ជំនួយពីកូរ៉េខាងត្បូង

កូរ៉េ​ខាង​ត្បូង​ជា​ដៃគូ​អភិវឌ្ឍន៍​កំពូល​មួយ​ក្នុង​ចំណោម​ដៃគូ​អភិវឌ្ឍន៍​កំពូល​ទាំង​ប្រាំពីរ​របស់​កម្ពុជា។1 ជំនួយ​ឥត​សំណង​របស់​កូរ៉េខាងត្បូង​ដល់​កម្ពុជា​ បាន​ចាប់ផ្តើម​ទម្រង់ជាជំនួយ​មនុស្សធម៌​នៅ​ដើម​ទសវត្សរ៍​ឆ្នាំ​ ១៩៩០​ ហើយ​បាន​កើនឡើង​យ៉ាង​ខ្លាំង​បន្ទាប់​ពី​ទំនាក់ទំនង​ការទូត​រវាង​កូរ៉េ​ និង​កម្ពុជា​ត្រូវ​បាន​បង្កើត​ឡើង​វិញ​នៅ​ឆ្នាំ​ ១៩៩៧​។​ ជំនួយ​ឥត​សំណង​របស់​កូរ៉េ​ដល់​កម្ពុជា​ផ្តោត​លើ​ការ​កាត់​បន្ថយ​ភាព​ក្រីក្រ​ និង​ការ​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​នៃ​ ហេដ្ឋារចនាសម្ព័ន្ធ​សេដ្ឋកិច្ច​ និង​សង្គម​ ដោយ​ផ្អែក​លើ​បទ​ពិសោធន៍​ផ្ទាល់ខ្លួនរបស់កូរ៉េខាងត្បូង​ក្នុង​ការ​យកឈ្នះ​លើ​ភាព​ក្រីក្រ​ និង​ការ​សម្រេច​បាន​នូវ​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​។​2​ កូរ៉េ​ខាងត្បូង​បាន​ពង្រីក​ជំនួយ​ឥត​សំណង​ដល់​ប្រទេស​កម្ពុជា​ សរុប​ប្រមាណ​ ៤៣១​ លាន​ដុល្លារ​ ចន្លោះ​ឆ្នាំ​ ១៩៩៦​ ដល់​ ២០២២។3

គិត​មក​ទល់​ពេល​នេះ​ គម្រោង​ចំនួន​ ៤២៦​ ត្រូវ​បាន​បញ្ចប់​ហើយ​ ហើយ​ចំនួន​ ៨១​ ទៀត​កំពុង​ដំណើរការ​នៅឡើយ​ នេះ​បើ​យោង​តាម​មូលដ្ឋាន​ទិន្នន័យ​ ជំនួយ​អភិវឌ្ឍន៍​ផ្លូវការ​ (ODA)កម្ពុជា​ នៃ​ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC)។​4 គម្រោងទាំងនេះគ្របដណ្តប់លើវិស័យជាច្រើនដូចជា កសិកម្ម ការអប់រំ បរិស្ថាន ការប្រែប្រួលអាកាសធាតុ ហេដ្ឋារចនាសម្ព័ន្ធ សុខាភិបាល។ល។

ទីភ្នាក់ងារ​សហប្រតិបត្តិការ​អន្តរជាតិ​កូរ៉េ​ (KOICA)

ទីភ្នាក់ងារ​សហប្រតិបត្តិការ​អន្តរជាតិ​កូរ៉េ​ (KOICA)​ គឺជា​ទីភ្នាក់ងារ​ចម្បង​របស់​ប្រទេស​កូរ៉េ​ខាងត្បូង​សម្រាប់​ការ​ផ្តល់​ជំនួយ​អភិវឌ្ឍន៍​ផ្លូវការ​ (ODA)​ ដល់​ប្រទេស​កំពុង​អភិវឌ្ឍន៍​។​ នៅ​ខែកញ្ញា​ ឆ្នាំ​២០០៣​ KOICA​ បាន​បើក​ការិយាល័យ​របស់​ខ្លួន​នៅ​កម្ពុជា​ ដែល​បាន​ក្លាយជា​មូលដ្ឋាន​សម្រាប់​អនុវត្ត​ជំនួយ​ឥត​សំណង​ជា​ប្រព័ន្ធ​បន្ថែម​ទៀត​។​1 យោង​តាម​លោក​ CHANG​ Won​ Sam​ ប្រធាន​ KOICA​ កម្ពុជា​ជា​ប្រទេស​ដែល​ទទួល​បាន​ជំនួយ​ធំ​ជាងគេ​ទី​បី​ពី​ KOICA។5 នៅ​ក្នុង​ប្រទេស​កម្ពុជា​,​ KOICA​ បាន​ផ្តោត​លើ​ការ​អភិវឌ្ឍន៍ជនបទ​ និង​កសិកម្ម​ ការ​អភិវឌ្ឍន៍​ធនធានមនុស្ស​ ការ​ថែទាំ​សុខភាព​ ហេដ្ឋារចនាសម្ព័ន្ធ​ និង​ថាមពលបៃតង​។​ KOICA​ បាន​និង​កំពុង​ដំណើរការ​កម្មវិធី​ជំនួយ​គម្រោង​ដើម្បី​ជួយ​ក្នុង​ការ​សាងសង់​ហេដ្ឋារចនាសម្ព័ន្ធ​ និង​បរិក្ខារ​ ក៏​ដូច​ជា​កម្មវិធី​បណ្តុះបណ្តាល​ដើម្បី​ជួយ​ដល់​ការ​អភិវឌ្ឍន៍​ធនធានមនុស្ស​ និង​ចែករំលែក​ជំនាញ​បច្ចេកទេស​ ដោយ​នាំ​យក​អ្នក​បង្កើត​គោលនយោបាយ​ អ្នក​ស្រាវជ្រាវ​ និង​អ្នកបច្ចេកទេស​ពី​ប្រទេស​កម្ពុជា​ទៅ​កាន់​ប្រទេស​កូរ៉េ​6

ឯកឧត្តម Chang Won Sam (ឆ្វេង) ប្រធានទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ (KOICA) និងឯកឧត្តមបណ្ឌិត ហង់ ជួនណារ៉ុន (ស្តាំ) រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា (MOEYS) បានជួបសំណេះសំណាលយ៉ាងរីករាយ។ រូបភាពីទំព័រFacebook​ KOICA។ ថតនៅថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៤។

យោងតាមគេហទំព័រផ្លូវការរបស់ពួកគេ គម្រោងជំនួយរបស់ KOICA ដល់ប្រទេសកម្ពុជា ត្រូវបានបែងចែកជាបីប្រភេទគឺ ការគាំទ្រគម្រោង កម្មវិធីមិត្តកូរ៉េពិភពលោក (WFK) កម្មវិធីអាហារូបករណ៍សកល និងកម្មវិធីភាពជាដៃគូឯកជនសាធារណៈ។ កូរ៉េ​ខាង​ត្បូង​តាម​រយៈ KOICA បាន​ជួយ​ដល់​កម្ពុជា​ប្រមាណ ២៨ លាន​ដុល្លារ​ក្នុង​ឆ្នាំ ២០២២ នេះ​បើ​តាមថ្នាលទិន្នន័យបើកទូលាយ KOICA។7នេះបង្ហាញពីការកើនឡើងយ៉ាងខ្លាំងពីឆ្នាំ​២០១៩ ដែល KOICA បានផ្តល់ថវិកាប្រមាណ ១៧ លានដុល្លារដល់រដ្ឋាភិបាលកម្ពុជា។8 នៅឆ្នាំ ២០២២ KOICA បានបែងចែកថវិការបស់ពួកគេចំនួន៣០% ដល់វិស័យសុខាភិបាល ២៦,៨% ទៅបច្ចេកវិទ្យា បរិស្ថាន និងថាមពល និង ១៩,៦% ដល់វិស័យអប់រំ។9

ក្នុងវិស័យសុខាភិបាល កូរ៉េ​ខាងត្បូង​ តាម​រយៈ​ KOICA​ បាន​ប្រគល់​អគារ​​ មិត្តភាព​ កម្ពុជា​-​កូរ៉េ​ ENT​ (​ត្រចៀក​ ច្រមុះ​ បំពង់ក​)ដែលមានតម្លៃចំនួន​ ៨​លាន​ដុល្លារ​ (​ក្នុង​មន្ទីរពេទ្យ​ព្រះ​អង្គឌួង​)​ ដល់​កម្ពុជា​ ដើម្បី​ផ្តល់​ការ​ព្យាបាល​ ពិសេស​សម្រាប់​អ្នកមាន​បញ្ហា​ត្រចៀក​ ច្រមុះ​ បំពង់ក​។​ អគារនេះត្រូវបានសាងសង់​ក្រោយ​អគារ​ភ្នែក​មិត្តភាព​កម្ពុជា​-​កូរ៉េ​ ក្រោម​ជំនួយ​ឥត​សំណង​ ៥,៥​លាន​ដុល្លារ​។​ ក្រៅពី​នោះ​ ក៏​មាន​គម្រោង​ពង្រឹងសមត្ថភាព​មន្ទីរពេទ្យ​កុមារ​ជាតិ​កម្ពុជា​ ដែល​មាន​ថវិកា​ចំនួន​ ១៦​លាន​ដុល្លារ​ ដើម្បី​ពង្រឹង​ការ​អភិវឌ្ឍន៍​មន្ទីរពេទ្យ​កុមារ​ថ្នាក់ឧត្តម​សិក្សា​ នៅ​មន្ទីរពេទ្យ​កុមារ​ជាតិ​ តាម​រយៈ​ការ​លើកកម្ពស់​គុណភាព​សេវា​ថែទាំ​។​ លើស​ពី​នេះ​ទៀត​ មាន​គម្រោង​លើកកម្ពស់​សមធម៌​ និង​គុណភាព​សុខភាព​ (H-EQIP)​ ដែល​មាន​ថវិកា​ចំនួន​ ៧ លាន​ដុល្លារ​ ដើម្បី​កែ​លម្អ​លទ្ធភាព​ទទួល​បាន​សេវា​ថែទាំ​សុខភាព​ប្រកបដោយ​ប្រសិទ្ធភាព​ និង​គុណភាព​ និង​បង្កើន​សមធម៌​។​ KOICA​ ក៏​បាន​បង្កើត​គម្រោង​ពង្រឹង​សុខភាព​មាតា​ និង​ទារក​នៅ​តំបន់​ភូមិភាគ​ឦ​សាន្ត​នៃ​ប្រទេស​កម្ពុជា​ ជាមួយនឹង​ថវិកា​ចំនួន​ ៧​ លាន​ដុល្លារ​ ដើម្បី​លើកកម្ពស់​គុណភាព​ និង​លទ្ធភាព​ទទួល​បានការ​ថែទាំ​សុខភាព​សម្រាប់​ម្តាយ​ និង​ទារក​ទើបនឹង​កើត​។​10

លើស​ពី​នេះ​ទៅ​ទៀត​ KOICA​ មាន​គម្រោង​បង្កើត​វិស្វកម្ម​បរិស្ថាន​នៅ​ សកលវិទ្យាល័យភូមិន្ធភ្នំពេញ​ ជាមួយនឹង​ថវិកា​ចំនួន​ ៦.៩ លានដុល្លា​ ដើម្បី​ជំរុញ​មហាវិទ្យាល័យ​ដ៏​ល្អ​សម្រាប់​ផ្នែក​វិស្វកម្ម​បរិស្ថាន​ ដោយ​ផ្តល់​នូវ​ការ​កសាង​សមត្ថភាព​នៃ​ឧត្តម​សិក្សា​ផ្នែក​វិស្វកម្ម​បរិស្ថាន​។​ បន្ថែម​ពីលើ​នេះ​ ក៏​មាន​គម្រោង​អភិវឌ្ឍន៍​សមត្ថភាព​នៃ​ការ​អប់រំ​ ICT​ កម្រិត​មធ្យមសិក្សា​ទុតិយភូមិ​ ជាមួយនឹង​ថវិកា​ចំនួន​ ៧​ លាន​ដុល្លារ​ ដើម្បី​ពង្រឹងសមត្ថភាព​ស្នូល​របស់​យុវវ័យ​ក្នុង​សតវត្ស​ទី​ ២១​ តាម​រយៈ​ការ​អប់រំ​ ICT​ និង​ការ​លើកកម្ពស់​គុណភាព​។​11

លើស​ពី​នេះ​ មាន​គម្រោង​នៃ​កម្មវិធី​អាហារ​បំប៉ន​តាម​ផ្ទះ​ (HGSF)​ ដែល​មាន​ថវិកា​ចំនួន​ ១០​ លាន​ដុល្លារ​ ដើម្បី​ពង្រីក​ឱកាស​អប់រំ​ស្មើគ្នា​ និង​កែ​លម្អ​ស្ថានភាព​អាហារូបត្ថម្ភ​ និង​ប្រាក់​ចំណូល​របស់​កសិករ​ដែល​ផ្តល់​ផលិតផល​ក្នុងស្រុក​។​ ជាមួយ​គ្នា​នេះ​ដែរ​ ក៏​មាន​គម្រោង​បង្កើត​ប្រព័ន្ធ​បំផុសគំនិត​អាជីវកម្ម​រវាង​សាកលវិទ្យាល័យ​ និង​ឧស្សាហកម្ម​នៅ​កម្ពុជា​ ជាមួយនឹង​ថវិកា​ចំនួន​ ៧.៩១​ លាន​ដុល្លារ​ ដើម្បី​ពង្រឹងសមត្ថភាព​ប្រកួតប្រជែង​ថ្នាក់​ជាតិ​របស់​កម្ពុជា​។​​12

KOICA​ ក៏​បាន​បង្កើត​គម្រោង​បោសសម្អាត​សម្រាប់​លទ្ធផល​ដំណាក់កាល​ទី​ ៤​ (CFR-IV)៖​ សកម្មភាព​មីន​សម្រាប់​ការ​អភិវឌ្ឍន៍​មនុស្ស​ ជាមួយនឹង​ថវិកា​ចំនួន​ ១០​ លាន​ដុល្លារ​។​ គោលបំណង​គឺ​ធានា​បាន​នូវ​សុវត្ថិភាព​ផ្លូវ​កាយ​ និង​ផ្លូវចិត្ត​របស់​អ្នកស្រុក​ តាម​រយៈ​ការ​លុប​បំបាត់​តំបន់​ដែល​មាន​មេរោគ​មីន​ក្នុង​ខេត្ត​ភាគ​ពាយ័ព្យ​ចំនួន​បី​ក្នុង​ប្រទេស​កម្ពុជា​ និង​ដើម្បី​លើកកម្ពស់​ការ​អភិវឌ្ឍ​សង្គម​ និង​សេដ្ឋកិច្ច​នៅ​ក្នុង​តំបន់​ដែល​ខ្វះខាត​។​​13

ជាង​នេះ​ទៅ​ទៀត​ ក៏​មាន​គម្រោង​អភិរក្ស​ និង​ជួសជុល​ប្រាសាទ​ជម​ នៃ​ក្រុម​ប្រាសាទ​ព្រះ​ពិ​ធូរ​ និង​លាន​ដំរី​នៅ​អង្គរធំ​ ជាមួយនឹង​ថវិកា​ចំនួន​ ៧​លាន​ដុល្លារ​អា​មេ​រិ​ក​។​ ជាមួយ​គ្នា​នេះ​ដែរ​ ក៏​មាន​គម្រោង​សិក្សា​លទ្ធភាព​លើ​វិធានការ​ផ្គត់ផ្គង់​ទឹក​ និង​កាត់​បន្ថយ​ទឹកជំនន់​សម្រាប់​អាង​ទន្លេ​ព្រែក​នាល​ក្នុង​ខេត្តស្វាយរៀង​ ដោយ​មាន​ថវិកា​ចំនួន​ ២​លាន​ដុល្លារ​អា​មេ​រិ​ក​ ដើម្បី​ធ្វើ​ផែនការ​មូលដ្ឋាន​សម្រាប់​កាត់​បន្ថយ​ទឹកជំនន់​ និង​ផ្គត់ផ្គង់​ទឹក​ក្នុង​ខេត្តស្វាយរៀង​។​14

កម្មវិធី​មិត្តពិភពលោក​កូរ៉េ​ (WFK)៖​  ក្នុង​ឆ្នាំ​ ២០០១​ រដ្ឋាភិបាល​នៃ​សាធារណរដ្ឋ​កូរ៉េ​ និង​រាជរដ្ឋាភិបាល​កម្ពុជា​បាន​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​មួយ​ទាក់ទង​នឹង​ការ​បញ្ជូន​អ្នក​ស្ម័គ្រចិត្ត​។​ ចាប់តាំងពី​ឆ្នាំ​ ២០០៣​ អ្នក​ស្ម័គ្រចិត្ត​កូរ៉េ​ត្រូវ​បាន​បញ្ជូន​មក​ប្រទេស​កម្ពុជា​ដើម្បី​ចែករំលែក​ជំនាញ​ ចំណេះដឹង​ និង​បទ​ពិសោធន៍​របស់​ពួក​គេ​ ក្នុង​កិច្ច​ខិតខំ​ប្រឹងប្រែង​ដើម្បី​បង្កើន​គុណភាព​ជីវិត​របស់​ប្រទេស​ និង​ជំរុញ​ការ​យល់​ដឹង​ និង​កិច្ច​សហប្រតិបត្តិការ​គ្នា​ទៅ​វិញ​ទៅ​មក​។​ WFK​ ធ្វើ​អន្តរាគមន៍​ជា​ចម្បង​លើ​វិស័យ​សុខុមាលភាព​សង្គម​ ថែទាំ​ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​នៅ​កម្ពុជា​។​ ចាប់ពី​ឆ្នាំ​ ២០០៣​ ដល់​ឆ្នាំ​ ២០២៣​ អ្នក​ស្ម័គ្រចិត្ត​កូរ៉េ​សរុប​ ៨៩២​នាក់​ ត្រូវ​បាន​បញ្ជូន​មក​កម្ពុជា​។​ ក្នុង​នោះ​ ៥៨១​នាក់​បាន​ចូលរួម​ក្នុង​វិស័យ​អប់រំ​ សុខភាព​ ១៣០​នាក់​ ថាមពល​ឧស្សាហកម្ម​ ៧១​នាក់​ កសិកម្ម​ និង​ព្រៃឈើ​ ៤០​នាក់​ ផ្នែក​អភិបាលកិច្ច​ ៥៣នាក់​ វេជ្ជបណ្ឌិត​សកល​ ១៣នាក់​ និង​ ៤នាក់​ជាមួយ​ KMCO​ (​មន្ត្រី​សហប្រតិបត្តិការ​ពហុភាគី​ KOICA)។​15

កម្មវិធី​អាហារូបករណ៍​សកល​ (CIAT)៖​ វា​ជា​កម្មវិធី​បណ្តុះបណ្តាល​ KOICA​ ដែល​រៀបចំ​ឡើង​ដើម្បី​បង្កើន​សមត្ថភាព​នៃ​ប្រទេស​ជា​ដៃគូ​ ដោយ​ផ្តល់​ជំនាញ​អភិវឌ្ឍន៍​ និង​ជំនាញ​បច្ចេកទេស​របស់​ប្រទេស​កូរ៉េ​ ដល់​អ្នក​បង្កើត​គោលនយោបាយ​ មន្ត្រី​សាធារណៈ​ និង​អ្នកជំនាញ​លើ​វិស័យ​ផ្សេងៗ​។​ ចាប់ពី​ឆ្នាំ​ ១៩៩៤​ ដល់​ឆ្នាំ​ ២០២០​ KOICA​ បាន​អញ្ជើញ​មន្ត្រី​កម្ពុជា​ប្រហែល​ ៣,១៨២​ នាក់​ទៅ​ចូលរួម​វគ្គ​បណ្តុះបណ្តាល​នៅ​ប្រទេស​កូរ៉េ​លើ​វិស័យ​ផ្សេងៗ​គ្នា​ រួម​មាន​ អប់រំ​ (២៦៣)​ សុខាភិបាល​ (១៦៥)​ ឧស្សាហកម្ម​ និង​ថាមពល​ (៤៦៧)​ ការ​អភិវឌ្ឍន៍ជនបទ​ (៤៩៥)​ ប្រព័ន្ធ​រដ្ឋបាល​ (​៩៦២),​ ICT​ (៣០៣),​ បម្រែបម្រួល​អាកាសធាតុ​/​បរិស្ថាន​ (២២៣)​ និង​តំបន់​ផ្សេង​ទៀត​ (៣០៤)។ ​16

កម្មវិធី​ភាព​ជា​ដៃគូ​ឯកជន​សាធារណៈ​ (PPP)៖​ ក្រោម​កម្មវិធី​នេះ​ KOICA​ បាន​គាំទ្រ​គម្រោង​នានា​ក្នុង​គោលបំណង​ជំរុញ​ការ​អភិវឌ្ឍន៍​សេដ្ឋកិច្ច​-​សង្គម​ និង​ការ​លើកកម្ពស់​ជីវភាព​ក្នុង​តំបន់​នៅ​ក្នុង​ប្រទេស​កំពុង​អភិវឌ្ឍន៍​។​ ចាប់តាំងពី​ឆ្នាំ​ ១៩៩៥​ KOICA​ បាន​អនុវត្ត​កម្មវិធី​ភាព​ជា​ដៃគូ​សាធារណៈ​ និង​ឯកជន​ (PPP)​ ចំនួន​ ១៣៦​ នៅ​ក្នុង​ប្រទេស​កម្ពុជា​។​17

ការប្រយុទ្ធ​ប្រឆាំងនឹង​កូវីដ-១៩

KOICA​  របស់ប្រទេសកូរ៉េ​ខាងត្បូង បាន​ចូលរួម​ឧបត្ថម្ភ​ជា​ច្រើន​លើក​ច្រើន​សារ​តាំងពី​ការ​រីក​រាលដាលដំបូង​នៃ​ជំងឺ​កូ​វី​ដ​-១៩​ នៅ​កម្ពុជា​។​ ក្នុងអំឡុងពេល​នៃ​ការ​រាតត្បាត​នៃ​ជំងឺ​កូ​វី​ដ​-១៩​ រដ្ឋាភិបាល​កូរ៉េ​ខាងត្បូង​បាន​រួមចំណែក​យ៉ាង​សំខាន់​តាម​រយៈ​ការ​បរិច្ចាគ​ឧបករណ៍​មន្ទីរពិសោធន៍​ ឧបករណ៍​សម្ពាធ​អវិជ្ជមាន​ ម៉ាស់​ និង​ទឹក​សម្លាប់មេរោគ​ដោយ​ផ្ទាល់​ដល់​ក្រសួងសុខាភិបាល​កម្ពុជា​ មន្ទីរពេទ្យ​កុមារ​ជាតិ​ និង​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​-​សូ​វៀត​។​18​ ពួក​គេ​ក៏​បាន​ផ្តល់​ធាតុ​បន្ថែម​ដូច​ជា​ ឧបករណ៍​ទាញ​យក​ RNA,​ ឧបករណ៍ធ្វើតេស្ត​រហ័ស​ ​ SD​ Biosensor,​ ឧបករណ៍​ប្រមូល​សំណាក​ និង​ឧបករណ៍​ធ្វើតេស្ត​ PCR​ ផ្សេង​ទៀត​។​19 ជា​ឧទាហរណ៍​ ក្នុង​ខែឧសភា​ ឆ្នាំ​ ២០២០​ កូរ៉េ​ខាងត្បូង​បាន​បរិច្ចាគ​ថវិកា​ចំនួន​ ២០០,០០០​ ដុល្លារ​ និង​ឧបករណ៍​ធ្វើតេស្ត​តម្លៃ​ ១០​ ម៉ឺន​ដុល្លារ​ដល់​ប្រទេស​កម្ពុជា​។20 លើស​ពី​នេះ​ នៅ​ឆ្នាំ​ ២០២០​ កូរ៉េ​ខាងត្បូង​បាន​បរិច្ចាគ​រថយន្ត​សង្គ្រោះ​ចំនួន​ ១០​ គ្រឿង​ដល់​ក្រសួងសុខាភិបាល​ ហើយ​នៅ​ឆ្នាំ​ ២០២១​ KOICA​ បាន​ផ្តល់​រថយន្ត​សង្គ្រោះ​ចំនួន​ ១៥​ គ្រឿង​បន្ថែម​ទៀត​ ដើម្បី​បង្កើន​សេវា​ថែទាំ​សុខភាព​នៅ​កម្ពុជា​។​ ជំនួយ​ដ៏​ច្រើន​នេះ​បាន​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​ផ្នែក​សុខភាព​ដែល​មាន​រយៈពេល​វែង​រវាង​ប្រទេស​ទាំង​ពីរ​ ធ្វើ​អោយមានភាព​ប្រសើរ​ឡើង​នូវ​ប្រព័ន្ធ​សុខាភិបាល​របស់​ប្រទេស​កម្ពុជា​ ការ​ការពារ​ជំងឺ​ និង​ការ​ឆ្លើយ​តប​ទៅ​នឹង​ជំងឺឆ្លង​ និង​ជំងឺមិនឆ្លង​ សុខភាព​មាតា​ និង​ទារក​ ការ​អភិវឌ្ឍន៍​ធនធានមនុស្ស​ និង​ហេដ្ឋារចនាសម្ព័ន្ធ​សុខាភិបាល​។​21

ប្រធាន​​បទ​ពាក់​ព័ន្ធ​​នឹងជំនួយពីកូរ៉េខាងត្បូង

ឯកសារយោង

  1. 1. វិទ្យាស្ថាន Lowly, “កម្ពុជា៖ បញ្ហាប្រឈមអភិវឌ្ឍន៍សំខាន់ៗ,” បានចូលអាននៅខែមករា ឆ្នាំ២០២៥។
  2. 2. ស្ថានទូតសាធារណរដ្ឋកូរ៉េ ប្រចាំព្រះរាជាណាចក្រកម្ពុជា, “ជំនួយឥតសំណង និង EDCF,” បានចូលអាននៅខែកញ្ញា ឆ្នាំ២០២៤។
  3. 3. បុគ្គលិកភ្នំពេញប៉ុស្តិ៍, “ទំនាក់ទំនងកម្ពុជា-កូរ៉េខាងត្បូង៖ ទំនាក់ទំនងប្រកបដោយផ្លែផ្កា ដែលគួរយកចិត្តទុកដាក់,” កាសែតភ្នំពេញប៉ុស្តិ៍, ថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៤។
  4. 4. ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC), “មូលដ្ឋាន​ទិន្នន័យ​ ជំនួយ​អភិវឌ្ឍន៍​ផ្លូវការកម្ពុជា,” បានចូលអាននៅខែកញ្ញា ឆ្នាំ២០២៤។
  5. 5. បុគ្គលិក​ ខ្មែរ​ថា​ម​ស៍​, “ការសន្យារបស់ KOICA ក្នុងការពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ដើម្បីឈ្នះទាំងបី៖ សម្រាប់កូរ៉េ ដើម្បីកម្ពុជា និងប្រជាជននៃប្រទេសទាំងពីរ,” ថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៤។
  6. 6. ទិនានុប្បវត្តិនៃសង្គមកូរ៉េនៃកសិកម្មអន្តរជាតិ, “កិច្ចសហប្រតិបត្តិការរបស់កូរ៉េក្នុងវិស័យកសិកម្ម និងអភិវឌ្ឍន៍ជនបទនៅកម្ពុជា – ការប្រៀបធៀបជាមួយវិធីសាស្រ្តរបស់ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA),” ឆ្នាំ២០១៣។
  7. 7. ថ្នាលទិន្នន័យបើកទូលាយ KOICA, “ទិដ្ឋភាពទូទៅនៃប្រទេសកម្ពុជា,” បានចូលអាននៅខែមករា ឆ្នាំ២០២៥។
  8. 8. ដូចឯកសារយោងខាងដើម។
  9. 9. ដូចឯកសារយោងខាងដើម។
  10. 10. ការិយាល័យ KOICA កម្ពុជា, “ការគាំទ្រគម្រោង,” បានចូលអាននៅខែកញ្ញា ឆ្នាំ២០២៤។
  11. 11. ដូចឯកសារយោងខាងដើម។
  12. 12. ដូចឯកសារយោងខាងដើម។
  13. 13. ដូចឯកសារយោងខាងដើម។
  14. 14. ដូចឯកសារយោងខាងដើម។
  15. 15. ការិយាល័យ KOICA កម្ពុជា, “កម្មវិធី​មិត្តពិភពលោក​កូរ៉េ (WFK),” បានចូលអាននៅខែកញ្ញា ឆ្នាំ២០២៤។
  16. 16. ការិយាល័យ KOICA កម្ពុជា, “កម្មវិធី​អាហារូបករណ៍​សកល​ (CIAT),” បានចូលអាននៅខែកញ្ញា ឆ្នាំ២០២៤។
  17. 17. ការិយាល័យ KOICA កម្ពុជា, “កម្មវិធី​ភាព​ជា​ដៃគូ​ឯកជន​សាធារណៈ​ (PPP),” បានចូលអាននៅខែកញ្ញា ឆ្នាំ២០២៤។
  18. 18. ប៊ុត​ រស្មី​គង្គា​,”រដ្ឋាភិបាល​កូរ៉េ​ផ្តល់​រថយន្ត​សង្គ្រោះ​ចំនួន ១៥ គ្រឿង​បន្ថែម​ទៀត,” ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៤។
  19. 19. មុំ គន្ធា, “កូរ៉េខាងត្បូង ផ្តល់ជំនួយបន្ថែម ក្នុងការប្រយុទ្ធ Covid-19,” ថ្ងៃទី ២០ ខែមេសា ឆ្នាំ ២០២១។
  20. 20. វ៉​ន​ ដា​រ៉ា, “កូរ៉េខាងត្បូង​បរិច្ចាគ​សម្ភារ​ពេទ្យ​ដើម្បី​ប្រយុទ្ធ​នឹង​កូវីដ, ថ្ងៃទី ០៦ ខែ ឧសភា ឆ្នាំ ២០២១។
  21. 21. ប៊ុត​ រស្មី​គង្គា​,”រដ្ឋាភិបាល​កូរ៉េ​ផ្តល់​រថយន្ត​សង្គ្រោះ​ចំនួន ១៥ គ្រឿង​បន្ថែម​ទៀត,” ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៤។
ទំនាក់ទំនងយើងខ្ញុំ

ទំនាក់ទំនងយើងខ្ញុំ

បើលោកអ្នកមានសំនួរទាក់ទងនឹងខ្លឹមសារផ្សាយនៅលើគេហទំព័រ Open Development Cambodia (ODC)? យើងខ្ញុំ​នឹង​ឆ្លើយ​តប​​ដោយ​ក្តី​រីក​រាយ។

តើអ្នកបានឃើញបញ្ហាបច្ចេកទេសណាមួយនៅលើគេហទំព័រOpen Development Cambodia (ODC) ដែរឬទេ?

តើលោកអ្នកយល់យ៉ាងដូចម្តេចដែរចំពោះការងាររបស់អូឌីស៊ី?

តើលោកអ្នកមានឯកសារដែលអាចជួយពង្រីក​គេហទំព័រOpen Development Cambodia (ODC) ដែរ​ឬទេ​?​ យើងខ្ញុំ​នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ទិន្នន័យ​អំពី​ផែនទី​ ច្បាប់​ អត្ថបទ​ និង​ ឯកសារ​ដែល​ពុំ​មាននៅ​លើ​គេហទំព័រ​នេះ​ ហើយ​ពិចារណា​បោះផ្សាយ​ទិន្នន័យ​ទាំងនោះ​។​ សូម​មេត្តា​ផ្ញើ​តែ​ឯកសារ​ណា​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative Commons

ឯកសារត្រូវបានលុប
មានបញ្ហា!

កំណត់សម្គាល់៖ Open Development Cambodia (ODC) នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ឯកសារ​ដែល​បាន​បញ្ជូន​មក​យ៉ាង​ហ្មត់ចត់​ ដើម្បី​កំណត់​ភាព​ត្រឹមត្រូវ​ និង​ពាក់ព័ន្ធ​ មុន​ពេលធ្វើការ​បង្ហោះ​ផ្សាយ​។​ រាល់​ឯកសារ​ដែល​បាន​បង្ហោះ​ផ្សាយ​នឹង​ជា​ឯកសារ​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative​ Commons​។​ យើងខ្ញុំ​សូម​អគុណ​សំរាប់​ការ​គាំទ្រ​របស់​លោក​អ្នក​។​

nyrp7
* ប្រអប់មតិមិនអាចទទេ! មិនអាចបញ្ចូនបាន សូមធ្វើការបញ្ចូនម្តងទៀត! Please add the code correctly​ first.

សូម​អរគុណ​សំរាប់​ការ​ចំនាយ​ពេល​ក្នុង​ការ​ចែក​រំលែក​មក​កាន់​យើងខ្ញុំ!