ការគាំទ្រកិច្ចការពារព្រៃឈើ

ប្រទេស​កម្ពុជា​កំពុង​ព្យាយាម​ការពារ​ព្រៃឈើ​របស់​ខ្លួន​ ខណៈ​ពេល​ដែល​រក្សា​នូវ​កំណើនសេដ្ឋកិច្ច​ ដោយសារ​ប្រជាជន​ជា​ច្រើន​ប្រកប​របរ​ចិញ្ចឹមជីវិត​តាម​រយៈ​ការ​ធ្វើស្រែ​ចម្ការ​ ការ​ទន្ទ្រាន​ដី​ និង​សកម្មភាព​ផ្សេងៗ​ទៀត​ដែល​អាច​នាំ​ឱ្យ​មានការ​កាប់​បំផ្លាញ​ព្រៃឈើ​។​ ស្ទើរតែ​ ៨០%​ នៃ​ប្រជាជន​កម្ពុជា​ដែល​រស់នៅ​ក្នុង​តំបន់​ជនបទ​ពឹងផ្អែក​លើ​ព្រៃឈើ​សម្រាប់​ជីវភាព​រស់នៅ​របស់​ពួក​គេ​។​ ការ​កាប់​បំផ្លាញ​ព្រៃឈើ​បាន​គំរាមកំហែង​ដល់​ធនធាន​ព្រៃឈើ​ និង​ជីវភាព​រស់នៅ​របស់​ប្រជាជន​កម្ពុជា​។​1​ ដើម្បី​ដោះស្រាយ​បញ្ហា​នេះ​ សហគមន៍​ព្រៃឈើ​ មន្ត្រី​រដ្ឋាភិបាល​ អង្គការ​មិនមែន​រដ្ឋាភិបាល​ ម្ចាស់​អាជីវកម្ម​ និង​សហគមន៍​គ្រប់គ្រង​ព្រៃឈើ​ប្រកបដោយ​និរន្តរភាព​ គួរ​គិតពិចារណា​ដល់​បញ្ហា​នេះ​។​ អង្គការ​មិនមែន​រដ្ឋាភិបាល​ទទួលបន្ទុកផ្នែកកិច្ចការពារ​ព្រៃឈើ​ និង​កម្មវិធី​ការពារ​ព្រៃឈើ​ជា​ច្រើន​ ត្រូវ​បាន​អនុវត្ត​នៅ​ក្នុង​ប្រទេស​កម្ពុជា​។​ កម្មវិធី​ព្រៃឈើ​ជាតិ​កម្ពុជា​ត្រូវ​បាន​បង្កើត​ឡើង​ ដើម្បី​គូសបញ្ជាក់​អំពី​យុទ្ធសាស្ត្រ​ព្រៃឈើ​របស់​ប្រទេស​កម្ពុជា​ ឆ្នាំ​ ២០១០-២០២៩​។​ រាជរដ្ឋាភិបាល​កម្ពុជា​បាន​ចាត់​ទុក​ការ​អភិរក្ស​ និង​ការ​គ្រប់គ្រង​ធនធាន​ព្រៃឈើ​ប្រកបដោយ​ប្រសិទ្ធភាព​ផ្នែក​អេកូឡូស៊ី​ សង្គម​ និង​សេដ្ឋកិច្ច​ ជា​សសរស្តម្ភ​ដ៏​សំខាន់​នៃ​សុខុមាលភាព​សាធារណៈ​ ដែល​រួមចំណែក​ដោយ​ផ្ទាល់​ដល់​ការ​ការពារ​បរិស្ថាន​ ការ​កាត់​បន្ថយ​ភាព​ក្រីក្រ​ និង​ការ​អភិវឌ្ឍ​ សេដ្ឋកិច្ច​សង្គម​ ដោយ​យោង​តាម​ចក្ខុវិស័យ​ព្រៃឈើ​កម្ពុជា​។​2

អនុរដ្ឋលេខាធិការទទួលបន្ទុកកំណើនសេដ្ឋកិច្ច ថាមពល និងបរិស្ថាន លោកស្រី Catherine A. Novelli ធ្វើទស្សនកិច្ចនៅដែនជម្រកសត្វព្រៃឡង់។ រូបភាព ស្ថានទូតអាមេរិកប្រចាំនៅកម្ពុជា បានថតនៅថ្ងៃទី ០៩ ខែមិថុនា ឆ្នាំ២០១៦។ ក្រោមអាជ្ញាបណ្ណ (CC BY-ND 2.0)

​ការ​គាំទ្រ​ពី​រាជរដ្ឋាភិបាល​

​ក្រសួងបរិស្ថាន​បាន​បង្កើត​ឡើង​ក្នុង​ឆ្នាំ​ ១៩៩៣​ ដើម្បី​បញ្ឈប់​បញ្ហា​ធ្លាក់​ចុះ​នៃ​ព្រៃឈើ​។​ ក្រោយមក​ក្រសួង​នេះ​បាន​ចេញ​ព្រះរាជក្រឹត្យ​បង្កើត​តំបន់​អភិរក្ស​ចំនួន​ ២៣​ ក្រោម​ការ​គ្រប់គ្រង​របស់​រដ្ឋ​ ដែល​គ្របដណ្តប់​ ៣១%​  ​នៃ​ព្រៃឈើ​របស់​ខ្លួន​។​ ប្រទេស​កម្ពុជា​បាន​ចាត់វិធានការ​កាន់តែ​ខ្លាំង​ដើម្បី​បញ្ឈប់​ការ​ធ្លាក់​ចុះ​នៃ​ព្រៃឈើ​របស់​ខ្លួន​ នៅ​ពេល​ដែល​ច្បាប់​ស្តី​ពី​តំបន់​ការពារ​ត្រូវ​បាន​អនុម័ត​ និង​បែងចែក​តំបន់​ការពារ​ជា​បួន​រួម​មាន​ តំបន់​ស្នូល​ តំបន់​អភិរក្ស​ តំបន់​ប្រើប្រាស់​ដោយ​ចីរភាព​ និង​តំបន់​សហគមន៍​។​3

​ប្រទេស​កម្ពុជា​បាន​លើកកម្ពស់​ការ​គ្រប់គ្រង​ព្រៃឈើ​ប្រកបដោយ​និរន្តរភាព​ ជា​វិធីសាស្ត្រ​ដ៏​សំខាន់​មួយ​សម្រាប់​ការ​កាត់​បន្ថយ​ការ​បំ​ភាយ​ឧស្ម័ន​ផ្ទះ​កញ្ចក់​ និង​ការ​ប្រែប្រួល​អាកាសធាតុ​។​ ព័ត៌មាន​លម្អិត​អំពី​ REDD+​ អាច​រកបាន​នៅ​ក្នុង​ប្រធានបទ​ “​ការ​ជួញដូរ​កាបូន​ និង​ការ​ចំណាយ​ប្រាក់​ដទៃ​ទៀត​ ដើម្បី​ទទួល​បាន​សេវាកម្ម​អេកូឡូស៊ី​“​។​ រដ្ឋាភិបាល​កំពុង​ពិចារណា​លើ​លទ្ធភាព​នៃ​ការ​ពង្រីក​ និង​សាកល្បង​កម្មវិធី​ REDD+​ នៅ​ក្នុង​តំបន់​ការពារ​ផ្សេង​ទៀត​ តាម​រយៈ​កិច្ចព្រមព្រៀង​ជាមួយ​អង្គការ​អន្តរជាតិ​ដូច​ជា​ អង្គការ​សមាគម​អភិ​ក្ស​សត្វព្រៃ​កម្ពុជា​ អង្គការ​អភិរក្ស​អន្តរជាតិ​ និង​សាជីវកម្ម​ឆ្លង​ដែន​ដូច​ជា​ MITSUI​ &​ CO.​ LTD.​។​4​ កាលពី​ថ្ងៃ​ទី​ ១១​ ខែមករា​ ឆ្នាំ​២០១៧​ រាជរដ្ឋាភិបាល​បាន​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​មួយ​ដែល​មាន​ទឹកប្រាក់​ចំនួន​ ១,៥​ លាន​ដុល្លារ​អា​មេ​រិ​ក​ ដើម្បី​ចាប់ផ្តើម​ដំណាក់កាល​ធ្វើ​ផែនការ​នៃ​គម្រោង​ពាណិជ្ជកម្ម​កាបូន​ REDD+​ ដែល​រួម​បញ្ចូល​ដែនជម្រកសត្វព្រៃ​ឡង់​ ដែល​ជា​ព្រៃ​បៃតង​ដ៏​ធំ​បំផុត​នៅ​ឧបទ្វីប​ឥណ្ឌូចិន​ និង​ជា​ជម្រក​របស់​ជនជាតិ​ដើម​ភាគតិច​ប្រហែល​ ២០០.០០០​ នាក់​។​5​ ក្រប​ខណ្ឌ​ REDD+​ អនុញ្ញាត​ឱ្យ​ប្រទេស​កំពុង​អភិវឌ្ឍន៍​ដែល​មាន​ព្រៃឈើ​ រក​ចំណូល​បាន​តាម​រយៈ​ការ​ជួយ​ក្រុមហ៊ុន​ ឬ​រោងចក្រ​នានា​ជៀស​ផុត​ពី​ការ​កម្រិត​ការ​បំពុល​របស់​រដ្ឋាភិបាល​ខ្លួន​។​6​ ទោះជា​យ៉ាងណា​ក៏​ដោយ​ ជនជាតិ​ដើម​ភាគតិច​នៅ​ទូ​ទាំង​ពិភពលោក​បាន​រិះគន់​ REDD+​ ចំពោះ​ការ​ខកខាន​ក្នុង​ការ​ជួយ​ដល់​ប្រជាជន​ក្នុង​តំបន់​ដែល​បាន​កាន់កាប់​ព្រៃឈើ​ទាំងនេះ​ និង​ទទួលខុសត្រូវ​ចំពោះ​ជីវចម្រុះ​របស់​ពួក​គេ​។​7

​អង្គការ​មិនមែន​រដ្ឋាភិបាល​

​អង្គការ​មិនមែន​រដ្ឋាភិបាល​ជា​ច្រើន​កំពុងធ្វើការ​លើ​ការ​ការពារ​ព្រៃឈើ​នៅ​កម្ពុជា​។​ អង្គការ​ទាំងនោះ​អាច​ត្រូវ​បាន​មើល​លើ​សកម្មភាព​សំខាន់ៗ​ចំនួន​បី​រួម​មាន​ សកម្មភាព​ថ្នាក់​អន្តរជាតិ​ ថ្នាក់​ជាតិ​ និង​ថ្នាក់​មូលដ្ឋាន​។​8

​កម្មវិធី​អភិវឌ្ឍន៍​របស់​អង្គការសហប្រជាជាតិ​ (UNDP)​ បាន​អនុវត្ត​គម្រោង​គ្រប់គ្រង​ព្រៃឈើ​ប្រកបដោយ​និរន្តរភាព​ (SFM)​ នៅ​ក្នុង​ខេត្តកំពង់ស្ពឺ​ កំពង់ឆ្នាំង​ ពោធិសាត់​ និង​បាត់ដំបង​ នៅ​ចន្លោះ​ឆ្នាំ​ ២០១១​ ដល់​ ២០១៥​។​ គម្រោង​នេះ​មាន​គោលបំណង​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​នូវ​ការ​គ្រប់គ្រង​ព្រៃឈើ​ប្រកបដោយ​និរន្តរភាព​ដោយ​បញ្ចូល​ការ​គ្រប់គ្រង​ព្រៃឈើ​ប្រកបដោយ​និរន្តរភាព​ទៅ​ក្នុង​សហគមន៍ព្រៃឈើ​ និង​តំបន់​ការពារ​សហគមន៍​ទៅ​ក្នុង​គោលនយោបាយ​ ផែនការ​ និង​ការ​អនុវត្ត​។​ ថវិកា​សរុប​នៃ​គម្រោង​នេះ​មាន​ចំនួន​ ៩.៩៦៣.៦៣៥​ ដុល្លារ​អា​មេ​រិ​ក​។​9

អង្គការ​សមាគម​អភិរក្ស​សត្វព្រៃ​ អង្គការ​មូលនិធិ​សកល​សម្រាប់​អភិរក្ស​ធម្មជាតិអង្គការ​សម្ព័ន្ធមិត្ដ​សត្វព្រៃអង្គការ​ជីវិត​សត្វ​ស្លាប​អន្តរជាតិ​ប្រចាំ​កម្ពុជាអង្គការ​អភិរក្ស​អន្តរជាតិ​ អង្គការ​សត្វព្រៃ​និង​រុក្ខជាតិ​អន្តរជាតិ​ និង​អង្គការ​ RECOFTC​ បាន​សម្តែង​ការ​គាំទ្រ​យ៉ាង​ខ្លាំង​ចំពោះ​ការ​សម្រេចចិត្ត​របស់​រាជរដ្ឋាភិបាល​ក្នុង​ការ​កំណត់​តំបន់​ការពារ​ថ្មី​មួយ​ដែល​មាន​ទំហំ​ជិត​មួយ​លាន​ហិ​កតា​ នៅ​តំបន់​ព្រៃ​ឡង់​ ក្រ​វ៉ា​ញ់​ខាងត្បូង​ ព្រៃ​ព្រះ​រូង​ និងព្រៃ​​វើ​ន​សៃ​។​10

​នៅ​ក្នុង​ខែកុម្ភៈ​ ឆ្នាំ​ ២០២២​ អង្គការ​ជីវិត​ធម្មជាតិ​នៅ​កម្ពុជា​ បាន​ផ្តល់​ហិរញ្ញប្បទាន​ខ្នាត​តូច​ប្រមាណ​ ៥.០០០​ ដុល្លារ​អា​មេ​រិ​ក​ សម្រាប់​សហគមន៍​នីមួយៗ​ក្នុង​ដែនជម្រកសត្វព្រៃ​លំ​ផាត់​ ដើម្បី​ជំរុញការ​គ្រប់គ្រង​ធនធានធម្មជាតិ​ឱ្យ​កាន់តែល្អ​ និង​លើកទឹកចិត្ត​ឱ្យ​មានការ​ចូលរួម​ពី​សហគមន៍​ក្នុង​ការ​អភិរក្ស​ដែនជម្រកសត្វព្រៃ​ផង​ដែរ​។​11

​ការ​គាំទ្រ​ពី​អន្តរជាតិ​

​ទីភ្នាក់ងារ​សហរដ្ឋអាមេរិក​សម្រាប់​ការ​អភិវឌ្ឍន៍​អន្តរជាតិ​ (USAID)​ បាន​អនុវត្ត​គម្រោង​រយៈពេល​ ០៥​ ឆ្នាំ​ (២០១២-២០១៨)​ លើ​ការ​ទ្រទ្រង់​ព្រៃឈើ​ និង​ជីវចម្រុះ​ (SFB)​ ដើម្បី​កែ​លម្អ​ការ​អភិរក្ស​ និង​អភិបាលកិច្ច​នៃ​ធនធាន​ព្រៃឈើ​នៅ​កម្ពុជា​ ក្នុង​គោលបំណង​កាត់​បន្ថយ​ការ​ប្រែប្រួល​អាកាសធាតុ​ និង​អភិរក្ស​ជីវៈចម្រុះ​។​ តំបន់​គោលដៅ​មាន​ពីរ​គឺ​ តំបន់​ព្រៃ​ឡង់​ (​លាតសន្ធឹង​នៅ​ខេត្តកំពង់ធំ​ ព្រះ​វិហារ​ ស្ទឹង​ត្រែង​ និង​ក្រចេះ​)​ និង​វាលទំនាប​ខាងកើត​ (​ទំហំ​ ៣០.០០០​ គីឡូម៉ែត្រ​ក្រឡា​ ដែល​លាត​ស​ន្ទឹ​ង​នៅ​ក្នុង​ខេត្តមណ្ឌលគិរី​)​។​ គម្រោង​នេះ​មាន​លទ្ធផល​ដូច​ជា​ ការ​បង្កើត​ដែនជម្រកសត្វព្រៃ​ថ្មី​ទំហំ​ ៤៣១.៦៨៣​ ហិ​កតា​ នៅ​ក្នុង​តំបន់​ការពារ​ព្រៃ​ឡង់​ កំណែទម្រង់​គោលនយោបាយ​ (​ច្បាប់​ព្រៃឈើ​និង​តំបន់​ការពារ​ ក្រម​បរិស្ថាន​កម្ពុជា​ ។​ល​។​)​ ការ​កែ​លម្អ​អភិបាលកិច្ច​ទេសភាព​លើ​ផ្ទៃដី​ប្រមាណ​ ១,៣​ លាន​ហិ​កតា​ ការ​ពង្រឹង​កិច្ច​សន្ទនា​ក្នុង​ន័យ​ស្ថាបនា​លើ​ការ​គ្រប់គ្រង​ធនធានធម្មជាតិ​ ការ​បង្កើន​ប្រាក់​ចំណូល​ពី​ការ​ចិញ្ចឹមជីវិត​ប្រកបដោយ​និរន្តរភាព​ ការ​គ្រប់គ្រង​ចំណេះដឹង​និង​ការ​ចែករំលែក​ទិន្នន័យ​ ការ​បង្កើន​សមត្ថភាព​របស់​រដ្ឋាភិបាល​និង​អង្គការ​មូលដ្ឋាន​ កម្មវិធី​ REDD+​ និង​សេវាកម្ម​បរិស្ថាន​។​12

​កម្ពុជា​បាន​ទទួល​ជំនួយ​ពី​សហរដ្ឋអាមេរិក​សម្រាប់​ការ​អភិវឌ្ឍ​វិស័យ​ផ្សេងៗ​ តាម​រយៈ​ទីភ្នាក់ងារ​សហរដ្ឋអាមេរិក​សម្រាប់​ការ​អភិវឌ្ឍន៍​អន្តរជាតិ​។​ សហរដ្ឋអាមេរិក​បាន​ប្តេជ្ញា​ផ្តល់​ថវិកា​ចំនួន​ ១០០​ លាន​ដុល្លារ​អាមេរិក ក្នុង​គំនិត​ផ្តួចផ្តើម​ការ​អភិវឌ្ឍ​ ប្រកបដោយ​ចីរភាព​ ការ​ប្រែប្រួល​អាកាសធាតុ​ និង​ការ​ការពារ​សត្វព្រៃ​ និង​ជីវចម្រុះ​នៅ​កម្ពុជា​។​ ទន្ទឹម​នឹង​នេះ​ ការ​កាប់​ឈើ​ខុសច្បាប់​នៅ​តែ​កើត​មាន​ឡើង​ ហើយ​អាជ្ញាធរ​កម្ពុជា​មិន​បាន​អនុវត្ត​បទល្មើស​សត្វព្រៃ​គ្រប់គ្រាន់​ ឬ​បញ្ឈប់​ប្រតិបត្តិការ​ខុសច្បាប់​ទាំងនេះ​ទេ​។​ នៅ​ថ្ងៃ​ទី​ ១៧​ ខែមិថុនា​ ឆ្នាំ​២០២១​ សហរដ្ឋអាមេរិក​បាន​ដក​ការ​គាំទ្រ​ពី​គំនិត​ផ្តួចផ្តើម​ព្រៃ​ឡង់​បៃតង​ ដែល​ផ្តោត​លើ​ការ​ការពារ​ដែនជម្រកសត្វព្រៃ​ពី​ការ​បំផ្លិចបំផ្លាញ​ ហើយ​បាន​បង្វិល​មូលនិធិ​ទាំងនោះ​ទៅ​ឱ្យ​អង្គការ​សង្គម​ស៊ី​វិល​ និង​សហគមន៍​ដើម្បី​អភិរក្ស​ព្រៃឈើ​វិញ​។​13​ សហរដ្ឋអាមេរិក​បាន​បញ្ឈប់​ការ​គាំទ្រ​ទាំងអស់​ដល់​រដ្ឋាភិបាល​កម្ពុជា​ ដោយសារ​ការ​កាប់​បំផ្លាញ​ព្រៃឈើ​កាន់តែ​មាន​កំណើន​ខ្លាំង​ឡើង​ក្នុង​ដែនជម្រកសត្វព្រៃ​ព្រៃ​ឡង់​។​ គម្រោង​ថវិកា​ចំនួន​ ២១​ លាន​ដុល្លារ​អា​មេ​រិ​ក​ ត្រូវ​បាន​បង្វែ​ល​ទៅ​ក្រុមការងារ​ក្នុងស្រុក​ និង​អង្គការ​មិនមែន​រដ្ឋាភិបាល​ ដែល​ខិតខំ​ការពារ​ព្រៃឈើ​។​14

ជំនួយពីប្រទេស​ជប៉ុន​បាន​ផ្តល់​ដល់​កម្ពុជា​សម្រាប់​ការ​អភិវឌ្ឍ​ប្រកបដោយ​ចីរភាព​ និង​ជា​យុទ្ធសាស្ត្រ​។​ កាលពី​ខែមីនា​ ឆ្នាំ​២០១៨​ ក្រសួងបរិស្ថាន​ និង​ប្រទេស​ជប៉ុន​បាន​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ថវិកា​ចំនួន​ ៦០០.០០០​ ដុល្លារ​​ ស្តី​ពី​ការ​ការពារ​ព្រៃឈើ​នៅ​ក្នុង​ដែនជម្រកសត្វព្រៃ​ឡង់​។​ គម្រោង​នេះ​ផ្តោត​លើ​ការ​អភិរក្ស​ព្រៃឈើ​ ការ​ពង្រឹង​ច្បាប់​ និង​ការ​អភិវឌ្ឍ​សហគមន៍​ព្រៃឈើ​។​15

​សហគមន៍​ព្រៃឈើ​

​ច្បាប់​ស្តី​ពី​ព្រៃឈើ​ ឆ្នាំ​២០០២​ ផ្តល់​មូលដ្ឋាន​ច្បាប់​សម្រាប់​សហគមន៍​ប្រើប្រាស់​ និង​ជួយ​គ្រប់គ្រង​ព្រៃឈើ​តាម​រយៈសហគមន៍​ព្រៃឈើ។​16សហគមន៍​ព្រៃឈើអាច​ត្រូវ​បាន​បង្កើត​ឡើងជា​ផលិតកម្មព្រៃ​សហគមន៍​​ ភាព​ជា​ដៃគូ​ព្រៃឈើ​ ព្រៃ​អភិរក្ស​សហគមន៍​ និង​តំបន់​ការពារ​សហគមន៍​ (CPA)​។​17​ នៅ​កម្ពុជា​មានសហគមន៍​ព្រៃឈើ​ចំនួន​ ៤៩២​ (៤១០.៣៨៦​ ហិ​កតា​)​ ហើយ​សហគមន៍​ចំនួន​ ៣៤៥​ បាន​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ព្រៃ​សហគមន៍​ដែល​ស្មើនឹង​ ៣០៨.៥៦១​ ហិ​កតា​។​18​ ប្រទេស​កម្ពុជា​មាន​តំបន់​ការពារ​សហគមន៍​ចំនួន​ ១៦៨​ ដែល​ស្មើនឹង​តិច​ជាង​ ៥%​ នៃ​ប្រព័ន្ធ​តំបន់​ការពារ​របស់​ប្រទេស​។​ នេះ​​មាន​ន័យ​ថា​ ​​ការ​ល្បាត​​​ដោយ​សហគមន៍​​​​គ្រប់​គ្រង​​លើ​ផ្ទៃដី​ប្រមាណ​​​ ២៨៥.៦០៩​ ហិ​កតា​ ដែល​ជា​​គ្រាន់​តែ​ជា​ផ្នែក​តូច​មួយ​នៃ​ផ្ទៃដីតំបន​ការពារ​​ ៧​ លាន​ហិ​កតា​ ដែល​ក្រសួងបរិស្ថាន​ត្រូវ​​មាន​កាតព្វកិច្ច​ថែរក្សា​។​19

ផែនទី​អន្តរ​កម្ម​សហគមន៍​តំបន់​ការពារ​ តំបន់​គ្រប់គ្រង​នៃ​តំបន់ការពារធម្មជាតិ​ និង​សហគមន៍​ព្រៃឈើ​នៅ​ក្នុង​ប្រទេស​កម្ពុជា​

​ទាក់ទង​នឹង​ការ​គាំទ្រ​កិច្ច​ការពារ​ព្រៃឈើ​៖

ឯកសារយោង

  1. 1. Williamson,​ Sokchea,​ and​ Atkinson,​ “​សហគមន៍​មូលដ្ឋាន​ផ្លាស់​ទី​ទៅ​ជួរ​មុខ​នៃ​ការ​ការពារ​ព្រៃឈើ​នៅ​កម្ពុជា​,”​ RECOFTC,​ ថ្ងៃ​ទី​ ០៣​ ខែមីនា​ ឆ្នាំ​២០២០,​ បាន​ចូល​អាន​នៅ​ថ្ងៃ​ទី​ ០៦​ ខែឧសភា​ ឆ្នាំ​២០២២​។​
  2. 2. ​ក្រសួងកសិកម្ម​ រុក្ខា​ប្រមាញ់​ និង​នេសាទ​,​ “​កម្មវិធី​ព្រៃឈើ​ថ្នាក់​ជាតិ​ ឆ្នាំ​ ២០១០-២០២៩,”​ ថ្ងៃ​ទី​ ១៨​ ខែតុលា​ ឆ្នាំ​២០១០,​ បាន​ចូល​អាន​នៅ​ថ្ងៃ​ទី​ ០៩​ ខែឧសភា​ ឆ្នាំ​២០២២​។​
  3. 3. Williamson,​ Sokchea,​ and​ Atkinson,​ “​សហគមន៍​មូលដ្ឋាន​ផ្លាស់​ទី​ទៅ​ជួរ​មុខ​នៃ​ការ​ការពារ​ព្រៃឈើ​នៅ​កម្ពុជា​,”​ RECOFTC,​ ថ្ងៃ​ទី​ ០៣​ ខែមីនា​ ឆ្នាំ​២០២០,​ បាន​ចូល​អាន​នៅ​ថ្ងៃ​ទី​ ០៦​ ខែឧសភា​ ឆ្នាំ​២០២២​។​
  4. 4. ​កែវ ពិសី​,​ “​កម្ពុជា​ជំរុញ​ការ​គ្រប់គ្រង​ព្រៃឈើ​ប្រកបដោយ​និរន្តរភាព​ដើម្បី​ឆ្លើយ​តប​នឹង​អាកាសធាតុ​,”​ ខ្មែរ​ថា​ម​ស៍​,​ ថ្ងៃ​ទី​ ១៨​ ខែមករា​ ឆ្នាំ​២០២២,​ បាន​ចូល​អាន​នៅ​ថ្ងៃ​ទី​ ០៩​ ខែឧសភា​ ឆ្នាំ​២០២២​។​
  5. 5. ​វប្បធម៌​ និង​ការ​រស់រាន​មានជីវិត​,​ “​ប្រទេស​កម្ពុជា​៖​ សហគមន៍​គន្លឹះ​ក្នុង​ការ​អភិរក្ស​ព្រៃឈើ​,”​ ថ្ងៃ​ទី​ ២៦​ ខែមករា​ ឆ្នាំ​២០១៧,​ បាន​ចូល​អាន​នៅ​ថ្ងៃ​ទី​ ០៦​ ខែឧសភា​ ឆ្នាំ​២០២២​។​
  6. 6. “​យុទ្ធសាស្ត្រ​រេ​ដ​បូក​ជាតិ​ ២០១៧-២០២៦,”​ ថ្ងៃ​ទី​ ០៨​ ខែធ្នូ​ ឆ្នាំ​២០១៧,​ បាន​ចូល​អាន​នៅ​ថ្ងៃ​ទី​ ០៩​ ខែឧសភា​ ឆ្នាំ​២០២២​។​
  7. 7. ​វប្បធម៌​ និង​ការ​រស់រាន​មានជីវិត​,​ “​ប្រទេស​កម្ពុជា​៖​ សហគមន៍​គន្លឹះ​ក្នុង​ការ​អភិរក្ស​ព្រៃឈើ​,”​ ថ្ងៃ​ទី​ ២៦​ ខែមករា​ ឆ្នាំ​២០១៧,​ បាន​ចូល​អាន​នៅ​ថ្ងៃ​ទី​ ០៦​ ខែឧសភា​ ឆ្នាំ​២០២២​។​
  8. 8. ​អង្គការ​ទិន្នន័យ​អំពី​ការ​អភិវឌ្ឍ​,​ “​អង្គការ​មិនមែន​រដ្ឋាភិបាល​ទទួល​បន្ទុក​ផ្នែក​កិច្ច​ការពារ​ព្រៃឈើ​,”​ ថ្ងៃ​ទី​ ២៧​ ខែធ្នូ​ ឆ្នាំ​២០១៧,​ បាន​ចូល​អាន​នៅ​ថ្ងៃ​ទី​ ០៩​ ខែឧសភា​ ឆ្នាំ​២០២២​។​
  9. 9. ​កម្មវិធី​អភិវឌ្ឍន៍​របស់​អង្គការសហប្រជាជាតិ​,​ “​សេចក្តី​សង្ខេបនៃ​គម្រោង​គ្រប់គ្រង​ព្រៃឈើ​ប្រកបដោយ​និរន្តរភាព​,”​ បាន​ចូល​អាន​នៅ​ថ្ងៃ​ទី​ ០៦​ ខែឧសភា​ ឆ្នាំ​២០២២​។​
  10. 10. Mengey​ Eng,​ “​អង្គការ​មិនមែន​រដ្ឋាភិបាល​គាំទ្រ​រាជរដ្ឋាភិបាល​កម្ពុជា​កំណត់​តំបន់​ការពារ​ថ្មី​ជិត​មួយ​លាន​ហិ​កតា​,”​ អង្គការ​សមាគម​អភិរក្ស​សត្វព្រៃ​កម្ពុជា​,​ ថ្ងៃ​ទី​ ២៨​ ខែមេសា​ ឆ្នាំ​២០១៦,​ បាន​ចូល​អាន​នៅ​ថ្ងៃ​ទី​ ០៩​ ខែឧសភា​ ឆ្នាំ​២០២២​។​
  11. 11. ​វ៉​ន​ ដា​រ៉ា​,​ “​អង្គការ​មិនមែន​រដ្ឋាភិបាល​ផ្តល់​មូលនិធិ​ដល់​កម្មវិធី​ថ្មី​សម្រាប់​សហគមន៍​ព្រៃឈើ​,”​ ភ្នំពេញ​ប៉ុស្តិ៍​,​ ថ្ងៃ​ទី​ ១៤​ ខែមីនា​ ឆ្នាំ​២០២២,​ បាន​ចូល​អាន​នៅ​ថ្ងៃ​ទី​ ០៦​ ខែឧសភា​ ឆ្នាំ​២០២២​។​
  12. 12. ​ទីភ្នាក់ងារ​សហរដ្ឋអាមេរិក​សម្រាប់​ការ​អភិវឌ្ឍន៍​អន្តរជាតិ​,​ “​គាំទ្រ​ព្រៃឈើ​ និង​ជីវចម្រុះ​៖​ របាយការណ៍​ចុង​ក្រោយ​ឆ្នាំ​ ២០១២-២០១៨,”​ បាន​ចូល​អាន​នៅ​ថ្ងៃ​ទី​ ០៩​ ខែឧសភា​ ឆ្នាំ​២០២២​។​
  13. 13. ​ស្ថានទូត​អា​មេ​រិ​ក​ប្រចាំ​កម្ពុជា​,​ “​សេចក្តីថ្លែងការណ៍​របស់​ស្ថានទូត​អា​មេ​រិ​ក​នៅ​ភ្នំពេញ​ ស្តី​ពី​ការ​បង្វែរ​ថវិកា​នៃ​គម្រោង​ព្រៃ​ឡង់​បៃតង​ របស់​ទីភ្នាក់ងារ​ជំនួយ​អា​មេ​រិ​ក​ USAID,”​ ថ្ងៃ​ទី​ ១៧​ ខែមិថុនា​ ឆ្នាំ​២០២២,​ បាន​ចូល​អាន​នៅ​ថ្ងៃ​ទី​ ១៦​ ខែឧសភា​ ឆ្នាំ​២០២២​។​
  14. 14. ​ស៊ុន​ ណា​រី​ន​,​ “​សហរដ្ឋអាមេរិក​បង្វែ​ល​មូលនិធិ​ព្រៃ​ឡង់​ទៅ​ក្រុម​ក្នុងស្រុក​,”​ VOA,​ ថ្ងៃ​ទី​ ១៩​ ខែមិថុនា​ ឆ្នាំ​២០២១,​ បាន​ចូល​អាន​នៅ​ថ្ងៃ​ទី​ ០៦​ ខែឧសភា​ ឆ្នាំ​២០២២​។​
  15. 15. ​Pech Sotheary,​ “​ជប៉ុន​ជួយ​ការពារ​ព្រៃ​ឡង់​,”​ ខ្មែរ​ថា​ម​ស៍​,​ ថ្ងៃ​ទី​ ០៥​ ខែមីនា​ ឆ្នាំ​២០១៨,​ បាន​ចូល​អាន​នៅ​ថ្ងៃ​ទី​ ០៦​ ខែឧសភា​ ឆ្នាំ​២០២២​។​
  16. 16. ​រាជរដ្ឋាភិបាល​កម្ពុជា​,​ “​ច្បាប់​ស្តី​ពី​ព្រៃឈើ​,”​ ថ្ងៃ​ទី​ ៣១​ ខែសីហា​ ឆ្នាំ​២០០២,​ បាន​ចូល​អាន​នៅ​ថ្ងៃ​ទី​ ០៩​ ខែឧសភា​ ឆ្នាំ​២០២២​។​
  17. 17. RECIFTC,​ “​សហគមន៍​ព្រៃឈើ​នៅ​កម្ពុជា​,”​ បាន​ចូល​អាន​នៅ​ថ្ងៃ​ទី​ ០៩​ ខែឧសភា​ ឆ្នាំ​២០២២​។​
  18. 18. “​ការ​យល់​ដឹង​អំពី​លំហូរ​ និង​ការ​គ្រប់គ្រង​ឈើ​នៅ​ក្នុង​ប្រទេស​កម្ពុជា​ក្នុង​បរិបទ​នៃ​ FLEGT,”​ សេវាកម្ម​ព្រៃឈើ​សកល​ រដ្ឋបាល​ព្រៃឈើ​កម្ពុជា​ និង​សហភាព​អឺរ៉ុប​ FLEGT​ Facility,​ ឆ្នាំ​២០១៤,​ បាន​ចូល​អាន​នៅ​ថ្ងៃ​ទី​ ០៩​ ខែឧសភា​ ឆ្នាំ​២០២២​។​
  19. 19. Williamson,​ Sokchea,​ and​ Atkinson,​ “​សហគមន៍​មូលដ្ឋាន​ផ្លាស់​ទី​ទៅ​ជួរ​មុខ​នៃ​ការ​ការពារ​ព្រៃឈើ​នៅ​កម្ពុជា​,”​ RECOFTC,​ ថ្ងៃ​ទី​ ០៣​ ខែមីនា​ ឆ្នាំ​២០២០,​ បាន​ចូល​អាន​នៅ​ថ្ងៃ​ទី​ ០៦​ ខែឧសភា​ ឆ្នាំ​២០២២​។​
ទំនាក់ទំនងយើងខ្ញុំ

ទំនាក់ទំនងយើងខ្ញុំ

បើលោកអ្នកមានសំនួរទាក់ទងនឹងខ្លឹមសារផ្សាយនៅលើគេហទំព័រ Open Development Cambodia (ODC)? យើងខ្ញុំ​នឹង​ឆ្លើយ​តប​​ដោយ​ក្តី​រីក​រាយ។

តើអ្នកបានឃើញបញ្ហាបច្ចេកទេសណាមួយនៅលើគេហទំព័រOpen Development Cambodia (ODC) ដែរឬទេ?

តើលោកអ្នកយល់យ៉ាងដូចម្តេចដែរចំពោះការងាររបស់អូឌីស៊ី?

តើលោកអ្នកមានឯកសារដែលអាចជួយពង្រីក​គេហទំព័រOpen Development Cambodia (ODC) ដែរ​ឬទេ​?​ យើងខ្ញុំ​នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ទិន្នន័យ​អំពី​ផែនទី​ ច្បាប់​ អត្ថបទ​ និង​ ឯកសារ​ដែល​ពុំ​មាននៅ​លើ​គេហទំព័រ​នេះ​ ហើយ​ពិចារណា​បោះផ្សាយ​ទិន្នន័យ​ទាំងនោះ​។​ សូម​មេត្តា​ផ្ញើ​តែ​ឯកសារ​ណា​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative Commons

ឯកសារត្រូវបានលុប
មានបញ្ហា!

កំណត់សម្គាល់៖ Open Development Cambodia (ODC) នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ឯកសារ​ដែល​បាន​បញ្ជូន​មក​យ៉ាង​ហ្មត់ចត់​ ដើម្បី​កំណត់​ភាព​ត្រឹមត្រូវ​ និង​ពាក់ព័ន្ធ​ មុន​ពេលធ្វើការ​បង្ហោះ​ផ្សាយ​។​ រាល់​ឯកសារ​ដែល​បាន​បង្ហោះ​ផ្សាយ​នឹង​ជា​ឯកសារ​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative​ Commons​។​ យើងខ្ញុំ​សូម​អគុណ​សំរាប់​ការ​គាំទ្រ​របស់​លោក​អ្នក​។​

8Zgfw
* ប្រអប់មតិមិនអាចទទេ! មិនអាចបញ្ចូនបាន សូមធ្វើការបញ្ចូនម្តងទៀត! Please add the code correctly​ first.

សូម​អរគុណ​សំរាប់​ការ​ចំនាយ​ពេល​ក្នុង​ការ​ចែក​រំលែក​មក​កាន់​យើងខ្ញុំ!