ថវិកាសាលាបឋមសិក្សា

ការអនុវត្តក្របខ័ណ្ឌគណនេយ្យភាពសង្គម (I-SAF) មានគោលបំណងផ្តល់អំណាចដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន បង្កើនការទទួលខុសត្រូវរបស់អាជ្ញាធរមូលដ្ឋាន និងធ្វើឱ្យប្រសើរឡើងនូវទំនាក់ទំនងរវាងអ្នកផ្តល់សេវាកម្មក្នុងស្រុក និងប្រជាពលរដ្ឋ។1 គម្រោងនេះត្រូវបានអនុវត្តក្រោមសមាសភាគសំខាន់ៗចំនួន ៤ គឺ៖

  • ការ​ទទួល​បាន​ព័ត៌មាន​នានា​ និង​ព័ត៌មាន​ថវិកា​
  • ការ​ត្រួតពិនិត្យ​តាមដាន​ដោយ​ប្រជាពលរដ្ឋ​
  • ការ​សម្របសម្រួល​ និង​ការ​ពង្រឹងសមត្ថភាព​ និង​ ការ​ប្រមូល​មេរៀន​បទ​ពិសោធន៍​ និង​
  • ការ​ត្រួតពិនិត្យ​តាមដាន​។2

សមាសភាគទាំងបួននេះគឺជាគន្លឹះដើម្បីធានានូវវិមជ្ឈការកាន់តែប្រសើរ គណនេយ្យភាពសង្គម និងតម្លាភាពនៅក្នុងសេវាកម្មសាធារណៈ។3 សហការជាមួយក្រសួងពាក់ព័ន្ធសង្គមស៊ីវិល អាជ្ញាធរមូលដ្ឋាន និងដៃគូអភិវឌ្ឍន៍ជាច្រើន គណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ (គ.ជ.អ.ប) ទទួលខុសត្រូវចំពោះការអនុវត្តគម្រោងនេះ។ អ្នកផ្តល់សេវា​​នៅ​​ថ្នាក់​មូលដ្ឋាន​ចំនួនបីត្រូវបានអនុវត្តក្រោមគម្រោងរួមមាន៖ សាលាបឋមសិក្សា មណ្ឌលសុខភាពបឋម និងរដ្ឋបាលឃុំ-សង្កាត់។4

កុមារីម្នាក់កំពុងគូររូបលើក្តាឈ្នួនរបស់គាត់។ រូបថតដោយ Global Partnership for Education។ ថតនៅថ្ងៃទី៣០ ខែវិច្ឆិកា​ ឆ្នាំ២០១៦។ អាជ្ញាប័ណ្ណ CC BY-NC-ND 2.0

ការ​ទទួល​បាន​ព័ត៌មាន​នានា​ និង​ព័ត៌មាន​ថវិកា​ គឺជាធាតុសំខាន់នៃលទ្ធិប្រជាធិបតេយ្យដែលអាចនាំឱ្យមានអភិបាលកិច្ចល្អប្រសើរ និងគណនេយ្យភាពសង្គមប្រកបដោយប្រសិទ្ធភាពនៅថ្នាក់មូលដ្ឋាន។5 ចំណុចសំខាន់នៃព័ត៌មានសម្រាប់គម្រោងក្របខ័ណ្ឌគណនេយ្យភាពសង្គម គឺគោលនយោបាយ ស្តង់ដារ ថវិកា ការចំណាយ គោលដៅ និងការអនុវត្ត។6 ព័ត៌មានសំខាន់ទាំងនេះចាំបាច់ត្រូវផ្សព្វផ្សាយដល់អ្នកពាក់ព័ន្ធទាំងអស់ដើម្បីឱ្យការយល់ដឹងគ្នាទៅវិញទៅមក និងការផ្តល់សេវាកម្មអាចមានភាពប្រសើរឡើង។ តម្លាភាពហិរញ្ញវត្ថុសាធារណៈរបស់កម្ពុជា និងចំណេះដឹងផ្នែកថវិការបស់ប្រជាពលរដ្ឋនូវមានកម្រិត​នៅឡើយហើយត្រូវការការអប់រំបន្ថែម។7 គំនិតនៃ “ថវិកាបើកចំហ” មិនទាន់ត្រូវបានស្គាល់ពីសំណាក់ប្រជាពលរដ្ឋទេ។ បញ្ហានេះបានលេចចេញជារូបរាងហើយបានរារាំងនូវទំនាក់ទំនងដ៏ល្អរវាងអ្នកផ្តល់សេវាកម្ម និងប្រជាពលរដ្ឋ។8 ឧបករណ៍ស្នូលសម្រាប់ផ្តល់ព័ត៌មានដល់ប្រជាពលរដ្ឋត្រូវបានគេហៅថា “កញ្ចប់ព័ត៌មានសម្រាប់ប្រជាពលរដ្ឋ” (I4C) ។9 កញ្ចប់ព័ត៌មាននេះត្រូវបានបង្កើត និងចែកចាយចេញពីថ្នាក់ស្រុករហូតដល់ថ្នាក់ឃុំ ហើយអ្នកផ្តល់សេវាកម្មក្នុងស្រុកជា​អ្នក​ផ្សព្វផ្សាយព័ត៌មានបន្ថែម។ ទិន្នន័យនេះបង្ហាញឱ្យឃើញនូវអ្វីដែលរដ្ឋាភិបាលគ្រោងនឹងធ្វើ អ្វីដែលពួកគេបានធ្វើហើយ និងចំនួនថវិកាដែលពួកគេកំពុងធ្វើការជាមួយ។

ការប្រៀបធៀបដំណើរការថវិកាប្រតិបត្តិការសាលា (SOB) និងដំណើរការថវិកាសំរាប់កំណែលំអរសាលា(SIG)។ ដកស្រងចេញពីអត្ថបទ វិស័យអប់រំនៅកម្ពុជា៖ ការតាមដានចំណាយសាធារណៈ និងការស្ទង់មតិគុណភាពនៃការផ្តល់សេវាកម្ម។ អាជ្ញាប័ណ្ណ CC BY-NC-ND 2.0

ក្នុងអំឡុងពេលអនុវត្តក្របខ័ណ្ឌគណនេយ្យភាពសង្គមដំណាក់កាលទី១ មានសាលាបឋមសិក្សាចំនួន ១.៤០៤ នៅក្នុងឃុំចំនួន ៧៥៧ នៅទូទាំងប្រទេសត្រូវបានយកទៅអនុវត្ត។10 ដៃគូអនុវត្តផ្តោតលើការផ្សព្វផ្សាយព័ត៌មានថវិការបស់សាលាបឋមសិក្សាដល់អ្នកស្រុក។ ព័ត៌មានហិរញ្ញវត្ថុរបស់សាលាដែលមានប្រយោជន៍ដូចជាចំណូល និងចំណាយត្រូវបានប្រមូល រួចធ្វើឱ្យព័ត៌មានទាំងនោះមានភាពងាយយល់ និងធ្វើឱ្យសាធារណជនអាចចូលមើលបានតាមរយៈផ្ទាំងរូបភាពនៅលើក្តារសាលារបស់ពួកគេ និងការិយាល័យរដ្ឋបាលឃុំ-សង្កាត់រៀងៗខ្លួន។11 ក្តាររបាយការណ៍ និងខិត្តប័ណ្ណ គឺជាមធ្យោបាយផ្សេងទៀតដែលគម្រោងនេះប្រើជាឧបករណ៍នៃការផ្សាយព័ត៌មាន។ នៅលើផ្ទាំងរូបភាពមានព័ត៌មានអំពីថវិកាដូចជា៖12

  • ចំណូលរបស់សាលា​៖ វាអាចមានផ្ទុកព័ត៌មានថវិកាពីប្រភពផ្សេងៗនៃការចូលរួមគាំទ្រដូចជា កញ្ចប់ថវិកាជាតិ ជំនួយឧបត្ថម្ភ និងការរួមចំណែកពីសហគមន៍។
  • ការចំណាយលើសាលា៖ ចំនួននៃការចំណាយរបស់សាលាលើប្រភេទផ្សេងៗគ្នាដូចជា ប្រាក់ឧបត្ថម្ភគ្រូបង្រៀន ប្រាក់ខែបុគ្គលិក រង្វាន់ និងប្រាក់លើកទឺកចិត្ត និងការថែទាំសាលា សៀវភៅសិក្សា និងសម្ភារៈសិក្សា។

សាលារៀនភាគច្រើននៅកម្ពុជាត្រូវមានគណនីធនាគារផ្ទាល់ខ្លួនដើម្បីទទួលបានមូលនិធិផ្ទាល់ពីរដ្ឋាភិបាល។ ប្រភពពីរនៃថវិកាសាធារណៈដែលសាលានៅកម្ពុជាទទួលបានគឺថវិកាប្រតិបត្តិការសាលា (SOB) និងជំនួយអភិវឌ្ឍន៍សាលា (SIG) ដែលថវិកាប្រតិបត្តិការសាលាបានមកពីថវិការបស់រដ្ឋាភិបាលផ្ទាល់ ហើយជំនួយអភិវឌ្ឍន៍សាលាត្រូវបានផ្តល់មូលនិធិដោយទីភ្នាក់ងារអភិវឌ្ឍន៍អន្តរជាតិស៊ុយអែត(Sida)។13 ការផ្ទេរថវិកាប្រតិបត្តិការសាលាទៅគណនីធនាគាររបស់សាលានីមួយៗ រដ្ឋាភិបាលបានឆ្លងកាត់ដំណើរការរៀបចំថវិការួមមាន ការធ្វើផែនការថវិកា ការពិនិត្យឡើងវិញ ការចរចា និងដំណើរការអនុម័ត។14

គណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ (គ.ជ.អ.ប)​ ក៏បានធ្វើឱ្យព័ត៌មានថវិកាទាំងនោះអាចចូលមើលបានជាសាធារណៈនៅលើគេហទំព័ររបស់ពួកគេដែរ។ អ្នកប្រើប្រាស់នឹងរកឃើញព័ត៌មានផ្សេងៗអំពីអ្នកផ្តល់សេវាកម្មក្នុងតំបន់របស់ពួកគេដែលត្រូវបានគ្របដណ្តប់ក្រោមគម្រោងអនុវត្តក្របខ័ណ្ឌគណនេយ្យភាពសង្គម។ មូលដ្ឋានទិន្នន័យដែលលើគេហទំព័រមានដូចជា ចំណូលប្រចាំឆ្នាំ ការចំណាយ និងការងាររបស់សាលាបឋមសិក្សាមណ្ឌលសុខភាពនិងរដ្ឋបាលឃុំ។ ព័ត៌មានសំខាន់ៗទាំងនេះបានអនុញ្ញាតឱ្យប្រជាពលរដ្ឋក្នុងតំបន់ដឹងច្បាស់អំពីចំនួនទឹកប្រាក់សរុបដែលសាលារបស់ពួកគេបានទទួល និងតាមដានការពីការផ្លាស់ប្តូរប្រាក់ចំណូលក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។

ផ្ទាំងព័ត៌មានស្តីពីព័ត៌មានថវិកាក៏បានជូនដំណឹងដល់អ្នកស្រុកអំពីចំណាយសាលា និងតំបន់ផ្សេងៗដែលពួកគេបានចំណាយប្រាក់។ ក្នុងដំណាក់កាលទី ១ នៃការអនុវត្តក្របខ័ណ្ឌគណនេយ្យភាពសង្គម ថវិកាបើកចំហត្រូវបានផ្សព្វផ្សាយជាសាធារណៈដែលផ្តល់នូវតម្លាភាព និងភាពបើកចំហខ្ពស់នៅថ្នាក់មូលដ្ឋាន។ ប្រជាពលរដ្ឋមានការយល់ដឹងអំពីកញ្ចប់ព័ត៌មានសម្រាប់​ប្រជា​ពលរដ្ឋ​ (I4C) ហើយអាចយកព័ត៌មាន និងទិន្នន័យទាំងនោះទៅប្រើប្រាស់បន្តបាន។ កម្រិត​អក្ខរកម្មថវិការបស់អ្នកស្រុកក៏បានកើនឡើងផងដែរ។ ប្រជាពលរដ្ឋបានប្រើប្រាស់ព័ត៌មាននៅក្នុងកញ្ចប់ព័ត៌មានសម្រាប់ប្រជាពលរដ្ឋដើម្បីតាមដាន និងប្រៀបធៀបស្តង់ដារ ការអនុវត្ត និងគោលនយោបាយរបស់អ្នកផ្តល់សេវាកម្មក្នុងស្រុករបស់ពួកគេ។

ទាកទងនឹងកញ្ចប់ថវិការសាលាបឋមសិក្សា

ឯកសារយោង

  1. 1. គណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ, “ផែនការអនុវត្តក្របខ័ណ្ឌគណនេយ្យភាពសង្គម” ឆ្នាំ ២០១៤, បានចូលអានថ្ងៃទី ១៥ ខែសីហាឆ្នាំ ២០២១។
  2. 2. គណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ, “សេចក្តីណែនាំប្រតិបត្តិការសំរាប់អ្នកទទួលការអនុវត្តក្របខ័ណ្ឌគណនេយ្យភាពសង្គម​,” បានចូលអានថ្ងៃទី១៥ ខែសីហាឆ្នាំ ២០២១។
  3. 3. ដូចឯកសារយោងខាងដើម។
  4. 4. The Asia Foundation, “ការត្រួតពិនិត្យដំណើរការប្រទេសកម្ពុជាការអនុវត្តក្របខ័ណ្ឌគណនេយ្យភាពសង្គម,” ឆ្នាំ ២០១៧, បានចូលអានថ្ងៃទី ១៥ ខែសីហាឆ្នាំ ២០២១។
  5. 5. គណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ, “ផែនការអនុវត្តក្របខ័ណ្ឌគណនេយ្យភាពសង្គម” ឆ្នាំ ២០១៤, បានចូលអានថ្ងៃទី ១៧ ខែសីហាឆ្នាំ ២០២១។
  6. 6. ដូចឯកសារយោងខាងដើម។
  7. 7. ដូចឯកសារយោងខាងដើម។
  8. 8. អង្គការ CARE អន្តរជាតិ, “របាយការណ៍បញ្ចប់ការវាយតម្លៃគម្រោង៖ ផែនការអនុវត្តក្របខ័ណ្ឌគណនេយ្យភាពសង្គម,” ២០១៨, បានចូលអានថ្ងៃទី២២ ខែសីហា ឆ្នាំ២០២១។
  9. 9. គណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ, “ផែនការអនុវត្តក្របខ័ណ្ឌគណនេយ្យភាពសង្គម” ឆ្នាំ ២០១៤, បានចូលអានថ្ងៃទី ១៧ ខែសីហាឆ្នាំ ២០២១។
  10. 10. អង្គការ​ទស្សនៈ​ពិភព​លោក,​ “សៀវភៅ-ការអនុវត្តក្របខ័ណ្ឌគណនេយ្យភាពសង្គម,” ឆ្នាំ ២០២០, បានចូល​អាន​ថ្ងៃទី ១១ ខែសីហាឆ្នាំ ២០២១។
  11. 11. គណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ, “ផែនការអនុវត្តក្របខ័ណ្ឌគណនេយ្យភាពសង្គម” ឆ្នាំ ២០១៤, បានចូលអានថ្ងៃទី ២៧ ខែសីហាឆ្នាំ ២០២១។
  12. 12. គណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ, “ព័ត៌មានសម្រាប់ប្រជាពលរដ្ឋ៖ សៀវភៅណែនាំI4C,” បានចូលអានថ្ងៃទី២៥​ ខែសីហា ឆ្នាំ២០២១។
  13. 13. ធនាគារពិភពលោក, “វិស័យអប់រំនៅកម្ពុជា៖ ការតាមដានចំណាយសាធារណៈនិងការស្ទង់មតិគុណភាពនៃការផ្តល់សេវាកម្ម,” ២០១៨, បានចូលអានថ្ងៃទី១០​ ខែកញ្ញា ឆ្នាំ២០២១។
  14. 14. ដូចឯកសារយោងខាងដើម។
ទំនាក់ទំនងយើងខ្ញុំ

ទំនាក់ទំនងយើងខ្ញុំ

បើលោកអ្នកមានសំនួរទាក់ទងនឹងខ្លឹមសារផ្សាយនៅលើគេហទំព័រ Open Development Cambodia (ODC)? យើងខ្ញុំ​នឹង​ឆ្លើយ​តប​​ដោយ​ក្តី​រីក​រាយ។

តើអ្នកបានឃើញបញ្ហាបច្ចេកទេសណាមួយនៅលើគេហទំព័រOpen Development Cambodia (ODC) ដែរឬទេ?

តើលោកអ្នកយល់យ៉ាងដូចម្តេចដែរចំពោះការងាររបស់អូឌីស៊ី?

តើលោកអ្នកមានឯកសារដែលអាចជួយពង្រីក​គេហទំព័រOpen Development Cambodia (ODC) ដែរ​ឬទេ​?​ យើងខ្ញុំ​នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ទិន្នន័យ​អំពី​ផែនទី​ ច្បាប់​ អត្ថបទ​ និង​ ឯកសារ​ដែល​ពុំ​មាននៅ​លើ​គេហទំព័រ​នេះ​ ហើយ​ពិចារណា​បោះផ្សាយ​ទិន្នន័យ​ទាំងនោះ​។​ សូម​មេត្តា​ផ្ញើ​តែ​ឯកសារ​ណា​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative Commons

ឯកសារត្រូវបានលុប
មានបញ្ហា!

កំណត់សម្គាល់៖ Open Development Cambodia (ODC) នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ឯកសារ​ដែល​បាន​បញ្ជូន​មក​យ៉ាង​ហ្មត់ចត់​ ដើម្បី​កំណត់​ភាព​ត្រឹមត្រូវ​ និង​ពាក់ព័ន្ធ​ មុន​ពេលធ្វើការ​បង្ហោះ​ផ្សាយ​។​ រាល់​ឯកសារ​ដែល​បាន​បង្ហោះ​ផ្សាយ​នឹង​ជា​ឯកសារ​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative​ Commons​។​ យើងខ្ញុំ​សូម​អគុណ​សំរាប់​ការ​គាំទ្រ​របស់​លោក​អ្នក​។​

Sjsnx
* ប្រអប់មតិមិនអាចទទេ! មិនអាចបញ្ចូនបាន សូមធ្វើការបញ្ចូនម្តងទៀត! Please add the code correctly​ first.

សូម​អរគុណ​សំរាប់​ការ​ចំនាយ​ពេល​ក្នុង​ការ​ចែក​រំលែក​មក​កាន់​យើងខ្ញុំ!