គោលនយោបាយ និងបទប្បញ្ញត្តិស្តីពីសេវាកម្មធនាគារ និងហិរញ្ញវត្ថុ

ស្ថិរភាព​នយោបាយ​ និង​កំណើនសេដ្ឋកិច្ច​គ្រប់​វិស័យ​បាន​ដើរតួ​នាទី​យ៉ាង​សំខាន់​ក្នុង​ការ​កសាង​ទំនុកចិត្ត​របស់​វិនិយោគិន​សាធារណៈ​ និង​បរទេស​ ហើយ​ក៏​បាន​រក្សា​សុវត្ថិភាព​ និង​ភាពរឹងមាំ​នៃ​ប្រព័ន្ធ​ធនាគារ​នៅ​កម្ពុជា​ផង​ដែរ​។​ ជាក់ស្តែង​ វិស័យ​ធនាគារ​នៅ​តែ​បន្ត​មាន​កំណើន​គួរ​ឱ្យ​កត់សម្គាល់​ ដោយសារ​វា​មាន​ចំណែក​ ៨២,២%​ នៅ​ក្នុង​ទ្រព្យសកម្ម​សរុប​នៃ​ប្រព័ន្ធ​ធនាគារ​នៅ​កម្ពុជា​។​ ទ្រព្យសកម្ម​សរុប​របស់​ធនាគារ​កើនឡើង​ ២១,៥​ %​ ស្មើនឹង​ ១៧២,១​ ពាន់​ពាន់​លាន​រៀល​ ឬ​ (៤២,២​ ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក​)​ ដែល​ជា​លទ្ធផល​នៃ​ប្រាក់​បញ្ញើ​របស់​អតិថិជន​ និង​ការ​ខ្ចី​មូលនិធិ​។1

​ចាប់ផ្តើម​ក្នុង​ឆ្នាំ​ ១៩៩៩​ រដ្ឋាភិបាល​កម្ពុជា​បាន​អនុ​វត្តបទ​ប្បញ្ញត្តិ​ធនាគារ​ដើម្បី​កែ​លំអ​ទីតាំង​ពាណិជ្ជកម្ម​ដោយ​ពង្រឹង​មូលដ្ឋាន​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​ និង​ផ្តល់​ភាព​ងាយស្រួល​នៃ​ការ​ផ្តល់​ហិរញ្ញប្បទាន​ដល់​វិនិយោគិន​។​ វិស័យ​ធនាគារ​ត្រូវ​បាន​គ្រប់គ្រង​ដោយ​ច្បាប់​ដែល​មាន​លក្ខណៈ​ទំនើប​បើ​ប្រៀបធៀប​ទៅ​នឹង​ផ្នែក​ហិរញ្ញវត្ថុ​ផ្សេង​ទៀត​។​ តាម​រយៈ​ធនាគារជាតិ​នៃ​កម្ពុជា​ ការ​ផ្តល់​ប្រាក់​កម្ចី​ឆ្លងកាត់​ព្រំដែន​ត្រូវ​មាន​ជា​ឯកសារ​ជា​ភាសា​អង់គ្លេស​ និង​ត្រូវ​បាន​គ្រប់គ្រង​ដោយ​ច្បាប់​ដែល​អនុវត្ត​ក្នុង​ដែន​សមត្ថកិច្ច​នីមួយៗ​។​ ធនាគារ​មួយ​ចំនួន​នៅ​កម្ពុជា​បាន​ទទួលយក​ហិរញ្ញវត្ថុ​ដែល​មានការ​ប្រាក់​ទាប​ពី​ប្រទេស​ដទៃ​ទៀត​ ដើម្បី​ជួយ​សម្រួល​ដល់​ការ​ផ្តល់​ប្រាក់​កម្ចី​នៅ​ក្នុងស្រុក​ ដែល​ជា​ហេតុ​នាំ​ឱ្យ​បំណុល​បរទេស​កើនឡើង​។ ឧទាហរណ៍​ក្នុង​ឆ្នាំ​ ២០១២​ ទ្រព្យសកម្ម​បរទេស​បាន​ធ្លាក់​ចុះ​ដោយសារ​បំណុល​បរទេស​កើនឡើង​។2 ធនាគារជាតិ​នៃ​កម្ពុជា​ដើរតួ​យ៉ាង​សកម្ម​ក្នុង​ការ​គ្រប់គ្រង​ និង​សម្របសម្រួល​ស្ថិ​រ​ភាព​សារពើពន្ធ​ដើម្បី​កែ​លម្អ​ភាព​ត្រឹមត្រូវ​ និង​ប្រសិទ្ធភាព​នៃ​វិស័យ​ហិរញ្ញវត្ថុ​នេះ​ ព្រមទាំង​បង្កើត​អន្តរ​ធនាគារ​ និង​លើកកម្ពស់​ទីផ្សារ​បរទេស​។​

​រូបភាព​ទេសភាព​នៃ​អគារ​ធនាគារ​កា​ណា​ឌី​យ៉ា​ និង​ធនាគារ​វឌ្ឍនៈ​។​ រូបថត​ ដោយ​លោក​ Pierre​ André​, ថត​នៅ​ថ្ងៃ​ទី​ ០១​ ខែ​កុ​ម្ភះ​ ឆ្នាំ​២០១៤​។​ ក្រោមអាជ្ញាប័ណ្ណ​​ CC​ BY-SA 4.0​.

​យ៉ាងណា​ម៉ិ​ញ​ ការ​កើនឡើង​នៃ​ចំនួន​ធនាគារ​នេះ​បណ្តាល​ឱ្យចំនួន​ធនាគារ​ហួស​កម្រិត​។​ ការ​រីកសាយ​យ៉ាង​លឿន​នៃ​ស្ថាប័នហិរញ្ញវត្ថុ​ គួប​ផ្សំ​នឹង​ការ​ធ្វើ​ពិពិធ​កម្ម​ធុរកិច្ច​ និង​សមត្ថភាព​ត្រួតពិនិត្យ​នៅ​មាន​កម្រិត​ បង្ក​ការ​គំរាមកំហែង​ដល់​ស្ថិរភាព​ហិរញ្ញវត្ថុ​។​ ម្យ៉ាងវិញទៀត​ ស្ថិ​រ​ភាព​ហិរញ្ញវត្ថុ​របស់​ប្រទេស​ក៏​អាច​រង​ផល​ប៉ះពាល់​ផង​ដែរ​នៅ​ពេល​ដែល​ការ​ប្រកួតប្រជែង​កើនឡើង​។​ ដូច្នេះ​គោលនយោបាយ​សេវាកម្ម​ហិរញ្ញវត្ថុ​ និង​ធនាគារ​ព្រមទាំង​បទ​ប្បញ្ញត្តិ​ហិរញ្ញវត្ថុ​ផ្សេង​ទៀត​ គឺ​ចាំបាច់​ដើម្បី​ធានា​ឱ្យ​បាន​នូវ​តុល្យភាព​ និង​និរន្តរភាព​នៃ​វិស័យ​ធនាគារ​នៅ​កម្ពុជា​ក៏​ ដូច​ជា​ការ​ពង្រឹងសមត្ថភាព​របស់​ខ្លួន​ក្នុង​ការ​ទប់ទល់​នឹង​វិបត្តិ​សេដ្ឋកិច្ច​ផង​ដែរ​។​

​ច្បាប់​ស្តី​ពី​គ្រឹះស្ថាន​ធនាគារ​ និង​ហិរញ្ញវត្ថុ

​ច្បាប់​ស្តី​ពី​គ្រឹះស្ថាន​ធនាគារ​ និង​ហិរញ្ញវត្ថុ​ដែល​បាន​អនុម័ត​ក្នុង​ឆ្នាំ​ ១៩៩៩​ បាន​កំណត់​ដើមទុន​បម្រុង​អប្បបរមា​សម្រាប់​ធនាគារ​ប្រមាណ​ ១២,៥​ លាន​ដុល្លារ​ ខណៈ​ធនាគារជាតិ​នៃ​កម្ពុជា​រក្សា​ទុក​ ៥%​ ជា​ប្រាក់​បញ្ញើ​ធានា​។​ ទោះជា​យ៉ាងណា​ ដើមទុន​អប្បបរមា​ត្រូវ​បាន​កែប្រែ​នៅ​ឆ្នាំ​ ២០០៨​ បន្ទាប់​ពី​នោះ​មក​ ធនាគារ​ពាណិជ្ជកម្ម​ក្នុងស្រុក​ដែល​មាន​ភាគ​ទុ​និក​ ដែល​មាន​ឥទ្ធិពល​យ៉ាង​ហោច​ណាស់​មួយ​រូប​ ហើយ​ត្រូវ​បាន​គេ​វាយតម្លៃ​ក្នុង​ថ្នាក់​វិនិយោគ​ ត្រូវ​បាន​តម្រូវ​មាន​ដើមទុន​អប្បបរមា​ ១២,៥​ លាន​ដុល្លារ​។​ ប៉ុន្តែ​ធនាគារ​ពាណិជ្ជកម្ម​ដែល​មាន​បុគ្គល​ ឬ​ក្រុមហ៊ុន​ដែល​ជា​ម្ចាស់​ភាគហ៊ុន​រួម​គ្នា​ត្រូវ​តែ​មាន​ចំនួន​ដើមទុន​អប្បបរមា​ ១៥០​ ពាន់​លាន​រៀល​។​ ចំពោះ​ធនាគារ​ឯកទេស​ដែល​ត្រូវ​បាន​វាយតម្លៃ​ក្នុង​ថ្នាក់​វិនិយោគ​ និង​ធនាគារណា​ដែល​មាន​ក្រុមហ៊ុន​ ឬ​បុគ្គល​ជា​ម្ចាស់​ភាគហ៊ុន​តម្រូវ​ឱ្យ​មាន​ដើមទុន​ ២,៥​ លាន​ដុល្លារ​ និង​ ៧,៥​ លាន​ដុល្លារ​រៀងៗ​ខ្លួន​។3​ ក្នុង​ឆ្នាំ​ ២០០៨​ ធនាគារជាតិ​នៃ​កម្ពុជា​ក៏​បាន​បង្កើន​ទុនបម្រុង​ដើមទុន​រហូត​ដល់​ ៧៥​ លាន​ដុល្លារ​សម្រាប់​ធនាគារ​ពាណិជ្ជកម្ម​ និង​ ១៥​ លាន​ដុល្លារ​ សម្រាប់​ធនាគារ​ឯកទេស​។​  ទ្រនាប់​ដើមទុន​ក៏​កំពុង​ត្រូវ​បាន​កំណត់​ជា​មធ្យោបាយ​មួយ​ដើម្បី​ធានា​និរន្តរភាព​នៃ​ស្ថាប័ន​ធនាគារ​ និង​ហិរញ្ញវត្ថុ​នៅ​កម្ពុជា​។​4

ទន្ទឹម​នឹង​នេះ​ដែរ​ ឧស្សាហកម្ម​ធនាគារ​នៅ​កម្ពុជា​កំពុង​ធ្វើ​សេរីភាវូបនីយកម្ម​អត្រា​ការ​ប្រាក់​លើ​ប្រាក់​បញ្ញើ​ និង​ប្រាក់​កម្ចី​។​ ទើបតែ​នៅ​ក្នុង​ឆ្នាំ​ ២០១៧​ និង​បន្ទាប់​ពី​មានការ​ព្រួយបារម្ភ​ពី​អតិថិជន​ប្រើប្រាស់​ ដែល​ធ្វើ​ឱ្យធនាគារជាតិ​នៃ​កម្ពុជា​បាន​បង្កើត​បទ​ប្បញ្ញត្តិ​ពិ​ដាន​អត្រា​ការ​ប្រាក់​ឥណទាន​ជាក់លាក់​មួយ​។​ បន្ទាប់​ពី​ពេល​នោះ​មក​ ធនាគារ​នីមួយៗ​អាច​កំណត់​អត្រា​ការ​ប្រាក់​ផ្ទាល់ខ្លួន​បាន​។​5  ស្ថិត​ក្រោម​ការ​ត្រួតពិនិត្យ​បទបញ្ញត្តិ​ អនុ​វិស័យ​ហិរញ្ញវត្ថុ​នីមួយៗ​មាន​នីតិកម្ម​ និង​បទ​ប្បញ្ញត្តិ​ជាក់លាក់​របស់​ខ្លួន​ដោយ​ធនាគារជាតិ​នៃ​កម្ពុជា​ទទួលខុសត្រូវ​លើ​ការ​គ្រប់គ្រង​ និង​ការ​ការពារ​អ្នក​ប្រើប្រាស់​។​ ដូច្នោះ​ហើយ​ការ​បង្កើត​បទ​ប្បញ្ញត្តិ​ពិ​ដាន​អត្រា​ការ​ប្រាក់​ឥណទាន​បាន​នាំ​ឱ្យ​មានការ​បង្កើត​អត្រា​ការ​ប្រាក់​ប្រចាំឆ្នាំ​អតិបរមា​ ១៨​% ​សម្រាប់​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ (MFIs)​ និង​ស្ថាប័ន​ទទួលយក​ប្រាក់​កម្ចី​មីក្រូហិរញ្ញវត្ថុ​ (MDIs)​។​

បទ​ប្បញ្ញត្តិ​មួយ​ផ្សេង​ទៀត​នៃ​សេវាកម្ម​ធនាគារ​ និង​ហិរញ្ញវត្ថុ​ គឺ​បទ​ប្បញ្ញត្តិ​នៃ​ការ​ថយ​ចុះ​តម្លៃ​នៃ​ទ្រព្យសកម្ម​ ដែល​ត្រូវ​បាន​បង្កើត​ឡើងជា​ក្របខ័ណ្ឌ​គ្រប់គ្រង​ហានិភ័យ​ឥណទាន​តឹង​រឹង​ជាង​មុន​ និង​បាន​ដាក់​ចេញ​នូវ​លក្ខន្តិក​:​ថ្មីៗ​ទាក់ទង​នឹង​ការ​ចាត់​ថ្នាក់​ និង​ការ​គណនា​ប្រាក់​កម្ចី​។​6  មុន​ពេល​អនុ​វត្តបទ​ប្បញ្ញត្តិ​ស្តី​ពី​ការ​ថយ​ចុះ​តម្លៃ​នៃ​ទ្រព្យសកម្ម​នៅ​ចុងឆ្នាំ​ ២០១៧​ វិធាន​ពីរ​ផ្សេង​គ្នា​ត្រូវ​បាន​អនុវត្ត​ចំពោះ​ធនាគារ​ឯកទេស​ និង​ស្ថាប័ន​មីក្រូហិរញ្ញវត្ថុ​។​ បទ​ប្បញ្ញត្តិ​ថ្មី​នេះ​បាន​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​ និង​ធ្វើ​ឱ្យ​មាន​ភាព​ស៊ីគ្នា​នៃ​ដំណើរការ​ចំណាត់ថ្នាក់​នៃ​ប្រាក់​កម្ចី​នៅ​គ្រប់​ស្ថាប័នហិរញ្ញវត្ថុ​ទាំងអស់​របស់​ប្រទេស​កម្ពុជា​ និង​បាន​ផ្តល់​នូវ​ធាតុ​បន្ថែម​សម្រាប់​ការ​ពិចារណា​ក្នុង​ការ​បែងចែក​ប្រភេទ​នៃ​ប្រាក់​កម្ចី​ដូច​ជា​ប្រាក់​កម្ចី​ធម្មតា​ និង​ក្រោម​កម្រិត​ដែល​ត្រូវការ​។​ បទ​ប្បញ្ញត្តិ​ស្តី​ពី​ការ​ថយ​ចុះ​តម្លៃ​នៃ​ទ្រព្យសកម្ម​ក៏​មាន​សារៈសំខាន់​ផង​ដែរ​ចំពោះ​ធនាគារ​នៅ​ពេល​រៀបចំ​រចនាសម្ព័ន្ធ​ឡើង​វិញ​ ឬ​ផ្តល់​ប្រាក់​កម្ចី​ឡើង​វិញ​ដោយ​ពិចារណា​លើ​កាលៈទេសៈ​ដែល​ណែនាំ​លើ​ការ​រៀបចំ​រចនាសម្ព័ន្ធ​ឡើង​វិញ​។​7  ធនាគារជាតិ​នៃ​កម្ពុជា​បាន​ចេញ​សារាចរ​មួយ​ផ្សេង​ទៀត​នៅ​ក្នុង​ខែ​កុ​ម្ភះ​ ឆ្នាំ​២០១៨​ ដែល​បាន​ដាក់​ចេញ​នូវ​តម្រូវការ​ជាក់លាក់​ដូច​ជា​ការ​ដាក់​របាយការណ៍​ហិរញ្ញវត្ថុ​ ការ​ត្រួតពិនិត្យ​ និង​ការ​ធ្វើ​ចំណាត់ថ្នាក់​ស្ថាប័នហិរញ្ញវត្ថុ​ និង​ការ​កែប្រែ​គោលនយោបាយ​ឥណទាន​។​

តម្រូវការ​ប្រាក់បម្រុងកាតព្វកិច្ច​សម្រាប់​ធនាគារ​ និង​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​

តម្រូវការ​ប្រាក់បម្រុង​ទុក​កាតព្វកិច្ចក៏​ជា​ឧបករណ៍​គោលនយោបាយ​រូបិយ​វត្ថុ​ដ៏​សំខាន់​មួយ​នៅ​ក្នុង​ប្រទេស​កម្ពុជា​ផង​ដែរ​។​ ធនាគារជាតិ​នៃ​កម្ពុជា​ដាក់​លក្ខខណ្ឌ​ប្រាក់បម្រុងកាតព្វកិច្ច​សម្រាប់​ធនាគារ​ និង​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​ ដែល​អាច​គ្រប់គ្រង​ និង​ការពារ​សាច់ប្រាក់​របស់​អ្នក​ដាក់​ប្រាក់​បញ្ញើ​។​ សព្វ​ថ្ងៃនេះ​មាន​ភាព​ខុស​គ្នា​នៃ​អត្រា​តម្រូវការ​ប្រាក់​បម្រុង​កាតព្វកិច្ច​រវាង​រូបិយប័ណ្ណ​បរទេស​ (​ជា​ពិសេស​ដុល្លារ​អា​មេ​រិ​ក​)​និង​រូបិយប័ណ្ណ​ក្នុងស្រុក​។​ តួរ​យ៉ាង​ អត្រា​តម្រូវការ​ប្រាក់​បម្រុង​កាតព្វកិច្ច​ជា​រូបិយប័ណ្ណ​បរទេស​ត្រូវ​បាន​កំណត់​ត្រឹម​ ១២,៥%​ ខណៈ​រូបិយប័ណ្ណ​ក្នុងស្រុក​ត្រូវ​បាន​កំណត់​ត្រឹម​ ៨%​។​ ប្រាក់​បម្រុង​កាតព្វកិច្ច​ជា​រូបិយប័ណ្ណ​បរទេស​ត្រូវ​បាន​ផ្តល់​ជូន​នូវ​អត្រា​ការ​ប្រាក់​ ៤,៥%​ ដោយ​ធនាគារជាតិ​នៃ​កម្ពុជា​ ខណៈ​ចំនួន​ដែល​នៅ​សល់​ ៨%​ មិន​ទទួល​បាន​អត្រា​ការ​ប្រាក់​។​ ម្យ៉ាងវិញទៀត​ មិន​មានការ​ផ្តល់​ជូន​ជា​អត្រា​ការ​ប្រាក់​ឡើយ​ សម្រាប់​ប្រាក់​បម្រុង​កាតព្វកិច្ច​ជា​រូបិយប័ណ្ណ​ជា​ប្រាក់​រៀល​។8

ការ​ផ្លាស់​ប្តូរ​រូបិយប័ណ្ណ​បរទេស​ទៅ​លើ​ទំហំ​អនុ​បាត​​តម្រូវការ​តម្កល់​ប្រាក់បម្រុង​កាតព្វកិច្ច មិន​បាន​ប៉ះពាល់​ដល់​ប្រតិបត្តិការ​ផ្តល់​ប្រាក់​កម្ចី​របស់​ធនាគារ​ទេ​ ដោយសារ​តែ​ប្រាក់​បម្រុង​មាន​ច្រើន​ដែល​កាន់កាប់​ដោយ​ស្ថាប័ន​ផ្តល់​ប្រាក់​កម្ចី​។​ អនុ​បាត​​តម្រូវការ​តម្កល់​ប្រាក់បម្រុង​កាតព្វកិច្ចទៅ​លើ​ប្រាក់​កម្ចី​បរទេស​ត្រូវ​បាន​កាត់​បន្ថយ​នៅ​ឆ្នាំ​ ២០០៨​ ដែល​ជំរុញ​ឱ្យ​ធនាគារ​ និង​ស្ថាប័នហិរញ្ញវត្ថុ​ទាក់ទាញ​លំហូរ​ចូល​នៃ​មូលធន​។​9  ទោះជា​យ៉ាងណា​ក្តី​ ខណៈ​ពេល​ដែល​អនុ​បាត​​តម្រូវការ​តម្កល់​ប្រាក់បម្រុង​កាតព្វកិច្ចលើ​មូលនិធិ​បរទេស​ត្រូវ​បាន​កាត់​បន្ថយ​មក​ត្រឹម​ ១២​% ​ក្នុង​ឆ្នាំ​ ២០០៩​ បន្ទាប់​មក​វា​បាន​កើនឡើង​ដល់​ ១២,៥​% ​វិញ​ក្នុង​ឆ្នាំ​ ២០១២​។​ នៅ​ឆ្នាំ​ ២០២០​ អនុ​បាត​​តម្រូវការ​តម្កល់​ប្រាក់បម្រុង​កាតព្វកិច្ចលើ​រូបិយប័ណ្ណ​អន្តរជាតិ​ និង​ក្នុងស្រុក​ត្រូវ​បាន​កាត់​បន្ថយ​មក​នៅ​ត្រឹម​ ៧​% ​បន្ទាប់​ពី​ការ​រីក​រាលដាល​នៃ​ជំងឺឆ្លង​កូ​វី​ដ​-១៩​។​10

ស្ថិរភាពនៃអត្រាប្តូរប្រាក់

ធនាគារជាតិ​នៃ​កម្ពុជា​ធ្វើ​អន្តរាគមន៍​ក្នុង​ទីផ្សារ​ប្តូរ​ប្រាក់​បរទេស​ដើម្បី​ធ្វើ​ឱ្យ​អត្រា​ប្តូរ​ប្រាក់​មាន​ស្ថិ​រ​ភាព​។​ ជា​សេដ្ឋកិច្ច​ដែល​ប្រាក់​ដុល្លារ​មាន​តម្លៃ​ខ្ពស់​ សមត្ថភាព​របស់​ប្រទេស​កម្ពុជា​ក្នុង​ការ​គ្រប់គ្រង​អត្រា​ប្តូរ​ប្រាក់​រៀល​មាន​សារៈសំខាន់​ណាស់​ក្នុង​ការ​ការពារ​វិនិយោគិន​ និង​អ្នកចូលរួម​ផ្សេង​ទៀត​នៅ​ក្នុង​ទីផ្សារ​ប្តូរ​ប្រាក់​បរទេស​។​11  ធនាគារជាតិ​នៃ​កម្ពុជា​ក៏​បាន​ខិតខំ​រក្សា​អត្រា​ប្តូរ​ប្រាក់​ដែល​មាន​ចំនួន​តម្លៃ​ជិត​ ៤០០០​ រៀល​ក្នុង​មួយ​ដុល្លារ​ចាប់តាំងពី​ដើម​ទស​វត្ស​ឆ្នាំ​ ២០០០​។​

អត្រា​ប្តូរ​ប្រាក់​ថេរ​នៃ​ប្រាក់​រៀល​ចាប់តាំងពី​ឆ្នាំ​ ២០០០​ គឺជា​កត្តា​សំខាន់​ក្នុង​ការ​កាត់​បន្ថយ​ហានិភ័យ​អត្រា​ប្តូរ​ប្រាក់​របស់​វិនិយោគិន​ ដែល​បណ្តាល​មក​ពី​អត្រា​ប្តូរ​ប្រាក់​ប្រែប្រួល​។​ ធនាគារជាតិ​នៃ​កម្ពុជា​លក់​ប្រាក់​ដុល្លារ​អា​មេ​រិ​ក​នៅ​ពេល​ដែល​ប្រាក់​រៀល​មាន​តម្លៃ​ទាប​ជាង​ឆ្ងាយ​ពី​អត្រា​គោលដៅ​ ដោយហេតុ​នេះ​ធ្វើ​ឱ្យ​អត្រា​ប្តូរ​ប្រាក់​មាន​ស្ថិរ​ភាព​ទោះ​ស្ថិត​នៅ​ក្រោម​ស្ថានភាព​របប​អត្រា​អណ្តែត​។12​  ក្រៅពី​ការពារ​វិនិយោគិន​ ការ​ធានា​បាន​នូវ​អត្រា​ប្តូរ​ប្រាក់​ថេរ​បាន​ជួយ​រក្សា​លទ្ធភាព​ទិញ​រូបិយប័ណ្ណ​ក្នុងស្រុក​ ក៏​ដូច​ជា​គាំទ្រ​ទៅ​ដល់​ការ​ពង្រីក​សេដ្ឋកិច្ច​ក្នុងស្រុក​ផង​ដែរ​។

ប្រធាន​​បទ​ពាក់​ព័ន្ធ​​នឹង​គោលនយោបាយ និងបទប្បញ្ញត្តិស្តីពីសេវាកម្មធនាគារ និងហិរញ្ញវត្ថុ៖

ឯកសារយោង

  1. 1. ធនាគារជាតិនៃកម្ពុជា «របាយការណ៍ត្រួតពិនិត្យប្រចាំឆ្នាំ ២០១៩» ថ្ងៃទី ០១ ខែមេសា ឆ្នាំ២០២០។ បានចូលអាននៅថ្ងៃទី ១៥ ខែកញ្ញា ឆ្នាំ២០២០។
  2. 2. Unteroberdoerster, M. O. «ប្រទេសកម្ពុជា៖ ការឈានចូលដំណាក់កាលថ្មីនៃការលូតលាស់» ឆ្នាំ ២០១៤។ បានចូលអាននៅថ្ងៃទី ១៥ ខែកញ្ញា ឆ្នាំ២០២០។
  3. 3. Smith, P. «ធនាគារជាតិនៃកម្ពុជាបង្កើនតំរូវការដើមទុនអប្បបរមាសម្រាប់ការចុះបញ្ជីស្ថាប័នហិរញ្ញវត្ថុ» មិនមានថ្ងៃបរិច្ឆេទ។ បានចូលអាននៅថ្ងៃទី ១៥ ខែកញ្ញា ឆ្នាំ២០២០។
  4. 4. Burn & Associates «ទិដ្ឋភាពទូទៅនៃទីផ្សារធនាគារ និងមូលធននៅកម្ពុជា» ឆ្នាំ ២០២០។ បានចូលអាននៅថ្ងៃទី ១០ ខែកញ្ញា ឆ្នាំ២០២០។
  5. 5. សាជីវកម្មហិរញ្ញវត្ថុអន្តរជាតិ (IFC) «លើកកម្ពស់ការការពារអតិថិជនលើវិស័យហិរញ្ញវត្ថុនៅកម្ពុជា» ឆ្នាំ ២០១៥។ បានចូលអាននៅថ្ងៃទី ១៥ ខែកញ្ញា ឆ្នាំ២០២០។
  6. 6. Khou, V., Cheng, O., Leng, S., & Meng, C. «តួនាទីរបស់ធនាគារកណ្តាលក្នុងការគាំទ្រដល់ការធ្វើពិពិធកម្មសេដ្ឋកិច្ច និងផលិតភាពការងារនៅកម្ពុជា» ឆ្នាំ ២០១៥។ បានចូលអាននៅថ្ងៃទី ១៥ ខែកញ្ញា ឆ្នាំ២០២០។
  7. 7. ដូចឯកសារយោងខាងដើម។
  8. 8. ធនាគារជាតិនៃកម្ពុជា «របាយការណ៍ត្រួតពិនិត្យប្រចាំឆ្នាំ ២០១៩» ថ្ងៃទី ០១ ខែមេសា ឆ្នាំ២០២០។ បានចូលអាននៅថ្ងៃទី ១៥ ខែកញ្ញា ឆ្នាំ២០២០។
  9. 9. ដូចឯកសារយោងខាងដើម។
  10. 10. ធនាគារពិភពលោក «បច្ចុប្បន្នភាពសេដ្ឋកិច្ចកម្ពុជា៖ កម្ពុជាក្នុងបរិការណ៍នៃជំងឺកូវីដ-១៩» ខែឧសភា ឆ្នាំ ២០២០។ បានចូលអាននៅថ្ងៃទី ១៥ ខែកញ្ញា ឆ្នាំ២០២០។
  11. 11. Unteroberdoerster, M. O. «ប្រទេសកម្ពុជា៖ ការឈានចូលដំណាក់កាលថ្មីនៃការលូតលាស់» ឆ្នាំ ២០១៤។ បានចូលអាននៅថ្ងៃទី ១៥ ខែកញ្ញា ឆ្នាំ២០២០។
  12. 12. Khou, V., Cheng, O., Leng, S., & Meng, C. «តួនាទីរបស់ធនាគារកណ្តាលក្នុងការគាំទ្រដល់ការធ្វើពិពិធកម្មសេដ្ឋកិច្ច និងផលិតភាពការងារនៅកម្ពុជា» ឆ្នាំ ២០១៥។ បានចូលអាននៅថ្ងៃទី ១៥ ខែកញ្ញា ឆ្នាំ២០២០។
ទំនាក់ទំនងយើងខ្ញុំ

ទំនាក់ទំនងយើងខ្ញុំ

បើលោកអ្នកមានសំនួរទាក់ទងនឹងខ្លឹមសារផ្សាយនៅលើគេហទំព័រ Open Development Cambodia (ODC)? យើងខ្ញុំ​នឹង​ឆ្លើយ​តប​​ដោយ​ក្តី​រីក​រាយ។

តើអ្នកបានឃើញបញ្ហាបច្ចេកទេសណាមួយនៅលើគេហទំព័រOpen Development Cambodia (ODC) ដែរឬទេ?

តើលោកអ្នកយល់យ៉ាងដូចម្តេចដែរចំពោះការងាររបស់អូឌីស៊ី?

តើលោកអ្នកមានឯកសារដែលអាចជួយពង្រីក​គេហទំព័រOpen Development Cambodia (ODC) ដែរ​ឬទេ​?​ យើងខ្ញុំ​នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ទិន្នន័យ​អំពី​ផែនទី​ ច្បាប់​ អត្ថបទ​ និង​ ឯកសារ​ដែល​ពុំ​មាននៅ​លើ​គេហទំព័រ​នេះ​ ហើយ​ពិចារណា​បោះផ្សាយ​ទិន្នន័យ​ទាំងនោះ​។​ សូម​មេត្តា​ផ្ញើ​តែ​ឯកសារ​ណា​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative Commons

ឯកសារត្រូវបានលុប
មានបញ្ហា!

កំណត់សម្គាល់៖ Open Development Cambodia (ODC) នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ឯកសារ​ដែល​បាន​បញ្ជូន​មក​យ៉ាង​ហ្មត់ចត់​ ដើម្បី​កំណត់​ភាព​ត្រឹមត្រូវ​ និង​ពាក់ព័ន្ធ​ មុន​ពេលធ្វើការ​បង្ហោះ​ផ្សាយ​។​ រាល់​ឯកសារ​ដែល​បាន​បង្ហោះ​ផ្សាយ​នឹង​ជា​ឯកសារ​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative​ Commons​។​ យើងខ្ញុំ​សូម​អគុណ​សំរាប់​ការ​គាំទ្រ​របស់​លោក​អ្នក​។​

SdyNJ
* ប្រអប់មតិមិនអាចទទេ! មិនអាចបញ្ចូនបាន សូមធ្វើការបញ្ចូនម្តងទៀត! Please add the code correctly​ first.

សូម​អរគុណ​សំរាប់​ការ​ចំនាយ​ពេល​ក្នុង​ការ​ចែក​រំលែក​មក​កាន់​យើងខ្ញុំ!