សត្វនៅកម្ពុជាគឺជាទ្រព្យសម្បត្តិរដ្ឋក្រោមមាត្រា ៤៨ នៃច្បាប់ព្រៃឈើឆ្នាំ ២០០២។ ច្បាប់នេះបានដាក់រដ្ឋបាលព្រៃឈើឱ្យទទួលបន្ទុកកម្មវិធីស្រាវជ្រាវ និងកិច្ចការអភិរក្ស។ រដ្ឋបាលព្រៃឈើអនុវត្ដការងារនេះតាមរយៈនាយកដ្ឋានសត្វព្រៃ និងជីវៈចម្រុះ។ កម្មវិធីអភិរក្សនៅតាមតំបន់ជាញឹកញាប់ត្រូវបានធ្វើឡើងដោយសហការគ្នារវាងរដ្ឋាភិបាល សហគមន៍មូលដ្ឋាន និងអង្គការក្រៅរដ្ឋាភិបាល។
ក្នុងចំណោមស្ថាប័នសំខាន់ៗដែលទទួលខុសត្រូវការពារសត្វ គឺមានមជ្ឈមណ្ឌលសង្គ្រោះសត្វព្រៃនៅភ្នំតាម៉ៅដែលទទួលយកសត្វដែលត្រូវបានជួយសង្គ្រោះពីការជួញដូរសត្វព្រៃខុសច្បាប់។ ការផ្តួចផ្តើមគំនិតឯកជនដទៃទៀតមួយចំនួនបំពេញតួនាទីដូចគ្នាដែរ ដូចជា មជ្ឈមណ្ឌលអង្គរសម្រាប់ការអភិរក្សជីវៈចម្រុះជាដើម។
ប្រទេសកម្ពុជាគឺជាសមាជិកនៃអនុសញ្ញាស្តីពីជីវៈចម្រុះ និងបានចេញរបាយការណ៍អំពីការរីកចម្រើននៃការអភិរក្សជីវៈចម្រុះ។
មានតំបន់ជាច្រើននៃប្រទេសកម្ពុជាដែលមានសារៈសំខាន់សម្រាប់ភាពចម្រុះនៃសត្វ ហើយតំបន់ខ្លះត្រូវបានគេទទួលស្គាល់ថាជាដែនជម្រកសត្វព្រៃ (ផែនទីរបស់អូឌីស៊ី)។ គូលែនភ្នំទេពត្រូវបានបង្កើតឡើងដំបូងនៅឆ្នាំ២០០៤ ស្ថិតនៅភាគខាងជើងនៃខេត្តសៀមរាប។1 តំបន់នេះជាបណ្តុំនៃប្រភេទសត្វដែលរងការគំរាមកំហែងនៅទូទាំងពិភពលោកចំនួន ៣៦ ដែលត្រូវបានចុះបញ្ជីនៅក្នុងបញ្ជីក្រហមរបស់ IUCN រួមមាន ៦ ប្រភេទដែលជិតផុតពូជ។ ក្នុងចំណោមសត្វទាំងនេះ សត្វដែលគេស្គាល់ច្រើនបំផុតគឺ:
- សត្វត្រយ៉ងយក្ស
- ប្រជៀវអង្កាម (ដែលត្រូវបានគេស្គាល់តែនៅក្នុងដែនជម្រក និងនៅកន្លែងផ្សេងទៀតនៅក្នុងប្រទេសឥណ្ឌា)
- ដំរីអាស៊ី
- រមាំង
- ក្រពើភ្នំ
អង្គការមូលនិធិសត្វព្រៃពិភពលោកបានចាប់ផ្តើមកម្មវិធីសង្គ្រោះជាច្រើន 2 (ការសង្គ្រោះត្រីផ្សោត ការនាំសត្វខ្លាមកកម្ពុជាវិញ សត្វព្រៃដែលជិតផុតពូជ)
អង្គការសមាគមអភិរក្សសត្វព្រៃដែលបានបង្កើតឡើងនៅក្នុងឆ្នាំ២០០៨ ក៏ធ្វើការយ៉ាងជិតស្និទ្ធជាមួយរាជរដ្ឋាភិបាលក្នុងតំបន់អភិរក្សជីវៈចម្រុះសីមាផងដែរ។3 តំបន់ការពារនេះ គឺជាជម្រកសម្រាប់ប្រភេទសត្វកម្រដូចជា សត្វទោចថ្ពាល់លឿង និងស្វាកន្ទុយស។
អង្គការសម្ព័ន្ធភាពសត្វព្រៃប្រតិបត្តិនៅជួរភ្នំក្រវាញដែលត្រូវបានគេនិយាយថាជាតំបន់សត្វព្រៃដ៏ល្អបំផុតដែលត្រូវបានអភិរក្សនៅអាស៊ីអាគ្នេយ៍។4 ទោះជាយ៉ាងណាក៏ដោយតំបន់នេះត្រូវបានបំផ្លិចបំផ្លាញដោយកងកម្លាំងខ្មែរក្រហម ហើយជំរកធម្មជាតិជាច្រើនត្រូវបានបំផ្លាញ ដែលបច្ចុប្បន្ននេះត្រូវការការស្ដារឡើងវិញ។
សត្វខ្លាបានផុតពូជនៅក្នុងប្រទេសកម្ពុជាអស់រយៈពេលជាច្រើនឆ្នាំមកហើយ (មិនមានពូជសម្រាប់បង្កាត់នោះទេ)5 ហើយសត្វខ្លាឥណ្ឌូចិនចុងក្រោយត្រូវបានគេថតជាប់នៅក្នុងព្រៃក្នុងឆ្នាំ ២០០៧។ បច្ចុប្បន្នគម្រោងមួយកំពុងត្រូវបានគេពិចារណាដើម្បីដាក់បញ្ចូលចំនួនសត្វខ្លាឡើងវិញ។6;7
ប្រភេទសត្វសំខាន់ៗជាច្រើនទៀតត្រូវបានរៀបរាប់នៅក្នុងទំព័ររបស់អង្គការអូឌីស៊ីស្តីពី ជីវៈចម្រុះជីវៈចម្រុះ តំបន់សមុទ្រ និងឆ្នេរ និង ទន្លេ និងបឹង។
ការគំរាមកំហែងដល់សត្វ
មូលហេតុសំខាន់ៗសម្រាប់ការថយចុះនៃជីវៈចម្រុះជីវៈចម្រុះនៅតែជាការអភិវឌ្ឍដែលធ្វើឱ្យប៉ះពាល់ដល់ជម្រកសត្វ។ ការកាប់បំផ្លាញព្រៃឈើ ការកសាងហេដ្ឋារចនាសម្ព័ន្ធ និងការផ្លាស់ប្តូរដី គឺជាកត្តាជំរុញសម្រាប់អំបូរសត្វជាច្រើនដែលមិនអាចរកបរិស្ថានសុវត្ថិភាពដើម្បីអភិវឌ្ឍបាន។ ច្បាប់ការពារសត្វមិនត្រូវបានអនុវត្តប្រកបដោយប្រសិទ្ធភាពទេ។ ប្រភេទសត្វដែលជិតផុតពូជភាគច្រើនបានបរាជ័យក្នុងការសម្របខ្លួនទៅនឹងការផ្លាស់ប្តូរយ៉ាងខ្លាំងនៅក្នុងជម្រកធម្មជាតិរបស់ពួកគេ។8
បញ្ហាចម្បងមួយផ្សេងទៀតគឺការបរបាញ់ដោយខុសច្បាប់ ការប្រម៉ាញ់ និងការធ្វើអាជីវកម្មសត្វ ជាពិសេសគោលដៅលើសត្វដំរីនៅក្នុងប្រទេសកម្ពុជា។9 ផ្នែកនៃរាងកាយរបស់សត្វខ្លះនៅតែមានតម្លៃខ្ពស់ក្នុងទីផ្សារងងឹត ហើយវត្ថុធាតុដើមដូចជាភ្លុកនៅតែមានតំរូវការខ្ពស់។ ការរត់ពន្ធសរីរាង្គខ្លះនៃសត្វដែលជិតផុតពូជ (ក្រញាំខ្លាឃ្មុំ ក្បាលក្រពើ កន្ទុយដំរី ស្បែកក្រពើ) ត្រូវបានគេរាយការណ៍នៅប្រទេសកម្ពុជា និងប្រទេសជិតខាង។10 លើសពីនេះទៀតសត្វដំរីត្រូវបានគេយកមកធ្វើអាជីវកម្មសម្រាប់គោលបំណងទេសចរណ៍ ជួនកាលនាំទៅរកការថែទាំមិនល្អ និងស្លាប់ដោយសារការអស់កម្លាំង។11
សត្វដែលត្រូវបានគេប្រមាញ់សម្រាប់សាច់របស់វារួមមាន សត្វស្វា សត្វក្តាន់ សត្វប្រើស សត្វឈ្លូស និងប្រភេទសត្វល្មូន និងបក្សីជាច្រើនប្រភេទ។12 សូម្បីតែពូជសត្វធម្មតាក៏ស្ថិតនៅក្រោមការគំរាមកំហែងពីសកម្មភាពពាណិជ្ជកម្មស្របច្បាប់ ឬខុសច្បាប់ដែរ។
ផលិតកម្មត្រីបឹងទន្លេសាបកំពុងថយចុះដោយសារកត្តាផ្សេងៗ ដែលក្នុងនោះការដាក់សម្ពាធលើធនធាន និងបច្ចេកទេសនេសាទគ្មានចីរភាព(អេឡិចត្រូនិច មងក្រឡាតូចហួសកម្រិត) បានសម្លាប់ត្រីមិនចាំបាច់ជាច្រើន រួមទាំងកូនត្រីដែលទើបនឹងកើតដែលមិនអាចក្លាយទៅជាធនធានដោយខ្លួនឯង និងបង្កើតឡើងវិញ។13
ជាចុងក្រោយ អាកាសធាតុកំពុងកើនឡើង និងជម្រករបស់សត្វត្រូវបានគំរាមកំហែងកាន់តែខ្លាំងឡើងៗដោយសារឥទ្ធិពលនៃការប្រែប្រួលអាកាសធាតុ។14 ទីជម្រកត្រូវរងការគំរាមកំហែងយ៉ាងខ្លាំងនៅលើមាត្រដ្ឋានធំជាងនេះ ពីព្រោះស្ថានភាពដ៏ធ្ងន់ធ្ងរពេលនេះត្រូវបានរកឃើញនៅគ្រប់ផ្នែកទាំងអស់នៃប្រទេសកម្ពុជាដែលមិនមែនជាករណីកាលពីមុននោះទេ។ ជាសរុប សម្ពាធជម្រករស់នៅអាចនាំឱ្យមានការគំរាមកំហែងយ៉ាងធ្ងន់ធ្ងរដល់សត្វ។
បានធ្វើបច្ចុប្បន្នភាព៖ ១៣ ធ្នូ ២០១៧
ទំព័រដែលពាក់ព័ន្ធ
- ឧទ្យានជាតិ និងដែនជម្រកសត្វព្រៃ
- តំបន់ការពារ
- តំបន់សមុទ្រ និងឆ្នេរ
- ទន្លេ និងបឹង
- ជីវៈចម្រុះ
ឯកសារយោង
- 1. ដែនជម្រកសត្វព្រៃកម្ពុជា (២០១៦)។ អំពីដែនជម្រក។ ចូលអានថ្ងៃទី១១ ខែសីហា ឆ្នាំ២០១៦។ http://www.cambodiawildlifesanctuary.org/about.html
- 2. អង្គការមូលនិធិសត្វព្រៃពិភពលោក. “សត្វព្រៃដែលជិតផុតពូជ និងសត្វព្រៃតំណាងនៅកម្ពុជា”។ ចូលអានថ្ងៃទី១១ ខែសីហា ឆ្នាំ២០១៦។ http://cambodia.panda.org/projects_and_reports/endangered_species/
- 3. ព្រៃសីមា (២០១៦). អង្គការសមាគមអភិរក្សសត្វព្រៃ។ ចូលអានថ្ងៃទី១១ ខែសីហា ឆ្នាំ២០១៦។ http://cambodia.wcs.org/saving-wild-places/seima-forest.aspx
- 4. អង្គការសម្ព័ន្ធសត្វព្រៃ / ក្រវាញខាងត្បូង, កម្ពុជា (២០១២). អង្គការកូដរេដ។ ចូលអានថ្ងៃទី១១ ខែសីហា ឆ្នាំ២០១៦។ http://www.coderedd.org/redd-project-devs/wildlife-alliance-southern-cardamom/
- 5. Stephen Luntz. (២០១៦). “សត្វខ្លាបានផុតពូជនៅក្នុងប្រទេសកម្ពុជា”។ IFL Science!, ចូលអានថ្ងៃទី១១ ខែសីហា ឆ្នាំ២០១៦។ http://www.iflscience.com/plants-and-animals/cambodias-plan-tiger-revival/
- 6. John Raphael (២០១៦)។ “គ្មានសត្វខ្លានៅកម្ពុជាទេ! ផែនការរបស់រាជរដ្ឋាភិបាលក្នុងការដាក់សត្វខ្លានៅក្នុងព្រៃឡើងវិញ”។ កាសែតណេតឆ័រវើលញូវ។ ចូលអានថ្ងៃទី១១ ខែសីហា ឆ្នាំ២០១៦។ http://www.natureworldnews.com/articles/20600/20160410/no-more-tigers-in-cambodia-government-plans-to-reintroduce-the-big-cats-in-their-forests.htm
- 7. បញ្ជីក្រហមនៃប្រភេទសត្វរបស់អង្គការ IUCN នៅក្នុងប្រទេសកម្ពុជា (២០១១ – ២០១៣) និងបញ្ជីសត្វប៉ាន់ប្រមាណ (របាយការណ៍ជីវៈចម្រុះទី ៥)។ (រដ្ឋបាលព្រៃឈើ ២០១៣)
- 8. Igor Kossov (២០១៦). WWF៖ ប្រភេទសត្វព្រៃកម្ពុជា «មានការធ្លាក់ចុះយ៉ាងខ្លាំង»។ កាសែតភ្នំពេញប៉ុស្តិ៍, ចុះថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០១៦។ http://www.phnompenhpost.com/national/species-dramatic-decline-east-wwf
- 9. ឃី សុវុឌ្ឍី, Matt Blomberg. “ភ្លុកដំរីដ៏ធំត្រូវបានគេរឹបអូសនៅក្រុងព្រះសីហនុ”។ កាសែតឌឹខេមបូឌាដេលី, ចុះថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៤។ ចូលអានថ្ងៃទី១១ ខែសីហា ឆ្នាំ២០១៦។ https://www.cambodiadaily.com/archives/massive-ivory-haul-seized-in-sihanoukville-58451/
- 10. Jeffrey Hays (២០១៤). “សត្វព្រៃនៅក្នុងប្រទេសកម្ពុជា”។ ចូលអានថ្ងៃទី១១ ខែសីហា ឆ្នាំ២០១៦។ http://factsanddetails.com/southeast-asia/Cambodia/sub5_2e/entry-2931.html
- 11. Hugh Morris. “ដំរីចាស់ដួលសន្លប់ហើយស្លាប់ បន្ទាប់ពីដឹកភ្ញៀវទេសចរ”។ កាសែតឌឹតេឡេក្រាម, ចុះថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៦។ ចូលអានថ្ងៃទី១១ ខែសីហា ឆ្នាំ២០១៦។ http://www.telegraph.co.uk/travel/destinations/asia/cambodia/articles/elephant-dies-of-heart-attack-in-40-degree-heat-in-cambodia/
- 12. Igor Kossov (២០១៦). WWF៖ ប្រភេទសត្វព្រៃកម្ពុជា «មានការធ្លាក់ចុះយ៉ាងខ្លាំង»។ កាសែតភ្នំពេញប៉ុស្តិ៍, ចុះថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០១៦។ http://www.phnompenhpost.com/national/species-dramatic-decline-east-wwf
- 13. M.Keskinen, M.Kummu, A. Salmivaara, S.Paradis, L.Hannu, H.de Moel, P.Ward, P.Sokhem. (២០១៣)។ “ទន្លេសាបនាពេលបច្ចុប្បន្ន និងអនាគត?” ក្រុមស្រាវជ្រាវការអភិវឌ្ឍ និងទឹក។ ចូលអានថ្ងៃទី១១ ខែសីហា ឆ្នាំ២០១៦។ http://www.tonlesap.gov.kh/images/media/report_futures_study_en.pdf
- 14. Lauren Crothers. “សត្វស្លាប់នៅពេលប្រទេសកម្ពុជាបណ្តាលមកពីគ្រោះរាំងស្ងួតដ៏អាក្រក់បំផុតក្នុងរយៈពេលជាច្រើនទសវត្សរ៍”។ កាសែតឌឹហ្គាឌៀន, ចុះថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០១៦។ ចូលអានថ្ងៃទី១១ ខែសីហា ឆ្នាំ២០១៦។ https://www.theguardian.com/global-development/2016/may/05/animals-die-cambodia-worst-drought-decades