បង់នេះបានជះឥទ្ធិពលដល់ការការពារជីវចម្រុះ និងបានជះឥទ្ធិពលអវិជ្ជមានដល់សង្គម និងសេដ្ឋកិច្ចរបស់ជនជាតិដើមភាគតិចដែលពឹងផ្អែកលើព្រៃឈើ។2 ដូច្នេះរដ្ឋាភិបាល និងអង្គការក្រៅរដ្ឋាភិបាលនានាកំពុងធ្វើការលើការការពារព្រៃឈើនៅកម្ពុជា។3
ការគ្រប់គ្រងរបស់រដ្ឋាភិបាល
យោងតាមច្បាប់ស្តីពីព្រៃឈើឆ្នាំ ២០០២ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ទទួលខុសត្រូវក្នុងការចាត់ថ្នាក់ និងចុះបញ្ជីព្រំប្រទល់ដែលបានកំណត់សម្រាប់ព្រៃឈើទាំងអស់នៅក្នុងដីព្រៃអចិន្ត្រៃយ៍។4 ព្រំប្រទល់ដីព្រៃអចិន្ត្រៃយ៍ជាច្រើនត្រូវបានកំណត់តាមរយៈសម្បទានកាប់ឈើពីមុន តំបន់ការពារ ព្រៃការពារ តំបន់អភិរក្ស និងតំបន់សហគមន៍។5
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងក្រសួងបរិស្ថាន មានតួនាទីសំខាន់ពាក់ព័ន្ធនឹងប្រព័ន្ធផ្គត់ផ្គង់ឈើនៅកម្ពុជា។ រដ្ឋបាលព្រៃឈើ ក្រោមក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ទទួលបន្ទុកគ្រប់គ្រងព្រៃឈើ និងធនធានព្រៃឈើ ក្រោមបទប្បញ្ញត្តិនៃគោលនយោបាយវិស័យព្រៃឈើជាតិ និងច្បាប់ស្តីពីព្រៃឈើ (២០០២)។ រដ្ឋបាលព្រៃឈើក៏អនុវត្តកម្មវិធីព្រៃឈើថ្នាក់ជាតិ រួមទាំងព្រៃឈើសហគមន៍ផងដែរ។ ក្រសួងបរិស្ថានទទួលខុសត្រូវចំពោះការត្រួតពិនិត្យបទប្បញ្ញត្តិតំបន់ការពាររបស់ប្រទេស។ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រសួងពាណិជ្ជកម្ម រដ្ឋបាលព្រៃឈើ និងអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ទទួលបន្ទុកលើអាជ្ញាប័ណ្ណ និងត្រួតពិនិត្យការជួញដូរផលិតផលឈើ។6
តំបន់ការពារដែលគ្រប់គ្រងដោយក្រសួងបរិស្ថាន
រាជរដ្ឋាភិបាលកម្ពុជាបានបែងចែកតំបន់ការពារធម្មជាតិជា តំបន់ឧទ្យានជាតិសមុទ្រ តំបន់បេតិកភណ្ឌធម្មជាតិ តំបន់ដែនជម្រកសត្វព្រៃ តំបន់រ៉ាមសារ តំបន់ការពារទេសភាព តំបន់ឧទ្យានជាតិ តំបន់ប្រើប្រាស់ច្រើនយ៉ាង និងតំបន់ស្នូលនៃឋបនីយជីវមណ្ឌល។7
អគ្គនាយកដ្ឋានរដ្ឋបាលសម្រាប់ការអភិរក្ស និងការពារធម្មជាតិ ក្រោមក្រសួងបរិស្ថាន ត្រូវបានប្រគល់ឱ្យគ្រប់គ្រងតំបន់ការពារប្រមាណ ៣,២ ហិកតា រួមមានព្រៃលិចទឹក និងព្រៃកោងកាង។8 ច្បាប់ស្តីពីតំបន់ការពារធម្មជាតិ (២០០៨) បានបែងចែកតំបន់ការពារជា ៤ តំបន់៖ តំបន់ស្នូល តំបន់អភិរក្ស តំបន់ប្រើប្រាស់និរន្តរភាព និងតំបន់សហគមន៍។9 ក្រសួងកំណត់តំបន់នៅក្នុងតំបន់ការពារនីមួយៗ ព្រមទាំងស្វែងរកជំនួយពីខាងក្រៅ ដើម្បីកំណត់តំបន់ដោយផ្អែកលើវិទ្យាសាស្ត្រ ដោយសារក្រសួងខ្វះខាតនូវធនធាន។ ទោះជាយ៉ាងណាក៏ដោយ សម្បទានដីសេដ្ឋកិច្ច ត្រូវបានបង្កើតឡើងដោយក្រសួងនៅក្នុងតំបន់ដែលមិនត្រូវបានចាត់ថ្នាក់ជាតំបន់ស្នូល ឬតំបន់អភិរក្ស។10
ផែនទីអន្តរកម្មតំបន់ការពារធម្មជាតិនៅប្រទេសកម្ពុជាដែលបានបង្កើតដោយរាជរដ្ឋាភិបាលចាប់តាំងពីឆ្នាំ ១៩៩៣
តំបន់ការពារដែលគ្រប់គ្រងដោយរដ្ឋបាលព្រៃឈើ
កាតព្វកិច្ចគ្រប់គ្រងព្រៃឈើរបស់រដ្ឋបាលព្រៃឈើ ក្រោមច្បាប់ស្តីពីព្រៃឈើ (២០០២)11 មិនរាប់បញ្ចូលតំបន់ការពារក្រោមយុត្តាធិការនៃក្រសួងបរិស្ថានក្រោមច្បាប់ស្តីពីការការពារបរិស្ថាន និងការគ្រប់គ្រងធនធានធម្មជាតិ (១៩៩៦) ទេ។12
ព្រៃសហគមន៍
សហគមន៍មូលដ្ឋានថែរក្សាព្រៃសហគមន៍ដោយមានជំនួយពីរដ្ឋបាលព្រៃឈើ។ ដើម្បីការពារសិទ្ធិប្រើប្រាស់ដីធ្លី សហគមន៍សហការជាមួយរដ្ឋបាលព្រៃឈើ ដើម្បីបង្កើតផែនការគ្រប់គ្រងព្រៃឈើសហគមន៍នៅក្នុងតំបន់ព្រៃឈើក្បែរសហគមន៍។13 យោងតាមអនុក្រឹត្យលេខ ៧៩ អនក្រ.បក ស្តីពីការគ្រប់គ្រងសហគមន៍ព្រៃឈើ មាត្រា ១២ សហគមន៍មានសិទ្ធិដាំ គ្រប់គ្រង ច្រូតកាត់ និងលក់ផលិតផលព្រៃឈើ និងអនុផលព្រៃឈើ ដូចមានចែងក្នុងផែនការគ្រប់គ្រងព្រៃឈើសហគមន៍។14 នៅកម្ពុជាមានគម្រោងព្រៃសហគមន៍ចំនួន ៤៩២ (៤១០.៣៨៦ ហិកតា) ហើយសហគមន៍បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងព្រៃសហគមន៍មានចំនួន ៣៤៥ (៣០៨.៥៦១ ហិកតា)។15
កម្មវិធីព្រៃឈើថ្នាក់ជាតិ (២០១០-២០២៩)
កម្មវិធីព្រៃឈើថ្នាក់ជាតិត្រូវបានបង្កើតឡើងក្នុងឆ្នាំ ២០១០ ដោយមានគោលដៅជាយុទ្ធសាស្ត្រចំនួនប្រាំបួនដូចខាងក្រោម៖
- បង្កើនការរួមចំណែកជាអតិបរមានៃព្រៃឈើប្រកបដោយនិរន្តរភាពក្នុងការកាត់បន្ថយភាពក្រីក្រ ធ្វើឱ្យជីវភាពរស់នៅកាន់តែប្រសើរឡើង និងកំណើនសេដ្ឋកិច្ចដោយយុត្តិធម៌
- សម្របខ្លួនទៅនឹងបម្រែបម្រួលអាកាសធាតុ និងកាត់បន្ថយផលប៉ះពាល់របស់វាទៅលើជីវភាពរស់នៅដែលមានមូលដ្ឋានលើព្រៃឈើ
- ការធ្វើផែនការប្រើប្រាស់ដីអនុញ្ញាតឱ្យធ្វើផែនការនៅទូទាំងវិស័យ យុត្តាធិការ និងព្រំដែនរដ្ឋាភិបាលក្នុងតំបន់
- ការគ្រប់គ្រងព្រៃឈើ ភាពស្របច្បាប់ និងការអនុវត្តគ្រប់កម្រិត
- បង្កើតយន្តការដោះស្រាយជម្លោះ
- លើកកម្ពស់ការយល់ដឹង សមត្ថភាពស្ថាប័ន និងគុណភាពអប់រំ ដើម្បីជួយសម្រួលដល់ការអនុវត្តរយៈពេលវែងរបស់កម្មវិធីព្រៃឈើថ្នាក់ជាតិ
- រក្សាការអភិរក្សបរិស្ថាន និងការអភិរក្សធនធានព្រៃឈើ
- អនុវត្តគំរូនៃការគ្រប់គ្រងប្រកបដោយនិរន្តរភាព ដែលអាចសម្របខ្លួនទៅនឹងកាលៈទេសៈដែលផ្លាស់ប្តូរ
- បង្កើតការរៀបចំហិរញ្ញវត្ថុរយៈពេលវែង។16
កម្មវិធីព្រៃឈើថ្នាក់ជាតិមានកម្មវិធីចំនួនប្រាំមួយរួមមាន៖
- ការកំណត់ខណ្ឌសីមា ការចាត់ថ្នាក់ និងការចុះបញ្ជីព្រៃឈើ
- ការអភិរក្ស និងអភិវឌ្ឍន៍ធនធានព្រៃឈើ និងជីវចម្រុះ
- ការអនុវត្តច្បាប់ និងអភិបាលកិច្ចព្រៃឈើ
- កម្មវិធីសហគមន៍ព្រៃឈើ
- ការអភិវឌ្ឍន៍សមត្ថភាព និងការស្រាវជ្រាវ
- ហិរញ្ញប្បទានព្រៃឈើប្រកបដោយនិរន្តរភាព។17
បញ្ហាប្រឈមមួយចំនួនក្នុងការថែរក្សាព្រៃឈើឱ្យមាននិរន្តរភាពទាក់ទងនឹង៖
- ការរួមចំណែករបស់ព្រៃឈើក្នុងការកាត់បន្ថយភាពក្រីក្រ ជីវភាពរស់នៅ និងសេដ្ឋកិច្ច
- បម្រែបម្រួលអាកាសធាតុនឹងប៉ះពាល់ដល់ការចិញ្ចឹមជីវិតដែលមានមូលដ្ឋានលើព្រៃឈើ
- ការធ្វើផែនការប្រើប្រាស់ដីតាមវិស័យ
- សកម្មភាពខុសច្បាប់ និងការសហការខ្សោយ
- ជម្លោះព្រៃឈើ
- សមត្ថភាព និងចំណេះដឹងមានកម្រិត
- ការកាប់បំផ្លាញព្រៃឈើ
- ភាពសមស្របនៃគំរូគ្រប់គ្រង
- ហិរញ្ញប្បទាន។18
ការគ្រប់គ្រងព្រៃឈើប្រកបដោយនិរន្តរភាព (SFM)
គម្រោងនេះមានគោលបំណងកែលម្អការគ្រប់គ្រងព្រៃឈើប្រកបដោយនិរន្តរភាព ដោយបញ្ចូលការការគ្រប់គ្រងព្រៃឈើប្រកបដោយនិរន្តរភាពតាមសហគមន៍សម្រាប់ព្រៃសហគមន៍ និងតំបន់ការពារសហគមន៍ទៅក្នុងគោលនយោបាយ ផែនការ និងការអនុវត្ត។ គម្រោងនេះត្រូវបានអនុវត្តនៅថ្នាក់កណ្តាល និងក្នុងខេត្តបាត់ដំបង ពោធិ៍សាត់ កំពង់ឆ្នាំង និងខេត្តកំពង់ស្ពឺ ដែលគ្របដណ្តប់លើផ្ទៃដីព្រៃឈើចំនួន ២ លានហិកតា នៅក្នុងប្រទេសកម្ពុជា។19
ការគ្រប់គ្រងព្រៃឈើតាមសហគមន៍ (CBFM)
គម្រោងនេះលើកទឹកចិត្តសហគមន៍ឱ្យដើរតួនាទីយ៉ាងសកម្មក្នុងការគ្រប់គ្រងព្រៃឈើក្នុងតំបន់ ធ្វើឱ្យប្រសើរឡើងនូវការអនុវត្តការគ្រប់គ្រងព្រៃឈើប្រកបដោយនិរន្តរភាពសម្រាប់ការអភិរក្សប្រព័ន្ធអេកូឡូស៊ីដែលមានតម្លៃក្នុងមូលដ្ឋាន និងជាសាកល គាំទ្រដល់ការរស់នៅដែលពឹងផ្អែកលើព្រៃឈើសម្រាប់តម្លៃសេដ្ឋកិច្ច និងវប្បធម៌ និងលើកកម្ពស់ការអភិវឌ្ឍនយោបាយតាមរយៈការចូលរួមក្នុងដំណើរការប្រជាធិបតេយ្យ។20
ប្រទេសកម្ពុជាបានចាប់ផ្តើមការគ្រប់គ្រងព្រៃឈើតាមសហគមន៍ តាំងពីទសវត្សរ៍ឆ្នាំ ១៩៩០ ដោយ អង្គការមិនមែនរដ្ឋាភិបាល និងមានការគាំទ្រពីរដ្ឋាភិបាល។ ការគ្រប់គ្រងព្រៃឈើតាមសហគមន៍ គឺជាការគ្រប់គ្រងប្រកបដោយសក្តានុពលក្នុងការសម្រេចឱ្យបាននូវការគ្រប់គ្រងព្រៃឈើប្រកបដោយនិរន្តរភាព ស្របពេលលើកកម្ពស់ជីវភាពរស់នៅរបស់សហគមន៍ក្នុងតំបន់។ គំនិតដែលគាំទ្រការផ្ទេរសិទ្ធិគ្រប់គ្រងដល់សហគមន៍ និងអ្នកពាក់ព័ន្ធតាមរយៈព្រៃឈើតាមសហគមន៍ នឹងនាំមកនូវការគ្រប់គ្រងព្រៃឈើប្រកបដោយនិរន្តរភាព និងការធ្វើឱ្យប្រសើរឡើងនូវតម្លៃនៃលទ្ធផលបរិស្ថាន សង្គម និងសេដ្ឋកិច្ចនៅថ្នាក់មូលដ្ឋានផងដែរ។ ទីតាំងគ្រប់គ្រងព្រៃឈើតាមសហគមន៍បានកើនឡើងពី ៤៩៩ កន្លែង គ្របដណ្តប់ភូមិ ៩១០ នៅឆ្នាំ ២០១៥ ទៅ ៦៣៦ កន្លែង លើផ្ទៃដី ៤៣៧.២៥៥ ហិកតា នៅខែកក្កដា ឆ្នាំ ២០១៩។21
តំបន់ការពារសហគមន៍ (CPA)
តំបន់ការពារសហគមន៍ត្រូវបានបង្កើតឡើង ដើម្បីផ្តល់ឱកាសសម្រាប់សហគមន៍មូលដ្ឋានក្នុងការរួមចំណែកដល់ការការពារធនធានធម្មជាតិ ផ្តល់ភាពងាយស្រួលដល់ស្ថាប័នរដ្ឋាភិបាលក្នុងការលើកកម្ពស់ជីវភាព សេដ្ឋកិច្ចមូលដ្ឋាន និងក្របខ័ណ្ឌច្បាប់សម្រាប់សហគមន៍មូលដ្ឋាន និងដើម្បីរួមចំណែកក្នុងការអនុវត្តគោលនយោបាយវិមជ្ឈការ និងកិច្ចសហការរបស់រដ្ឋាភិបាល។22
តំបន់ការពារសហគមន៍អាចត្រូវបានរៀបចំតាមវិធីដូចខាងក្រោម៖
- ការចាត់ថ្នាក់តំបន់៖ តំបន់ការពារអាចត្រូវបានចាត់ថ្នាក់ជា ៤ តំបន់ ដូចមានចែងក្នុងច្បាប់ស្តីពីតំបន់ការពារធម្មជាតិ (២០០៨)។23
- ដំណើរការរៀបចំផែនការប្រើប្រាស់ដីដោយមានការចូលរួម៖ បែងចែកតំបន់ទៅជាដីកសិកម្ម ដីលំនៅដ្ឋាន តំបន់ការពារសហគមន៍ និងដីអភិរក្ស។
- អាជ្ញាធរ៖ ព្រៃឈើ ឬជលផលមួយចំនួននៅក្នុងតំបន់ការពារត្រូវបានប្រគល់ឱ្យសហគមន៍មូលដ្ឋានដើម្បីគ្រប់គ្រង និងសម្របសម្រួល។
- ការអភិវឌ្ឍន៍ជីវភាពរស់នៅប្រកបដោយនិរន្តរភាព៖ សហគមន៍មូលដ្ឋានមិនចាំបាច់ពឹងផ្អែកតែលើធនធានធម្មជាតិប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបង្កើតទម្រង់ចំណូលជំនួសផងដែរ។24
តំបន់ការពារសហគមន៍ចំនួនបួនត្រូវបានបង្កើតឡើងក្នុងឆ្នាំ ១៩៩៩ ដោយមានជំនួយ និងការឧបត្ថម្ភពីនាយកដ្ឋានអភិរក្ស និងការពារធម្មជាតិ (DNCP) និងអង្គការដានីដា (DANIDA)។ តំបន់ការពារសហគមន៍ ៤១ ត្រូវបានគាំទ្រដោយភ្នាក់ងារផ្សេងៗនៅចន្លោះឆ្នាំ ២០០០ និង ២០០២។ វាគឺជាលទ្ធផលនៃការកើនឡើងការគាំទ្រសហគមន៍ និងការគ្រប់គ្រងល្អនៃតំបន់ការពារ។25 តំបន់ការពារសហគមន៍ចំនួន ១៨២ ត្រូវបានបង្កើតឡើង និងទទួលស្គាល់ដោយក្រសួងបរិស្ថានក្នុងឆ្នាំ ២០២១។26
ផែនទីអន្តរកម្មសហគមន៍តំបន់ការពារ តំបន់គ្រប់គ្រងនៃតំបន់ការពារធម្មជាតិ និងសហគមន៍ព្រៃឈើនៅក្នុងប្រទេសកម្ពុជា
គណៈកម្មការជាតិដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ (NADC)
រាជរដ្ឋាភិបាលកម្ពុជា បានចេញសេចក្តីសម្រេច ស្តីពីការបង្កើតគណៈកម្មការជាតិដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិដែលមានការចូលរួមពីកងរាជអាវុធហត្ថ ក្រសួងបរិស្ថាន ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងរដ្ឋបាលខេត្ត នៅថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០១៦។ គណៈកម្មាធិការនេះមានភារកិច្ចដូចខាងក្រោម៖
- ចុះទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ ដូចជាការកាប់ព្រៃឈើ ការដឹកឈើ និងការនាំចេញឈើខុសច្បាប់ ការចាប់សត្វព្រៃ និងការនាំចេញសត្វព្រៃខុសច្បាប់ ការកាប់រានទន្ទ្រានយកដីរដ្ឋ ព្រមទាំងការរុករករ៉ែដោយខុសច្បាប់នៅទូទាំងប្រទាំង
- អង្កេត និងស្រាវជ្រាវរកអ្នកប្រព្រឹត្ត និងអ្នកពាក់ព័ន្ធ និងសកម្មភាពនៃបទល្មើសធនធានធម្មជាតិ
- ចាប់ជនល្មើស និងវត្ថុតាង នៃបទល្មើសធនធានធម្មជាតិ ហើយរៀបចំកសាងសំណុំរឿងបញ្ជូនទៅតុលាការតាមនិតិវិធី
- សហការជាមួយភាគី វៀតណាម ថៃ និងឡាវ ដើម្បីបង្ការទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិឱ្យមានប្រសិទ្ធិភាពក្នុងករណីចាំបាច់
- ធ្វើរបាយការណ៍អំពីលទ្ធផលការងាររបស់គណៈកម្មការជាតិនេះជូនរដ្ឋាភិបាល
- បំពេញភារកិច្ចផ្សេងៗទៀតដែលរាជរដ្ឋាភិបាលប្រគល់ជូន។27
ទាក់ទងនឹងការការពារព្រៃឈើ
- ព្រៃឈើ និងរុក្ខាប្រមាញ់
- គម្របព្រៃឈើ
- គោលនយោបាយ និងការគ្រប់គ្រងព្រៃឈើ
- វាក្យសព្ទ និងនិយមន័យ
- ការធ្វើរបាយការណ៍គម្របព្រៃឈើ
ឯកសារយោង
- 1. Kai Kresek, “តើអ្វីកំពុងកើតឡើងក្នុងព្រៃកម្ពុជា,” អង្គការឃ្លាំមើលព្រៃឈើសកល, ថ្ងៃទី ២៦ ខែកក្កដា ឆ្នាំ២០១៩, បានចូលអាននៅថ្ងៃទី ១៤ ខែមីនា ឆ្នាំ២០២២។
- 2. គំនិតផ្តួចផ្តើមសកល, “បទល្មើសព្រៃឈើក្នុងប្រទេសកម្ពុជា៖ បទល្មើសព្រៃឈើក្នុងដែនជម្រកសត្វព្រៃព្រៃឡង់,” ខែមីនា ឆ្នាំ២០២១, បានចូលអាននៅថ្ងៃទី ១៤ ខែមីនា ឆ្នាំ២០២២។
- 3. អង្គការទិន្នន័យអំពីការអភិវឌ្ឍ, “អង្គការការពារព្រៃឈើ,” ថ្ងៃទី ២៧ ខែធ្នូ ឆ្នាំ២០១៧, បានចូលអាននៅថ្ងៃទី ១៤ ខែមីនា ឆ្នាំ២០២២។
- 4. រាជរដ្ឋាភិបាលកម្ពុជា, “ច្បាប់ស្តីពីព្រៃឈើ,” ឆ្នាំ២០០២, បានចូលអាននៅថ្ងៃទី ១៤ ខែមីនា ឆ្នាំ២០២២។
- 5. រាជរដ្ឋាភិបាលកម្ពុជា, “អនុក្រឹត្យលេខ ៥៣ ស្តីពីនិតិវិធី ការបង្កើត ការចាត់ថ្នាក់ និងការចុះបញ្ជីកាសម្បត្តិព្រៃឈើអចិន្ត្រៃយ៍,” ថ្ងៃទី ០១ ខែមេសា ឆ្នាំ២០០៥, បានចូលអាននៅថ្ងៃទី ១៤ ខែមីនា ឆ្នាំ២០២២។
- 6. “ការយល់ដឹងអំពីលំហូរ និងការគ្រប់គ្រងព្រៃឈើនៅក្នុងប្រទេសកម្ពុជាក្នុងបរិបទនៃ FLEGT,” សេវាកម្មព្រៃឈើសកល រដ្ឋបាលព្រៃឈើកម្ពុជា និងសហភាពអឺរ៉ុប FLEGT Facility, ឆ្នាំ២០១៤, បានចូលអាននៅថ្ងៃទី ១៤ ខែមីនា ឆ្នាំ២០២២។
- 7. រាជរដ្ឋាភិបាលកម្ពុជា, "ច្បាប់ស្តីពីតំបន់ការពារធម្មជាតិ," ថ្ងៃទី ១៥ ខែកុម្ភៈ ឆ្នាំ២០០៨, បានចូលអាននៅថ្ងៃទី ១៤ ខែមីនា ឆ្នាំ២០២២។
- 8. "ការយល់ដឹងអំពីលំហូរ និងការគ្រប់គ្រងព្រៃឈើនៅក្នុងប្រទេសកម្ពុជាក្នុងបរិបទនៃ FLEGT," សេវាកម្មព្រៃឈើសកល រដ្ឋបាលព្រៃឈើកម្ពុជា និងសហភាពអឺរ៉ុប FLEGT Facility, ឆ្នាំ២០១៤, បានចូលអាននៅថ្ងៃទី ១៤ ខែមីនា ឆ្នាំ២០២២។
- 9. រាជរដ្ឋាភិបាលកម្ពុជា, "ច្បាប់ស្តីពីតំបន់ការពារធម្មជាតិ," ថ្ងៃទី ១៥ ខែកុម្ភៈ ឆ្នាំ២០០៨, បានចូលអាននៅថ្ងៃទី ១៤ ខែមីនា ឆ្នាំ២០២២។
- 10. "ការយល់ដឹងអំពីលំហូរ និងការគ្រប់គ្រងព្រៃឈើនៅក្នុងប្រទេសកម្ពុជាក្នុងបរិបទនៃ FLEGT," សេវាកម្មព្រៃឈើសកល រដ្ឋបាលព្រៃឈើកម្ពុជា និងសហភាពអឺរ៉ុប FLEGT Facility, ឆ្នាំ២០១៤, បានចូលអាននៅថ្ងៃទី ១៤ ខែមីនា ឆ្នាំ២០២២។
- 11. រាជរដ្ឋាភិបាលកម្ពុជា, "ច្បាប់ស្តីពីព្រៃឈើ," ឆ្នាំ២០០២, បានចូលអាននៅថ្ងៃទី ១៤ ខែមីនា ឆ្នាំ២០២២។
- 12. រាជរដ្ឋាភិបាលកម្ពុជា, "ច្បាប់ស្តីពីកិច្ចការពារបរិស្ថាន និងការគ្រប់គ្រងធនធានធម្មជាតិ," ថ្ងៃទី ២៤ ខែធ្នូ ឆ្នាំ១៩៩៦, បានចូលអាននៅថ្ងៃទី ១៥ ខែមីនា ឆ្នាំ២០២២។
- 13. "ការយល់ដឹងអំពីលំហូរ និងការគ្រប់គ្រងព្រៃឈើនៅក្នុងប្រទេសកម្ពុជាក្នុងបរិបទនៃ FLEGT," សេវាកម្មព្រៃឈើសកល រដ្ឋបាលព្រៃឈើកម្ពុជា និងសហភាពអឺរ៉ុប FLEGT Facility, ឆ្នាំ២០១៤, បានចូលអាននៅថ្ងៃទី ១៤ ខែមីនា ឆ្នាំ២០២២។
- 14. រាជរដ្ឋាភិបាលកម្ពុជា, "អនុក្រឹត្យលេខ ៧៩ ស្តីពីការគ្រប់គ្រងសហគមន៍ព្រៃឈើ," មាត្រា ១២, ថ្ងៃទី ១០ ខែមករា ឆ្នាំ២០១៦, បានចូលអាននៅថ្ងៃទី ១៤ ខែមីនា ឆ្នាំ២០២២។
- 15. "ការយល់ដឹងអំពីលំហូរ និងការគ្រប់គ្រងព្រៃឈើនៅក្នុងប្រទេសកម្ពុជាក្នុងបរិបទនៃ FLEGT," សេវាកម្មព្រៃឈើសកល រដ្ឋបាលព្រៃឈើកម្ពុជា និងសហភាពអឺរ៉ុប FLEGT Facility, ឆ្នាំ២០១៤, បានចូលអាននៅថ្ងៃទី ១៤ ខែមីនា ឆ្នាំ២០២២។
- 16. "កម្មវិធីព្រៃឈើថ្នាក់ជាតិឆ្នាំ ២០១០-២០២៩," ថ្ងៃទី ១៨ ខែតុលា ឆ្នាំ២០១០, បានចូលអាននៅថ្ងៃទី ១៤ ខែមីនា ឆ្នាំ២០២២។
- 17. ដូចឯកសារយោងខាងលើ។
- 18. ដូចឯកសារយោងខាងលើ។
- 19. កម្មវិធីអភិវឌ្ឍន៍អង្គការសហប្រជាជាតិ, "សេចក្តីសង្ខេបនៃគម្រោងគ្រប់គ្រងព្រៃឈើប្រកបដោយនិរន្តរភាព," បានចូលអាននៅថ្ងៃទី ១៤ ខែមីនា ឆ្នាំ២០២២។
- 20. IUCN, "ការឆ្លើយតបកម្រិតសហគមន៍ចំពោះអំពើហិង្សាព្រៃឈើនៅកម្ពុជា," ថ្ងៃទី ១០ ខែកក្កដា ឆ្នាំ២០២១, បានចូលអាននៅថ្ងៃទី ១៤ ខែមីនា ឆ្នាំ២០២២។
- 21. AFoCO, "វិសាលភាព ប្រសិទ្ធភាព និងការកើនឡើងនៃសហគមន៍ព្រៃឈើជាង ៣០ឆ្នាំក្នុងប្រទេសកម្ពុជា," ថ្ងៃទី ១៧ ខែមករា ឆ្នាំ២០២០, បានចូលអាននៅថ្ងៃទី ១៥ ខែមីនា ឆ្នាំ២០២២។
- 22. ម៉ៅ ចាន់វីរៈ, "តំបន់សហគមន៍ថ្មីចំនួនប្រាំបីដែលត្រូវការពារ," ខ្មែរថាមស៍, ថ្ងៃទី ២៤ ខែមីនា ឆ្នាំ២០២១, បានចូលអាននៅថ្ងៃទី ១៦ ខែមីនា ឆ្នាំ២០២២។
- 23. រាជរដ្ឋាភិបាលកម្ពុជា, "ច្បាប់ស្តីពីតំបន់ការពារធម្មជាតិ," ថ្ងៃទី ១៥ ខែកុម្ភៈ ឆ្នាំ២០០៨, បានចូលអាននៅថ្ងៃទី ១៤ ខែមីនា ឆ្នាំ២០២២។
- 24. សាន្ត សុជាតិលក្ខិណា, "បង្ហាញពីភាពជោគជ័យ៖ ការវាយតម្លៃសហគមន៍តំបន់ការពារនៅកម្ពុជា,"នាយកដ្ឋានអភិរក្ស-ការពារធម្មជាតិ ក្រសួងបរិស្ថាន, បានចូលអាននៅថ្ងៃទី ១៦ ខែមីនា ឆ្នាំ២០២២។
- 25. ដូចឯកសារយោងខាងលើ។
- 26. ម៉ៅ ចាន់វីរៈ, "តំបន់សហគមន៍ថ្មីចំនួនប្រាំបីដែលត្រូវការពារ," ខ្មែរថាមស៍, ថ្ងៃទី ២៤ ខែមីនា ឆ្នាំ២០២១, បានចូលអាននៅថ្ងៃទី ១៦ ខែមីនា ឆ្នាំ២០២២។
- 27. រាជរដ្ឋាភិបាលកម្ពុជា, "សេចក្តីសម្រេចលេខ ១២៧ ស្តីពីការបង្កើតគណៈកម្មការជាតិដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ," ថ្ងៃទី ០៧ ខែធ្នូ ឆ្នាំ២០១៦, បានចូលអាននៅថ្ងៃទី ១៦ ខែមីនា ឆ្នាំ២០២២។