ជនជាតិភាគតិច និងជនជាតិដើមភាគតិច

យោង​តាម​ជំរឿន​ប្រជាជន​ទូទៅ​ឆ្នាំ​២០១៩​ របស់​ព្រះរាជាណាចក្រ​កម្ពុជា​ ប្រជាជន​កម្ពុជា​សរុប​មាន​ចំនួន​ប្រមាណ​ ១៥.៥៥២.២១១​នាក់​ (​ស្ត្រី​ ៥១,៣១​ភាគរយ​)​។​1​ ចំនួន​ប្រជាជន​បាន​កើនឡើង​ដល់​ ១៦.៥៨៩.០២៣​នាក់​នៅ​ឆ្នាំ​២០២១​។​2​ ជនជាតិ​វៀតណាម​ ចិន​ ចាម​ និង​ជនជាតិភាគតិច​ផ្សេង​ទៀត​ក៏​រស់នៅ​ក្នុង​ប្រទេស​ផង​ដែរ​។​ ជនជាតិ​ដើម​ភាគតិច​ដែល​គេ​ស្គាល់​ថា​ “​ខ្មែរលើ​”​ រស់នៅ​ក្នុង​ប្រទេស​កម្ពុជា​ ហើយ​រដ្ឋាភិបាល​បាន​ផ្តល់​ដី​មួយ​ចំនួន​ដល់​ពួក​គេ​ រួម​ទាំង​ប័ណ្ណកម្មសិទ្ធិ​ដី​សមូហភាព​ ដូច​មាន​ចែង​ក្នុង​អនុក្រឹត្យ​លេខ​ ៨៣​ អន​ក្រ​.​បក​ ស្តី​ពី​នីតិវិធី​ចុះបញ្ជី​ដី​សមូហភាព​ជនជាតិ​ដើម​ភាគតិច​។​3

គោ​លន​យោ​បាល​ជាតិ​ស្តី​ពី​ការ​អភិវឌ្ឍ​ជនជាតិ​ដើម​ភាគតិច​ បានឱ្យ​និយម​ន័យ​ “​ជនជាតិ​ដើម​ភាគតិច​ គឺជា​ជនជាតិ​ដែល​រស់នៅ​លើ​ដែនដី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ហើយ​ជនជាតិ​ទាំងនោះ​បង្ហាញ​នូវ​ឯកភាព​ជាតិពន្ធុ​ សង្គម​ វប្បធម៌​ និង​សេដ្ឋកិច្ច​ ប្រតិបត្តិ​របៀប​រស់នៅ​តាម​ប្រពៃណី​ និង​ការ​ដាំ​ដុះ​លើ​ដី​ដែល​ខ្លួន​កាន់កាប់​ទៅ​តាម​ក្បួន​ខ្នាត​ ទំនៀមទម្លាប់​នៃ​ការ​ប្រើប្រាស់​ដី​ជា​សមូហភាព​។​”4

8917553637_d58dfa44c9_k

ស្ត្រីជនជាតិភាគតិចព្រៅកំពុងត្បាញកន្ទេលស្លឹកត្នោតនៅក្នុងខេត្តរតនគិរី ភាគឦសានប្រទេសកម្ពុជា។ រូបភាពដោយ Ethan Crowley, ថតនៅថ្ងៃទី ០១ ខែឧសភា ឆ្នាំ២០១២។ ក្រោមអាជ្ញារបណ្ណ CC BY-NC-SA 2.0

​ប្រជាជន​ជនជាតិ​ដើម​ភាគតិច​

ជំរឿន​ប្រជាជន​កម្ពុជា​ឆ្នាំ​១៩៩៨​ បាន​កំណត់​អត្តសញ្ញាណ​ជនជាតិ​ដើម​ភាគតិច​ចំនួន​ ១៧​ ផ្សេងៗ​គ្នា​ ដែល​រស់នៅ​ទូ​ទាំង​ ១៥​ ខេត្ត​។​ ពួក​គេ​ត្រូវ​បាន​គេ​ប៉ាន់​ស្មានថា​មាន​ចំនួន​ប្រហែល​ ២០០.០០០​នាក់​ ឬ​ប្រហែល​ ១,២​ភាគរយ​ នៃ​ប្រជាជន​។​ ជា​រឿយៗ​ ក្រុម​នេះ​ត្រូវ​បាន​កំណត់​អត្តសញ្ញាណ​តាម​ភាសា​របស់​ពួក​គេ​។​5​ យ៉ាង​ហោច​ណាស់​មាន​ភាសា​ជនជាតិ​ដើម​ភាគតិច​ចំនួន​ ២១​ នៅ​ក្នុង​ប្រទេស​កម្ពុជា​។​6

ជំរឿន​ប្រជាជន​កម្ពុជា​ឆ្នាំ​២០០៨​ បាន​កំណត់​អត្តសញ្ញាណ​ជនជាតិ​ដើម​ភាគតិច​ចំនួន​ ២២​ ផ្សេងៗ​គ្នា​ ដែល​មាន​ចំនួន​សរុប​ប្រមាណ​ ១៧៩.១៩៣​នាក់​។​7​ ជនជាតិ​ដើម​ភាគតិច​បាន​កើនឡើង​ដល់​ ១៨៣.៨៣១​នាក់​ ក្នុង​ឆ្នាំ​២០១៣​។​ ក្នុង​ឆ្នាំ​២០១៤​ ​ទិន្នន័យមូលដ្ឋាន​ឃុំ​បាន​កំណត់​អត្តសញ្ញាណ​ជនជាតិ​ដើម​ភាគតិច​ចំនួន​ ២៥២.៣៣៧​នាក់​ នៅ​ក្នុង​ប្រទេស​កម្ពុជា​ ហើយ​ទិន្នន័យ​អង្កេត​សេដ្ឋកិច្ច​សង្គម​បាន​បង្ហាញ​ពី​ជនជាតិ​ដើម​ភាគតិច​ចំនួន​ ២៤៣.៣៥៧​នាក់​ ក្នុង​ឆ្នាំ​២០១៥​។​8​ ទោះជា​យ៉ាងណា​ក៏​ដោយ​ ​អង្គការ​ជនជាតិ​ដើម​ភាគតិច​កម្ពុជាបានកំណត់ចំនួនប្រជាជនសរុបប្រមាណ​ ២៧៦.៨៧៨​នាក់​ ដោយ​បែងចែក​តាម​ក្រុម​នីមួយៗ​។​ ក្រុម​ជនជាតិ​ដើម​ភាគតិច​កួយ​មាន​ប្រជាជន​ភាគច្រើន​ជាងគេ​គឺ​មាន​ប្រមាណ​ ២០,១២​ភាគរយ​ នៃ​ប្រជាជន​ជនជាតិ​ដើម​ភាគតិច​សរុប​ ហើយ​ពួក​គេ​រស់នៅ​ក្នុង​ ១៣៥​ភូមិ​ ទូ​ទាំង​ប្រទេស​កម្ពុជា​។​9​ ជនជាតិ​ដើម​ភាគតិច​ចំនួន​ ២២​ក្រុម​ រួម​មាន​ ព្នង​ ទំ​ពួ​ង​ កួយ​ ចា​រាយ​ គ្រឹ​ង​ ព្រៅ​ ស្ទៀង​ កា​វ៉ែត​ ក្រោល​ ចា​អុង​ ព័រ​ មិ​ល​ ល្មូ​ន​ សួយ​ ខោ​ញ​ គ្លឹ​ង​ ស្អូច​ កា​ជ្រូក​ លុន​ រដែ​ មន​ និង​កាចក់​។​10

​ទីតាំង​ជនជាតិ​ដើម​ភាគតិច​

​ជនជាតិ​ដើម​ភាគតិច​ត្រូវ​បាន​រក​ឃើញ​នៅ​ក្នុង​ខេត្ត​ចំនួន​ ២២​ ទូ​ទាំង​ប្រទេស​កម្ពុជា​ ដោយ​ភាគច្រើន​នៃ​ពួក​គេ​ប្រមូលផ្តុំ​នៅ​តំបន់​ភាគ​ខាងជើង​ និង​ឦសាន​ រួម​មាន​ខេត្តរតនគិរី​ មណ្ឌលគិរី​ ក្រចេះ​ ព្រះ​វិហារ​ និង​ខេត្តស្ទឹងត្រែង​។​ ការ​តាំងទី​លំនៅ​រាយ​ប៉ាយ​នៃ​ជនជាតិ​ដើម​ភាគតិច​អាច​សន្មត់​ថា​មក​ពី​ មុខរបរ​ ការ​អប់រំ​ អាពាហ៍ពិពាហ៍​ និង​កត្តា​ផ្សេងៗ​ទៀត​។​11​ សុខុមាលភាព​យូរអង្វែង​នៃ​វប្បធម៌​ជនជាតិ​ដើម​ភាគតិច​ត្រូវ​បាន​ផ្សារ​ភ្ជាប់​យ៉ាង​ខ្លាំង​ទៅ​នឹង​ប្រព័ន្ធ​ប្រើប្រាស់​ដី​របស់​ពួក​គេ​ និង​ការ​ទទួល​បាន​ផល​ពី​ធនធាន​ព្រៃឈើ​។​ ពួក​គេ​ប្រកប​របរ​ដាំ​ដំណាំ​វិល​ជុំ​ និង​ចិញ្ចឹមសត្វ​ ហើយ​ក្នុង​ព្រៃ​ប្រមូល​ផល​ផ្តៅ​ និង​វល្លិ​ ជ័រ​ ក្រវាញ​ និង​ទឹកឃ្មុំ​។​ ការ​ត្បាញ​គឺជា​ប្រភព​ចំណូល​សំខាន់​មួយទៀត​។​ ប្រភព​ចំណូល​ខ្លះ​ពឹងផ្អែក​លើ​ទៅ​តាម​ទីតាំង​ ដូច​ជា​ការ​ជីក​យក​រ៉ែ​ត្បូង​ថ្ម​នៅ​ខាងក្រៅ​ក្រុង​បាន​លុង​ ក្នុង​ខេត្តរតនគិរី​ជាដើម​។​

ចំនួនជនជាតិដើមភាគតិចនៅតាមខេត្តនីមួយៗនៃព្រះរាជាណាចក្រកម្ពុជា (យោងតាមស្ថិតិឆ្នាំ២០០៨)។

​ច្បាប់​ និង​គោលនយោបាយ​

ក្រសួង​អភិវឌ្ឍន៍ជនបទ ​មាន​គោលនយោបាយ​ជាតិ​ស្តី​ពី​ការ​អភិវឌ្ឍ​សហគមន៍​ជនជាតិ​ដើម​ភាគតិច​ ដែល​បាន​អនុម័ត​ក្នុង​ឆ្នាំ​ ២០០៩​។​12​ គោលនយោបាយ​នេះ​មាន​គោលដៅ​ដើម្បី​កែ​លម្អ​ជីវភាព​រស់នៅ​របស់​សហគមន៍​ជនជាតិ​ដើម​ភាគតិច​ និង​ដើម្បី​លើកកម្ពស់​គុណភាព​នៃ​ជីវិត​។​ គោលនយោបាយ​នេះ​ផ្តោត​ទៅ​លើ​ការ​អភិវឌ្ឍ​ ១០​វិស័យ​ រួម​មាន​ វប្បធម៌​ ការ​អប់រំ​ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ សុខាភិបាល​ បរិស្ថាន​ ដីធ្លី​ កសិកម្ម​និង​ធនធានទឹក​ ហេដ្ឋារចនាសម្ព័ន្ធ​ យុត្តិធម៌​ ទេសចរណ៍​ និង​ឧស្សាហកម្ម​ រ៉ែ​ និង​ថាមពល​។​

ច្បាប់​ភូមិបាល​ឆ្នាំ​២០០១​ ផ្តល់​សារៈសំខាន់​យ៉ាង​ខ្លាំង​សម្រាប់​ការ​ចុះបញ្ជី​ដី​សមូហភាព​ ដូច​មាន​ចែង​នៅ​ក្នុង​មាត្រា​២៣​ - ២៨​។​ មាត្រា​ ២៥​ ចែង​អំពី​កម្មសិទ្ធិ​ដី​សមូហភាព​សម្រាប់​សហគមន៍​ជនជាតិ​ដើម​ភាគតិច​ ខណៈ​ដែល​មាត្រា​២៦​ ទទួលស្គាល់​តួនាទី​នៃ​អំណាច​ យន្តការ​ និង​ទំនៀមទំលាប់​ ជា​ប្រពៃណី​ នៅ​ក្នុង​ការ​ធ្វើ​សេចក្តី​សម្រេចចិត្ត​ និង​ការ​អនុវត្ត​នូវ​សិទ្ធិកម្មសិទ្ធិ​។​ យោង​ទៅ​តាម​មាត្រា​២៨​ គ្មាន​អាជ្ញាធរ​ណា​នៅ​ក្រៅ​សហគមន៍​អាច​ទទួល​បាន​សិទ្ធិ​លើ​អចលនវត្ថុ​ដែល​ជា​កម្មសិទ្ធិ​របស់​ជនជាតិ​ដើម​ភាគតិច​បាន​ឡើយ​។​

​អនុក្រឹត្យ​ស្តី​ពី​នីតិវិធី​នៃ​ការ​ចុះបញ្ជី​ដី​សហគមន៍​ជនជាតិ​ដើម​ភាគតិច​ ត្រូវ​បាន​អនុម័ត​នៅ​ក្នុង​ខែមិថុនា​ ឆ្នាំ​២០០៩​ ប៉ុន្តែ​វឌ្ឍនភាព​មាន​សភាព​យឺតយ៉ាវ​ ដោយសារ​តែ​ភាព​ស្មុគស្មាញ​នៃ​ដំណើរការ​នេះ​៖

  • ជាដំបូង​ ក្រសួង​អភិវឌ្ឍន៍ជនបទ​ចាំបាច់​ត្រូវ​កំណត់​អត្តសញ្ញាណ​នៃ​ជនជាតិ​ដើម​ភាគតិច​ និង​សហគមន៍​ជនជាតិ​ដើម​
  • ​បន្ទាប់​មក​ ក្រសួងមហាផ្ទៃ​ចាំបាច់​ធ្វើការ​ចុះបញ្ជី​សហគមន៍​ជនជាតិ​ដើម​ភាគតិច​ទាំងនោះ​ជា​នីតិបុគ្គល​
  • ​បន្ទាប់​មក​ទៀត​ ក្រសួង​រៀបចំ​ដែនដី​ នគរូបនីយកម្ម​ និង​សំណង់​ទទួលខុសត្រូវ​លើ​នីតិវិធី​នៃ​ការ​ចេញ​ប័ណ្ណកម្មសិទ្ធិ​ដី​សមូហភាព​។​ ការងារ​នេះ​ពាក់ព័ន្ធ​នឹង​ការ​វាស់វែង​អចល​ទ្រព្យ​ ដែល​ធ្វើ​ឱ្យ​សំណើរ​មាន​ភាព​បើក​ទូលាយ​សម្រាប់​សាធារណៈ​ផ្តល់​មតិ​នានា​ និង​ដើម្បី​ចេញ​ប័ណ្ណកម្មសិទ្ធិ​។​

​ខណៈ​ដែល​ច្បាប់​ភូមិបាល​ផ្តល់​ការ​ការពារ​យ៉ាង​រឹង​មាំ​សម្រាប់​សហគមន៍​ជនជាតិ​ដើម​ភាគតិច​ អ្នក​ឃ្លាំមើល​ជា​ច្រើន​បាន​និយាយ​ថា​ កង្វះខាត​នៃ​ការ​អនុវត្ត​ និង​ការ​ពង្រឹង​ច្បាប់​ជាក់ស្តែង​ បាន​ធ្វើ​ឱ្យ​សហគមន៍​ជនជាតិ​ដើម​ភាគតិច​ស្ថិត​ក្នុង​ស្ថានភាព​ងាយ​រង​គ្រោះ​ ដោយសារ​ប្រយោជន៍​ពាណិជ្ជកម្ម​ និង​រដ្ឋ​ ដែល​ទាក់ទាញ​ការ​ធ្វើ​អាជីវកម្ម​លើ​សក្តានុពល​សេដ្ឋកិច្ច​នៃ​ព្រៃឈើ​ និង​តំបង់​ខ្ពង់រាប​ ដែល​ជា​ប្រពៃណី​ ត្រូវ​បាន​ប្រើប្រាស់​ និង​គ្រប់គ្រង​ដោយ​សហគមន៍​ជនជាតិ​ដើម​ភាគតិច​។​13

​គិត​ត្រឹម​ឆ្នាំ​២០២២​ សហគមន៍​ជនជាតិ​ដើម​ភាគតិច​ចំនួន​ ១៥២​ បាន​ចុះបញ្ជី​ជាមួយ​ក្រសួងមហាផ្ទៃ​ ជា​នីតិបុគ្គល​ ហើយ​ ៩៤​សហគមន៍​ បាន​ស្នើ​សុំ​ប័ណ្ណកម្មសិទ្ធិ​ដី​សមូហភាព​ពី​ក្រសួង​រៀបចំ​ដែនដី​ នគរូបនីយកម្ម​ និង​សំណង់​។​ សហគមន៍​ចំនួន​២៦​ ត្រូវ​បាន​ផ្អាក​ដោយសារ​បញ្ហា​ប្រឈម​ផ្សេងៗ​។​ សហគមន៍​ជនជាតិ​ដើម​ភាគតិច​ចំនួន​ ៣៨​ ក្នុង​ខេត្ត​ចំនួន​ ៤​ បាន​ទទួល​ប័ណ្ណកម្មសិទ្ធិ​ដី​សមូហភាព​ដែល​មាន​ចំនួន​សរុប​ ៣៩.៣៤២​ ហិ​កតា​ ក្នុង​នោះ​មាន​ខេត្តស្ទឹងត្រែង​ ២​ សហគមន៍​ ក្រចេះ​ ៤​ សហគមន៍​ មណ្ឌលគិរី​ ៧​ សហគមន៍​ និង​រតនគិរី​ ២៥​ សហគមន៍​។​14

​ច្បាប់​ស្តី​ពី​ព្រៃឈើ​ឆ្នាំ​ ២០០២​ បាន​លើក​ឡើង​ពី​សិទ្ធិ​ប្រើប្រាស់​ជា​ប្រពៃណី​លើ​ផល​ និង​អនុ​ផល​ព្រៃឈើ​សម្រាប់​សហគមន៍​មូលដ្ឋាន​15​ និង​ផ្តល់​មូលដ្ឋាន​ច្បាប់​ សម្រាប់​សហគមន៍​ រួម​ប​ញ្ជូ​ល​ទាំង​សហគមន៍​ជនជាតិ​ដើម​ភាគតិច​ ក្នុង​ការ​ប្រើប្រាស់​ និង​ជួយ​គ្រប់គ្រង​ព្រៃឈើ​ តាម​រយៈ​សហគមន៍​ព្រៃឈើ​។​ ខណៈ​ដែល​ច្បាប់​ស្តី​ពី​ព្រៃឈើ​ផ្តល់​មូលដ្ឋាន​ច្បាប់​សម្រាប់​ព្រៃ​សហគមន៍​ អនុក្រឹត្យ​ស្តី​ពី​ការ​គ្រប់គ្រង​សហគមន៍​ព្រៃឈើ​ឆ្នាំ​ ២០០៣​ បាន​កំណត់​ពី​វិធាន​សម្រាប់​ការ​បង្កើត​ ការ​គ្រប់គ្រង​ និង​ការ​ប្រើប្រាស់​ព្រៃ​ទាំងនោះ​នៅ​ក្នុង​ប្រទេស​កម្ពុជា​។​

​បញ្ហា​ប្រឈម​ និង​បញ្ហា​ទាក់ទង​នឹង​សិទ្ធិ​ដីធ្លី​

​ជនជាតិ​ដើម​ភាគតិច​ប្រឈម​មុខ​នឹង​បញ្ហា​ប្រឈម​សំខាន់ៗ​ទាក់ទង​នឹង​ការ​ធានា​សិទ្ធិ​ដីធ្លី​ និង​ការ​ដោះស្រាយ​វិវាទ​ដីធ្លី​ រួម​មាន​៖

  • ​ការ​ទន្ទ្រាន​យក​ដី​៖​ សហគមន៍​ជនជាតិ​ដើម​ភាគតិច​ច្រើន​តែ​ទទួល​រង​នូវ​ការ​ទន្ទ្រាន​យក​ដី​ពី​អ្នក​ខាងក្រៅ​ ដែល​អាច​នាំ​ឱ្យ​មានការ​ផ្លាស់​ទីលំនៅ​ និង​ប៉ះពាល់​ជីវភាព​រស់នៅ​ប្រចាំ​ថ្ងៃ​ ក៏​ដូច​ជា​ការ​បំផ្លាញ​ទំនៀមទម្លាប់​វប្បធម៌​ផង​ដែរ​។​16
  • ​ការ​ការពារ​ផ្នែក​ច្បាប់​ខ្សោយ​៖​ ទោះបីជា​សិទ្ធិ​ដីធ្លី​របស់​ជនជាតិ​ដើម​ភាគតិច​ត្រូវ​បានការ​ពារ​ដោយ​ស្របច្បាប់​នៅ​ក្នុង​រដ្ឋធម្មនុញ្ញ​ និង​ច្បាប់​ភូមិបាល​របស់​កម្ពុជា​ក៏​ដោយ​ ការ​ការពារ​ទាំងនេះ​ជា​រឿយៗ​ខ្វះខាត​ការ​អនុវត្ត​ ហើយ​សហគមន៍​ជនជាតិ​ដើម​ភាគតិច​មាន​ធនធាន​តិចតួច​ណាស់​ នៅ​ពេល​ដែល​សិទ្ធិ​របស់​ពួក​គេ​ត្រូវ​បាន​រំលោភ​បំពាន​។​17
  • កង្វះ​ការពិគ្រោះ​ និង​ការ​ចូលរួម​៖​ សហគមន៍​ជនជាតិ​ដើម​ភាគតិច​នៅ​កម្ពុជា​ ជា​រឿយៗ​ត្រូវ​បាន​ដក​ចេញពី​ដំណើរការ​ធ្វើ​សេចក្តី​សម្រេចចិត្ត​លើ​ការ​គ្រប់គ្រង​ និង​អភិវឌ្ឍន៍​ដីធ្លី​។​ នេះ​អាច​នាំ​ឱ្យ​មាន​វិវាទ​ដីធ្លី​ និង​ជម្លោះ​ ក៏​ដូច​ជា​ការ​បែកបាក់​ទំនុកចិត្ត​រវាង​សហគមន៍​ជនជាតិ​ដើម​ភាគតិច​ និង​រដ្ឋាភិបាល​ ឬ​អង្គភាព​ផ្សេងៗ​។​18

​ទាក់ទង​នឹង​ជនជាតិភាគតិច​ និង​ជនជាតិ​ដើម​ភាគតិច​

  • ដីធ្លី
  • ដីសមូហភាព
  • ការ​អភិវឌ្ឍ​ និង​ជំនួយ​សម្រាប់​ជនជាតិភាគតិច​ និង​ជនជាតិ​ដើម​ភាគតិច​
  • ​សមាគម​ជនជាតិភាគតិច​ និង​ជនជាតិ​ដើម​ភាគតិច​
  • ​មូលនិធិ​អភិវឌ្ឍន៍​សម្រាប់​ជនជាតិភាគតិច​ និង​ជនជាតិ​ដើម​ភាគតិច​
  • ​អង្គការ​មិនមែន​រដ្ឋាភិបាល​ទទួល​បន្ទុក​ផ្នែក​អភិវឌ្ឍន៍​សម្រាប់​ជនជាតិភាគតិច​ និង​ជនជាតិ​ដើម​ភាគតិច​
  • ​គោលនយោបាយ​ និង​សិទ្ធិ​ជនជាតិភាគតិច​ និង​ជនជាតិ​ដើម​ភាគតិច​
  • ​ប្រវត្តិរូប​ជនជាតិភាគតិច​ និង​ជនជាតិ​ដើម​ភាគតិច​

ធ្វើ​បច្ចុប្បន្នភាព៖ ថ្ងៃទី០៣ ខែមីនា​ ឆ្នាំ​២០២៣

ឯកសារយោង

  1. 1. ​វិទ្យាស្ថាន​ជាតិ​ស្ថិតិ​,​ “​ជំរឿន​ទូទៅ​ប្រជាជន​នៅ​ព្រះរាជាណាចក្រ​កម្ពុជា​ឆ្នាំ​២០១៩៖​ របាយការណ៍​ជាតិ​ស្តី​ពី​លទ្ធផល​ជំរឿន​ចុង​ក្រោយ​,”​ ក្រសួងផែនការ​,​ ខែតុលា​ ឆ្នាំ​២០២០,​ បាន​ចូល​អាន​នៅ​ថ្ងៃ​ទី​២៧​ ខែកុម្ភៈ​ ឆ្នាំ​២០២៣​។​
  2. 2. ​ធនាគារពិភពលោក​,​ “​ប្រជាជន​សរុប​ -​ កម្ពុជា​,”​ បាន​ចូល​អាន​នៅ​ថ្ងៃ​ទី​២៧​ ខែកុម្ភៈ​ ឆ្នាំ​២០២៣​។​
  3. 3. ​ទីស្តីការគណៈរដ្ឋមន្ត្រី​,​ “​អនុក្រឹត្យ​លេខ​ ៨៣​ អន​ក្រ​.​បក​ ស្តី​ពី​នីតិវិធី​នៃ​ការ​ចុះបញ្ជី​ដី​សហគមន៍​ជនជាតិ​ដើម​ភាគតិច​”​ ចុះ​ថ្ងៃ​ទី​ ០៩​ ខែមិថុនា​ ឆ្នាំ​២០០៩,​ បាន​ចូល​អាន​នៅ​ថ្ងៃ​ទី​២៧​ ខែកុម្ភៈ​ ឆ្នាំ​២០២៣​។​
  4. 4. ​ក្រសួង​អភិវឌ្ឍន៍ជនបទ​,​ “​គោលនយោបាយ​ជាតិ​ស្តី​អភិវឌ្ឍ​ជនជាតិ​ដើម​ភាគតិច​”​ ថ្ងៃ​ទី​២៤​ ខែមេសា​ ឆ្នាំ​២០០៩,​ បាន​ចូល​អាន​នៅ​ថ្ងៃ​ទី​២៧​ ខែកុម្ភៈ​ ឆ្នាំ​២០២៣​។​
  5. 5. ​ម៉ុ​ល​ ផាត​ និង​ សេង​ សុ​វ​ឌ្ឍ​នា​,​ “​កំណត់សម្គាល់​បច្ចេកទេស​ប្រទេស​ស្តី​ពី​បញ្ហា​ជនជាតិ​ដើម​ភាគតិច​៖​ ព្រះរាជាណាចក្រ​កម្ពុជា​,”​ IFAD/AIPP,​ ខែវិច្ឆិកា​ ឆ្នាំ​២០១២,​ បាន​ចូល​អាន​នៅ​ថ្ងៃ​ទី​០៣​ ខែមីនា​ ឆ្នាំ​២០២៣​។​
  6. 6. Ethnologue,​ “​កម្ពុជា​,”​ បាន​ចូល​អាន​នៅ​ថ្ងៃ​ទី​០៣​ ខែមីនា​ ឆ្នាំ​២០២៣​។​
  7. 7. ​វិទ្យាស្ថាន​ជាតិ​ស្ថិតិ​,​ “​ជំរឿន​ទូទៅ​ប្រជាជន​នៅ​ព្រះរាជាណាចក្រ​កម្ពុជា​ឆ្នាំ​២០០៨៖​ របាយការណ៍​ជាតិ​ស្តី​ពី​លទ្ធផល​ជំរឿន​ចុង​ក្រោយ​,”​ ក្រសួងផែនការ​,​ បាន​ចូល​អាន​នៅ​ថ្ងៃ​ទី​២៧​ ខែកុម្ភៈ​ ឆ្នាំ​២០២៣​។​
  8. 8. ​ក្រសួងផែនការ​ និង​ក្រសួង​អភិវឌ្ឍន៍ជនបទ​,​ “​របាយការណ៍​អំពី​ស្ថានភាព​ប្រជាសាស្ត្រ​ និង​សង្គម​-​សេដ្ឋកិច្ច​របស់​ជនជាតិ​ដើម​ភាគតិច​កម្ពុជា​,”​ ឆ្នាំ​២០២១,​ បាន​ចូល​អាន​នៅ​ថ្ងៃ​ទី​២៧​ ខែកុម្ភៈ​ ឆ្នាំ​២០២៣​។​
  9. 9. ​អង្គការ​ជនជាតិ​ដើម​ភាគតិច​កម្ពុជា​,​ “​ទិន្នន័យ​ជនជាតិ​ដើម​ភាគតិច​,”​ បាន​ចូល​អាន​នៅ​ថ្ងៃ​ទី​២៧​ ខែកុម្ភៈ​ ឆ្នាំ​២០២៣​។​
  10. 10. ​ក្រសួងផែនការ​ និង​ក្រសួង​អភិវឌ្ឍន៍ជនបទ​,​ “​របាយការណ៍​អំពី​ស្ថានភាព​ប្រជាសាស្ត្រ​ និង​សង្គម​-​សេដ្ឋកិច្ច​របស់​ជនជាតិ​ដើម​ភាគតិច​កម្ពុជា​,”​ ឆ្នាំ​២០២១,​ បាន​ចូល​អាន​នៅ​ថ្ងៃ​ទី​២៧​ ខែកុម្ភៈ​ ឆ្នាំ​២០២៣​។​
  11. 11. ​ក្រសួងផែនការ​ និង​ក្រសួង​អភិវឌ្ឍន៍ជនបទ​,​ "​របាយការណ៍​អំពី​ស្ថានភាព​ប្រជាសាស្ត្រ​ និង​សង្គម​-​សេដ្ឋកិច្ច​របស់​ជនជាតិ​ដើម​ភាគតិច​កម្ពុជា​,"​ ឆ្នាំ​២០២១,​ បាន​ចូល​អាន​នៅ​ថ្ងៃ​ទី​២៧​ ខែកុម្ភៈ​ ឆ្នាំ​២០២៣​។​
  12. 12. ​ក្រសួង​អភិវឌ្ឍន៍ជនបទ​,​ “​គោលនយោបាយ​ជាតិ​ស្តី​ពី​ការ​អភិវឌ្ឍ​ជនជាតិ​ដើម​ភាគតិច​,”​ ឆ្នាំ​២០០៩,​ បាន​ចូល​អាន​នៅ​ថ្ងៃ​ទី​០៣​ ខែមីនា​ ឆ្នាំ​២០២៣​។​
  13. 13. ​ម៉ុ​ល​ ផាត​ និង​ សេង​ សុ​វ​ឌ្ឍ​នា​,​ "​កំណត់សម្គាល់​បច្ចេកទេស​ប្រទេស​ស្តី​ពី​បញ្ហា​ជនជាតិ​ដើម​ភាគតិច​៖​ ព្រះរាជាណាចក្រ​កម្ពុជា​​,"​ IFAD/AIPP,​ ខែវិច្ឆិកា​ ឆ្នាំ​២០១២,​ បាន​ចូល​អាន​នៅ​ថ្ងៃ​ទី​០៣​ ខែមីនា​ ឆ្នាំ​២០២៣​។​
  14. 14. ​អង្គការ​ទិន្នន័យ​អំពី​ការ​អភិវឌ្ឍ​,​ "​ប្លុក​៖​ កិច្ចប្រជុំ​ចង្កោម​អង្គការ​សង្គម​ស៊ី​វិល​លើក​ទី​២,"​ ថ្ងៃ​ទី​២៧​ ខែធ្នូ​ ឆ្នាំ​២០២២,​ បាន​ចូល​អាន​នៅ​ថ្ងៃ​ទី​២៧​ ខែកុម្ភៈ​ ឆ្នាំ​២០២៣​។​
  15. 15. ​រាជរដ្ឋាភិបាល​កម្ពុជា​,​ “​ច្បាប់​ស្តី​ពី​ព្រៃឈើ​ (២០០២),”​ មាត្រា​២,​ ឆ្នាំ​២០០២,​ បាន​ចូល​អាន​នៅ​ថ្ងៃ​ទី​០៣​ ខែមីនា​ ឆ្នាំ​២០២៣​។​
  16. 16. ​ប៊ុ​ន​លី​ សឿង​,​ “​យុទ្ធនាការ​ ឧក្រិដ្ឋកម្ម​ និង​សម្បទាន​៖​ សិទ្ធិ​ដីធ្លី​ជនជាតិ​ដើម​ភាគតិច​នៅ​កម្ពុជា​,”​ new​ mandala,​ ថ្ងៃ​ទី​១១​ ខែសីហា​ ឆ្នាំ​២០២២,​ បាន​ចូល​អាន​នៅ​ថ្ងៃ​ទី​២៧​ ខែកុម្ភៈ​ ឆ្នាំ​២០២៣​។​
  17. 17. Sarah​ Johnson,​ "​ការ​កាប់​ឈើ​ខុសច្បាប់​គំរាមកំហែង​ជនជាតិ​ដើម​ភាគតិច​នៅ​កម្ពុជា​,"​ The​ Guardian,​ ថ្ងៃ​ទី​២៨​ ខែមករា​ ឆ្នាំ​២០២២,​ បាន​ចូល​អាន​នៅ​ថ្ងៃ​ទី​២៧​ ខែកុម្ភៈ​ ឆ្នាំ​២០២៣​។​
  18. 18. ​ក្រុមការងារ​អន្តរជាតិ​សម្រាប់​កិច្ចការ​ជនជាតិ​ដើម​ភាគតិច​,​ "​ពិភព​ជនជាតិ​ដើម​ភាគតិច​,"​ ថ្ងៃ​ទី​២៤​ ខែមេសា​ ឆ្នាំ​២០១៩,​ បាន​ចូល​អាន​នៅ​ថ្ងៃ​ទី​២៧​ ខែកុម្ភៈ​ ឆ្នាំ​២០២៣​។​
ទំនាក់ទំនងយើងខ្ញុំ

ទំនាក់ទំនងយើងខ្ញុំ

បើលោកអ្នកមានសំនួរទាក់ទងនឹងខ្លឹមសារផ្សាយនៅលើគេហទំព័រ Open Development Cambodia (ODC)? យើងខ្ញុំ​នឹង​ឆ្លើយ​តប​​ដោយ​ក្តី​រីក​រាយ។

តើអ្នកបានឃើញបញ្ហាបច្ចេកទេសណាមួយនៅលើគេហទំព័រOpen Development Cambodia (ODC) ដែរឬទេ?

តើលោកអ្នកយល់យ៉ាងដូចម្តេចដែរចំពោះការងាររបស់អូឌីស៊ី?

តើលោកអ្នកមានឯកសារដែលអាចជួយពង្រីក​គេហទំព័រOpen Development Cambodia (ODC) ដែរ​ឬទេ​?​ យើងខ្ញុំ​នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ទិន្នន័យ​អំពី​ផែនទី​ ច្បាប់​ អត្ថបទ​ និង​ ឯកសារ​ដែល​ពុំ​មាននៅ​លើ​គេហទំព័រ​នេះ​ ហើយ​ពិចារណា​បោះផ្សាយ​ទិន្នន័យ​ទាំងនោះ​។​ សូម​មេត្តា​ផ្ញើ​តែ​ឯកសារ​ណា​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative Commons

ឯកសារត្រូវបានលុប
មានបញ្ហា!

កំណត់សម្គាល់៖ Open Development Cambodia (ODC) នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ឯកសារ​ដែល​បាន​បញ្ជូន​មក​យ៉ាង​ហ្មត់ចត់​ ដើម្បី​កំណត់​ភាព​ត្រឹមត្រូវ​ និង​ពាក់ព័ន្ធ​ មុន​ពេលធ្វើការ​បង្ហោះ​ផ្សាយ​។​ រាល់​ឯកសារ​ដែល​បាន​បង្ហោះ​ផ្សាយ​នឹង​ជា​ឯកសារ​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative​ Commons​។​ យើងខ្ញុំ​សូម​អគុណ​សំរាប់​ការ​គាំទ្រ​របស់​លោក​អ្នក​។​

VxMXM
* ប្រអប់មតិមិនអាចទទេ! មិនអាចបញ្ចូនបាន សូមធ្វើការបញ្ចូនម្តងទៀត! Please add the code correctly​ first.

សូម​អរគុណ​សំរាប់​ការ​ចំនាយ​ពេល​ក្នុង​ការ​ចែក​រំលែក​មក​កាន់​យើងខ្ញុំ!