យោងតាមការសិក្សាស្តីពី សន្ទស្សន៍លើការយល់ឃើញអំពីអំពើពុករលួយ ឆ្នាំ២០១៤ បោះពុម្ពផ្សាយដោយអង្គការតម្លាភាពអន្តរជាតិ ប្រទេសកម្ពុជា ស្ថិតនៅលំដាប់ទី ១៥៦ ក្នុងចំណោមប្រទេសចំនួន ១៧៤។1 បើសន្ទស្សន៍កាន់តែទាប ប្រទេសនោះកាន់ តែមានអំពើពុករលួយខ្លាំង។ ប្រទេសកម្ពុជា មានពិន្ទុទាបជាងគេបំផុត ក្នុងបណ្តាប្រទេសជាសមាជិកអាស៊ាន និងក្នុងតំបន់អាស៊ី/ប៉ាស៊ីហ្វិក ដែលមានតែប្រទេសអាហ្គានីស្ថាន និងកូរ៉េខាងជើងប៉ុណ្ណោះ ពិន្ទុទាបជាងប្រទេសកម្ពុជា។
អង្គការតម្លាភាពអន្តរជាតិ បានសង្កត់ធ្ងន់នៅក្នុងរបាយការណ៍សិក្សារបស់ខ្លួនថា “ពិន្ទុរមិនល្អ គឺទំនងជាសញ្ញានៃការសូកប៉ាន់រីករាលដាល កង្វះខាតការដាក់ទណ្ឌកម្មសម្រាប់អំពើពុករលួយ និងស្ថាប័នសាធា រណៈ ដែលមិនឆ្លើយតបទៅនឹងតម្រូវការរបស់ប្រជាពលរដ្ឋ” ។2
នៅក្នុងឆ្នាំ២០១៤ អង្គការតម្លាភាពអន្តរជាតិ បានបញ្ចេញរបាយការណ៍កំរាស២៣៣ទំព័រ ស្តីពីអំពើពុករលួយ និងប្រព័ន្ធអភិបាលកិច្ចនៃប្រទេសកម្ពុជា៖ តម្រូវការឱ្យមានកំណែទម្រង់ ។ របាយការណ៍នេះ នាំមកជាមួយនូវការធ្វើអត្ថាធិប្បាយថា ៖
“ការទារ និងការផ្តល់សំណូក ធ្វើឱ្យប៉ះពាល់ដល់វិជ្ជាជីវៈ និង គណនេយ្យភាព របស់ ស្ថាប័នរដ្ឋាភិបាល។ ហេតុការណ៍នេះ នឹងនាំទៅរកស្ថានភាពដែលអ្នកមានលទ្ធភាព បង់ប្រាក់ច្រើន ទទួលបានការយកចិត្តទុកដាក់ដោយអនុគ្រោះ វិសមភាពកើនឡើងកាន់តែធ្ងន់ធ្ងរ ហើយនិទណ្ឌភាពនៅតែមាន។”3
របាយការណ៍នេះ បានដាក់ចំណាត់ថ្នាក់ឱ្យស្ថាប័នរដ្ឋជាមួយនឹងប្រព័ន្ធដាក់ពិន្ទុពី ០ (ខ្សោយបំផុត) ទៅ ១០០ (រឹងមាំបំផុត)។ តុលាការ មានលំដាប់ទាបជាងគេបំផុត ជាមួយនឹងពិន្ទុ ១៦ ហើយតាមពីក្រោយដោយភ្នាក់ងារពង្រឹងការអនុវត្តច្បាប់ ដែលមានពិន្ទុ ២២។ គណបក្សនយបាយ មានពិន្ទុ ៤២ និងសង្គមស៊ីវិល មានពិន្ទុ៤៨។4
យោងតាម អង្គការហ្វ្រីឌឹមហៅស៍ អំពើពុករលួយ និងការរំលោភអំណាច គឺជា ឧបសគ្គធ្ងន់ធ្ងរដល់ការអភិវឌ្ឍសេដ្ឋកិច្ច និងស្ថេរភាពសង្គម។5
ចំណាត់ការប្រឆាំងអំពើពុករលួយ
ប្រទេសកម្ពុជា បានអនុម័តយល់ព្រមទទួលយកអនុសញ្ញាអង្គការសហប្រជាជាតិប្រឆាំងនឹងអំពើពុករលួយ។
យោងទៅតាមក្រមព្រហ្មទណ្ឌ ជាពិសេសត្រង់ មាត្រា ៣៨ អំពើពុករលួយ គឺជាបទល្មើស ដែលដាក់ទោសទណ្ឌទៅលើអំពើពុករលួយ ឬប៉ុនប៉ងពុករលួយ ប្រព្រឹត្តដោយមន្ត្រីនយោបាយ អ្នករាជការ យោធា ឬ ភ្នាក់ងាររប់គណបក្សនយោបាយ។6 អំពើពុករលួយ ទោះធ្វើឡើងក្រោមទម្រង់សកម្ម ឬអកម្ម ដូចជាការសូកប៉ាន់ ការរំលោភមុខងារដើម្បីប្រយោជន៍ផ្ទាល់ខ្លួន និងការជំរិតទារប្រាក់ ត្រូវបានកំណត់ថាជាបទល្មើស នៅក្រោមបទប្បញ្ញត្តិរបស់ក្រមព្រហ្មទណ្ឌនេះ។
អង្គភាពប្រឆាំងអំពើពុករលួយនៅគណៈរដ្ឋមន្ត្រី ត្រូវបានបង្កើតឡើង ជាភ្នាក់ងារប្រឆាំងអំពើពុករលួយដ៏សំខាន់មួយ និងទទួលបន្ទុកអភិវឌ្ឍវិធានការ និងបង្ហាញសំណើប្រឆាំងអំពើពុករលួយទៅរាជរដ្ឋា ភិបាល (វិបសាយប្រឆាំងអំពើពុករលួយក្នុងវិស័យពាណិជ្ជកម្ម)។7
ប្រទេសកម្ពុជា បានអនុម័តច្បាប់ប្រឆាំងអំពើពុករលួយ នៅក្នុងឆ្នាំ២០១០។ បុគ្គលណាដែលផ្តល់សំណូកសម្រាប់សេវាសាធារណៈ អាចប្រឈមនឹងការចោទប្រកាន់។ ទោះជាយ៉ាងណា អ្នកទម្លាយការសម្ងាត់ ក៏អាចប្រឈមនឹងការដាក់ទោសទណ្ឌដែរ ប្រសិនបើអង្គភាពប្រឆាំងអំពើពុករលួយ ដែលត្រូវបានបង្កើតឡើងដោយច្បាប់នេះ មិនអាចស្វែងរកភស្តុតាងគ្រប់គ្រាន់ដើម្បីគាំទ្រដល់ការចោទប្រកាន់របស់ជនល្មើសទេនោះ។8
នៅក្នុងឆ្នាំ២០១២ និងឆ្នាំ២០១៣ រាជរដ្ឋាភិបាល ចាប់ផ្តើមផ្សព្វផ្សាយតម្លៃជាស្តង់ដាសម្រាប់សេវារដ្ឋាភិបាលផ្សេងៗ សំដៅកាត់បន្ថយហានិភ័យនៃការបង់ប្រាក់ខ្ពស់ជាងតម្លៃសេវាជាក់ស្តែង។
ទាក់ទងនឹងការប្រឆាំងនឹងអំពើពុករលួយ
បច្ចុប្បន្នភាពចុងក្រោយ ថ្ងៃទី១ ខែ មេសា ឆ្នាំ២០១៥
ឯកសារយោង
- 1. អង្គការតម្លាភាពអន្តរជាតិ. “សន្ទស្សន៍លើការយល់ឃើញអំពីអំពើពុករលួយឆ្នាំ ២០១៤”។ ចូលអាននៅថ្ងៃទី ២៣ ខែមេសា ឆ្នាំ២០១៥។http://www.transparency.org/cpi2014
- 2. ដូចខាងដើម។
- 3. Elizabeth Johnson, Rebecca Hyde & Therese Rosenfeld. អំពើពុករលួយ និងប្រព័ន្ធអភិបាលកិច្ចនៃប្រទេសកម្ពុជា៖ តម្រូវការឱ្យមានកំណែទម្រង់. រាជធានីភ្នំពេញ: អង្គការតម្លាភាពអន្តរជាតិ ឆ្នាំ២០១៤។ ចូលអាននៅថ្ងៃទី ២៣ ខែមេសា ឆ្នាំ២០១៥។ http://www.transparency.org/whatwedo/publication/cambodia_national_integrity_system_assessment_2014
- 4. ដូចខាងដើម។
- 5. អង្គការហ្វ្រីឌឹមហៅស៍. “សេរីភាពសារព័ត៌មានឆ្នាំ២០១៣៖ចំណាត់ថ្នាក់សេរីភាពសារព័ត៌មានជាសកល”។ ចូលអាននៅថ្ងៃទី ២៣ ខែមេសា ឆ្នាំ២០១៥។ https://freedomhouse.org/sites/default/files/Global%20and%20Regional%20Rankings.pdf
- 6. ក្រមព្រហ្មទណ្ឌ (ឆ្នាំ២០០៩) ប្រកាសឱ្យប្រើដោយព្រះរាជក្រមលេខ នស/រកម/១១០៩/០២២ ចុះថ្ងៃទី ៣០ ខែវិច្ឆិកា ឆ្នាំ២០០៩។ អាចទាញយកឯកសារច្បាប់ពី រដ្ឋសភា. “បញ្ជីច្បាប់នីតិកាលទី៤:ក្រមព្រហ្មទណ្ឌ”។ ចូលអាននៅថ្ងៃទី ១៧ ខែវិច្ឆិកា ឆ្នាំ២០១៥។ http://www.national-assembly.org.kh/ViewLawFile.aspx?LawDID=360
- 7. គេហទំព័រប្រឆាំងអំពើពុករលួយក្នុងវិស័យពាណិជ្ជកម្ម. “អំពើពុករលួយក្នុងវិស័យពា ណិជ្ជកម្មនៅកម្ពុជា” ។ ចូលអាននៅថ្ងៃទី ២៣ ខែមេសា ឆ្នាំ២០១៥។ https://www.business-anti-corruption.com/country-profiles/cambodia/
- 8. ដូចខាងដើម។