សហគ្រាសធុនតូច និងមធ្យម

រូបកម្មករនៅក្នុងរោងពុម្ពមួយកន្លែងនៅប្រទេសកម្ពុជា។ រូបថត​ ដោយ ILO Asia-Pacific ថតនៅថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៧។ ក្រោមអាជ្ញាបណ្ណ CC BY-NC-ND 2.0

សហគ្រាស​ខ្នាត​តូច​ និង​មធ្យម​ ត្រូវ​បាន​គេ​ចាត់​ទុក​ថា​ជា​កម្លាំង​ជំរុញ​ដល់​កំណើនសេដ្ឋកិច្ច​សម្រាប់​បណ្តា​ប្រទេស​មាន​សេដ្ឋកិច្ច​កំពុង​រីក​លូតលាស់​។​1​សហគ្រាស​ខ្នាត​តូច​ និង​មធ្យម​ ក៏​ជំរុញ​ផង​ដែរ​ដល់​ការ​បង្កើត​ការងារ​នៅ​ទូ​ទាំង​ប្រទេស​។​ សន្ទុះ​កំណើន​ចំនួន​សហគ្រាស​ខ្នាត​តូច​ និង​មធ្យម​ ជា​ហេតុ​ធ្វើ​ឲ្យ​ ការ​ធ្វើ​ចំណាកស្រុក​រក​ការងារ​ទៅ​កាន់​ប្រទេស​ជិតខាង​ និង​អត្រា​គ្មាន​ការងារ​បាន​ថយ​ចុះ​គួរ​ឲ្យ​កត់សម្គាល់​ ដែល​ជា​លទ្ធផល​បណ្តាល​ឲ្យ​មានការ​កាត់​បន្ថយ​ភាព​ក្រីក្រ​នៅ​ក្នុង​ប្រទេស​។​2

​ដូច​គ្នា​ទៅ​នឹង​ប្រទេស​កំពុង​អភិវឌ្ឍន៍​ដទៃ​ទៀត​ដែរ​ សហគ្រាស​ខ្នាត​តូច​ និង​មធ្យម​គឺជា​ឆ្អឹងខ្នង​នៃ​សេដ្ឋកិច្ច​កម្ពុជា​ ដែល​នេះ​បាន​រួមចំណែក​ដល់​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​ និង​សង្គម​។​ សហគ្រាស​ខ្នាត​តូច​ និង​មធ្យម​ក៏​ដើរតួ​នាទី​យ៉ាង​សំខាន់​នៅ​ក្នុង​ការ​៖​ (១)​ បង្កើត​ការងារ​ (២)​ បង្កើត​ប្រាក់​ចំណូល​សម្រាប់​ប្រជាជន​ដែល​មាន​ប្រាក់​ចំណូល​ទាប​ និង​ប្រជាជន​ងាយ​រង​គ្រោះ​ និង​ (៣)​ ជំរុញ​កំណើនសេដ្ឋកិច្ច​ ស្ថេ​រ​ភាព​សង្គម​ និង​រួមចំណែក​ដល់​ការ​រីក​ចម្រើន​នៃ​វិស័យ​ឯកជន​យ៉ាង​ខ្លាំង​។​3

​របាយការណ៍​ស្ថិតិ​ប្រចាំឆ្នាំ​២០១៨​ របស់​ក្រសួង​ឧស្សាហកម្ម​ និង​សិប្បកម្ម​ ដែល​បច្ចុប្បន្ន​ត្រូវ​បាន​ប្តូរ​ឈ្មោះ​មក​ក្រសួង​ឧស្សាហកម្ម​ វិទ្យាសាស្ត្រ​ បច្ចេកវិទ្យា​ និង​នវានុវត្តន៍​ បាន​បង្ហាញ​ថា​សហគ្រាស​ខ្នាត​តូច​ និង​មធ្យម​ ដើរតួ​នាទី​យ៉ាង​សំខាន់​ក្នុង​ការ​រួមចំណែក​ដល់​សេដ្ឋកិច្ច​របស់​ប្រទេស​កម្ពុជា​ ខណៈ​ដែល​វា​បាន​បង្កើត​ការងារ​ស្មើនឹង​ចំនួន​៧០%​ នៃ​ការងារ​សរុប​៩៩,៨%​ នៃ​ចំនួន​ក្រុមហ៊ុន​សរុប​ និង​រួមចំណែក​៥៨%​ នៃ​ផលិតផល​ក្នុងស្រុក​សរុប​ (GDP)​។​4

​ដោយសារ​ការ​អភិវឌ្ឍ​សហគ្រាស​ខ្នាត​តូច​ និង​មធ្យម​មាន​សារៈសំខាន់​ចំពោះ​ការ​រក្សា​កំណើន​ និង​ភាពរឹងមាំ​សេដ្ឋកិច្ច​របស់​កម្ពុជា​។​5​ រាជរដ្ឋាភិបាល​កម្ពុជា​បាន​បង្ហាញ​ការ​ប្តេជ្ញា​ចិត្ត​របស់​ខ្លួន​ក្នុង​ការ​គាំទ្រ​ដល់​កំណើន​ពី​វិស័យ​ឯកជន​ និង​បាន​ដាក់​ចេញ​នូវ​គោលនយោបាយ​ជា​បន្តបន្ទាប់​ដែល​ផ្តោត​ទៅ​លើ​ការ​អភិវឌ្ឍ​សហគ្រាស​ខ្នាត​តូច​ និង​មធ្យម​។​ ក្នុង​ចំណោម​គោលនយោបាយ​ទាំងនោះ​ គឺ​ការ​បង្កើត​អនុ​គណៈកម្មាធិការ​សហគ្រាស​ខ្នាត​តូច​ និង​មធ្យម​នៅ​ឆ្នាំ​២០០៤​ ដែល​ជា​ស្ថាប័ន​ចម្បង​ដើម្បី​រៀបចំ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​សហគ្រាស​ខ្នាត​តូច​ និង​មធ្យម​ ។​6​ សមិទ្ធផល​សំខាន់​នៃ​អនុ​គណៈកម្មាធិការ​សហគ្រាស​ខ្នាត​តូច​ និង​មធ្យម​ គឺ​ក្របខ័ណ្ឌ​អភិវឌ្ឍន៍​សហគ្រាស​ខ្នាត​តូច​ និង​មធ្យម ​ដែល​ត្រូវ​បាន​អនុម័ត​ដោយ​ទីស្តីការគណៈរដ្ឋមន្ត្រី​ នៅ​ថ្ងៃ​ទី​២៩​ ខែកក្កដា​ ឆ្នាំ​២០០៥​ ហើយ​ត្រូវ​បាន​ប្រកាស​ជា​ផ្លូវការ​ដោយ​រដ្ឋាភិបាល​នៅ​ថ្ងៃ​ទី​២១​ ខែកុម្ភៈ​ ឆ្នាំ​២០០៦​។​7​ ក្របខ័ណ្ឌ​អភិវឌ្ឍន៍​សហគ្រាស​ខ្នាត​តូច​ និង​មធ្យម​មាន​គោលបំណង​ «​បង្កើត​បរិយាកាស​ធុរកិច្ច​អំណោយផល​មួយ​ ដែល​នឹង​នាំ​ឲ្យ​វិស័យ​សហគ្រាស​ខ្នាត​តូច​ និង​មធ្យម​ចូលរួម​ចំណែក​ដល់​ការ​បង្កើត​ការងារ​ដែល​មានគុណ​ភាព​ និង​លើកកម្ពស់​ឲ្យ​មានការ​ផលិត​ទំនិញ​ និង​សេវាកម្ម​ចម្រុះ​ក្នុង​ការ​បម្រើ​ដល់​តម្រូវការ​របស់​ប្រជាជន​កម្ពុជា​»​។​8

​មុន​ឆ្នាំ​២០០៥​ កម្ពុជា​ពុំ​មាន​និយម​ន័យ​សមូហភាព​នៃ​សហគ្រាស​ខ្នាត​តូច​ និង​មធ្យម​នៅឡើយ​ទេ​ រវាង​និយម​ន័យ​ពី​វិទ្យាស្ថាន​ជាតិ​ស្ថិតិ​ (NIS)​ និង​ពី​ក្រសួង​ឧស្សាហកម្ម​ និង​សិប្បកម្ម​ (​ដែល​ពី​មុន​ស្ថិត​នៅ​ក្នុង​ក្រសួង​ឧស្សាហកម្ម​ រ៉ែ​ និង​ថាមពល​)​។​9​ រហូត​មក​ដល់​ខែកក្កដា​ ឆ្នាំ​២០០៥​ នៅ​ពេល​ដែល​អនុ​គណៈកម្មាធិការ​សហគ្រាស​ខ្នាត​តូច​ និង​មធ្យម​របស់​រដ្ឋាភិបាល​កម្ពុជា​ត្រូវ​បាន​បង្កើត​ឡើង​ និយម​ន័យ​ជា​ផ្លូវការ​មួយ​ត្រូវ​បាន​បង្កើត​ឡើង​ដើម្បី​លុប​បំបាត់​ការ​ភាន់ច្រឡំ​។​10​ ទោះជា​យ៉ាងណា​ក៏​ដោយ​ និយម​ន័យ​សហគ្រាស​ខ្នាត​តូច​ និង​មធ្យម​នៅ​កម្ពុជា​ គឺ​មាន​ភាព​ខុស​ប្លែក​គ្នា​ពី​បណ្តា​ប្រទេស​អាស៊ាន​ទាក់ទង​នឹង​សូចនាករ​សំខាន់ៗ​មួយ​ចំនួន​។​ ឧទាហរណ៍​ នៅ​ប្រទេស​ហ្វី​លី​ពី​ន​ និយម​ន័យ​ត្រូវ​បាន​កំណត់​ដោយ​ទ្រព្យអកម្ម​ ដែល​ជា​លក្ខណៈ​វិនិច្ឆ័យ​សម្រាប់​សម្គាល់​ទំហំ​នៃ​សហគ្រាស​។​ ដោយឡែក​ ប្រទេស​ឥណ្ឌូ​នេ​ស៊ី​ប្រើប្រាស់​ទ្រព្យសកម្ម​ និង​ការ​លក់​ប្រចាំឆ្នាំ​ ខណៈ​ដែល​ប្រទេស​វៀតណាម​កំណត់​និយម​ន័យ​សហគ្រាស​ខ្នាត​តូច​ និង​មធ្យម​ទៅ​តាម​ចំនួន​និ​យោ​ជិ​ក​ និង​តម្លៃ​សរុប​នៃ​ដើមទុន​របស់​សហគ្រាស​នោះ​។​ នៅ​ប្រទេស​ឡាវ​ និយម​ន័យ​មីក្រូ​សហគ្រាស​ត្រូវ​បាន​កំណត់​នៅ​ពេល​សហគ្រាស​មាន​ចំនួន​ន​យោ​ជិ​ក​៥​នាក់​ ឬ​តិច​ជាង​នេះ​។​11

​ប្រទេស​កម្ពុជា​ ចាត់​ថ្នាក់​សហគ្រាស​ជា​ចំនួន​៤​ប្រភេទ​គឺ​ មីក្រូ​សហគ្រាស​ សហគ្រាស​ខ្នាត​តូច​ ខ្នាត​មធ្យម​ និង​សហគ្រាស​ខ្នាត​ធំ​។​ មីក្រូ​សហគ្រាស​ត្រូវ​បាន​មើលឃើញ​ថា​ មិន​មាន​លក្ខណៈ​ជា​ប្រព័ន្ធ​ និង​គ្របដណ្តប់​លើ​វិស័យ​សហគ្រាស​ខ្នាត​តូច​ និង​មធ្យម​។​12​ ក្របខ័ណ្ឌ​អភិវឌ្ឍន៍​សហគ្រាស​ខ្នាត​តូច​ និង​មធ្យម​ ដែល​បង្កើត​ឡើង​ដោយ​អនុ​គណៈកម្មាធិការ​សហគ្រាស​ខ្នាត​តូច​ និង​មធ្យម​នៃ​គណៈកម្មាធិការ​ដឹកនាំ​វិស័យ​ឯកជន​ ចាត់​ថ្នាក់​សហគ្រាស​ខ្នាត​តូច​ និង​មធ្យម​ទៅ​តាម​ចំនួន​និ​យោ​ជិ​ក​ (​ផ្អែក​លើ​និ​យោ​ជិ​ក​ដែល​ធ្វើការ​ពេញ​ម៉ោង​)​ និង​ទំហំ​នៃ​ទ្រព្យសកម្ម​នៃ​សហគ្រាស​។​ ការ​បែងចែក​ចំណាត់ថ្នាក់​របស់​អនុ​គណៈកម្មាធិការ​សហគ្រាស​ខ្នាត​តូច​ និង​មធ្យម​ត្រូវ​បាន​ផ្តល់​ជូន​នៅ​ក្នុង​រូប​ទី​១​ ខាងក្រោម​នេះ​។​13

រូបទី១៖ និយមន័យសហគ្រាសខ្នាតតូច និងមធ្យម

ចំណាត់ថ្នាក់

និយមន័យរបស់រដ្ឋាភិបាល

ចំនួននយោជិក (នាក់)

ទ្រព្យសកម្ម (មិនរាប់បញ្ចូលដី និងគិតជាដុល្លារអាមេរិក)

មីក្រូសហគ្រាស

<១១

<៥០ ០០០

សហគ្រាសខ្នាតតូច

១១ – ៥០

៥០​ ០០០ -​ ២៥០​ ០០០

សហគ្រាសខ្នាតមធ្យម

៥១​ – ១០០

២៥០ ០០០ -​ ៥០០ ០០០

សហគ្រាសខ្នាតធំ

>១០០

>៥០០ ០០០

ប្រភព៖ ក្របខ័ណ្ឌអភិវឌ្ឍន៍សហគ្រាសខ្នាតតូច និងមធ្យម (២៩ កក្កដា ២០០៥) 14

​ផ្អែក​លើ​របាយការណ៍​ប្រចាំឆ្នាំ​២០១៧​ របស់​ក្រសួង​ឧស្សាហកម្ម​ វិទ្យាសាស្ត្រ​ បច្ចេកវិទ្យា​ និង​នវានុវត្តន៍​ បាន​បង្ហាញ​ថា​ចំនួន​សហគ្រាស​ខ្នាត​តូច​ និង​មធ្យម​ មាន​ចំនួន​សរុប​ ១៥​ ៧០៧​ និង​សហគ្រាស​ខ្នាត​ធំ​មាន​ចំនួន​សរុប​ ១​ ៥២២​។​ ស្រប​ពេល​គ្នា​នេះ​ដែរ​ មីក្រូ​សហគ្រាស​ដែល​មាន​និ​យោ​ជិ​កតិច​ជាង​១០​ មាន​ចំនួន​ ១៣៩​ ៩៣៣​នាក់​។​15​អ្វី​ដែល​គួរ​កត់សម្គាល់​នោះ​គឺ​ កម្លាំង​ពលកម្ម​របស់​ស្ត្រី​មាន​ចំនួន​ច្រើន​ជាង​បុរស​នៅ​គ្រប់​ប្រភេទ​ និង​ទំហំ​នៃ​សហគ្រាស​ ខណៈ​អាជីវកម្ម​ដែល​កាន់កាប់​ដោយ​ស្ត្រី​មាន​ចំនួន​តិចតួច​នៅ​ក្នុង​វិស័យ​ឧស្សាហកម្ម​។​16

​នៅ​ប្រទេស​កម្ពុជា​ សហគ្រាស​ខ្នាត​តូច​ និង​មធ្យម​ត្រូវ​បាន​បែងចែក​ជា​ ៣​ វិស័យ​ធំៗ​ គឺ​៖

១)​ វិស័យ​ផលិតកម្ម​ រួម​មានការ​កែ​ច្នៃ​ផលិតផល​កសិកម្ម​ កម្មន្តសាល​ និង​រ៉ែ​

២)​ វិស័យ​សេវាកម្ម​

៣)​ វិស័យ​ពាណិជ្ជកម្ម​ រួម​មាន​ ការ​លក់ដុំ​ និង​រាយ​។​17

​សហគ្រាស​ខ្នាត​តូច​ និង​មធ្យមភាគ​ច្រើន​ជា​វិនិយោគ​ក្នុងស្រុក​ និង​មាន​លក្ខណៈ​បម្រើ​ឲ្យ​ការ​ប្រើប្រាស់​ក្នុងស្រុក​។​ ខណៈ​ដែល​សហគ្រាស​ខ្នាត​ធំ​ ឬ​ឧស្សាហកម្ម​ធុន​ធ្ងន់​ គឺ​ភាគច្រើន​ជា​ប្រភេទ​វិនិយោគ​បរទេស​ ដែល​ជា​ទូទៅ​ផ្តោត​សំខាន់​លើ​សកម្មភាព​នាំ​ចេញ​។​18​ ក្រុមហ៊ុន​ក្នុង​វិស័យ​នាំ​ចេញ​ភាគច្រើន​ជា​សហគ្រាស​ខ្នាត​មធ្យម​ និង​ធុន​ធំ​ ហើយ​ចូលរួម​ក្នុង​វិស័យ​វាយនភ័ណ្ឌ​ សម្លៀក​បំពាក់​ និង​ការ​ផលិត​ស្បែកជើង​។​ ចំណែកឯ​មីក្រូ​សហគ្រាស​ និង​សហគ្រាស​ខ្នាត​តូច​ ចូលរួម​ជា​ចំបង​ក្នុង​វិស័យ​កែ​ច្នៃ​អាហារ​។​19​នៅ​ឆ្នាំ​ ២០១៧​ បើ​បូក​រួម​បញ្ចូល​គ្នា​រវាង​ មីក្រូ​សហគ្រាស​ សហគ្រាស​ខ្នាត​តូច​ និង​មធ្យម​ សហគ្រាស​ទាំងអស់​នេះ​បាន​បង្កើត​ការងារ​ជាង​មួយ​លាន​កន្លែង​ ខណៈ​ដែល​សហគ្រាស​ខ្នាត​ធំ​បាន​បង្កើត​ការងារ​ជិត​មួយ​លាន​កន្លែង​ផង​ដែរ​។​20

​យោង​តាម​ស្ថិតិ​សហគ្រាស​ខ្នាត​តូច​ និង​មធ្យម​នៃ​ក្រសួង​ឧស្សាហកម្ម​ និង​សិប្បកម្ម​ក្នុង​វិស័យ​កម្មន្តសាល​ ព័ត៌មាន​ខាងក្រោម​បាន​ប្រៀបធៀប​ចំណែក​គ្រប់​វិស័យ​កម្មន្តសាល​នៃ​សហគ្រាស​ទាំងអស់​ដែល​រួម​មាន​មីក្រូ​សហគ្រាស​ សហគ្រាស​ខ្នាត​តូច​ មធ្យម​ និង​សហគ្រាស​ខ្នាត​ធំ​។​ នៅ​ឆ្នាំ​២០១៦​ វិស័យ​កម្មន្តសាល​ភាគច្រើន​ត្រូវ​បាន​គេ​មើលឃើញ​ថា​ ប្រមូលផ្តុំ​នៅ​ក្នុង​ការ​ផលិតកម្ម​ម្ហូបអាហារ​ ភេសជ្ជៈ​ និង​ផលិតផល​ថ្នាំជក់​ ដែល​មាន​ចំនួន​ស្មើនឹង​ ៨០,៣៩%​ នៃ​វិស័យ​កម្មន្តសាល​ទាំងអស់​។​21

​នៅ​ឆ្នាំ​២០១៤​ ក្រសួង​ឧស្សាហកម្ម​ និង​សិប្បកម្ម​ ត្រូវ​បាន​ប្រគល់​ការ​ទទួលខុសត្រូវ​សម្រាប់​ការ​ចុះបញ្ជី​សហគ្រាស​ខ្នាត​តូច​ និង​មធ្យម​។​22​នៅ​ឆ្នាំ​២០១៨​ ចំនួន​សហគ្រាស​ខ្នាត​តូច​ និង​មធ្យម​ដែល​បាន​ចុះបញ្ជី​សរុប​បាន​កើនឡើង​ដល់​ចំនួន​ ១៥៥​ ៧៤៥​។​23​ ក្រសួង​ឧស្សាហកម្ម​ និង​សិប្បកម្ម​ក៏​ប្តេជ្ញា​ពង្រឹង​ និង​អភិវឌ្ឍ​សហគ្រាស​ខ្នាត​តូច​ និង​មធ្យម​ ទាក់ទង​នឹង​ការ​ចុះ​ឈ្មោះ​ឲ្យ​បាន​ស្របច្បាប់​ និង​ការ​ធ្វើ​កំណត់​ត្រា​ហិរញ្ញវត្ថុ​។​ នៅ​ត្រឹម​ឆ្នាំ​២០២៥​ សហគ្រាស​ដែល​មាន​ចំនួន​ស្មើនឹង​៨០%​ និង​៩៥%​ នៃ​សហគ្រាស​ទាំងអស់​ ត្រូវ​បាន​គេ​រំពឹង​ថា​នឹង​ចុះបញ្ជី​ផ្លូវការ​ ហើយ​ខណៈ​៥០%​ និង​៧០%​ នៃ​សហគ្រាស​ខ្នាត​តូច​ និង​មធ្យម​ គួរតែ​មាន​កំណត់​ត្រា​ប្រវត្តិ​ហិរញ្ញវត្ថុ​ និង​តារាង​តុល្យការ​ឲ្យ​បាន​ត្រឹមត្រូវ​។​24​រូប​ខាងក្រោម​បង្ហាញ​ពី​ចំណែក​នៃ​សហគ្រាស​ដែល​បាន​ចុះបញ្ជី​ផ្លូវការ​ ហើយ​មាន​កំណត់​ត្រា​តារាង​តុល្យការ​ត្រឹមត្រូវ​ក្នុង​ឆ្នាំ​២០១០​ និង​ការ​ព្យាករ​សម្រាប់​ពេល​អនាគត​។​

រូបទី៣៖ ចំណែកនៃសហគ្រាសដែលបានចុះបញ្ជីអាជីវកម្មស្របច្បាប់គិតជា (%)

ទំហំ/ប្រភេទនៃសហគ្រាស

បានចុះបញ្ជីផ្លូវការ

មានតារាងតុល្យការ

២០១០

២០២០

២០២៥

២០១០

២០២០

២០២៥

សហគ្រាសខ្នាតតូច

៣៧

៧០

៨០

៣០

៥០

សហគ្រាសខ្នាតមធ្យម

៧២

៨០

៩០

២៤

៥០

៧០

សហគ្រាសខ្នាតធំ

៩៣

១០០

១០០

៦៦

១០០

១០០

ប្រភព៖ គោលនយោបាយអភិវឌ្ឍន៍ឧស្សាហកម្មកម្ពុជាឆ្នាំ ២០១៥–២០២៥25

បញ្ហាប្រឈម

​ទោះបី​ចំនួន​សហគ្រាស​ខ្នាត​តូច​ និង​មធ្យម​ដែល​បាន​ចុះបញ្ជី​ស្របច្បាប់​មាន​ចំនួន​កើនឡើង​ក៏​ដោយ​ បញ្ហា​ប្រឈម​ជា​ច្រើន​នៅ​តែ​មាន​ចំពោះ​សហគ្រិន​ និង​រដ្ឋាភិបាល​នៅ​ក្នុងអំឡុងពេល​នៃ​របៀបវារៈ​ក្នុង​ការ​អភិវឌ្ឍ​សម្រាប់​សហគ្រាស​ខ្នាត​តូច​ និង​មធ្យម​។​ បញ្ហា​ប្រឈម​ដែល​មាន​លើក​ឡើង​ក្នុង​ គោលនយោបាយ​អភិវឌ្ឍន៍​ឧស្សាហកម្ម​កម្ពុជា​ឆ្នាំ​ ២០១៥-២០២៥​ និង​ការ​សិក្សា​ដទៃ​ទៀត​រួម​មាន​៖26

  • ការ​ទទួល​បាន​ហិរញ្ញវត្ថុ​ នៅ​តែ​មាន​ផល​លំបាក​។​ នៅ​ប្រទេស​កម្ពុជា​ ប្រមាណ​៦៦%​នៃ​សហគ្រាស​បាន​បញ្ជាក់​ថា​ការ​ទទួល​បាន​ហិរញ្ញវត្ថុ​នៅ​តែ​ជា​បញ្ហា​ប្រឈម​ ហើយ​បញ្ហា​ប្រឈម​ចម្បង​របស់​មីក្រូ​សហគ្រាស​ សហគ្រាស​ខ្នាត​តូច​ និង​មធ្យម​ គឺ​ការ​ទទួល​បាន​កម្ចីទុន​បង្វិល​។​27 ​ទោះបីជា​ការ​ទទួល​បាន​សេវាកម្ម​ហិរញ្ញវត្ថុ​មានការ​កើនឡើង​យ៉ាង​ឆាប់រហ័ស​នៅ​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ថ្មីៗ​នេះ​ ស្ទើ​តែ​មួយ​ភាគ​បី​នៃ​ចំនួន​ប្រជាជន​មិន​បាន​ប្រើប្រាស់​សេវាកម្ម​ហិរញ្ញវត្ថុ​ផ្លូវការ​ឡើយ​។​28
    ​ចំណេះដឹង​ និង​ជំនាញ​បច្ចេកទេស​ គឺជា​ធនធាន​នៅ​មាន​ចំនួន​កំណត់​នៅឡើយ​ ដូច​ជា​កម្មករ​ជំនាញ​ដែល​ទទួល​បានការ​បណ្តុះបណ្តាល​ត្រឹមត្រូវ​ អ្នកបច្ចេកទេស​ និង​វិស្វករ​ ដែល​ក្នុង​ន័យ​នេះ​វា​បាន​រារាំង​ប្រទេស​មិន​ឲ្យ​ស្រូប​យក​ និង​ប្រើប្រាស់​បច្ចេកវិទ្យា​ទំនើប​បាន​ សម្រាប់​ការ​អភិវឌ្ឍន៍​ឧស្សាហកម្ម​របស់​ខ្លួន​។​ ការ​ដោះស្រាយ​កង្វះ​និ​យោ​ជិ​ក​ដែល​មិន​មាន​ជំនាញ​ ផលិតភាព​ទាប​ ជំនាញ​មិន​ត្រូវ​គ្នា​ និង​ប្រាក់​ឈ្នួល​ នៅ​តែ​បង្ក​ជា​បញ្ហា​ប្រឈម​យ៉ាង​ខ្លាំង​ដល់​ការ​អភិវឌ្ឍ​បន្ថែម​ទៀត​របស់​ប្រទេស​កម្ពុជា​។​29
  • កង្វះខាត​ការ​គាំទ្រ​ និង​ការ​សម្របសម្រួល​ពី​ស្ថាប័ន​ពាក់ព័ន្ធ​ បាន​រារាំង​ដល់​ការ​អភិវឌ្ឍ​ និង​បរាជ័យ​ក្នុង​ការ​ដោះស្រាយ​កង្វល់​ដែល​កំពុង​កើតឡើង​ចំពោះ​សហគ្រាស​ខ្នាត​តូច​ និង​មធ្យម​។​ យន្តការ​ត្រួតពិនិត្យ​មួយ​គួរ​ត្រូវ​បាន​បង្កើត​ឡើង​ ដើម្បី​ដាក់​សម្ពាធ​បន្ថែម​ទៀត​លើ​ស្ថាប័ន​ទទួលខុសត្រូវ​ និង​ទីភ្នាក់ងារ​រដ្ឋាភិបាល​ឲ្យ​ចាត់វិធានការ​ និង​កែ​លម្អ​បរិយាកាស​អាជីវកម្ម​សម្រាប់​សហគ្រាស​ខ្នាត​តូច​ និង​មធ្យម​។​30
  • ការ​ប្រកួតប្រជែង​តាម​រយៈ​ការ​ពង្រីក​ទីផ្សារ​ក្នុង​តំបន់​ និង​អន្តរជាតិ​ កំពុង​កើនឡើង​តាម​រយៈ​ការ​ផ្លាស់​ប្តូរ​នៅ​ក្នុង​បដិវត្ត​ឧស្សាហកម្ម​ និង​សកលភាវូបនីយកម្ម​។​ ការ​ធ្វើ​អាជីវកម្ម​នៅ​ប្រទេស​កម្ពុជា​គឺ​នៅ​ចំណាយ​ច្រើន​នៅឡើយ​ រាប់​ចាប់តាំងពី​ការ​ចាប់ផ្តើម​បើក​ដំណើរ​អាជីវកម្ម​រហូត​ដល់​ការ​បិទ​អាជីវកម្ម​។​ ហើយ​ កង្វះខាត​ការ​ផ្គត់ផ្គង់​អគ្គិសនី​ ធ្វើ​ឲ្យ​ប្រទេស​កម្ពុជា​ស្ថិត​ក្នុង​ភាព​លំបាក​មួយ​ក្នុង​ការ​ប្រកួតប្រជែង​បើ​ប្រៀបធៀប​នឹង​ប្រទេស​ជិតខាង​។​31
  • ភាព​មិន​ផ្លូវការ​នៃ​សហគ្រាស​ខ្នាត​តូច​ និង​មធ្យម​ ជា​ពិសេស​មីក្រូ​សហគ្រាស​។​ ដូចដែល​បាន​លើក​ឡើង​ពី​ដំបូង​ មីក្រូ​សហគ្រាស​ភាគច្រើន​ជា​អាជីវកម្ម​ដែល​គ្រប់គ្រង​មាន​លក្ខណៈ​ជា​គ្រួសារ​ និង​ធ្វើ​ប្រតិបត្តិការ​ក្រៅផ្លូវការ​ដែល​ធ្វើ​ឲ្យ​រដ្ឋាភិបាល​មានការ​លំបាក​ក្នុង​ការ​ប្រមូល​ពន្ធ​ រៀបរៀង​ និង​អនុវត្ត​គោលនយោបាយ​គាំទ្រ​ ដើម្បី​ជួយ​ដល់​សហគ្រាស​ទាំងអស់​នោះ​ ក្នុង​ការ​បង្កើន​តម្លៃ​នៃ​ខ្សែ​ចង្វាក់​ផលិតកម្ម​របស់​ខ្លួន​។​32

​តាម​រយៈ​បញ្ហា​ប្រឈម​ទាំងនេះ​ រាជរដ្ឋាភិបាល​យកចិត្តទុកដាក់​បន្ត​ការ​គាំទ្រ​ដល់​ការ​លើកកម្ពស់​ និង​ការ​អភិវឌ្ឍ​សហគ្រាស​ខ្នាត​តូច​ និង​មធ្យម​ ព្រមទាំង​សហគ្រិនភាព​ ដោយ​កំណត់​ការ​ផ្តោត​សំខាន់​លើ​សហគ្រាស​ខ្នាត​តូច​ និង​មធ្យម​នៅ​ក្នុង​គោលនយោបាយ​គន្លឹះ​របស់​ខ្លួន​ដែល​មាននៅ​ក្នុង​យុទ្ធសាស្ត្រ​ចតុកោណ​ (​ដំណាក់កាល​ទី​៤)​។​33​រាជរដ្ឋាភិបាល​មាន​គោលបំណង​គាំទ្រ​សហគ្រាស​ខ្នាត​តូច​ និង​មធ្យម​ទាក់ទង​នឹង​សកម្មភាព​ផលិតភាព​ ការ​បង្កើត​ការងារ​ សហគ្រិនភាព​ ភាព​ច្នៃប្រឌិត​ និង​នវានុវត្តន៍​ ក៏​ដូច​ជា​ការ​លើកទឹកចិត្ត​សហគ្រាស​ឲ្យ​មាន​លក្ខណៈ​ស្របច្បាប់​ និង​ការ​រីក​ចម្រើន​របស់​សហគ្រាស​ទាំងនេះ​ ព្រមទាំង​ការ​ទទួល​បាន​សេវាកម្ម​ហិរញ្ញវត្ថុ​។​ គោលដៅ​ទាំង​អស់នេះ​ត្រូវ​បាន​កំណត់​នៅ​ក្នុង​គោលដៅ​ទី​៨​ នៃ​ក្របខ័ណ្ឌ​គោលដៅ​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព​កម្ពុជា​២០១៦-២០៣០​។​34​ ដើម្បី​អភិវឌ្ឍ​ក្របខ័ណ្ឌ​ប្រកបដោយ​ប្រសិទ្ធភាព​សម្រាប់​សហគ្រាស​ខ្នាត​តូច​ និង​មធ្យម​ រាជរដ្ឋាភិបាល​ផ្តល់​ការ​លើកទឹកចិត្ត​ផ្នែក​ពន្ធ​ដល់​សហគ្រាស​ខ្នាត​តូច​ និង​មធ្យម​ ធ្វើការ​ចុះ​ឈ្មោះ​ស្របច្បាប់​ដោយ​ស្ម័គ្រចិត្ត​។​ នៅ​ខែមករា​ ឆ្នាំ​២០១៩​ អង្គភាព​ពន្ធដារ​ជាតិ​បាន​ចេញ​សេចក្តីជូនដំណឹង​ស្តី​ពី​ការ​អនុវត្ត​អនុក្រឹត្យ​លេខ​ ១២៤​ អនក្រ.បក ដែល​បង្កើត​ការ​លើកទឹកចិត្ត​ផ្នែក​ពន្ធដា​សម្រាប់​សហគ្រាស​ខ្នាត​តូច​ និង​មធ្យម​នៅ​ក្នុង​វិស័យ​ដែល​បាន​កំណត់​។​35

​គោលនយោបាយ​ និង​កាលានុវត្តភាពនៃ​សហគ្រាស​ខ្នាត​តូច​ និង​មធ្យម​

​ប្រទេស​កម្ពុជា​មិន​ទាន់​មានច្បាប់​ជាក់លាក់​ណាមួយ​ដើម្បី​គ្រប់គ្រង​សហគ្រាស​ខ្នាត​តូច​ និង​មធ្យម​នៅឡើយ​ទេ​។​ ទោះ​យ៉ាងណា​រដ្ឋាភិបាល​បាន​ប្រកាស​ក្របខ័ណ្ឌ​ច្បាប់ពាណិជ្ជកម្ម​សម្រាប់​ឆ្នាំ​២០០៥-២០១០​ ក្រោម​ក្រសួង​ឧស្សាហកម្ម​ រ៉ែ​ និង​ថាមពល​ (MIME)​ និង​បាន​បង្កើត​អនុ​គណៈកម្មាធិការ​ជាតិ​មួយ​សម្រាប់​សហគ្រាស​ខ្នាត​តូច​ និង​មធ្យម​។​36​ បច្ចុប្បន្ន​នេះ​ ក្រសួង​ឧស្សាហកម្ម​ វិទ្យាសាស្ត្រ​ បច្ចេកវិទ្យា​ និង​នវានុវត្តន៍​​ (​ដែល​ពី​មុន​ត្រូវ​បាន​គេ​ស្គាល់​ថា​ ជា​ក្រសួង​ឧស្សាហកម្ម​ និង​សិប្បកម្ម​)​ ទទួល​បន្ទុក​អនុវត្ត​គោលនយោបាយ​សម្រាប់​សហគ្រាស​ខ្នាត​តូច​ និង​មធ្យម​។​ ក្របខ័ណ្ឌ​ច្បាប់​របស់​សហគ្រាស​ខ្នាត​តូច​ និង​មធ្យម​ផ្តោត​សំខាន់​លើ​ឧបករណ៍​គតិ​យុ​ត្ត​ និង​ច្បាប់​ ជា​ពិសេស​ទាក់ទង​នឹង​ការ​ចុះបញ្ជី​អាជីវកម្ម​ ការ​ទទួល​បាន​ហិរញ្ញប្បទាន​ ក៏​ដូច​ជា​សកម្មភាព​គាំទ្រ​សហគ្រាស​ខ្នាត​តូច​ និង​មធ្យម​មួយ​ចំនួន​ផ្សេង​ទៀត​។​37​ គំនិត​ផ្តួចផ្តើម​នេះ​ត្រូវ​បាន​អនុវត្ត​ដើម្បី​កាត់​បន្ថយ​ចំនួន​សហគ្រាស​ខ្នាត​តូច​ និង​មធ្យម​ក្រៅផ្លូវការ​ ហើយ​ការ​លើកទឹកចិត្ត​ផ្នែក​ពន្ធ​ត្រូវ​បាន​ចាត់​ទុក​ថា​ជា​យន្តការ​មួយទៀត​ដើម្បី​សម្រេច​គោលបំណង​នេះ​។​38​ សហគ្រាស​ខ្នាត​តូច​ និង​មធ្យម​ត្រូវ​ចុះបញ្ជី​អាជីវកម្ម​របស់​ខ្លួន​ស្របច្បាប់​ និង​អនុវត្ត​តាម​បទ​ប្បញ្ញត្តិ​ជា​ចាំបាច់​ដូច​ជា​ ការ​រក្សា​គណនេយ្យ​ឲ្យ​បាន​ត្រឹមត្រូវ​ ដើម្បី​ទទួល​បាន​អត្ថប្រយោជន៍​ពី​ការ​លើកទឹកចិត្ត​ផ្នែក​ពន្ធដា​។​39

​ការ​លើកទឹកចិត្ត​ផ្នែក​ពន្ធ​ត្រូវ​បាន​ដាក់​ឡើងជា​ការ​លើកទឹកចិត្ត​ដើម្បី​នាំ​សហគ្រាស​ខ្នាត​តូច​ និង​មធ្យម​ចូលរួម​នៅ​ក្នុង​បរិយាកាស​ច្បាប់​មួយ​ដែល​ត្រឹមត្រូវ​។​ អគ្គនាយកដ្ឋាន​ពន្ធដារ​ នៃ​ក្រសួង​សេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ​បាន​ចេញ​ អនុក្រឹត្យ​លេខ​ ១៧​ អនក្រ​​.បក​ ដើម្បី​លើកទឹកចិត្ត​សហគ្រាស​ធុន​តូច​ និង​មធ្យម​ជា​អ្នក​បង់ពន្ធ​ទៅ​លើ​ចំណុច​ដូច​ខាងក្រោម​៖

(១)​ ការ​លើកលែង​រយៈពេល​២​ឆ្នាំទៅ​លើ​ពន្ធ​ប្រាក់​ចំណេញ​ សម្រាប់​ការ​ចុះ​ឈ្មោះ​អាជីវកម្ម​ស្របច្បាប់​ដោយ​ស្ម័គ្រចិត្ត​ក្នុង​ឆ្នាំ​ ២០១៧​ និង​ ២០១៨

(២)​ ពន្ធ​អប្បបរមា​១​ភាគរយ​ប្រចាំឆ្នាំ​ (​និង​ការ​បង់ប្រាក់​ប្រចាំខែ​)​ ក្នុងអំឡុងពេល​លើកលែង​នេះ​។​40

​ម្យ៉ាងទៀត​ អនុក្រឹត្យ​លេខ​ ១២៤​ អនក្រ.​បក​ នេះ​ មាន​ប្រសិទ្ធិ​ភាព​ចាប់ពី​ថ្ងៃ​ទី​២​ ខែតុលា​ឆ្នាំ​២០១៨​ ក្នុង​គោលបំណង​ជំរុញ​សហគ្រាស​ខ្នាត​តូច​ និង​មធ្យម​នៅ​ក្នុង​វិស័យ​អាទិភាព​ចំនួន​៦​ រាប់​ចាប់ពី​ការ​ផលិត​ផលិតផល​កសិកម្ម​ ដល់​ផលិតផល​ក្នុង​សេវាកម្ម​ព័ត៌មានវិទ្យា​ និង​សហគ្រាស​ដែល​មា​នទី​តាំងនៅ​តំបន់​ចង្កោម​សហគ្រាស​ខ្នាត​តូច​ និង​មធ្យម​ រួម​ទាំង​សហគ្រាស​ក្នុង​ដំណើរការ​អភិវឌ្ឍ​ទៅ​ក្នុង​ចង្កោម​នេះ​ផង​ដែរ​ (SME​ Cluster​ Zones)​។​41​ ការ​លើកទឹកចិត្ត​រួម​មានការ​លើកលែង​ពន្ធ​លើ​ប្រាក់​ចំណូល​សម្រាប់​រយៈពេល​បី​ឆ្នាំ​ សម្រាប់​សហគ្រាស​ដែល​បាន​ចុះបញ្ជី​ថ្មី​ និង​រយៈពេល​ប្រាំ​ឆ្នាំ​ ប្រសិនបើ​តម្រូវការ​លក្ខ​ត្តិកៈ​ផ្សេង​ទៀត​ត្រូវ​បាន​បំពេញ​គ្រប់​ជ្រុងជ្រោយ​ដោយ​សហគ្រាស​ទាំងនោះ​។​ ការ​លើកលែង​ពី​ការ​បង់ពន្ធ​មុន​១%​ លើ​ប្រាក់​ចំណូល​ និង​ពន្ធ​អប្បបរមា​ប្រចាំឆ្នាំ​ក្នុង​កំឡុង​ពេល​ពន្ធ​លើ​រយៈពេល​លើកលែង​ប្រាក់​ចំណូល​ក៏​អាច​អនុវត្ត​បាន​ដែរ​។

​​អនុក្រឹត្យ​លេខ​ ១២៤​ អនក្រ.​បក​  អនុវត្ត​ចំពោះ​សហគ្រាស​ខ្នាត​តូច​ និង​មធ្យម​ដែល​ត្រូវ​បាន​កំណត់​ក្នុង​បទ​ប្បញ្ញត្តិ​ផ្អែក​លើ​ចំនួន​ប្រាក់​ចំណេញ​ប្រចាំឆ្នាំ​ និង​ចំនួន​និ​យោ​ជិ​ក​របស់​ពួក​គេ​។​42​ ជា​ទូទៅ​សហគ្រាស​ខ្នាត​តូច​ និង​មធ្យម​ ត្រូវ​បាន​កំណត់​ដោយ​និ​យោ​ជិ​កតិច​ជាង​១០០​នាក់​ និង​ចំណូល​ប្រចាំឆ្នាំ​តិច​ជាង​៥០​ម៉ឺន​ដុល្លារ​អា​មេ​រិ​ក​។​ ក្រោម​របប​ពន្ធ​បច្ចុប្បន្ន​ (​វាយតម្លៃ​ដោយ​ខ្លួនឯង​ ឬ​ពិតប្រាកដ​)​ អ្នក​បង់ពន្ធ​ត្រូវ​បាន​បែងចែក​ជា​អ្នក​បង់ពន្ធ​ខ្នាត​តូច​ មធ្យម​ និង​ធំ​។​43​ ប្រភេទ​នៃ​អ្នក​ជាប់ពន្ធ​ក្នុង​ការ​ធ្វើ​ចំណាត់ថ្នាក់​នេះ​ គឺ​ខុស​គ្នា​ពី​និយម​ន័យ​ទូទៅ​របស់​សហគ្រាស​ខ្នាត​តូច​ និង​មធ្យម​នៅ​កម្ពុជា​ដូចដែល​បាន​រៀបរាប់​ខាងលើ​។​ ដើម្បី​ជួយ​ដល់​ការ​អនុវត្ត​អនុក្រឹត្យ​លេខ​ ១២៤​ និង​ចំ​ពេល​មានការ​រីក​រាលដាល​នៃ​ជំងឺ​កូ​វី​ដ​១៩​ ក្រសួង​សេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ​បាន​ចេញ​ ប្រកាស​លេខ​ ១៥៩​ ចុះ​ថ្ងៃ​ទី​១៧​ ខែកុម្ភៈ​ ឆ្នាំ​២០២០​ ដោយ​ដាក់​ចេញ​នូវ​ការ​ណែនាំ​ពី​លក្ខន្តិកៈ​ និង​នីតិវិធី​ដើម្បី​ស្នើ​សុំ​ការ​លើកទឹកចិត្ត​ផ្នែក​ពន្ធ​។​44​ ទីភ្នាក់ងារ​រដ្ឋាភិបាល​ដែល​ទើប​បង្កើត​ថ្មី​ ដែល​ជា​ធនាគារ​សម្រាប់​សហគ្រាស​ខ្នាត​តូច​ និង​មធ្យម​នៅ​កម្ពុជា​ (SME​ Bank)​ ត្រូវ​បាន​គេ​រំពឹង​ថា​នឹង​ដើរតួ​នាទី​យ៉ាង​សំខាន់​ក្នុង​ការ​លើកកម្ពស់​សហគ្រាស​ខ្នាត​តូច​ និង​មធ្យម​។​ ការ​បង្កើត​ធនាគារ​សម្រាប់​សហគ្រាស​ខ្នាត​តូច​ និង​មធ្យម​នេះ​ត្រូវ​បាន​អនុម័ត​នៅ​ថ្ងៃ​ទី​១៧​ ខែឧសភា​ ឆ្នាំ​២០១៩​ 45​ ហើយ​ត្រូវ​ដំណើរការ​ជា​ផ្លូវការ​នៅ​ដើមឆ្នាំ​២០២០​ ដោយ​មាន​ដើមទុន​១០០​លាន​ដុល្លារ​ ដើម្បី​ផ្តល់​ហិរញ្ញប្បទាន​ដល់​សហគ្រាស​ខ្នាត​តូច​ និង​មធ្យម​។​ 46​យោង​តាម​ សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​សេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ​ ធនាគារ​នេះ​កំពុង​អនុវត្ត​ «​គម្រោង​សហ​ហិរញ្ញប្បទាន​ សម្រាប់​សហគ្រាស​ខ្នាត​តូច​និង​មធ្យម​»​ ដែល​មានការ​បណ្តាក់ទុន​រួម​គ្នា​ជាមួយ​ធនាគារពាណិជ្ជ​ចំនួន​២៣​ ធនាគារ​ឯកទេស​ចំនួន​២​ និង​ស្ថាប័ន​មីក្រូហិរញ្ញវត្ថុ​ចំនួន​៧​។​47

​ទាក់​ទង​នឹង​​សហគ្រាស ខ្នាតតូច និងមធ្យម (SME)

ឯកសារយោង

  1. 1. Kenskin,​ H.​ ,​ Senturk,​ C.​ ,​ Sungur,​ O.​ &​ Kiris,​ M.K., «សារៈសំខាន់​នៃ​សហគ្រាស​ខ្នាត​តូច​ និង​មធ្យម​នៅ​ក្នុង​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​»,​ សន្និសីទ​អន្តរជាតិ​លើក​ទី​ ២​ ស្តី​ពី​ការ​អភិវឌ្ឍ​ប្រកបដោយ​ចីរភាព​ ឆ្នាំ​២០១០​ ទំព័រ​ទី​ ១៨៣-១៩២​ ។​ បាន​ចូល​អាន​នៅ​ថ្ងៃ​ទី​២២​ ខែមេសា​ឆ្នាំ​២០២០​ ។​
  2. 2. ​ទីភ្នាក់ងារ​សហប្រតិបត្តិការ​អន្តរជាតិ​ជប៉ុន​ (JICA)., «​គម្រោង​ពង្រឹង​យុទ្ធសាស្ត្រ​សហគ្រាស​ខ្នាត​តូច​ និង​មធ្យម​» ឆ្នាំ​២០១៥​ ទំព័រ​ទី​១​។​ ចូល​អាន​នៅ​ថ្ងៃ​ទី​១២​ ខែមេសា​ ឆ្នាំ​២០២០​។​
  3. 3. ​ធនាគារពិភពលោក​., «ស្វែង​យល់​ពី​តម្រូវការ​សហគ្រាស​ធុន​តូច​ និង​មធ្យម​នៅ​កម្ពុជា​សម្រាប់​សេវាកម្ម​និង​ផលិតផល​ ហិរញ្ញវត្ថុ​ (​អង់គ្លេស​)»​ ឆ្នាំ​ ២០១០​។​ ចូល​អាន​នៅ​ថ្ងៃ​ទី​១៤​ ខែមេសា​ ឆ្នាំ​២០២០​។​
  4. 4. Layhy,​ C.,​ «ស្ថានភាព​បច្ចុប្បន្ន​របស់​សហគ្រាស​ខ្នាត​តូច​ និង​មធ្យម​នៅ​ក្នុង​ប្រទេស​កម្ពុជា​៖​ បញ្ហា​ហិរញ្ញវត្ថុ​របស់​មីក្រូ​ សហគ្រាស​ សហគ្រាស​ខ្នាត​តូច​ និង​មធ្យម​» ឆ្នាំ​២០១៩,​ ទំព័រ​ទី​៣​។​ ចូល​អាន​នៅ​ថ្ងៃ​ទី​១៤​ ខែមេសា​ ឆ្នាំ​២០២០​។​
  5. 5. Japhta,​ Rubin;​ Vizcarra,​ Vanessa;​ Bui,​ Thuy​ Thu;​ Yogi,​ Nyoman;​ Mel,​ Sokim.,​ «ស្វែង​យល់​ពី​ឱកាស​សម្រាប់​សហគ្រាស​ខ្នាត​តូច​ និង​មធ្យម​ដែល​គ្រប់គ្រង​ដោយ​ស្ត្រី​នៅ​កម្ពុជា​ (​អង់គ្លេស​)»​ ឆ្នាំ​២០១៩​ ទំព័រ​ទី​១២​។​ ចូល​អាន​នៅ​ថ្ងៃ​ទី​១៥​ ខែមេសា​ ឆ្នាំ​២០២០​។​
  6. 6. Baily,​ P.,​ «សហគ្រាស​ខ្នាត​តូច​ និង​មធ្យម​នៅ​កម្ពុជា​៖​ ការ​រាំងស្ទះ​គោលនយោបាយ​ និង​សំណើរ​ សម្រាប់​ការ​អភិវឌ្ឍ​របស់​ពួក​គេ​»​ ឆ្នាំ​២០០៨​ ទំព័រ​ទី​២​។​ ចូល​អាន​នៅ​ថ្ងៃ​ទី​១៦​ ខែមេសា​ ឆ្នាំ​២០២០​។​
  7. 7. Japhta,​ Rubin;​ Vizcarra,​ Vanessa;​ Bui,​ Thuy​ Thu;​ Yogi,​ Nyoman;​ Mel,​ Sokim.,​ «ស្វែង​យល់​ពី​ឱកាស​សម្រាប់​សហគ្រាស​ខ្នាត​តូច​ និង​មធ្យម​ដែល​គ្រប់គ្រង​ដោយ​ស្ត្រី​នៅ​កម្ពុជា​ (​អង់គ្លេស​)»​ ឆ្នាំ​២០១៩​ ទំព័រ​ទី​១២​។​ ចូល​អាន​នៅ​ថ្ងៃ​ទី​១៥​ ខែមេសា​ ឆ្នាំ​២០២០​។​
  8. 8. ​ដូច​ឯកសារយោង​ខាង​ដើម​។​
  9. 9. Vannarith,​ C.,​ S.​ Oum​ និង​ L.​ Thearith.,​ «​ឧបសគ្គ​ចំពោះ​សហគ្រាស​ខ្នាត​តូច​ និង​មធ្យម​នៅ​កម្ពុជា​ និង​ការ​ចូលរួម​ក្នុង​បណ្តាញ​ផលិតកម្ម​»​ ឆ្នាំ​ ២០១០​ ទំព័រ​ទី​១៣៩​។​ ចូល​អាន​នៅ​ថ្ងៃ​ទី​១៥​ ខែមេសា​ ឆ្នាំ​២០២០​ ។​
  10. 10. ​ដូច​ឯកសារយោង​ខាង​ដើម​។​
  11. 11. Japhta,​ Rubin;​ Vizcarra,​ Vanessa;​ Bui,​ Thuy​ Thu;​ Yogi,​ Nyoman;​ Mel,​ Sokim.,​​ «​ស្វែង​យល់​ពី​ឱកាស​សម្រាប់​សហគ្រាស​ខ្នាត​តូច​ និង​មធ្យម​ដែល​គ្រប់គ្រង​ដោយ​ស្ត្រី​នៅ​កម្ពុជា​ (​អង់គ្លេស​)» ឆ្នាំ​២០១៩​ ទំព័រ​ទី​១២​។​ ចូល​អាន​នៅ​ថ្ងៃ​ទី​១៥​ ខែមេសា​ ឆ្នាំ​២០២០​។​
  12. 12. ​ទីភ្នាក់ងារ​សហប្រតិបត្តិការ​អន្តរជាតិ​ជប៉ុន​ (JICA)., «គម្រោង​ពង្រឹង​យុទ្ធសាស្ត្រ​សហគ្រាស​ខ្នាត​តូច​ និង​មធ្យម​»​ ឆ្នាំ​២០១៥​ ទំព័រ​ទី​១​។​ ចូល​អាន​នៅ​ថ្ងៃ​ទី​១២​ ខែមេសា​ ឆ្នាំ​២០២០​។​
  13. 13. ​រាជរដ្ឋាភិបាល​កម្ពុជា​.,​ «​ក្របខ័ណ្ឌ​អភិវឌ្ឍន៍​សហគ្រាស​ខ្នាត​តូច​ និង​មធ្យម​» ឆ្នាំ​ ២០០៥​។​ ចូល​អាន​នៅ​ថ្ងៃ​ទី​១៤​ ខែមេសា​ ឆ្នាំ​២០២០​។​
  14. 14. ដូចឯកសារយោងខាងដើម។
  15. 15. Layhy,​ C.,​ «ស្ថានភាព​បច្ចុប្បន្ន​របស់​សហគ្រាស​ខ្នាត​តូច​ និង​មធ្យម​នៅ​ក្នុង​ប្រទេស​កម្ពុជា​៖​ បញ្ហា​ហិរញ្ញវត្ថុ​របស់​មីក្រូ​ សហគ្រាស​ សហគ្រាស​ខ្នាត​តូច​ និង​មធ្យម​» ឆ្នាំ​២០១៩,​ ទំព័រ​ទី​៣​។​ ចូល​អាន​នៅ​ថ្ងៃ​ទី​១៤​ ខែមេសា​ ឆ្នាំ​២០២០​។​
  16. 16. ​ក្រសួង​កិច្ចការ​នារី​.,​ «ការ​ពង្រឹង​ភាព​អង់អាច​ផ្នែក​សេដ្ឋកិច្ច​របស់​ស្ត្រី​»​ របាយការណ៍​សង្ខេប​ ឆ្នាំ​២០១៤, ទំព័រ​ទី​៤-៧​។​ ចូល​អាន​នៅ​ថ្ងៃ​ទី​១៦​ ខែមេសា​ ឆ្នាំ​២០២០​។​
  17. 17. Ty,​ M,​ Sov,​ C,​ Walsh,​ J​ &​ Anurit,​ P.,​ «ការ​សិក្សា​អំពី​ការ​អភិវឌ្ឍ​សហគ្រិន​ស្ត្រី​នៅ​ក្នុង​សហគ្រាស​ខ្នាត​តូច​ និង​មធ្យម​នៅ​កម្ពុជា​៖​ បញ្ហា​ប្រឈម​ និង​ឱកាស​»​ ទិនានុប្បវត្តិ​នៃ​ការ​ស្រាវជ្រាវ​សកល​គ្រប់គ្រង​សកល​ឆ្នាំ​ ២០០៩​ ទំព័រ​ទី​ ៨​។​ ចូល​អាន​នៅ​ថ្ងៃ​ទី​១២​ ខែមេសា​ ឆ្នាំ​២០២០​។​
  18. 18. ​រាជរដ្ឋាភិបាល​កម្ពុជា​.,​ «​គោលនយោបាយ​អភិវឌ្ឍន៍​ឧស្សាហកម្ម​កម្ពុជា​ឆ្នាំ​ ២០១៥​ -​ ២០២៥» ឆ្នាំ​២០១៥.​ បាន​ចូល​អាន​នៅ​ថ្ងៃ​ទី​១៦​ ខែមេសា​ ឆ្នាំ​២០២០​ ។​
  19. 19. Layhy,​ C.,​ «ការ​កែ​លម្អ​ប្រសិទ្ធភាព​ថាមពល​នៅ​កម្ពុជា​៖​ ជំហាន​ដ៏​សំខាន់​ឆ្ពោះទៅ​រក​ការ​រីក​ចម្រើន​ប្រកបដោយ​ចីរភាព​» ឆ្នាំ​២០១៨​ ទំព័រ​ទី​៨​។​ ចូល​អាន​នៅ​ថ្ងៃ​ទី​១៥​ ខែមេសា​ ឆ្នាំ​២០២០​។​
  20. 20. Layhy,​ C.,​ «ស្ថានភាព​បច្ចុប្បន្ន​របស់​សហគ្រាស​ខ្នាត​តូច​ និង​មធ្យម​នៅ​ក្នុង​ប្រទេស​កម្ពុជា​៖​ បញ្ហា​ហិរញ្ញវត្ថុ​របស់​មីក្រូ​ សហគ្រាស​ សហគ្រាស​ខ្នាត​តូច​ និង​មធ្យម​» ឆ្នាំ​២០១៩,​ ទំព័រ​ទី​៣​។​ ចូល​អាន​នៅ​ថ្ងៃ​ទី​១៤​ ខែមេសា​ ឆ្នាំ​២០២០​។​
  21. 21. ​នាយកដ្ឋាន​សហគ្រាស​ខ្នាត​តូច​ និង​មធ្យម​ នៃ​ក្រសួង​ឧស្សាហកម្ម​ និង​សិប្បកម្ម​.,​ «ស្ថិតិ​សហគ្រាស​ខ្នាត​តូច​ និង​មធ្យម​និង​មីក្រូ​សហគ្រាស»​ ថ្ងៃ​ទី​១៤​ ខែធ្នូ​ ឆ្នាំ​២០១៧​។​ ចូល​អាន​នៅ​ថ្ងៃ​ទី​២៨​ ខែមេសា​ ឆ្នាំ​២០២០​ ។​
  22. 22. Reaksmey,​ H.​ &​ Willemyns,​ A.,​ «ការ​ចុះ​ឈ្មោះ​សហគ្រាស​ខ្នាត​តូច​ និង​មធ្យម​ដែល​បាន​ប្រគល់​ឱ្យ​ក្រសួង​ឧស្សាហកម្ម​ និង​សិប្បកម្ម​ថ្មី​»​ ឆ្នាំ​ ២០១៤​។​ ចូល​អាន​នៅ​ថ្ងៃ​ទី​១៧​ ខែមេសា​ ឆ្នាំ​២០២០​។​
  23. 23. Cheng,​ S.,​ «សហគ្រាស​ខ្នាត​តូច​ និង​មធ្យម​ក្នុង​ការ​កំណត់​ដើម្បី​ជម្រុញ​សេដ្ឋកិច្ច​របស់​ព្រះរាជាណាចក្រ​កម្ពុជា​»​ ឆ្នាំ​ ២០១៨​។​ ចូល​អាន​នៅ​ថ្ងៃ​ទី​១៩​ ខែមេសា​ ឆ្នាំ​២០២០​។​
  24. 24. ​រាជរដ្ឋាភិបាល​កម្ពុជា​.,​ «គោលនយោបាយ​អភិវឌ្ឍន៍​ឧស្សាហកម្ម​កម្ពុជា​ឆ្នាំ​ ២០១៥​ -​ ២០២៥»​ ឆ្នាំ​ ២០១៥​។​ ចូល​អាន​នៅ​ថ្ងៃ​ទី​១៦​ ខែមេសា​ ឆ្នាំ​២០២០​។​
  25. 25. ដូចឯកសារយោងខាងដើម។​
  26. 26. Roth,​ V.,​ «​វេទិកា​ស្រាវជ្រាវ​អភិវឌ្ឍន៍​៖​ ស្វែង​យល់​អំពី​បរិបទ​គោលនយោបាយ​សហគ្រាស​ខ្នាត​តូច​ និង​មធ្យម​នៅ​អាស៊ាន​»ឆ្នាំ​២០១៤​។​ ចូល​អាន​នៅ​ថ្ងៃ​ទី​១៦​ ខែមេសា​ ឆ្នាំ​២០២០​។​
  27. 27. ​ក្រុមហ៊ុន​ BD​ Trust​ Research​ and​ Business​ Consultancy.,​ «សិទ្ធិ​ទទួល​បាន​សេវាកម្ម​ហិរញ្ញ​វុ​ត្ថុ​របស់​ MSMEs​ នៅ​កម្ពុជា​» ថ្ងៃ​ទី​៣១​ ខែមករា​ ឆ្នាំ​២០១៩​។​ ចូល​អាន​នៅ​ថ្ងៃ​ទី​៥​ ខែមេសា​ ឆ្នាំ​២០២០​។​
  28. 28. ​ធនាគារជាតិ​នៃ​កម្ពុជា​.,​ «របាយការណ៍​ប្រចាំឆ្នាំ​របស់​ធនាគារជាតិ​ឆ្នាំ​ ២០១៨» ថ្ងៃ​ទី​៣០​ ខែមករា​ឆ្នាំ​២០១៩​។​ ចូល​អាន​នៅ​ថ្ងៃ​ទី​៥​ ខែមេសា​ ឆ្នាំ​២០២០​។​
  29. 29. ​ធនាគារអភិវឌ្ឍន៍អាស៊ី​ (ADB).,​ «កម្ពុជា​៖​ ការ​ដោះស្រាយ​គំលាត​ជំនាញការ​សិក្សា​ក្នុង​អាជីព​ការងារ​» ឆ្នាំ​ ២០១៥​ ទំព័រ​ទី​ ៥២-៥៥​។​ ចូល​អាន​នៅ​ថ្ងៃ​ទី​១៦​ ខែមេសា​ឆ្នាំ​២០២០​។​
  30. 30. ​រាជរដ្ឋាភិបាល​កម្ពុជា​.,​ «គោលនយោបាយ​អភិវឌ្ឍន៍​ឧស្សាហកម្ម​កម្ពុជា​ឆ្នាំ​ ២០១៥​ -​ ២០២៥» ឆ្នាំ​២០១៥​។​ ចូល​អាន​នៅ​ថ្ងៃ​ទី​១៦​ ខែមេសា​ ឆ្នាំ​២០២០​។​
  31. 31. Roth,​ V.,​ «​វេទិកា​ស្រាវជ្រាវ​អភិវឌ្ឍន៍​៖​ ស្វែង​យល់​អំពី​បរិបទ​គោលនយោបាយ​សហគ្រាស​ខ្នាត​តូច​ និង​មធ្យម​នៅ​អាស៊ាន​»​ ឆ្នាំ​២០១៤​។​ ចូល​អាន​នៅ​ថ្ងៃ​ទី​១៦​ ខែមេសា​ ឆ្នាំ​២០២០​។​
  32. 32. ​ដូច​ឯកសារយោង​ខាង​ដើម​។​
  33. 33. ​រាជរដ្ឋាភិបាល​កម្ពុជា​.,​ «​យុទ្ធសាស្ត្រ​ចតុកោណ​ (​ដំណាក់កាល​ទី​ ៤)​ ឆ្នាំ​២០១៨»​។​ ចូល​អាន​នៅ​ថ្ងៃ​ទី​១៥​ ខែមេសា​ ឆ្នាំ​២០២០​។​
  34. 34. ​រាជរដ្ឋាភិបាល​កម្ពុជា​.,​ «ក្របខ័ណ្ឌ​គោលដៅ​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព​កម្ពុជា​ឆ្នាំ​ ២០១៦-២០៣០» ថ្ងៃ​ទី​១៣​ ខែ​ក​ក្ត​ដា​ ឆ្នាំ​២០១៨​។​ ចូល​អាន​នៅ​ថ្ងៃ​ទី​២២​ ខែមេសា​ ឆ្នាំ​២០២០​។​
  35. 35. Sok,​ C.,​ “«អាជីវកម្ម​ខ្នាត​តូច​ត្រូវ​បាន​ជម្រុញ​ឱ្យ​ដាក់​ពាក្យសុំ​ការ​លើកទឹកចិត្ត​ផ្នែក​ពន្ធដា​» ខ្មែរ​ថា​ម​ស៍​,​ ខែមករា​ ឆ្នាំ​២០១៩​។​ ចូល​អាន​នៅ​ថ្ងៃ​ទី​១៦​ ខែមេសា​ ឆ្នាំ​២០២០​។​
  36. 36. ​អាស៊ាន​.,​ «​ការ​អភិវឌ្ឍ​សហគ្រាស​ខ្នាត​តូច​ និង​មធ្យម​នៅ​កម្ពុជា​»,​ មិន​មាន​ថ្ងៃ​បរិច្ឆេទ​។​ ចូល​អាន​នៅ​ថ្ងៃ​ទី​១៥​ ខែមេសា​ ឆ្នាំ​២០២០​។​
  37. 37. ​រាជរដ្ឋាភិបាល​កម្ពុជា​.,​ «ក្របខ័ណ្ឌ​អភិវឌ្ឍន៍​សហគ្រាស​ខ្នាត​តូច​ និង​មធ្យម​»​ ឆ្នាំ​២០០៥​។​ ចូល​អាន​នៅ​ថ្ងៃ​ទី​១៤​ ខែមេសា​ ឆ្នាំ​២០២០​។​
  38. 38. Japhta,​ Rubin;​ Vizcarra,​ Vanessa;​ Bui,​ Thuy​ Thu;​ Yogi,​ Nyoman;​ Mel,​ Sokim.,​ «​ស្វែង​យល់​ពី​ឱកាស​សម្រាប់​សហគ្រាស​ខ្នាត​តូច​ និង​មធ្យម​ដែល​គ្រប់គ្រង​ដោយ​ស្ត្រី​នៅ​កម្ពុជា​ (​អង់គ្លេស​)»​ ឆ្នាំ​២០១៩​ ទំព័រ​ទី​១២​។​ ចូល​អាន​នៅ​ថ្ងៃ​ទី​១៥​ ខែមេសា​ ឆ្នាំ​២០២០​។​
  39. 39. EUROCHAM​ Cambodia.,​ «​អនុក្រឹត្យ​លេខ​ ១៧​ អន​ក្រ​.​បក​៖​ ការ​លើកទឹកចិត្ត​ផ្នែក​ពន្ធដារ​សម្រាប់​សហគ្រាស​ខ្នាត​តូច​ និង​មធ្យម​ដែល​ចុះ​ឈ្មោះ​ស្ម័គ្រចិត្ត​»​ ឆ្នាំ​២០១៧​។​ ចូល​អាន​នៅ​ថ្ងៃ​ទី​១៧​ ខែមេសា​ ឆ្នាំ២០២០​។​
  40. 40. ​ដូច​ឯកសារយោង​ខាង​ដើម​។​
  41. 41. DFDL.,​ «បច្ចុប្បន្នភាព​ពន្ធ​នៅ​កម្ពុជា​៖​ សេចក្តី​ប្រកាស​ស្តី​ពី​ការ​លើកទឹកចិត្ត​ពន្ធ​សហគ្រាស​ធុន​តូច​និង​មធ្យម​»,​ ឆ្នាំ​ ២០១៨​។​ ចូល​អាន​ថ្ងៃ​ទី​១៥​ ខែមេសា​ ឆ្នាំ​២០២០​។​
  42. 42. ​ដូច​ឯកសារយោង​ខាង​ដើម​។​
  43. 43. ​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​.,​ «ប្រកាស​លេខ​ ១៨១៩​ ស្តី​ពី​ការ​ចាត់​ចំណាត់ថ្នាក់​អ្នក​ជាប់ពន្ធ​ក្នុង​របប​គ្រប់គ្រង​ដោយ​ខ្លួនឯង​» ឆ្នាំ​២០១៦​។​ ចូល​អាន​នៅ​ថ្ងៃ​ទី​១៦​ ខែមេសា​ ឆ្នាំ​២០២០​។​
  44. 44. ​ក្រុមហ៊ុន​ KPMG​ Cambodia​ Ltd.,​ “​ការ​ណែនាំ​ស្តី​ពី​ការ​អនុវត្ត​ការ​លើកទឹកចិត្ត​ផ្នែក​ពន្ធដារ​សម្រាប់​សហគ្រាស​ខ្នាត​តូច​ និង​មធ្យម​”​ ឆ្នាំ​ ២០២០​។​ ចូល​អាន​នៅ​ថ្ងៃ​ទី​១៧​ ខែមេសា​ ឆ្នាំ​២០២០​។​
  45. 45. Sakal,​ N.,​ «​ធនាគារ​សហគ្រាស​ខ្នាត​តូច​ និង​មធ្យម​នៃ​កម្ពុជា​ (SME​ Bank)»​ ឆ្នាំ​ ២០១៩​។​ ចូល​អាន​នៅ​ថ្ងៃ​ទី​១៤​ ខែមេសា​ ឆ្នាំ​២០២០​។​
  46. 46. Vireak,​ T.,​ «ធនាគារ​សម្រាប់​សហគ្រាស​ខ្នាត​តូច​ និង​មធ្យម​ បាន​បើក​ដំណើរការ​ជា​ផ្លូវការ​ហើយ​» ឆ្នាំ​២០២០​។​ ចូល​អាន​នៅ​ថ្ងៃ​ទី​៤​ ខែមេសា​ ឆ្នាំ​២០២០​។​
  47. 47. ​ដូច​ឯកសារយោង​ខាង​ដើម​។​
ទំនាក់ទំនងយើងខ្ញុំ

ទំនាក់ទំនងយើងខ្ញុំ

បើលោកអ្នកមានសំនួរទាក់ទងនឹងខ្លឹមសារផ្សាយនៅលើគេហទំព័រ Open Development Cambodia (ODC)? យើងខ្ញុំ​នឹង​ឆ្លើយ​តប​​ដោយ​ក្តី​រីក​រាយ។

តើអ្នកបានឃើញបញ្ហាបច្ចេកទេសណាមួយនៅលើគេហទំព័រOpen Development Cambodia (ODC) ដែរឬទេ?

តើលោកអ្នកយល់យ៉ាងដូចម្តេចដែរចំពោះការងាររបស់អូឌីស៊ី?

តើលោកអ្នកមានឯកសារដែលអាចជួយពង្រីក​គេហទំព័រOpen Development Cambodia (ODC) ដែរ​ឬទេ​?​ យើងខ្ញុំ​នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ទិន្នន័យ​អំពី​ផែនទី​ ច្បាប់​ អត្ថបទ​ និង​ ឯកសារ​ដែល​ពុំ​មាននៅ​លើ​គេហទំព័រ​នេះ​ ហើយ​ពិចារណា​បោះផ្សាយ​ទិន្នន័យ​ទាំងនោះ​។​ សូម​មេត្តា​ផ្ញើ​តែ​ឯកសារ​ណា​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative Commons

ឯកសារត្រូវបានលុប
មានបញ្ហា!

កំណត់សម្គាល់៖ Open Development Cambodia (ODC) នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ឯកសារ​ដែល​បាន​បញ្ជូន​មក​យ៉ាង​ហ្មត់ចត់​ ដើម្បី​កំណត់​ភាព​ត្រឹមត្រូវ​ និង​ពាក់ព័ន្ធ​ មុន​ពេលធ្វើការ​បង្ហោះ​ផ្សាយ​។​ រាល់​ឯកសារ​ដែល​បាន​បង្ហោះ​ផ្សាយ​នឹង​ជា​ឯកសារ​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative​ Commons​។​ យើងខ្ញុំ​សូម​អគុណ​សំរាប់​ការ​គាំទ្រ​របស់​លោក​អ្នក​។​

vttV8
* ប្រអប់មតិមិនអាចទទេ! មិនអាចបញ្ចូនបាន សូមធ្វើការបញ្ចូនម្តងទៀត! Please add the code correctly​ first.

សូម​អរគុណ​សំរាប់​ការ​ចំនាយ​ពេល​ក្នុង​ការ​ចែក​រំលែក​មក​កាន់​យើងខ្ញុំ!