គោលនយោបាយ និងការគ្រប់គ្រង វិស័យវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា

​ប្រទេស​កម្ពុជា​មាន​មហិច្ឆតា​ក្នុង​ការ​ផ្លាស់​ប្តូរ​ និង​ធ្វើ​ឌី​ជី​ថ​លូ​ប​នី​យ​កម្ម​ប្រ​ព​ន្ធ័​រដ្ឋាភិបាល​ និង​សេដ្ឋកិច្ច​របស់​ខ្លួន​។​ ការ​ប្តេជ្ញា​ចិត្ត​យ៉ាងមុតមាំកើតឡើង​បន្ទាប់​ពី​មាន​​ការកំណត់​គោលដៅ​សេដ្ឋកិច្ច​ដ៏​មាន​មហិច្ឆតា​របស់​​ខ្លួន​​នៅ​ឆ្នាំ​ ២០៥០​ ការ​ត្រៀមខ្លួន​ដើម្បី​បន្ត​ជាមួយនឹង​ការ​អភិវឌ្ឍវិទ្យាសាស្ត្រ​ និង​បច្ចេកវិទ្យា​នៅ​ក្នុង​តំបន់​ និង​ និន្នាការ​ពិភពលោក​​ ​បដិវត្ត​ឧស្សាហកម្ម​ទី​បួន​ (IR​ 4.0)​។​​1 IR4.0​ សំដៅ​ទៅ​លើ​និន្នាការ​នៃ​ការ​អភិវឌ្ឍ​សកល​ដែល​ភាព​ជឿនលឿន​ផ្នែក​បច្ចេកវិទ្យា​ គឺជា​ស្នូល​នៃ​ការ​ផ្លាស់​ប្តូរ​ទេសភាព​ឧស្សាហកម្ម​នៃ​ពិភពលោក​។​​2

នៅ​សតវត្សរ៍​ទី​ ២១​ ភាព​ជឿនលឿន​នៃ​វិទ្យាសាស្ត្រ​ និង​បច្ចេកវិទ្យា​បាន​ផ្តល់​នូវ​មហិច្ឆតា​ដ៏​មាន​សក្តានុពល​ដល់​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​សង្គម​ ដោយសារ​តែ​សមត្ថភាព​របស់​វា​ក្នុង​ការ​ព​ន្លឿ​ន​ផលិតភាព​ និង​ការ​ផ្លាស់​ប្តូរ​ពិភពលោក​ឆ្ពោះទៅ​រក​បដិវត្តន៍​ឧស្សាហកម្ម​បន្ទាប់​។​3​ ការ​រីក​ដុះដាល​នៃ​នវានុវត្តន៍​បច្ចេកវិទ្យា​បាន​ធ្វើ​ឱ្យ​មានការ​ផ្លាស់​ប្តូរ​ទីផ្សារ​ការងារ​ពី​ជំនាញ​កំរិត​ទាប​ និង​មធ្យម​ទៅ​មូលដ្ឋាន​ជំនាញ​កំរិត​ខ្ពស់​ដែល​បច្ចេកវិទ្យា​ និង​ការ​រីក​ចម្រើន​វិ​ស័យ​ឌី​ជី​ថ​ល​នាំ​មក​នូវ​ការ​ផ្លាស់​ប្តូរ​នៅ​ក្នុង​កត្តា​ជំរុញ​សេដ្ឋកិច្ច​ និង​ជះ​ឥទ្ធិពល​យ៉ាង​ខ្លាំង​ដល់​ជីវិត​ប្រចាំ​ថ្ងៃ​របស់​បុគ្គល​ម្នាក់ៗ​។​4

ការ​ផ្លាស់​ប្តូរ​ឆ្ពោះទៅរ​កប​ដិ​រត្ត​ឧស្សាហកម្ម​ទី​ ៤​ តម្រូវ​ឱ្យ​មាន​មូលដ្ឋាន​ឌី​ជី​ថ​ល​ និង​សង្គម​ដ៏​រឹង​មាំ​ និង​ធន់​។​ ដោយ​ទទួលស្គាល់​យ៉ាង​ពេញលេញ​នូវ​ភាពយឺត​យ៉ាវ​របស់​ប្រទេស​ រាជរដ្ឋាភិបាល​កម្ពុជា​បាន​បង្ហាញ​ពី​កិច្ច​ខិតខំ​ប្រឹងប្រែង​ និង​ការ​ប្តេជ្ញា​ចិត្ត​ក្នុង​ការ​រួម​បញ្ចូល​វិទ្យាសាស្ត្រ​ និង​បច្ចេកវិទ្យា​ទៅ​ក្នុង​វិស័យ​យុទ្ធសាស្ត្រ​ស្នូល​ រួម​មានការ​អប់រំ​ សេដ្ឋកិច្ច​ អភិបាលកិច្ច​ ប្រតិបត្តិការ​ហិរញ្ញវត្ថុ​ ការ​អភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​ និង​ផលិតកម្ម​។​

​រាជរដ្ឋាភិបាល​បាន​ទទួលស្គាល់​ពី​សារៈសំខាន់​នៃ​វិទ្យាសាស្ត្រ​ និង​បច្ចេកវិទ្យា​ក្នុង​ការ​អភិវឌ្ឍ​នយោបាយ​ សង្គម​ និង​សេដ្ឋកិច្ច​របស់​ប្រទេស​។​ ជា​លទ្ធផល​ រាជរដ្ឋាភិបាល​បាន​បង្កើត​ក្រសួង​ឧស្សាហកម្ម​ វិទ្យាសាស្ត្រ​ បច្ចេកវិទ្យា​ និង​នវានុវត្តន៍​ (MISTI)​។​ ការ​សម្រេចចិត្ត​នេះ​បង្ហាញ​ពី​ការ​យកចិត្តទុកដាក់​របស់​រដ្ឋាភិបាល​ និង​ចក្ខុវិស័យ​រយៈពេល​វែង​នៃ​ការ​បង្កើត​មូលដ្ឋាន​គ្រឹះ​វិទ្យាសាស្ត្រ​ និង​បច្ចេកវិទ្យា​ដ៏​រឹង​មាំ​។​ ក្រសួង​ឧស្សាហកម្ម​ វិទ្យាសាស្ត្រ​ បច្ចេកវិទ្យា​ និង​នវានុវត្តន៍​ត្រូវ​បាន​បង្កើត​ឡើង​ក្នុង​ឆ្នាំ​ ២០២០​​5 ហើយ​មាន​ទំនួល​ខុស​ត្រូវ​ក្នុង​ការ​រៀបចំ​ ការ​គ្រប់គ្រង​ ការ​លើកកម្ពស់​ ការ​គាំទ្រ​ និង​ការ​អនុវត្ត​គោលនយោបាយ​ កម្មវិធី​អភិវឌ្ឍន៍​ និង​បច្ចេកវិទ្យា​ច្នៃប្រឌិត​ក្នុង​វិស័យ​វិទ្យាសាស្ត្រ​ បច្ចេកវិទ្យា​ និង​ការ​ច្នៃប្រឌិត​ រួម​ទាំង​សិប្បកម្ម​ និង​ទឹក​ស្អាត​នៅ​ថ្នាក់​ជាតិ​ និង​ថ្នាក់​ក្រោម​ជាតិ​។​6

​គោលនយោបាយ​វិស័យ​វិទ្យាសាស្ត្រ​ និង​បច្ចេកវិទ្យា​

គោលនយោបាយ​ជាតិ​ វិទ្យាសាស្ត្រ​ និង​បច្ចេកវិទ្យា​សំខាន់ៗ​ និង​ក្រប​ខ័ណ្ឌ​យុទ្ធសាស្ត្រ​រួម​មានៈ​

​គោលនយោបាយ​ជាតិ​ស្តី​ពី​វិទ្យាសាស្ត្រ​ បច្ចេកវិទ្យា​ និង​នវានុវត្តន៍​ ២០២០-២០៣០

ស្រប​តាម​គោលដៅ​សេដ្ឋកិច្ច​របស់​កម្ពុជា​ឆ្នាំ​ ២០៥០​ គោលនយោបាយ​នេះ​ត្រូវ​បាន​បង្កើត​ឡើង​ក្នុង​ឆ្នាំ​ ២០១៩​ និង​បង្កើត​ដោយ​ក្រុមប្រឹក្សា​វិទ្យាសាស្ត្រ​ និង​បច្ចេកវិទ្យា​ជាតិ​។​ វា​ត្រូវ​បាន​ចាត់​ទុក​ថា​ជា​ក្រប​ខ័ណ្ឌ​គោលនយោបាយ​ចម្បង​ ដែល​ណែនាំ​ក្រសួង​ ស្ថាប័ន​ពាក់ព័ន្ធ​ផ្សេង​ទៀត​ឱ្យ​ចាត់វិធានការ​បន្ថែម​ទៀត​ចំពោះ​វិស័យ​វិទ្យាសាស្ត្រ​ បច្ចេកវិទ្យា​ និង​នវានុវត្តន៍​។​ គោលដៅ​ចម្បង​នៃ​គោលនយោបាយ​នេះ​ គឺ​ដើម្បី​ពង្រឹង​មូលដ្ឋាន​គ្រឹះ​នៃ​វិទ្យាសាស្ត្រ​ បច្ចេកវិទ្យា​ និង​នវានុវត្តន៍​ និង​បង្កើត​ប្រព័ន្ធ​អេកូ​នវានុវត្តន៍​សម្រាប់​ការ​អភិវឌ្ឍ​ប្រកបដោយ​ចីរភាព​ និង​ធានា​ការ​កែ​លម្អ​គុណភាព​ជីវិត​នៅ​គ្រប់​ផ្នែក​ និង​វិស័យ​។​ ក្របខ័ណ្ឌ​ទស្សនាទាន​នៃ​គោលនយោបាយ​នេះ​សង្កត់ធ្ងន់​លើ​តួនាទី​នៃ​ការ​អភិវឌ្ឍមូលធន​មនុស្ស​ ប្រព័ន្ធ​អេកូ​នវានុវត្តន៍​ប្រកបដោយ​ភាព​ច្នៃប្រឌិត​ និង​វិធីសាស្ត្រ​ស្រាវជ្រាវ​ ដើម្បី​កាត់​បន្ថយ​គម្លាត​នៃ​ជំនាញ​វិទ្យាសាស្ត្រ​ និង​បច្ចេកវិទ្យា​ជាមួយ​ប្រទេស​ផ្សេង​ទៀត​នៅ​ក្នុង​តំបន់​។​7​ ដូចដែល​បាន​រៀបរាប់​នៅ​ក្នុង​គោលនយោបាយ​ ការ​អភិវឌ្ឍ​វិស័យ​វិទ្យាសាស្ត្រ​ បច្ចេកវិទ្យា​ និង​នវានុវត្តន៍​មាន​លក្ខណៈ​អន្តរ​វិស័យ​ និង​កំរិត​​ជំនាញ​ខ្ពស់​ និង​តម្រង់​ទិស​ជំនាញ​ខ្ពស់​ ដែល​ទាមទារ​ឱ្យ​មាន​កិច្ច​សហប្រតិបត្តិការ​រវាង​ក្រសួង​ពាក់ព័ន្ធ​ និង​ភាគី​ពាក់ព័ន្ធ​ជា​ច្រើន​។​ នៅ​ក្នុង​ផែនការ​សកម្មភាព​នៃ​គោលនយោបាយ​នេះ​ ស្ថាប័ន​ជាតិ​ពាក់ព័ន្ធ​គួរតែ​បង្កើត​នាយកដ្ឋាន​វិទ្យាសាស្ត្រ​ បច្ចេកវិទ្យា​ និង​នវានុវត្តន៍​ផ្ទាល់ខ្លួន​របស់​ពួក​គេ​ ដើម្បី​ត្រួតពិនិត្យ​ ចូលរួម​ និង​កែ​លម្អ​វិទ្យាសាស្ត្រ​ បច្ចេកវិទ្យា​ និង​ការ​ស្រាវជ្រាវ​ប្រកបដោយ​ភាព​ច្នៃប្រឌិត​ ស្រប​តាម​វិស័យ​អាទិភាព​របស់​ស្ថាប័ន​នីមួយៗ​។​ លើស​ពី​នេះ​ វិទ្យាសាស្ត្រ​ បច្ចេកវិទ្យា​ និង​នវានុវត្តន៍​ក្នុង​វិស័យ​សេវាកម្ម​សាធារណៈ​ ដូច​ជា​សកម្មភាព​ទាក់ទង​នឹង​កម្មសិទ្ធិបញ្ញា​ ស្តង់ដារ​ជាតិ​ស្តី​ពី​ការ​បញ្ជាក់​ និង​សមត្ថភាព​បច្ចេកវិទ្យា​ ត្រូវ​បាន​លើកទឹកចិត្ត​ឱ្យ​កែ​លម្អ​។​

​ផែនទី​បង្ហាញផ្លូវ​ វិទ្យាសាស្ត្រ​ បច្ចេកវិទ្យា​ និង​នវានុវត្តន៍​កម្ពុជា​​ ២០៣០

​ផែនទី​បង្ហាញផ្លូវ​វិទ្យាសាស្ត្រ​ បច្ចេកវិទ្យា​ និង​នវានុវត្តន៍​ ២០៣០​ គឺជា​ក្រប​ខ័ណ្ឌ​យុទ្ធសាស្ត្រ​ជាតិ​ដែល​ឆ្លើយ​តប​ទៅ​នឹង​តម្រូវការ​ក្នុង​ការ​បង្រួបបង្រួម​មូលដ្ឋាន​គ្រឺះ​នៃ​ វ​.​ប​.​ន​ ពង្រឹង​ប្រព័ន្ធ​អេកូ​ឌី​ជី​ថ​ល​ និង​បង្កើត​បរិយាកាស​សម្រាប់​ការ​អភិវឌ្ឍ​ប្រកបដោយ​ចីរភាព​។​ ក្រសួង​ឧស្សាហកម្ម​ វិទ្យាសាស្ត្រ​ បច្ចេកវិទ្យា​ និង​នវានុវត្តន៍​ (MISTI)​ បាន​បង្កើត​ក្របខ័ណ្ឌ​គោលនយោបាយ​ ដោយ​សង្កត់ធ្ងន់​លើ​វិស័យ​សំខាន់ៗ​ចំនួន​ប្រាំ​ រួម​មាន​ អភិបាលកិច្ច​ ការ​អប់រំ​ ការ​ស្រាវជ្រាវ​ កិច្ច​សហប្រតិបត្តិការ​ និង​ប្រព័ន្ធ​អេកូឡូស៊ី​។​

សេចក្តីសង្ខេបផែនទីបង្ហាញផ្លូវ វ.ប.ន កម្ពុជា ២០៣០។ ប្រភព: ផែនទីបង្ហាញផ្លូវ វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍កម្ពុជា ឆ្នាំ ២០៣០។


​ផែនទី​បង្ហាញផ្លូវ​ចង់​សម្រេច​គោលបំណង​របស់​ខ្លួន​ដោយ​ការ​សម្រប​ខ្លួន​ និង​ទទួលយក​បច្ចេកវិទ្យា​ដែល​មាន​ស្រាប់​ និង​ថ្មី​ និង​គាំទ្រ​ការ​ច្នៃប្រឌិត​ថ្មី​។​ សសរស្តម្ភ​សំខាន់ៗ​ចំនួន​ប្រាំ​នៃ​ផែនទី​ផ្លូវ​វិទ្យាសាស្ត្រ​ បច្ចេកវិទ្យា​ និង​នវានុវត្តន៍​ឆ្នាំ​ ២០៣០ គឺ​៖

  1. ពង្រឹង​អភិបាលកិច្ច​របស់​ប្រព័ន្ធ​ វ​.​ប​.​ន​
  2. កសាង​ធនធាន​មូលធន​ក្នុង​វិស័យ​ វ​.​ប​.​ន​
  3. ពង្រឹងសមត្ថភាព​ស្រាវជ្រាវ​ និង​គុណភាព​
  4. បង្កើន​កិច្ចសហការ​និង​បណ្តាញ​រវាង​តួអង្គ​ពាក់ព័ន្ធ​
  5. ​ ​ជំរុញ​ប្រព័ន្ធ​អេកូឡូស៊ី​ដែល​បង្ក​បរិយាកាស​ដល់​ការ​ពង្រឹងសមត្ថភាព​ស្រូប​យក​បច្ចេកវិទ្យា​ និង​ចំណេះដឹង​ថ្មី​ក្នុង​ក្រុមហ៊ុន​ និង​ទាក់ទាញ​ការ​វិនិយោគ​លើ​វិស័យ​ វ​.​ប​.​ន​។​

ក្រប​ខ័ណ្ឌ​គោលនយោបាយ​សេដ្ឋកិច្ច​ និង​សង្គម​ឌី​ជី​ថ​ល​កម្ពុជា​ ២០២១-២០៣៥

​ក្របខ័ណ្ឌ​គោលនយោបាយ​នេះ​មាន​គោលបំណង​កសាង​សេដ្ឋកិច្ច​ និង​សង្គម​ឌី​ជី​ថ​ល​ដ៏​រស់​រវើក​មួយ​ដោយ​ដាក់​ជា​មូលដ្ឋាន​គ្រឹះ​សម្រាប់​ការ​លើកកម្ពស់​ការ​សម្រប​ខ្លួន​តាម​ឌី​ជី​ថ​ល​ និង​ការ​ផ្លាស់​ប្តូរ​នៅ​ក្នុង​គ្រប់​វិស័យ​នៃ​សង្គម​ដែល​មាន​ដូច​ជា​ រដ្ឋាភិបាល​ ប្រជាពលរដ្ឋ​ និង​អាជីវកម្ម​ ដើម្បី​លើកកម្ពស់​កំណើនសេដ្ឋកិច្ច​ថ្មី​ និង​ជំរុញ​សុខុមាលភាព​សង្គម​នៅ​ក្នុង​គន្លង​ថ្មី​នេះ​។​ គោលការណ៍​សំខាន់ៗ​ចំនួន​បី​ត្រូវ​បាន​អនុវត្ត​នៅ​ក្នុង​ក្របខ័ណ្ឌ​គោលនយោបាយ​នេះ​ ពោល​គឺ​ការ​កសាង​មូលដ្ឋាន​គ្រឹះ​ឌី​ជី​ថ​ល​ ការ​អនុម័ត​ឌី​ជី​ថ​ល​ និង​ការ​ផ្លាស់​ប្តូរ​។​ គោលការណ៍​ចំនួន​បី​ត្រូវ​បាន​អនុវត្ត​នៅ​ក្នុង​ក្របខ័ណ្ឌ​គោលនយោបាយ​នេះ​ ពោល​គឺ​ការ​កសាង​មូលដ្ឋាន​គ្រឹះ​ឌី​ជី​ថ​ល​ ការ​ចាប់​យក​ឌី​ជី​ថ​ល​ និង​ការ​ធ្វើ​បរិវត្ត​កម្ម​ឌី​ជី​ថ​ល​។​​8

គោលការណ៍ និងក្របខ័ណ្ឌសម្រាប់កសាងសេដ្ឋកិច្ច និងសង្គមឌីជីថលកម្ពុជា។ ប្រភព: ក្របខណ្ឌគោលនយោបាយសេដ្ឋកិច្ច និងសង្គមឌីជីថលកម្ពុជា ២០២១-២០៣៥


​គោលដៅ​ចម្បង​នៃ​ក្របខ័ណ្ឌ​គោលនយោបាយ​សេដ្ឋកិច្ច​ឌី​ជី​ថ​ល​ និង​សង្គម​ ២០២១-២០៣៥​ គឺ​៖

  1. ការ​អភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​៖​ ផ្តោត​លើ​ការ​អភិវឌ្ឍ​បណ្តាញ​អ៊ី​ន​ធឺ​ណែ​ត​ល្បឿន​លឿន​ ប្រព័ន្ធ​ទូទាត់​ឌី​ជី​ថ​ល​ និង​ប្រព័ន្ធ​ភ័ស្តុភារ​សម្រាប់​ដំណើរការ​អភិវឌ្ឍ​សេដ្ឋកិច្ច​សង្គម​ឌី​ជី​ថ​ល​។
  2. ការ​កសាង​ភាព​ជឿជាក់​ និង​ទំនុកចិត្ត​លើ​ប្រព័ន្ធ​ឌី​ជី​ថ​ល​៖​ សង្កត់ធ្ងន់​លើ​សារៈសំខាន់​នៃ​សន្តិសុខ​ឌី​ជី​ថ​លតា​មរយៈ​ការ​លើកកម្ពស់​ការ​យល់​ដឹង​ និង​ការ​បង្កើត​ប្រព័ន្ធ​ច្បាប់​។
  3. ការ​កសាង​ពលរដ្ឋ​ឌី​ជី​ថ​ល​៖​ ការ​លើកកម្ពស់​ភាព​ជា​អ្នកដឹកនាំ​ឌី​ជី​ថ​ល​ ការ​ប្រមូលផ្តុំ​ទេព​កោសល្យ​ឌី​ជី​ថ​ល​ និង​ការ​ផ្លាស់​ប្តូរ​ធនធានមនុស្ស​ទៅ​ជា​កម្លាំង​ជំរុញ​។
  4. ការ​កសាង​រដ្ឋាភិបាល​ឌី​ជី​ថ​ល​៖​ ការ​លើកកម្ពស់​សេវា​សាធារណៈ​ឌី​ជី​ថ​ល​ ការ​កែ​លម្អ​អភិបាលកិច្ច​ផ្អែក​លើ​ទិន្នន័យ​
  5. ការ​បើក​ធុរកិច្ច​ឌី​ជី​ថ​ល​៖​ ការ​លើកទឹកចិត្ត​ដល់​សហគ្រាស​ ជា​ពិសេស​សហគ្រាស​ធុន​តូច​ និង​មធ្យម​ ដើម្បី​ទទួលយក​បច្ចេកវិទ្យា​ឌី​ជី​ថ​ល​ និង​បង្កើត​ប្រព័ន្ធ​អេកូឡូស៊ី​ចាប់ផ្តើម​ដំណើរការ​ដ៏​រឹង​មាំ​មួយ​។​

​គោលនយោបាយ​រដ្ឋាភិបាល​ឌី​ជី​ថ​ល​ ២០២២-២០៣៥

​ម​ហិ​ច្ឆិ​តា​ក្នុង​ការ​បង្កើត​រដ្ឋាភិបាល​ឌី​ជី​ថ​ល​ និង​ឆ្លាត​វៃ​នៅ​កម្ពុជា​ទាមទារ​ឱ្យ​មានការ​បង្កើត​ឡើង​នូវ​ប្រព័ន្ធ​អេកូឡូស៊ី​ឌី​ជី​ថ​ល​ និង​ប្រព័ន្ធ​អេកូ​នវានុវត្តន៍​យ៉ាង​រឹង​មាំ​ ដែល​អនុញ្ញាត​ឱ្យ​មាន​ចន្លោះ​សម្រាប់​បច្ចេកវិទ្យា​ថ្មីៗ​ ដើម្បី​ដំណើរការ​នៅ​ថ្នាក់​ជាតិ​ និង​ថ្នាក់​ក្រោម​ជាតិ​។​ វា​ពាក់ព័ន្ធ​នឹង​ការ​អភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​ឌី​ជី​ថ​ល​ និង​ធនធានមនុស្ស​ ដើម្បី​យក​បច្ចេកវិទ្យា​ទាន់សម័យ​ទៅ​ប្រើប្រាស់​ និង​ទទួលយក​យ៉ាង​ពេញលេញ​។​ យុទ្ធសាស្ត្រ​ទី​ ៥​ ផ្តោត​លើ​ការ​រៀបចំ​អភិបាលកិច្ច​រដ្ឋាភិបាល​ឌី​ជី​ថ​ល​ ដែល​ក្នុង​យុទ្ធសាស្ត្រ​នេះ​មាន​រៀបរាប់​ពី​ការ​អនុវត្ត​ច្បាប់​ស្តី​ពី​រដ្ឋាភិបាល​ឌី​ជី​ថ​ល​។​ តាម​រយៈ​សិក្ខាសាលា​ផ្សព្វផ្សាយ​គោលនយោបាយ​រដ្ឋាភិបាល​ឌី​ជី​ថ​ល​ សេចក្តីព្រាងច្បាប់​ស្តី​ពី​រដ្ឋាភិបាល​ឌី​ជី​ថ​ល​ត្រូវ​បាន​បង្ហាញ​ដោយ​អនុរដ្ឋលេខាធិការក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍​ ហើយ​បច្ចុប្បន្ន​សេចក្តី​ព្រាង​នេះ​កំពុង​ស្ថិត​ក្នុង​ដំណើរការ​អភិវឌ្ឍ​។​9 សេចក្តីព្រាងច្បាប់​នេះ​ចែក​ចេញ​ជា​ ២០​ ជំពូក​ ដែល​មាន​បំណង​គ្រប់គ្រង​គ្រប់​សកម្មភាព​ដែល​ពាក់ព័ន្ធ​រដ្ឋាភិបាល​ និង​អភិបាលកិច្ច​ឌី​ជី​ថ​ល​។​​10

រូបភាពរួមនៃការរៀបចំគោលនយោបាយរដ្ឋាភិបាលឌីជីថលកម្ពុជា ២០២២-២០៣៥។ ប្រភព: គោលនយោបាយរដ្ឋាភិបាលឌីជីថលកម្ពុជា ២០២២-២០៣៥

​ប្រទេស​កម្ពុជា​បាន​ស្រមើ​ឃើញ​រដ្ឋាភិបាល​ឆ្លាត​វៃ​ និង​ប្រព័ន្ធ​ផ្តល់​សេវា​សាធារណៈ​ប្រកបដោយ​គណនេយ្យ​ភាព​ផ្អែក​លើ​ហេដ្ឋារចនាសម្ព័ន្ធ​ឌី​ជី​ថ​ល​។​ គោលនយោបាយ​ជាតិ​នេះ​នឹង​ធ្វើ​ទំនើប​កម្ម​ប្រព័ន្ធ​អភិបាលកិច្ច​ ដោយ​ដាក់​ចេញ​នូវ​យុទ្ធសាស្ត្រ​សំខាន់ៗ​ចំនួន​ ១០​ ដូច​ជា​៖

  1. ការ​រៀបចំ​ និង​កែ​លម្អ​ហេដ្ឋារចនាសម្ព័ន្ធ​កា​រត​ភ្ជាប់​ឌី​ជី​ថ​ល​
  2. ការ​រៀបចំ​ និង​កែ​លម្អ​ហេដ្ឋារចនាសម្ព័ន្ធ​ប្រព័ន្ធ​ទូទាត់​សង​ប្រាក់​ឌី​ជី​ថ​ល​សម្រាប់​សេវា​សាធារណៈ​
  3. ការ​រៀបចំ​ និង​ពង្រឹង​ហេដ្ឋារចនាសម្ព័ន្ធ​សន្តិសុខ​ឌី​ជី​ថ​ល​
  4. ការ​អភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​សេវា​ប្រៃសណីយ៍​
  5. ការ​រៀបចំ​អភិបាលកិច្ច​រដ្ឋាភិបាល​ឌី​ជី​ថ​ល​
  6. ការ​ធ្វើ​បដិវត្ត​កម្ម​រដ្ឋាភិបាល​ឌី​ជី​ថ​ល​ និង​សេវា​សាធារណៈ​
  7. ការ​កសាង​មូលធន​មនុស្ស​ឌី​ជី​ថ​ល​
  8. ​លើកកម្ពស់​ការ​ស្រាវជ្រាវ​ និង​នវានុវត្តន៍​ឌី​ជី​ថ​ល​
  9. រៀបចំ​កិច្ច​សហប្រតិបត្តិការ​ជាមួយ​ក្រុមហ៊ុន​បច្ចេកវិទ្យា​ឌី​ជី​ថ​ល​
  10. លើកកម្ពស់​ធុរកិច្ច​ថ្មី​ឌី​ជី​ថ​ល​។

​បញ្ហា​ប្រឈម​ និង​ដំណើរ​ឆ្ពោះទៅ​មុខ​

ដើម្បី​ផ្លាស់​ប្តូរ​ និង​ធ​ធ្វើ​ឌី​ជី​ថ​លូ​ប​នី​យ​កម្ម​រដ្ឋាភិបាល​ សង្គម​ និង​សេដ្ឋកិច្ច​ រាជរដ្ឋាភិបាល​កម្ពុជា​ត្រូវ​តែ​ជម្នះ​បញ្ហា​ប្រឈម​ និង​ការ​គម្រាមកំហែង​ផ្សេងៗ​ដែល​ទាក់ទង​នឹង​ការ​ប្រើប្រាស់​វិទ្យាសាស្ត្រ​ និង​បច្ចេកវិទ្យា​ដែល​មាន​ដូច​ជា​រួមការ​ផ្លាស់​ប្តូរ​ឌី​ជី​ថ​ល​ប្រកបដោយ​បរិ​យា​បន្ន​ ការ​វាយប្រហារ​តាម​ប្រព័ន្ធ​អ៊ីនធឺណិត​ ឧក្រិដ្ឋកម្ម​តាម​ប្រព័ន្ធ​អ៊ីនធឺណិត​ និង​ការ​ការពារ​ឯកជន​ភាព​។​

សន្តិសុខ​សាយ​ប័​រ​ និង​ការ​ការពារ​ឯកជន​ភាព​

​រដ្ឋាភិបាល​ជុំវិញ​ពិភពលោក​បាន​ទទួលស្គាល់​កាន់តែ​ខ្លាំង​ឡើង​អំពី​សារៈសំខាន់​នៃ​សន្តិសុខ​សាយ​ប័​រ​ក្នុង​ការ​ដោះស្រាយ​ជាមួយនឹង​ការ​បញ្ហា​ប្រឈម​ដែល​បណ្តាល​មក​ពី​ការ​ប្រើប្រាស់​បច្ចេកវិទ្យា​ឌី​ជី​ថ​ល​ទំនើប​។​​​11 យោង​តាម​អភិបាលកិច្ច​ព​ត៌​មាន​វិទ្យារ​របស់​ចក្រភព​អង់គ្លេស​ សន្តិសុខ​តាម​អ៊ីនធឺណិត​ គឺ​ “​ជា​កម្មវិធី​នៃ​បច្ចេកវិទ្យា​ ដំណើរការ​ និង​ការ​គ្រប់គ្រង​ ដើម្បី​ការពារ​ប្រព័ន្ធ​ បណ្តាញ​ កម្មវិធី​ ឧបករណ៍​ និង​ទិន្នន័យ​ពី​ការ​វាយប្រហារ​តាម​អ៊ីនធឺណិត​។​”​​​12 ហានិភ័យ​តាម​អ៊ីនធឺណិត​ដូច​ជា​ការ​វាយប្រហារ​តាម​ប្រព័ន្ធ​អ៊ីនធឺណិត​ ឧក្រិដ្ឋកម្ម​តាម​ប្រព័ន្ធ​អ៊ីនធឺណិត​ ការ​បោកប្រាស់​តាម​ប្រព័ន្ធ​អ៊ីនធឺណិត​ ការ​ក្លែងបន្លំ​ និង​បញ្ហា​ការពារ​ទិន្នន័យ​បាន​នឹង​កំពុង​កើនឡើង​យ៉ាង​ឆាប់រហ័ស​ក្នុង​រយៈពេល​ប៉ុន្មាន​ទសវត្សរ៍​ចុង​ក្រោយ​នេះ​ ដោយសារ​តែ​ការ​កើនឡើង​នៃ​ការ​សម្រប​ខ្លួន​នៃ​បច្ចេកវិទ្យា​ឌី​ជី​ថ​ល​ និង​បច្ចេកវិទ្យា​ថ្មី​។​

រដ្ឋាភិបាល​កម្ពុជា​ធ្លាប់​បាន​ជួប​ប្រទះ​ការ​វាយប្រហារ​តាម​អ៊ីនធឺណិត​មួយ​ចំនួន​នៅ​លើ​គេហទំព័រ​ផ្លូវការ​ ហើយ​ពួក​ Hacker​ បាន​លេច​ធ្លាយ​ព័ត៌មាន​សម្ងាត់​ទាំងនោះ​នៅ​លើ​ប្រព័ន្ធ​អ៊ីនធឺណិត​។​13​ ជា​រឿយៗ​ ប្រជាពលរដ្ឋ​ និង​អាជីវករ​បាន​រាយការណ៍​អំពី​ការ​ឆបោក​ និង​ការ​ក្លែងបន្លំ​តាម​អ៊ីនធឺណិត​ទៅ​អាជ្ញាធរ​ ដែល​ធ្វើ​ឲ្យ​ពួក​គេ​ខាតបង់​ពេលវេលា​ និង​ថវិកា​។​ ជាង​នេះ​ទៅ​ទៀត​ ពួក​ Hacker​ ក៏​បាន​ដាក់​គោលដៅ​វាយប្រហារ​លើ​ក្រុមហ៊ុន​ផ្តល់​សេវា​អ៊ីនធឺណិត​ (ISP)​ ដ៏​ធំ​បំផុត​មួយ​ចំនួន​របស់​កម្ពុជា​ ក្នុង​ទម្រង់​ distributed​ denial-of-service​ (DDoS)14​ វា​បណ្តាល​ឱ្យ​មាន​បញ្ហា​កា​រត​ភ្ជាប់​អ៊ី​ធឺ​ណិ​ត​នៅ​ទូ​ទាំង​ប្រទេស​។​ ទាំងនេះ​គឺជា​ឧទាហរណ៍​មួយ​ចំនួន​នៃ​ផលវិបាក​ដែល​រំខាន​នៃ​ការ​វាយប្រហារ​តាម​អ៊ីនធឺណិត​ និង​របៀប​ដែល​ពួក​គេ​អាច​ប៉ះពាល់​ដល់​ជីវិត​ប្រចាំ​ថ្ងៃ​របស់​ប្រជាពលរដ្ឋ​។​

​រដ្ឋាភិបាល​កម្ពុជា​បាន​ពង្រឹង​ក្រប​ខ័ណ្ឌ​អភិបាលកិច្ច​អ៊ីនធឺណិត​របស់​ខ្លួន​ដោយ​បង្កើត​ច្បាប់​ផ្សេងៗ​ដែល​ទាក់ទង​នឹង​ បទបញ្ជា​ និង​អាជ្ញាធរ​សន្តិសុខ​សាយ​ប័​រ​។​ ការិយាល័យ​ឆ្លើយ​តប​បញ្ហា​បន្ទាន់​នៃ​កុំព្យូទ័រ​ (CamCERT)​ ត្រូវ​បាន​បង្កើត​ឡើង​ក្នុង​ឆ្នាំ​ ២០០៧​។​​15​ CamCERT​ មាន​ទំនួល​ខុស​ត្រូវ​ក្នុង​ការ​ផ្តល់​ព័ត៌មាន​ស្តី​ពី​យោបល​ និង​គ​ន្លឺះ​ដំបូន្មាន​សុវត្ថិភាព​កុំព្យូទ័រ​ដល់​ភាគី​ពាក់ព័ន្ធ​ទាំងអស់​ដែល​មាន​ហានិភ័យ​ខ្ពស់​នៃ​ការ​វាយប្រហារ​តាម​អ៊ីនធឺណិត​។​ វា​ក៏​ដើរតួ​ជន​បង្គោល​នៅ​កម្ពុជា​សម្រាប់​ឆ្លើយ​តប​ និង​ដោះស្រាយ​បញ្ហា​សុវត្ថិភាព​កុំព្យូទ័រ​។​​16​ ក្រុមការងារ​បាន​បង្កើត​ប្រព័ន្ធ​ជូនដំណឹង​ជា​មុន​ស្តី​អំពី​សន្តិសុខ​ព័ត៌មាន​ ស្រាវជ្រាវ​បច្ចេកវិទ្យា​ថ្មីៗ​ និង​គ្រប់គ្រង​មជ្ឈមណ្ឌល​សន្តិសុខ​ជាតិ​។​​​17

ទីស្តីការគណៈរដ្ឋមន្ត្រី​ បាន​បង្កើត​ក្រុមការងារ​មួយ​នៅ​ឆ្នាំ​ ២០១០​ ដើម្បី​ធ្វើការ​តាក់តែង​ច្បាប់​ស្តី​ពី​ឧក្រិដ្ឋកម្ម​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា​គម​នា​មន៍​ និង​ព័ត៌មាន​ដែល​ជា​ឯកសារ​ច្បាប់​ចម្បង​របស់​ប្រទេស​កម្ពុជា​ ដែល​ដោះស្រាយ​បញ្ហា​ទាក់ទង​នឹង​ប្រព័ន្ធ​អ៊ីនធឺណិត​។​ ទោះជា​យ៉ាងណា​ក៏​ដោយ​ ច្បាប់​នេះ​ស្ថិត​ក្នុង​ដំណើរការ​នៃ​ការ​ធ្វើ​សេចក្តី​ព្រាង​។​ ខ្លឹមសារ​ដ៏​ចម្រូងចម្រាស​របស់​ច្បាប់​នេះ​បាន​ធ្វើ​ឱ្យ​មាន​ប្រតិកម្ម​ជា​សាធារណៈ​ និង​ការ​ភ័យ​ខ្លាច​ថា​ ច្បាប់​នេះ​អាច​នឹង​រឹតត្បិត​ថែម​ទៀត​ទៅ​លើ​សិទ្ធិ​មនុស្ស​ និង​សេរីភាព​នៃ​ការ​បញ្ចេញមតិ​តាម​អ៊ីនធឺណិត​នៅ​ក្នុង​ប្រទេស​។​​​18 ក្នុង​ឆ្នាំ​ ២០១៥​ ក្រសួង​ប្រៃសណីយ៍​ និង​ទូរគមនាគមន៍​បាន​ចេញ​សេចក្តី​បំភ្លឺ​មួយ​ ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​ក្តី​បារម្ភ​ទាំងនោះ​ថា​ សេចក្តីព្រាងច្បាប់​នេះ​កំពុង​ស្ថិត​ក្នុង​ដំណាក់កាល​ដំបូង​នៃ​ការ​អភិវឌ្ឍ​ ហើយ​ច្បាប់​នេះ​មាន​គោលបំណង​ទប់ស្កាត់​ និង​ប្រយុទ្ធ​ប្រឆាំង​នឹង​ឧក្រិដ្ឋកម្ម​តាម​ប្រព័ន្ធ​អ៊ីនធឺណិត​ដោយ​ប្រើ​ការ​អនុវត្ត​ច្បាប់​។​​​19

ក្រោម​ក្រសួង​សេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ​ ថ្នាល​ផ្លាស់​ប្តូរ​ទិន្នន័យ​កម្ពុជា​ (CamDX)​ ត្រូវ​បាន​បង្កើត​ឡើង​ ដើម្បី​ដោះស្រាយ​ជាមួយនឹង​ការ​ការពារ​ទិន្នន័យ​ និង​ការ​ការពារ​ឯកជន​ភាព​នៅ​ក្នុង​សង្គម​ដែល​ផ្តោត​លើ​ឌី​ជី​ថ​ល​។​ វា​គឺជា​វេទិកា​ប្រកបដោយ​ភាព​ច្នៃប្រឌិត​ដែល​មាន​គោលបំណង​ពង្រីក​អាជីវកម្ម​ថ្មី​នៅ​ក្នុង​ប្រទេស​។​​​20 CamDX​ ​ផ្តល់​វេទិកា​ផ្លាស់​ប្តូរ​ទិន្នន័យ​ដែល​អាច​ទុកចិត្ត​បាន​ និង​មាន​សុវត្ថិភាព​។​ យោង​តាម​គេហទំព័រ​ផ្លូវការ​របស់​គេ​ CamDX​ ធានា​ថា​ការ​ផ្លាស់​ប្តូរ​ទិន្នន័យ​រវាង​ប្រព័ន្ធ​ព័ត៌មាន​ និង​សេវាកម្ម​អតិថិជន​អាច​ទុកចិត្ត​បាន​ និង​មាន​សុវត្ថិភាព​ដោយ​ប្រើ​បច្ចេកវិទ្យា​ស្តង់ដារ​ និង​ម៉ាស៊ីន​មេ​ដែល​មាន​សុវត្ថិភាព​។​ វា​ធ្វើ​ឱ្យ​ប្រាកដ​ថា​ការ​ផ្លាស់​ប្តូរ​ទិន្នន័យ​រវាង​អតិថិជន​ត្រូវ​បាន​ឆ្លងកាត់​កូ​នី​យ​កម្ម​ (encryption)​ ដែល​ផ្តល់​នូវ​ឯកជន​ភាព​ និង​រក្សា​ការ​សម្ងាត់​។​ គិត​ត្រឹម​ខែធ្នូ​ ឆ្នាំ​ ២០២១​ មាន​ប្រតិបត្តិការ​ប្រចាំ​ថ្ងៃជា​មធ្យម​ចំនួន​ ១២,៩៦៤​ និង​អាជីវកម្ម​/​សហគ្រាស​ប្រមាណ​ ១០,​ ១៤៧​ ដែល​បាន​ចុះបញ្ជី​នៅ​លើ​វេទិកា​ចុះបញ្ជី​អាជីវកម្ម​របស់​ CamDX​ ។​​​21

​ការ​ផ្លាស់​ប្តូរ​ឌី​ជី​ថ​ល​ប្រកបដោយ​បរិ​យា​បន្ន​

​ក្នុងអំឡុងពេល​នៃ​ការ​ផ្លាស់​ប្តូរ​ឌី​ជី​ថ​ល​ បញ្ហា​ទាក់ទង​ជាមួយនឹង​លទ្ធភាព​ប្រើប្រាស់​ឌី​ជី​ថ​ល​មិន​ស្មើគ្នា​ និង​គម្លាត​បច្ចេកវិទ្យា​អាច​បង្ក​បញ្ហា​ប្រឈម​សម្រាប់​រដ្ឋាភិបាល​ និង​សង្គម​របស់​កម្ពុជា​។​ អង្គការសហប្រជាជាតិ​បាន​បង្កើត​ក្រប​ខ័ណ្ឌ​នៃ​ “​វិធីសាស្ត្រ​នៃ​សង្គម​ទាំងមូល​”​ សម្រាប់​ការ​ផ្លាស់​ប្តូរ​ឌី​ជី​ថ​ល​ប្រកបដោយ​បរិ​យា​បន្ន​ដោយ​ផ្អែក​លើ​គោលការណ៍​សំខាន់ៗ​ចំនួន​បួន​៖​ សកល​ភាព​ ការ​ទទួលខុសត្រូវ​ សមភាព​ និង​បើកចំហ​។​​22​ រដ្ឋាភិបាល​ និង​អ្នក​បង្កើត​គោលនយោបាយ​គួរតែ​ទទួលយក​គំនិត​នៃ​វិធីសាស្ត្រ​នេះ​នៅ​ពេល​បង្កើត​គោលនយោបាយ​។​​​23 វិធីសាស្ត្រ​នេះ​គឺ​ផ្អែក​លើ​សញ្ញាណ​នៃ​ការ​រួម​បញ្ចូល​ឌី​ជី​ថ​ល​ដែល​មិន​ចោល​នរណា​ម្នាក់​ និង​ធានា​ឱ្យ​មានការ​ចូល​ប្រើប្រាស់​ឌី​ជី​ថ​ល​ស្មើគ្នា​ក្នុងអំឡុងពេល​នៃ​ការ​ផ្លាស់​ប្តូរ​។​

យោង​តាម​អ្នកជំនាញ​របស់​កម្មវិធី​អភិវឌ្ឍន៍​អង្គការសហប្រជាជាតិកំណែទម្រង់​ឌីជីថល កម្ពុជា​ចាំបាច់​ត្រូវ​ដោះស្រាយ​ឧបសគ្គ​នៃ​គម្លាត​ឌី​ជី​ថ​ល​ជា​មុន​សិន​ ដើម្បី​សម្រេច​បាន​នូវ​ការ​បំប្លែង​ឌី​ជី​ថ​ល​ប្រកបដោយ​បរិ​យា​បន្ន​ និង​ដោយ​រលូន​។​​24 ឧទាហរណ៍​នៃ​របាំង​គម្លាត​ឌី​ជី​ថ​ល​មាន​ដូច​ជា​ការ​ចូល​ប្រើ​ កា​រត​ភ្ជាប់​អ៊ីនធឺណិត​ និង​គម្លាត​ធំ​ទូលាយ​នៃ​ចំណេះដឹង​ឌី​ជី​ថ​ល​។​​​25 នៅ​ឆ្នាំ​ ២០២១​ មាន​ប្រជាជន​ចំនួន​ ៨,​ ៨៦​ លាន​នាក់​បាន​ប្រើប្រាស់​អ៊ីនធឺណិត​ ដែល​ស្មើនឹង​ ៥០%​ នៃ​ចំនួន​ប្រជាជន​សរុប​។​​26​ សហភាពទូរគមនាគមន៍អន្តរជាតិ (ITU)​ បាន​រក​ឃើញ​នៅ​ឆ្នាំ​ ២០១៧​ ថា​មាន​តែ​ ៣០%​ នៃ​គ្រួសារ​នៅ​តំបន់​ជនបទ​ និង​៥០%​ នៃ​ប្រជាជន​នៅ​ទីក្រុង​ប៉ុ​ន្នោះ​ដែល​មាន​អ៊ីនធឺណិត​ប្រើប្រាស់​។​​27​ ឯកឧត្តម​ ជា​ វ៉ា​ន់​ដេ​ត​ រដ្ឋមន្ត្រីក្រសួង​ប្រៃសណីយ៍​ និង​ទូរគមនាគមន៍​ មាន​ប្រសាសន៍​ថា​ជាង​នេះ​ទៅ​ទៀត​ មាន​តែ​ ៣០%​ នៃ​ប្រជាជន​ទាំងអស់​ប៉ុណ្ណោះ​ដែល​ទទួល​បាន​ចំណេះដឹង​ផ្នែក​ឌី​ជី​ថ​ល​ជា​មូលដ្ឋាន​ដែល​អាច​ប្រើប្រាស់​ឧបករណ៍​ និង​វេទិកា​ឌី​ជី​ថ​ល​បាន​។​​​28 លោក​បាន​បន្ថែម​ថា​ គម្លាត​នេះ​ចាំបាច់​ត្រូវ​ដោះស្រាយ​ ដើម្បី​សម្រេច​បាន​នូវ​ចក្ខុវិស័យ​អភិវឌ្ឍន៍​ឌី​ជី​ថ​ល​របស់​រដ្ឋាភិបាល​។​​​29

ប្រធាន​​បទ​ពាក់​ព័ន្ធ​​នឹង​គោលនយោបាយ និងការគ្រប់គ្រង វិស័យវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា​

ឯកសារយោង

  1. 1. Dirk Willem និង et al, “ជំរុញ​ការ​បំប្លែង​ឌីជីថល​ប្រកបដោយបរិយាបន្ន​នៅ​កម្ពុជា,” ODI, ខែ កក្កដា ឆ្នាំ ២០២០, បានចូលអាននៅខែ មេសា ឆ្នាំ២០២២។
  2. 2. Alejendro Lavopa និង Michele Delera, “តើបដិវត្តន៍ឧស្សាហកម្មទី៤ ជាអ្វី?,” ខែ មករា ឆ្នាំ ២០២១,បានចូលអាននៅខែ មេសា ឆ្នាំ២០២២។
  3. 3. ដូចឯកសារយោងខាងដើម។
  4. 4. Steven Mckee និង Danny Gauch, “ផលប៉ះពាល់នៃឧស្សាហកម្ម 4.0 លើការអភិវឌ្ឍជំនាញ,” Springer, ខែ វិច្ឆិកា ឆ្នាំ ២០២០, បានចូលអាននៅខែ មេសា ឆ្នាំ២០២២។
  5. 5. រាជ​រដ្ឋា​ភិ​បាល​កម្ពុជា,“ច្បាប់ស្តីពីការបង្កើតក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍,”​ ឆ្នាំ ២០២០, បានចូលអាននៅខែ មេសា ឆ្នាំ២០២២។
  6. 6. ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍, “អំពីក្រសួង,” បានចូលអាននៅខែ មេសា ឆ្នាំ២០២២។
  7. 7. ក្រុមប្រឹក្សាជាតិវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា, “គោលនយោបាយ​ជាតិ​ស្តី​ពី​វិទ្យាសាស្ត្រ​ បច្ចេកវិទ្យា​ និង​នវានុវត្តន៍​ ២០២០-២០៣០,” ឆ្នាំ ២០១៩​, បានចូលអាននៅខែ មេសា ឆ្នាំ២០២២។
  8. 8. ក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិ, “ក្របខ័ណ្ឌគោលនយោបាយសេដ្ឋកិច្ច និងសង្គមឌីជីថលកម្ពុជា (២០២១-២០៣៥),” ខែ ឧសភា, បានចូលអាននៅខែ ឧសភា ឆ្នាំ ២០២២។
  9. 9. កង ផល្លាក់, “បទបង្ហាញ​ស្តីពីទស្សនទាននៃការរៀបចំសេចក្តីព្រាងច្បាប់រដ្ឋាភិបាលឌីជីថល,” សិក្ខាសាលាគោលនយោបាយរដ្ឋាភិបាលឌីជីថល, វគ្គទី​ ៣, បានចូលអាននៅខែ ឧសភា ឆ្នាំ ២០២២។
  10. 10. ដូចឯកសារយោងខាងដើម។
  11. 11. Henrique Santos, “មូលដ្ឋានគ្រឹះនៃសន្តិសុខ​សាយ​ប័​រ,” ខែ មេសា ឆ្នាំ ២០២២, បានចូលអាននៅខែ ឧសភា ឆ្នាំ ២០២២។
  12. 12. អភិបាលកិច្ចព័ត៌មានវិទ្យារបស់ចក្រភពអង់គ្លេស, “អ្វីទៅជា​សន្តិសុខ​សាយ​ប័​រ​?,” បានចូលអាននៅខែ ឧសភា ឆ្នាំ ២០២២។
  13. 13. សុម៉ាលី ងួន និង សុភ័ក្រ្ត ស្រ៊ុន, “ប្រទេសកម្ពុជា និង Hackers: តុល្យភាពសន្តិសុខ និងសេរីភាពក្នុងច្បាប់ឧក្រិដ្ឋកម្មតាមអ៊ីនធឺណិត,” Konrad Adenauer Stiftung, ខែ មករា ឆ្នាំ​ ២០២០, បានចូលអាននៅខែ ឧសភា ឆ្នាំ ២០២២។
  14. 14. CDRI, “អភិបាលសាយប័រ : វិធីសាស្រ្តផ្អែកលើហានិភ័យចំពោះស្ថាប័នសន្តិសុខអ៊ីនធឺណិត,” របាយការណ៍ពិសេសលេខ ១៨, បានចូលអាននៅខែ ឧសភា ឆ្នាំ ២០២២។
  15. 15. អ៊ូ ផាន់ណារិទ្ធ, “បទបង្ហាញស្តីពីសន្តិសុខសាយប័រ​,” សិក្ខាសាលាស្តីពីគោលនយោបាយរដ្ឋាភិបាលឌីជីថល, វគ្គទី ២, បានចូលអាននៅខែ ឧសភា ឆ្នាំ ២០២២។
  16. 16. ដូចឯកសារយោងខាងដើម។
  17. 17. CamCERT, “ការងារ ​CamCERT,” បានចូលអាននៅខែ ឧសភា ឆ្នាំ ២០២២។
  18. 18. Gerald Flynn និងភួង វន្ថា, “សេរីភាពតាមអ៊ីនធឺណិតរបស់កម្ពុជាក្រោមការគំរាមកំហែងពីសេចក្តីព្រាងច្បាប់ស្តីពីឧក្រិដ្ឋកម្មតាមអ៊ីនធឺណិត,” Cambodianess, ខែ តុលា ឆ្នាំ​ ២០២០, បានចូលអាននៅខែ ឧសភា ឆ្នាំ ២០២២។
  19. 19. ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍​, “ការបំភ្លឺលើសេចក្តីព្រាងច្បាប់ស្តីពីឧក្រិដ្ឋកម្មតាមអ៊ីនធឺណិត,” ខែឧសភា ឆ្នាំ ២០១៥, បានចូលអាននៅខែ ឧសភា ឆ្នាំ ២០២២។
  20. 20. ម៉ារីណា ផល, “ថ្នាល​ផ្លាស់​ប្តូរ​ទិន្នន័យ​កម្ពុជា,” សិក្ខាសាលា KAS, ខែធ្នូ ឆ្នាំ ២០២១, បានចូលអាននៅខែ ឧសភា ឆ្នាំ ២០២២។
  21. 21. ដូចឯកសារយោងខាងដើម។
  22. 22. Karina Grageda, “វិធីសាស្រ្តនៃសង្គមទាំងមូល៖ កំរិត​នៃការចូលរួម និងអត្ថន័យការចូលរួមពីភាគីពាក់ព័ន្ធផ្សេងៗនៅក្នុងដំណើរការពិនិត្យរបស់របៀបវារៈឆ្នាំ ២០៣០”, ខែ តុលា ឆ្នាំ ២០១៨, បានចូលអាននៅខែ ឧសភា ឆ្នាំ ២០២២។
  23. 23. ដូចឯកសារយោងខាងដើម។
  24. 24. Clare Curran, “ផ្លូវទៅកាន់ការបំប្លែងឌីជីថលប្រកបដោយបរិយាបន្ន,“សិក្ខាសាលាគោលនយោបាយរដ្ឋាភិបាលឌីជីថល, វគ្គទី ១, បានចូលអាននៅខែ ឧសភា ឆ្នាំ ២០២២។
  25. 25. អង្គការ Oxfam, “បង្រួបបង្រួមគម្លាតឌីជីថលនៅកម្ពុជា,” បានចូលអាននៅខែ ឧសភា ឆ្នាំ ២០២២។
  26. 26. Simon Kemp, “ឌីជីថល ២០២១: ប្រទេសកម្ពុជា,” ខែ កុម្ភៈ ឆ្នាំ ២០២១, បានចូលអាននៅខែ ឧសភា ឆ្នាំ ២០២២។
  27. 27. សហភាពទូរគមនាគមន៍អន្តរជាតិ, “ផ្ទាំងការអភិវឌ្ឍឌីជីថល,” បានចូលអាននៅខែ ឧសភា ឆ្នាំ ២០២២។
  28. 28. Ngai Nai,”កម្ពុជា​នៅ​ខ្សោយ​ផ្នែក​អក្ខរកម្ម​ឌីជីថល,” kiripost, ខែមីនា ឆ្នាំ ២០២២, បានចូលអាននៅខែ ឧសភា ឆ្នាំ ២០២២
  29. 29. ដូចឯកសារយោងខាងដើម។
ទំនាក់ទំនងយើងខ្ញុំ

ទំនាក់ទំនងយើងខ្ញុំ

បើលោកអ្នកមានសំនួរទាក់ទងនឹងខ្លឹមសារផ្សាយនៅលើគេហទំព័រ Open Development Cambodia (ODC)? យើងខ្ញុំ​នឹង​ឆ្លើយ​តប​​ដោយ​ក្តី​រីក​រាយ។

តើអ្នកបានឃើញបញ្ហាបច្ចេកទេសណាមួយនៅលើគេហទំព័រOpen Development Cambodia (ODC) ដែរឬទេ?

តើលោកអ្នកយល់យ៉ាងដូចម្តេចដែរចំពោះការងាររបស់អូឌីស៊ី?

តើលោកអ្នកមានឯកសារដែលអាចជួយពង្រីក​គេហទំព័រOpen Development Cambodia (ODC) ដែរ​ឬទេ​?​ យើងខ្ញុំ​នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ទិន្នន័យ​អំពី​ផែនទី​ ច្បាប់​ អត្ថបទ​ និង​ ឯកសារ​ដែល​ពុំ​មាននៅ​លើ​គេហទំព័រ​នេះ​ ហើយ​ពិចារណា​បោះផ្សាយ​ទិន្នន័យ​ទាំងនោះ​។​ សូម​មេត្តា​ផ្ញើ​តែ​ឯកសារ​ណា​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative Commons

ឯកសារត្រូវបានលុប
មានបញ្ហា!

កំណត់សម្គាល់៖ Open Development Cambodia (ODC) នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ឯកសារ​ដែល​បាន​បញ្ជូន​មក​យ៉ាង​ហ្មត់ចត់​ ដើម្បី​កំណត់​ភាព​ត្រឹមត្រូវ​ និង​ពាក់ព័ន្ធ​ មុន​ពេលធ្វើការ​បង្ហោះ​ផ្សាយ​។​ រាល់​ឯកសារ​ដែល​បាន​បង្ហោះ​ផ្សាយ​នឹង​ជា​ឯកសារ​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative​ Commons​។​ យើងខ្ញុំ​សូម​អគុណ​សំរាប់​ការ​គាំទ្រ​របស់​លោក​អ្នក​។​

YAWmG
* ប្រអប់មតិមិនអាចទទេ! មិនអាចបញ្ចូនបាន សូមធ្វើការបញ្ចូនម្តងទៀត! Please add the code correctly​ first.

សូម​អរគុណ​សំរាប់​ការ​ចំនាយ​ពេល​ក្នុង​ការ​ចែក​រំលែក​មក​កាន់​យើងខ្ញុំ!