ក្រសួងកិច្ចការនារី

ក្រសួងកិច្ចការនារី។ រូបថតពី គេហទំព័រហ្វេសប៊ុករបស់ក្រសួង ថតនៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៦។

​ការ​បង្កើត​ទ្បើ​ង​

​យោង​តាម​ ព្រះរាជក្រឹត្យ​លេខ​ ន​ស​/​រកម​/០១៩៩/២២​ ក្រសួង​កិច្ចការ​នារី​ត្រូវ​បាន​បង្កើត​ឡើងជា​ផ្លូវការ​នៅ​ថ្ងៃ​ទី​២៤​ ខែមករា​ ឆ្នាំ​១៩៩៦​។​ ក៏​ប៉ុន្តែ​ ក្រសួង​កិច្ចការ​នារី​បាន​ក្លាយជា​ក្រសួង​កិច្ចការ​នារី​ និង​អតីត​យុទ្ធ​ជន​ យ៉ោ​ង​តាម​ ព្រះរាជក្រឹត្យ​លេខ​ ន​ស​/​រកម​/០៩៩៩/១០​ ចុះ​ថ្ងៃ​ទី​១៨​ ខែកញ្ញា​ ឆ្នាំ​១៩៩៩​។​ រហូត​មក​ដល់​ឆ្នាំ​ ២០០៥​ ទើប​ក្រសួង​បាន​ក្លាយជា​ក្រសួង​កិច្ចការ​នារី​ម្តងទៀត​ យ៉ោ​ង​តាម​ ព្រះរាជក្រឹត្យ​លេខ​ ន​ស​/​រកម​/០១០៥/០០២​ ដែល​បាន​ចុះ​នៅ​ថ្ងៃ​ទី​១៧​ ខែមករា​ ឆ្នាំ​២០០៥​។​

​ក្នុង​នាម​ជា​យន្តការ​ជាតិ​ក្នុង​ការ​ផ្សព្វផ្សាយ​ និង​លើកកម្ពស់​ស្ត្រី​ ក្រសួង​កិច្ចការ​នារី​ដឹកនាំ​ និង​សម្របសម្រួល​កិច្ច​ខិតខំ​ប្រឹងប្រែង​ឆ្ពោះទៅ​រក​សមភាព​យេ​ន​ឌ័​រ​ និង​ការ​លើកកម្ពស់​ស្ត្រី​នៅ​កម្ពុជា​។​ ក្រសួង​កិច្ចការ​នារី​ដើរតួ​នាទី​ជា​អ្នក​ជំរុញ​ និង​ជា​អ្នកតស៊ូ​មតិ​ក្នុង​ការ​រួម​បញ្ចូល​គោលនយោបាយ​ និង​កម្មវិធី​សមធម៌​យេ​ន​ឌ័​រ​នៅ​គ្រប់​វិស័យ​ រួម​ទាំង​ស្ថាប័ន​សាធារណៈ​ អង្គការ​សង្គម​ស៊ី​វិល​ និង​វិស័យ​ឯកជន​។​ ក្រសួង​កិច្ចការ​នារី​ក៏​ទទួល​បន្ទុក​ផង​ដែរ​ក្នុង​ការ​ត្រួតពិនិត្យ​ និង​វាយតម្លៃ​គោលនយោបាយ​ និង​កម្មវិធី​របស់​រដ្ឋាភិបាល​ ក្នុង​គោលបំណង​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​នូវ​សមភាព​យេ​ន​ឌ័​រ​។​1

​បេសកកម្ម​ចម្បង​របស់​ក្រសួង​កិច្ចការ​នារី​គឺ​កាត់​បន្ថយ​គម្លាត​យេ​ន​ឌ័​រ​ និង​បង្កើន​លទ្ធភាព​ទទួល​បាន​ធនធាន​ផលិតភាព​ដល់​ស្ត្រី​គ្រប់​រូប​។​ សកម្មភាព​សំខាន់ៗ​ចំនួន​ប្រាំ​របស់​ក្រសួង​កិច្ចការ​នារី​រួម​មាន​

  1. បញ្ជ្រាប​យេ​ន​ឌ័​រ​នៅ​ក្នុង​ច្បាប់​ កំណែទម្រង់​រដ្ឋាភិបាល​ និង​គោលនយោបាយ​ជាតិ​ និង​វិស័យ​ផ្សេងៗ
  2. សម្របសម្រួល​ និង​តាមដាន​កម្មវិធី​សមភាព​យេ​ន​ឌ័​រ​ និង​ការ​អនុវត្ត​គោលនយោបាយ​
  3. អនុវត្ត​វិធានការ​ដើម្បី​លុប​បំបាត់​ឧបសគ្គ​ ការ​រើសអើង​ និង​ទម្រង់​យេ​ន​ឌ័​រ​ ដែល​រារាំង​ដល់​ការ​ចូលរួម​ជា​សាធារណៈ​របស់​ស្ត្រី​
  4. អនុវត្ត​គំនិត​ផ្តួចផ្តើម​ដើម្បី​លើកទឹកចិត្ត​បុរស​ និង​ក្មេង​ប្រុស​ឱ្យ​គាំទ្រ​សមភាព​យេ​ន​ឌ័​រ​ និង​ចូលរួម​ក្នុង​ការងារ​ផ្ទះ​ និង​ការ​ថែទាំ​កុមារ​
  5. កំណត់​តម្រូវការ​របស់​ស្ត្រី​ និង​កុមារី​ដែល​ងាយ​រង​គ្រោះ​។​2

​តាំងពី​ឆ្នាំ​២០២៣​មក​ ក្រសួង​កិច្ចការ​នារី​ស្ថិត​នៅ​ក្រោម​ការ​ដឹកនាំ​របស់​លោក​ជំទាវ​បណ្ឌិត​ អ៊ឹ​ង​ ក​ន្ថា​ផា​វី​ ជា​រដ្ឋមន្ត្រីក្រសួង​កិច្ចការ​នារី​តាំងពី​ឆ្នាំ​២០០៤​។​ បន្ថែម​ពីលើ​តំណែង​របស់​លោក​ជំទាវ​ជា​រដ្ឋមន្ត្រី​ លោក​ជំទាវ​បណ្ឌិត​ អ៊ឹ​ង​ ក​ន្ថា​ផា​វី​ ក៏​ជា​ប្រធាន​គណៈកម្មាធិការ​ជាតិ​លើកកម្ពស់​សីលធម៌​សង្គម​ តម្លៃ​ស្ត្រី​ និង​គ្រួសារ​ខ្មែរ​ (NCSWF)​ តាំងពី​ឆ្នាំ​២០០៦​។​ នៅ​ក្នុង​ឆ្នាំ​ ២០១៤​ លោក​ជំទាវ​បណ្ឌិត​ ស្ថិត​ក្នុង​ចំណោម​មេដឹកនាំ​ស្ត្រី​ទាំង​ប្រាំបួន​ដែល​ទទួល​បាន​ពានរង្វាន់​ “​ស្ត្រី​ឆ្នើម​បំផុត​”​ ពី​វេទិកា​សហប្រតិបត្តិការ​សេដ្ឋកិច្ច​អាស៊ី​ប៉ា​ស៊ី​ហ្វិ​ក​ (APEC)​។3​ សព្វថ្ងៃ​ លោក​ជំទាវ​ក៏​មាន​តួនាទី​ជា​អនុប្រធាន​គណៈកម្មាធិការ​ជាតិ​ប្រឆាំង​ការ​ជួញដូរ​មនុស្ស​ (NCCT)​ និង​ជា​ប្រធាន​ក្រុមការងារ​បច្ចេកទេស​ស្តី​ពី​កិច្ច​សហប្រតិបត្តិការ​អន្តរជាតិ​ផង​ដែរ​។​4

រចនាសម្ព័ន្ធអង្គការ 

ក្រាប​ខាងក្រោម​បង្ហាញ​ពី​រចនាសម្ព័ន្ធ​អង្គការ​របស់​ក្រសួង​កិច្ចការ​នារី​ ដោយ​បង្ហាញ​ពី​នាយកដ្ឋាន​ និង​អនុ​នាយកដ្ឋាន​ទាំងអស់​នៅ​ក្នុង​ក្រសួង​។​

រចនាសម្ព័ន្ធអង្គការរបស់ក្រសួងកិច្ចការនារី រៀបចំដោយក្រុមការងារ អូឌីស៊ី។

រដ្ឋមន្ត្រីក្រសួងការបរទេសតាំងពីឆ្នាំ១៩៩៣

តារាងពេលវេលាខាងក្រោមបង្ហាញពីបញ្ជីឈ្មោះបុគ្គលដែលធ្លាប់បានបម្រើការជារដ្ឋមន្ត្រីក្រសួង​កិច្ចការ​នារី​តាំងពីឆ្នាំ ១៩៩៣។5

តារាងពេលវេលាបង្ហាញពីអាណត្តិរដ្ឋមន្ត្រីក្រសួងកិច្ចការនារី តាំងពីឆ្នាំ​១៩៩៣ រៀបចំដោយក្រុមការងារអូឌីស៊ី។

មន្ទីរ​កិច្ចការ​នារី​ខេត្ត​ (PDoWA)

​សព្វ​ថ្ងៃនេះ​ មាន​មន្ទីរ​កិច្ចការ​នារី​ខេត្ត​ប្រមាណ​ ២៥​ (PDoWA)​ នៅ​ទូ​ទាំង​ខេត្ត​ និង​ក្រុង​ក្នុង​ប្រទេស​កម្ពុជា​។​6 បន្ថែម​ពី​នេះ​ មជ្ឈមណ្ឌល​អភិវឌ្ឍន៍​ស្ត្រី​ (WDCs)​ មាន​ប្រហែល​ ១៨​ ទី​តាំង​នៅ​ក្នុង​ខេត្ត​ចំនួន​ ១៤​។​ មជ្ឈមណ្ឌល​ថ្នាក់​ក្រោម​ជាតិ​ទាំងនេះ​ ដំណើរការ​ក្រោម​ក្រសួង​ និង​មន្ទីរ​ខេត្ត​របស់​ខ្លួន​ ដើម្បី​ផ្តល់​ការ​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ដល់​ស្ត្រី​ ពង្រឹង​ជំនាញ​ និង​បង្កើន​ឱកាស​ការងារ​។​ វគ្គ​បណ្តុះបណ្តាល​ទាំងនេះ​គ្របដណ្តប់​លើ​ជំនាញ​ផ្សេងៗ​ដូច​ជា​ តម្បាញ​ ផលិត​សិប្បកម្ម​ កាត់សក់​ កាត់ដេរ​ និង​កែ​ច្នៃ​អាហារ​។​7

​យោង​តាម​របាយការណ៍​របស់​អង្គការសហប្រជាជាតិ​ តាម​រយៈ​មន្ទីរ​ និង​មណ្ឌល​ខេត្ត​ទាំងនេះ​ ក្រសួង​បាន​ផ្តល់​ការ​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ដល់​ស្ត្រី​ប្រមាណ​ ៣៧៤០​ នាក់​ក្នុង​មួយ​ឆ្នាំ​ ចន្លោះ​ឆ្នាំ​ ២០១៨-២០២០​។​ ក្រសួង​ក៏​បាន​រៀបចំ​ក្រុម​ផលិតកម្ម​ និង​សន្សំ​ប្រមាណ​ ២១១​ ក្រុម​ ដែល​មាន​ប្រមាណ​ ៥,០៨០​ គ្រួសារ​ នៅ​ក្នុង​វិស័យ​ឧស្សាហកម្ម​មិនមែន​កសិកម្ម​ផ្សេងៗ​ ដូច​ជា​ សិប្បកម្ម​ ផលិតកម្ម​ប​សុ​បក្សី​ និង​ផលិតកម្ម​ម្ហូបអាហារ​ជាដើម​។​ សកម្មភាព​ទាំងនេះ​ធ្វើ​ឡើង​ក្នុង​ខេត្ត​ចំនួន​ ៥​ រួម​មាន​ខេត្តព្រៃវែង​ ស្វាយ​រៀង​ តាកែវ​ កំពត​ និង​កណ្តាល​។​8

ផែនការ​នារីរតនៈ

​នារីរតនៈ​ គឺជា​ផែនការ​យុទ្ធសាស្ត្រ​ជាតិ​រយៈពេល​ប្រាំ​ឆ្នាំ​សម្រាប់​សមភាព​យេ​ន​ឌ័​រ​ និង​បង្កើន​ភាព​អង់អាច​ដល់​ស្ត្រី​ ដែល​បង្កើត​ឡើង​ដោយ​ក្រសួង​កិច្ចការ​នារី​ និង​អតីត​យុទ្ធ​ជន​ក្នុង​ឆ្នាំ​១៩៩៩​។​ ចក្ខុវិស័យ​របស់​នារីរតនៈ​គឺ​ “​ប្រជាពលរដ្ឋ​កម្ពុជា​ទាំងអស់​ទទួល​បាន​សិទ្ធិ​ស្មើៗ​គ្នា​តាម​ច្បាប់​ ជា​ពិសេស​ស្ត្រី​ និង​កុមារី​ មាន​សុវត្ថិភាព​ផ្ទាល់ខ្លួន​ ចូលរួម​យ៉ាង​ពេញលេញ​ក្នុង​ជីវិត​សាធារណៈ​ ការងារ​ អាច​ធ្វើការ​សម្រេចចិត្ត​នៅ​គ្រប់​កម្រិត​ និង​គ្រប់​វិស័យ​ដោយ​ស្មើភាព​គ្នា​ជាមួយ​បុរស​ និង​ក្មេង​ប្រុស​ ដើម្បី​ធានា​ភាព​ជា​ម្ចាស់​ផ្ទាល់ខ្លួន​ និង​ភាព​សុខដុមរមនា​ក្នុង​គ្រួសារ​ សហគមន៍​ និង​សង្គម​។​”​9 ផែនការ​នេះ​កំពុង​ស្ថិត​ក្នុង​ដំណាក់កាល​ទី​៥​ គឺ​នារីរតនៈ​ទី​៥​ (២០១៩-២០២៣)​ ដោយ​កំពុង​អនុវត្ត​ក្រោម​ក្រសួង​កិច្ចការ​នារី​។​ ដូចនឹង​ផែនការ​នារីរតនៈ​មុនៗ​ដែរ​ នារីរតនៈ​ទី​៥​ លើកកម្ពស់​ការ​បញ្ជ្រាប​យេ​ន​ឌ័​រ​នៅ​ក្នុង​គោលនយោបាយ​ ផែនការ​យុទ្ធសាស្ត្រ​ និង​កម្មវិធី​អភិវឌ្ឍន៍​នៅ​គ្រប់​វិស័យ​ និង​គ្រប់​កម្រិត​ ជា​ពិសេស​ផ្នែក​សេដ្ឋកិច្ច​ ការ​អប់រំ​ សុខភាព​ ការ​ការពារ​ផ្លូវច្បាប់​ អភិបាលកិច្ច​ និង​ការ​ប្រែប្រួល​អាកាសធាតុ​។​ ដើម្បី​សម្រេច​បាន​នូវ​គោលដៅ​ក្នុង​ការ​ពង្រឹង​ការ​បញ្ជ្រាប​យេ​ន​ឌ័​រ​ ផែនការ​នេះ​មាន​យុទ្ធសាស្ត្រ​តាម​វិស័យ​ចំនួន​ប្រាំមួយ​រួម​មាន​៖

  1. ការ​ពង្រឹង​សេដ្ឋកិច្ច​របស់​ស្ត្រី​
  2. ​ការ​អប់រំ​ស្ត្រី​ និង​កុមារី​
  3. ​សុខភាព​ស្ត្រី​ និង​ក្មេង​ស្រី​
  4. ការ​ការពារ​ផ្នែក​ច្បាប់​សម្រាប់​ស្ត្រី​ និង​កុមារី​
  5. ស្ត្រី​ក្នុង​ភាព​ជា​អ្នកដឹកនាំ​សាធារណៈ​ និង​នយោបាយ​​
  6. យេ​ន​ឌ័​រ​ក្នុង​បម្រែបម្រួល​អាកាសធាតុ​។​10

​នារីរតនៈ​ទី​៥​ ក៏​មាន​បង្ហាញ​នូវ​យុទ្ធសាស្ត្រ​គាំទ្រ​ស្ថាប័ន​សម្រាប់​ការ​អភិវឌ្ឍ​សមត្ថភាព​ និង​ប្រសិទ្ធភាព​ ដែល​ផ្តោត​លើ​ការ​ពង្រឹងសមត្ថភាព​ និង​កំណែទម្រង់រដ្ឋបាល​សាធារណៈ​ក្នុង​ក្រសួង​ ការ​បង្កើន​ប្រសិទ្ធភាព​នៃ​ការ​ត្រួតពិនិត្យ​ និង​វាយតម្លៃ​ការ​អនុវត្ត​ការងារ​ និង​ការ​ពង្រីក​ការ​គ្រប់គ្រង​ និង​ការ​ផ្សព្វផ្សាយ​ព័ត៌មាន​សម្រាប់​ការ​ឆ្លើយ​តប​យេ​ន​ឌ័​រ​។​ យុទ្ធសាស្ត្រ​នេះ​ក៏​ដំណើរការ​ ដើម្បី​បង្កើន​បរិ​យា​ប័ន្ន​ស្ត្រី​ និង​កុមារី​ពិការ​ ដែល​ជា​ផ្នែក​មួយ​នៃ​ក្រុម​ដែល​ជួប​ការ​លំបាក​ និង​ងាយ​រង​គ្រោះ​។​11

​នារីរតនៈ​ ទទួល​បានការ​គាំទ្រ​ពី​ប្រភព​សំខាន់ៗ​ចំនួន​ពីរ​ គឺ​ថវិកាជាតិ​ និង​កិច្ច​សហប្រតិបត្តិការ​ជាមួយ​អង្គការ​ដៃគូ​នានា​។​ អង្គការ​ដៃគូ​សំខាន់ៗ​មួយ​ចំនួន​រួម​មាន​ កម្មវិធី​អភិវឌ្ឍន៍​របស់​អង្គការសហប្រជាជាតិ​ (UNDP)​ អង្គការសហប្រជាជាតិ​ស្ត្រី​ ទីភ្នាក់ងារ​សហប្រតិបត្តិការ​អន្តរជាតិ​ជប៉ុន​ (JICA)​ អង្គការ​អេក​ហ្ស៊ិ​ន​អេ​ដ​ និង​ អង្គការ​ Care​ Cambodia​។​12

គំនិត​ផ្តួចផ្តើម​ដោយ​ក្រសួង​កិច្ចការ​នារី​

តារាងពេលវេលាបង្ហាញពីអាណត្តិរដ្ឋមន្ត្រីក្រសួងកិច្ចការនារី តាំងពីឆ្នាំ​១៩៩៣ រៀបចំដោយក្រុមការងារអូឌីស៊ី។

យុទ្ធនាការ​ ១៦​ ថ្ងៃ​

​នៅ​ឆ្នាំ​២០២៣​ ក្រសួង​កិច្ចការ​នារី​បាន​ចាប់ផ្តើម​យុទ្ធនាការ​រយៈពេល​១៦​ថ្ងៃ​ ក្រោម​ប្រធានបទ​ “​រួម​គ្នា​!​ វិនិយោគ​លើ​ការ​ទប់ស្កាត់​ អំពើ​ហិង្សា​លើ​ស្រី្ត​ និង​ក្មេង​ស្រី​”​ ដើម្បី​បញ្ចប់​អំពើ​ហិង្សា​លើ​ស្ត្រី​។13​ យុទ្ធនាការ​រយៈពេល​១៦​ថ្ងៃ​ គឺជា​យុទ្ធនាការ​អន្តរជាតិ​ប្រចាំឆ្នាំ​ ដែល​ផ្តើម​ទ្បើ​ង​ដោយ​សកម្មជន​នៅ​ក្នុង​ពិធី​សម្ពោធ​វិទ្យា​ស្ថានភាព​ជា​អ្នកដឹកនាំ​សកល​របស់​ស្ត្រី​ក្នុង​ឆ្នាំ​១៩៩១​។​ យុទ្ធនាការ​នេះ​ត្រូវ​បាន​គេ​មើលឃើញ​ថា​ជា​យុទ្ធសាស្ត្រ​រៀបចំ​សម្រាប់​បុគ្គល​ និង​អង្គការ​នានា​ដើម្បី​អំពាវនាវ​ឱ្យ​មានការ​ទប់ស្កាត់​ និង​លុប​បំបាត់​អំពើ​ហិង្សា​លើ​ស្ត្រី​ និង​កុមារី​។​ ជា​រៀង​រាល់​ឆ្នាំ​ យុទ្ធនាការ​នេះ​មាន​រយៈពេល​សរុប​១៦​ថ្ងៃ​ ដោយ​ចាប់ផ្តើម​ពី​ថ្ងៃ​ទី​២៥​ ខែវិច្ឆិកា​ ដែល​ជា​ទិវា​អន្តរជាតិ​សម្រាប់​ការ​លុប​បំបាត់​អំពើ​ហិង្សា​លើ​ស្ត្រី​ រហូត​ដល់​ថ្ងៃ​ទី​១០​ ខែធ្នូ​ ដែល​ជា​ទិវា​សិទ្ធិ​មនុស្ស​។​14

​យោង​តាម​លោក​ជំទាវ​បណ្ឌិត​ អ៊ឹ​ង​ ក​ន្ថា​ផា​វី​ កម្ពុជា​ប្តេជ្ញា​កាត់​បន្ថយ​អំពើ​ហិង្សា​លើ​យេ​ន​ឌ័​រ​ឱ្យ​នៅ​កម្រិត​អប្បបរមា​ត្រឹម​ឆ្នាំ​២០៣០​ ដើម្បី​សម្រេច​បាន​នូវ​គោលការណ៍​សូន្យ​ចំនួន​បី​គឺ​ គ្មាន​តម្រូវការ​សម្រាប់​ការ​ពន្យា​កំណើត​ណា​ដែល​មិន​ត្រូវ​បាន​ផ្តល់​ឲ្យ​ គ្មាន​ការ​ស្លាប់​របស់​មាតា​ដែល​អាច​ការពារ​បាន​;​ និង​គ្មាន​អំពើ​ហិង្សា​ផ្អែក​លើ​យេ​ន​ឌ័​រ​ និង​ការ​អនុវត្ត​ដែល​បង្ក​គ្រោះថ្នាក់​។​15

​គំនិត​ផ្តួចផ្តើម​លើកកម្ពស់​ និង​ពង្រឹងសមត្ថភាព​ស្ត្រី​

​ក្រសួង​កិច្ចការ​នារី​បាន​អនុម័ត​គំនិត​ផ្តួចផ្តើម​ផ្សេងៗ​ ដើម្បី​សម្រេច​បាន​នូវ​គោលដៅ​សមភាព​យេ​ន​ឌ័​រ​ និង​ការ​ពង្រឹង​ភាព​អង់អាច​ស្ត្រី​។​ នៅ​ឆ្នាំ​២០២០​ ក្រសួង​កិច្ចការ​នារី​បាន​បង្កើត​មជ្ឈមណ្ឌល​អភិវឌ្ឍន៍​សហគ្រិន​ស្ត្រី​ (WEDC)​ ក្នុង​គោលបំណង​

  • ​ផ្តល់​ការ​គាំទ្រ​ការ​កសាង​សមត្ថភាព​ដល់​សហគ្រិន​ស្ត្រី​នៅ​កម្ពុជា​
  • ​បង្កើន​ទីផ្សារ​សម្រាប់​សហគ្រិន​ស្ត្រី​
  • បង្កើត​វេទិកា​គ្រប់គ្រង​ចំណេះដឹង​ជា​ប្រព័ន្ធ​សម្រាប់​សហគ្រិន​ស្ត្រី​នៅ​កម្ពុជា​។​16

​ក្នុង​ឆ្នាំ​ដដែល​នេះ​ ក្រសួង​កិច្ចការ​នារី​ក៏​បាន​ផ្តួចផ្តើម​បង្កើត​បណ្តាញ​សហគ្រិន​ស្ត្រីជាតិ​កម្ពុជា​ដំបូង​គេ​ (CamWEN)​ ដើម្បី​ប្រមូលផ្តុំ​អ្នកតស៊ូ​មតិ​ក្នុង​ភាព​ជា​សហគ្រិន​ស្ត្រី​ដែល​ពាក់ព័ន្ធ​នៅ​ក្នុង​ប្រទេស​កម្ពុជា​ រួម​ទាំង​សមាគម​សហគ្រិន​ស្ត្រី​ សហព័ន្ធ​ និង​អង្គការ​នានា​។​ គោលដៅ​នៃ​គំនិត​ផ្តួចផ្តើម​នេះ​គឺ​ដើម្បី​ប្រមូល​សំឡេង​របស់​សហគ្រិន​ស្ត្រី​ ហើយ​បញ្ចូល​វា​ទៅ​ក្នុង​ដំណើរការ​ធ្វើការ​សម្រេច​ផ្សេងៗ​។​17

​បន្ថែម​ពីលើ​ការ​គាំទ្រ​ដល់​សហគ្រិន​ស្ត្រី​ ក្រសួង​កិច្ចការ​នារី​ក៏​ធ្វើការ​ជាមួយ​យុវជន​ដោយ​បង្កើត​កម្មវិធី​យុវជន​ជា​ច្រើន​ដូច​ជា​ កម្ម​វិ​អី​អភិវឌ្ឍន៍ភាព​ជា​អ្នកដឹកនាំ​របស់​យុវជន​ដើម្បី​សមភាព​យេ​ន​ឌ័​រ​។​ កម្មវិធី​នេះ​មាន​គោលបំណង​លើកទឹកចិត្ត​យុវជន​ដែល​កំពុង​រៀន​ថ្នាក់ឧត្តម​សិក្សា​ និង​នៅ​គ្រឹះស្ថាន​រដ្ឋ​ឱ្យ​ចូលរួម​ក្នុង​ការ​លើកកម្ពស់​សមភាព​យេ​ន​ឌ័​រ​ និង​ការ​លុប​បំបាត់​ការ​រើសអើង​លើ​ស្ត្រី​។​ កម្មវិធី​នេះ​រួម​មាន​វគ្គ​បណ្តុះបណ្តាល​ ការ​ឆ្លុះ​បញ្ចាំង​ ការ​ចូលរួម​វេទិកាសាធារណៈ​ ដំណើរ​ទស្សនកិច្ច​សិក្សា​ និង​កម្មសិក្សា​នៅ​ស្ថាប័ន​ដៃគូ​ ក្នុង​ចំណោម​កម្មវិធី​ផ្សេងៗ​ទៀត​។​18

កិច្ច​សហប្រតិបត្តិការ​អន្តរក្រសួង​សំខាន់ៗ​ជាមួយ​ក្រសួង​កិច្ចការ​នារី​

​បន្ថែម​ពីលើ​គំនិត​ផ្តួចផ្តើម​របស់​ក្រសួង​ផ្ទាល់​ ក្រសួង​កិច្ចការ​នារី​ក៏​បាន​នឹង​កំពុង​សហការ​យ៉ាង​សកម្ម​ជាមួយ​ក្រសួង​ផ្សេង​ទៀត​ផង​ដែរ​។​ គំនិត​ផ្តួចផ្តើម​ដ៏​សំខាន់​មួយ​ដែល​ ក្រសួង​កិច្ចការ​នារី​ចូលរួម​គឺ​គ​ណះ​ក​ម្មា​ធិ​ការ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​អំពើ​ជួញដូរ​មនុស្ស​(​គ​.​ជ​.​ប​.​ជ​)​។​ តាម​ព្រះរាជក្រឹត្យ​ ន​ស​/​រក​ត​/០៦១៤/៨០៨​19 គ​ណះ​ក​ម្មា​ធិ​ការ​ជាតិ​នេះ​ត្រូវ​បាន​បង្កើត​ឡើង​នៅ​ថ្ងៃ​ទី​២៥​ ខែមិថុនា​ ឆ្នាំ​២០១៤​ ជា​យន្តការ​ថ្នាក់​ជាតិ​ ដើម្បី​ប្រយុទ្ធ​ប្រឆាំង​នឹង​ការ​ជួញដូរ​មនុស្ស​នៅ​កម្ពុជា​។​ គ​ណះ​ក​ម្មា​ធិ​ការ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​អំពើ​ជួញដូរ​មនុស្ស​លើកកម្ពស់​ការ​អនុវត្ត​ច្បាប់​ គោលនយោបាយ​ជាតិ​ និង​អន្តរជាតិ​ និង​គោលនយោបាយ​របស់​រដ្ឋាភិបាល​ពាក់ព័ន្ធ​នឹង​ការ​ជួញដូរ​មនុស្ស​ ព្រមទាំង​ពង្រឹង​កិច្ចសហការ​រវាង​ភាគី​ពាក់ព័ន្ធ​ រួម​មាន​រដ្ឋាភិបាល​ អង្គការ​សង្គម​ស៊ី​វិល​ ដៃគូ​អភិវឌ្ឍន៍​ និង​វិស័យ​សាធារណៈ​ដទៃ​ទៀត​។​20

​ក្នុង​នាម​ជា​សមាជិក​ ក្រសួង​កិច្ចការ​នារី​ដឹកនាំ​ក្រុមការងារ​អន្តរក្រសួង​ ស្ថាប័ន​ មួយ​ក្នុង​ចំណោម​ក្រុមការងារ​អន្តរក្រសួង​ ស្ថាប័ន​ ទាំង​ប្រាំមួយ​ គឺ​ក្រុមការងារ​សហប្រតិបត្តិការ​អន្តរជាតិ​។​ ក្រុមការងារ​សហប្រតិបត្តិការ​អន្តរជាតិ​បាន​ធ្វើការ​លើ​ ផែនការ​យុទ្ធសាស្ត្រ​ជាតិ​ប្រាំ​ឆ្នាំ​សម្រាប់​ការ​ប្រឆាំង​ការ​ជួញដូរ​មនុស្ស​ ប្រាំ​ឆ្នាំ​២០១៤-២០១៨​ និង​ផែនការ​យុទ្ធសាស្ត្រ​ជាតិ​ប្រាំ​ឆ្នាំ​សម្រាប់​ការ​ប្រឆាំង​ការ​ជួញដូរ​មនុស្ស​ ២០១៩-២០២៣​ ដែល​កំពុង​ត្រូវ​បាន​អនុវត្ត​នៅ​ថ្នាក់​ក្រោម​ជាតិ​។21​ ភារកិច្ច​ចម្បង​របស់​ក្រសួង​កិច្ចការ​នារី​ គឺ​ត្រួតពិនិត្យ​ប្រតិបត្តិការ​តាម​ផែនការ​ ដោយ​មានការ​គាំទ្រ​ពី​គណៈកម្មាធិការ​ថ្នាក់​ក្រោម​ជាតិ​រួម​មាន​ គណៈកម្មាធិការ​រាជធានី​ប្រយុទ្ធ​ប្រឆាំង​អំពើ​ជួញដូរ​មនុស្ស​ (​គ​.​រ​.​ប​.​ជ​)​ ដឹកនាំ​ដោយ​អភិបាល​រាជធានី​ និង​ គណៈកម្មាធិការ​ខេត្ត​ប្រយុទ្ធ​ប្រឆាំង​អំពើ​ជួញដូរ​មនុស្ស​ (​គ​.​ខ​.​ប​.​ជ​)​ ដឹកនាំ​ដោយ​អភិបាលខេត្ត​ ជាមួយនឹង​រចនាសម្ព័ន្ធ​អង្គការ​នៅ​ក្នុង​ឃុំ​ និង​ស្រុក​ទូ​ទាំង​ប្រទេស​កម្ពុជា​។​ ម្យ៉ាងវិញទៀត​ ក្រសួងមហាផ្ទៃ​ទទួល​បន្ទុក​ដឹកនាំ​ក្រុមការងារ​អនុវត្ត​ច្បាប់​របស់​ គ​.​ជ​.​ប​.​ជ​។​ ដូច្នេះ​រាល់​បទល្មើស​ដែល​បាន​រាយការណ៍​ និង​អន្តរាគមន៍​ត្រូវ​បាន​ចាត់ចែង​ដោយ​ក្រសួងមហាផ្ទៃ​។​22

​នៅ​ក្រោម​ គ​.​ជ​.​ប​.​ជ​ ក្រុមការងារ​ចំណាកស្រុក​ក៏​ធ្វើការ​ដើម្បី​លើកកម្ពស់​ និង​ការពារ​សុវត្ថិភាព​ សិទ្ធិ​ និង​ផលប្រយោជន៍​របស់​ជន​ចំណាកស្រុក​ដោយ​ឆ្លើយ​តប​នឹង​យេ​ន​ឌ័​រ​ផង​ដែរ​។​ ក្រុម​នេះ​ត្រូវ​បាន​បង្កើត​ឡើង​នៅ​ក្នុង​ខែកញ្ញា​ ឆ្នាំ​២០១២​ ក្រាម​ការ​ដឹកនាំ​របស់​ក្រសួងមហាផ្ទៃ​ និង​មាន​ក្រសួង​ការងារ​ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ (MOLVT)​ ក្រសួង​កិច្ចការ​នារី​ និង​ក្រសួងយុត្តិធម៌​ជា​អនុប្រធាន​។​23

កិច្ច​សហប្រតិបត្តិការ​អន្តរជាតិ​៖

  • ​កម្មវិធី​ ACCESS

​ក្រោម​ការ​ជួយ​ជ្រោមជ្រែង​ពី​រដ្ឋាភិបាល​អូស្ត្រាលី​ និង​តាម​រយៈ​ក្រសួងការបរទេស​ និង​ពាណិជ្ជកម្ម​ (DFAT)​ កម្មវិធី​សហប្រតិបត្តិការ​អូស្ត្រាលី​-​កម្ពុជា​ដើម្បី​ការ​ផ្តល់​សេវា​ប្រកបដោយ​និរន្តរភាព​ និង​សមធម៌​ (ACCESS)​ គឺជា​គំនិត​ផ្តួចផ្តើម​រយៈពេល​ប្រាំ​ឆ្នាំ​ (២០១៨-២០២៣)​ ក្នុង​គោលបំណង​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​នូវ​និរន្តរភាព​ គុណភាព​ និង​បរិ​យា​បន្ន​នៃ​សេវាកម្ម​សម្រាប់​ជន​ពិការ​ និង​ស្ត្រី​ដែល​រង​ផល​ប៉ះពាល់​ដោយ​អំពើ​ហិង្សា​ផ្អែក​លើ​យេ​ន​ឌ័​រ​ (GBV)​។​ ក្រសួង​កិច្ចការ​នារី​ រួម​ជាមួយនឹង​ក្រសួង​សំខាន់ៗ​ផ្សេង​ទៀត​ សហការ​ជាមួយ​កម្មវិធី​ACCESS​ ដើម្បី​បង្កើន​ប្រសិទ្ធភាព​នៃ​សេវាកម្ម​ទាក់ទង​នឹង​ហឹ​ង្សា​ផ្អែក​លើ​យេ​ន​ឌ័​រ​ និង​ពិការ​ភាព​។​ កម្មវិធី​ACCESS​ គាំទ្រ​រដ្ឋាភិបាល​ជា​ចម្បង​ក្នុង​ការ​អនុវត្ត​ផែនការ​សកម្មភាព​ជាតិ​ចំនួន​ពីរ​ គឺ​ផែនការ​សកម្មភាព​ជាតិ​ស្តី​ពី​ការ​ទប់ស្កាត់​អំពើ​ហិង្សា​លើ​ស្ត្រី​ (NAPVAW)​ និង​ផែនការ​យុទ្ធសាស្ត្រ​ជាតិ​ស្តី​ពី​ពិការ​ភាព​ (NDSP)​។​24

  • អង្គការ Union​ Aid​ Abroad​ APHEDA​

ក្រសួង​កិច្ចការ​នារី​បាន​ចុះហត្ថលេខា​លើ​អនុស្សរណៈ​នៃ​ការ​យោគយល់​គ្នា​ (MoU)​ ជាមួយ​អង្គការ​ Union​ Aid​ Abroad​ APHEDA​ លើ​គម្រោង​រយៈពេល​បី​ឆ្នាំ​ដែល​មានឈ្មោះ​ថា​ “​កម្មករ​ជា​ស្ត្រី​ និង​ការងារ​សមរម្យ​”​។25​ អង្គការ​APHEDA​ ត្រូវ​បាន​បង្កើត​ឡើង​ក្នុង​ឆ្នាំ​១៩៨៤​ ជា​អង្គការ​យុត្តិធម៌​ពិភពលោក​នៃ​ចលនា​សហជីព​អូស្ត្រាលី​ ដែល​គាំទ្រ​ដល់​សហជីព​ និង​ចលនា​សង្គម​នៅ​ក្នុង​តំបន់​ផ្សេងៗ​ រួម​មាន​អាស៊ី​អាគ្នេយ៍​ ប៉ា​ស៊ី​ហ្វិ​ក​ មជ្ឈិមបូព៌ា​ និង​អាហ្វ្រិក​ខាងត្បូង​។26​ គម្រោង​ “​កម្មករ​ជា​ស្ត្រី​ និង​ការងារ​សមរម្យ​”​ នៅ​កម្ពុជា​ បាន​ដំណើរការ​ពី​ខែមេសា​ ឆ្នាំ​ ២០២០​ ដល់​ខែមិថុនា​ ឆ្នាំ​២០២៣​ ដើម្បី​អភិវឌ្ឍ​សមត្ថភាព​កម្មករ​ស្ត្រី​ តាម​រយៈ​ការ​ប្រមូលផ្តុំ​កម្មករ​ស្ត្រី​ និង​ការ​ផ្លាស់​ប្តូរ​អាកប្បកិរិយា​ តម្លៃ​ស្ត្រី​ និង​ការងារ​។​27 បន្ថែម​ពីលើ​គម្រោង​នេះ​ អង្គការ​APHEDA​ ក៏​កំពុងធ្វើការ​ជាមួយ​ក្រសួង​កិច្ចការ​នារី​ ដើម្បី​ដោះស្រាយ​បញ្ហា​កង្វះ​តំណាង​ស្ត្រី​ក្នុង​តួនាទី​ជា​អ្នកដឹកនាំ​នៅ​កន្លែងធ្វើការ​ផង​ដែរ​។​ ក្រសួង​កិច្ចការ​នារី​បាន​រៀបចំ​កិច្ច​សន្ទនា​ថ្នាក់​ជាតិ​ស្តី​ពី​ការ​បង្កើន​សិទ្ធិ​ទទួល​បាន​របស់​កម្មការិនី​ទៅ​កាន់​បេឡា​ជាតិ​របប​សន្តិសុខ​សង្គម​ (​ប​.​ស​.​ស​)​ នៅ​ខែមិថុនា​ ឆ្នាំ​២០២៣​។​ កិច្ច​សន្ទនា​នេះ​មានការ​ចូលរួម​ពី​តំណាង​មក​ពី​ស្ថាប័ន​ អង្គការ​ និង​ទីភ្នាក់ងារ​រដ្ឋាភិបាល​នានា​ រួម​មាន​ក្រសួង​ការងារ​ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ ក្រសួងទេសចរណ៍​ នាយកដ្ឋាន​បេឡា​ជាតិ​របប​សន្តិសុខ​សង្គម​ (​ប​.​ស​.​ស​)​ និង​ក្រុមប្រឹក្សា​ជាតិ​គាំពារ​សង្គម​ ដើម្បី​ផ្សព្វផ្សាយ​ពី​ការ​ទទួល​បាន​ការងារ​សមរម្យ​ និង​ការ​គាំទ្រ​សង្គម​របស់​ស្ត្រី​។​28

  • ​គម្រោង​ស្ដី​ពី​ការ​បញ្ជ្រាប​យេ​ន​ឌ័​រ​សម្រាប់​បង្កើន​ភាព​អង់អាច​ផ្នែក​សេដ្ឋកិច្ច​ដល់​ស្ត្រី​ (PGM-WEE)​

ចាប់តាំងពី​ទសវត្សរ៍​ឆ្នាំ​១៩៩០​មក​ ក្រសួង​កិច្ចការ​នារី​ និង​ទីភ្នាក់ងារ​សហប្រតិបត្តិការ​អន្តរជាតិ​ជប៉ុន​ (JICA)​ បាន​ធ្វើការ​សហការ​លើ​គម្រោង​ជា​ច្រើន​ ដើម្បី​លើកកម្ពស់​ស្ត្រី​នៅ​កម្ពុជា​។​ គម្រោង​ទាំងនេះ​រួម​មាន​គម្រោង​ស្តី​ពី​ការ​បញ្ជ្រាប​យេ​ន​ឌ័​រ​ និង​ការ​អភិវឌ្ឍន៍​គោលនយោបាយ​តាម​រយៈ​ការ​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​នូវ​ព័ត៌មាន​ និង​សមត្ថភាព​ស្រាវជ្រាវ​ (PGM1)​ និង​គម្រោង​ស្តី​ពី​ការ​បញ្ជ្រាប​យេ​ន​ឌ័​រ​ (PGM2)​។​ បន្ទាប់​ពី​គម្រោង​ទាំង​ពីរ​នេះ​ គម្រោង​ស្ដី​ពី​ការ​បញ្ជ្រាប​យេ​ន​ឌ័​រ​សម្រាប់​បង្កើន​ភាព​អង់អាច​ផ្នែក​សេដ្ឋកិច្ច​ដល់​ស្ត្រី​ (PGM-WEE)​ មាន​គោលបំណង​លើកកម្ពស់​ការ​ពង្រឹង​សេដ្ឋកិច្ច​របស់​ស្ត្រី​តាម​រយៈ​កម្មវិធី​ និង​គម្រោង​ឆ្លើយ​តប​នឹង​យេ​ន​ឌ័​រ​ ដែល​សម្របសម្រួល​ដោយ​ក្រសួង​កិច្ចការ​នារី​ និង​មន្ទីរ​កិច្ចការ​នារី​ខេត្ត​ទូ​ទាំង​ប្រទេស​កម្ពុជា​។​29

  • ​គម្រោង​គាំទ្រ​ដល់​ការ​ដឹកនាំ​កម្មវិធី​សមភាព​យេ​ន​ឌ័​រ​ (PSLWGE)

​គម្រោង​គាំទ្រ​ដល់​កម្មវិធី​ដឹកនាំ​ផ្លូវ​ដើម្បី​សមភាព​យេ​ន​ឌ័​រ​ គឺជា​គម្រោង​ទទួល​មូលនិធិ​ពី​កម្មវិធី​អភិវឌ្ឍន៍​អង្គការសហប្រជាជាតិ​ (UNDP)​ និង​រដ្ឋាភិបាល​នៃ​ប្រទេស​ស៊ុ​យ​អែ​ត​ តាម​រយៈ​ទីភ្នាក់ងារ​សហប្រតិបត្តិការ​អភិវឌ្ឍន៍​អន្តរជាតិ​ស៊ុ​យ​អែ​ត​ (​ស៊ី​ដា​)​។​ គោលដៅ​នៃ​គម្រោង​នេះ​គឺ​ដើម្បី​ផ្តល់​ការ​អភិវឌ្ឍន៍​សមត្ថភាព​ និង​ការ​ប្រឹក្សា​ដល់​ក្រសួង​កិច្ចការ​នារី​ក្នុង​ការ​អនុវត្ត​កម្មវិធី​ “​ដឹកនាំ​ផ្លូវ​ដើម្បី​សមភាព​យេ​ន​ឌ័​រ​ (LWGE)”​ ។​ កម្មវិធី​ ដឹកនាំ​ផ្លូវ​ដើម្បី​សមភាព​យេ​ន​ឌ័​រ​នេះ​ ត្រូវ​បាន​បង្កើត​ឡើង​ដោយ​ ក្រសួង​កិច្ចការ​នារី​ ក្នុង​ឆ្នាំ​២០១៦​ ដើម្បី​បង្រួបបង្រួម​ការ​សម្របសម្រួល​ស្ថាប័ន​សម្រាប់​សមភាព​យេ​ន​ឌ័​រ​នៅ​កម្ពុជា​ ដោយ​បង្កើត​បរិយាកាស​គាំទ្រ​ សមភាព​យេ​ន​ឌ័​រ​ ការ​លើកកម្ពស់​ស្ត្រី​ និង​ភាព​ជា​អ្នកដឹកនាំ​របស់​ស្ត្រី​នៅ​កម្ពុជា​។​30

​កិច្ច​សហប្រតិបត្តិការ​ក្នុង​តំបន់​

​នៅ​ក្នុង​តំបន់​ កម្ពុជា​បាន​ក្លាយជា​ផ្នែក​មួយ​នៃ​ គំនិត​ផ្តួចផ្តើម​សម្របសម្រួល​ថ្នាក់​រដ្ឋមន្ត្រី​មហា​អនុ​តំបន់​មេគង្គ​ប្រឆាំង​នឹង​អំពើ​ជួញដូរ​មនុស្ស​ (COMMIT)​ ចាប់តាំងពី​ឆ្នាំ​២០០៤​ នៅ​ពេល​ដែល​ប្រទេស​កម្ពុជា​ចុះហត្ថលេខា​លើ​អនុស្សរណៈ​នៃ​ការ​យោគយល់​ជាមួយ​ប្រទេស​ផ្សេង​ទៀត​មក​ពី​មហា​អនុ​តំបន់​មេគង្គ​ រួម​មាន​ប្រទេស​ចិន​ ឡាវ​ មី​យ៉ា​ន់​ម៉ា​ ថៃ​ និង​វៀតណាម​។​ COMMIT​ គឺជា​គំនិត​ផ្តួចផ្តើម​មួយ​ដើម្បី​ប្រយុទ្ធ​ប្រឆាំង​នឹង​ការ​ជួញដូរ​មនុស្ស​ តាម​រយៈ​ការ​អនុវត្ត​ស្តង់ដារ​អន្តរជាតិ​សម្រាប់​ការ​ប្រឆាំង​ការ​ជួញដូរ​ ដោយ​ប្រើប្រាស់​កិច្ច​សហប្រតិបត្តិការ​ពហុភាគី​ កិច្ច​សហប្រតិបត្តិការ​ទ្វេភាគី​ និង​កិច្ច​សហប្រតិបត្តិការ​រវាង​រដ្ឋាភិបាល​និង​អង្គការ​មិនមែន​រដ្ឋាភិបាល​។​ ក្រសួង​កិច្ចការ​នារី​ ជា​ប្រធាន​នៃ​ក្រុមការងារ​ COMMIT​ កម្ពុជា​ ដោយ​មាន​ក្រសួង​ចំនួន​បី​ផ្សេង​ទៀត​ជា​សហ​ប្រធាន​ គឺ​ក្រសួងមហាផ្ទៃ​ ក្រសួង​សង្គមកិច្ច​ អតីត​យុទ្ធ​ជន​ និង​យុវ​នីតិសម្បទា​ និង​ក្រសួងយុត្តិធម៌​។​31

យុទ្ធសាស្ត្រ​បញ្ច​កោណ​៖​ ដំណាក់កាល​ទី​១

​យុទ្ធសាស្ត្រ​បញ្ច​កោណ​ គឺជា​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ស្នូល​របស់​រាជរដ្ឋាភិបាល​កម្ពុជា​ នៃ​នីតិកាល​ទី​៧​ នៃ​រដ្ឋសភា​។​ យុទ្ធសាស្ត្រ​នេះ​មាន​គោលបំណង​សំខាន់​ចំនួន​ប្រាំ​គឺ​ ១)​ ធានា​កំណើនសេដ្ឋកិច្ច​ ២)​ បង្កើត​ការងារ​បន្ថែម​ ៣)​ សម្រេច​បាន​នូវ​គោលដៅ​កាត់​បន្ថយ​ភាព​ក្រីក្រ​ ៤)​ ពង្រឹងសមត្ថភាព​ អភិបាលកិច្ច​ និង​គុណភាព​នៃ​ស្ថាប័ន​សាធារណៈ​ និង​ ៥)​ ធានា​នូវ​ការ​អភិវឌ្ឍន៍​សេដ្ឋកិច្ច​សង្គម​ប្រកបដោយ​ចីរភាព​។​ .​ យុទ្ធសាស្ត្រ​បញ្ច​កោណ​ដំណាក់កាល​ទី​១​ ផ្តោត​លើ​ “​មនុស្ស​ ផ្លូវ​ ទឹក​ ភ្លើង​ និង​បច្ចេកវិទ្យា​”​។​ បើ​ប្រៀបធៀប​ទៅ​នឹង​ យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់កាល​ទី​ ៤​ ដែល​ជា​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ស្នូល​របស់​រដ្ឋាភិបាល​មុន​ រដ្ឋាភិបាល​បច្ចុប្បន្ន​បាន​បន្ថែម​ “​បច្ចេកវិទ្យា​”​ ជា​អាទិភាព​សំខាន់​មួយ​របស់​ខ្លួន​ ដែល​ជា​សញ្ញា​បង្ហាញ​ពី​ការ​ប្តេជ្ញា​ចិត្ត​ចំពោះ​ឌី​ជី​ថ​ល​នី​យ​កម្ម​ និង​ការ​សម្រប​ខ្លួន​តាម​បច្ចេកវិទ្យា​នៅ​ក្នុង​គោលនយោបាយ​អភិវឌ្ឍន៍​ជាតិ​។​

​ចំពោះ​ស្ត្រី​ និង​យេ​ន​ឌ័​រ​ រដ្ឋាភិបាល​បាន​ប្តេជ្ញា​បន្ត​លើកកម្ពស់​សមភាព​យេ​ន​ឌ័​រ​ ជា​ពិសេស​ការ​ចូលរួម​របស់​ស្ត្រី​ក្នុង​តួនាទី​ដឹកនាំ​ ក៏​ដូច​ជា​កាត់​បន្ថយ​អំពើ​ហិង្សា​លើ​ស្ត្រី​ និង​កុមារី​។​ រដ្ឋាភិបាល​ក៏​នឹង​កំពុង​វិនិយោគ​លើ​គំនិត​ផ្តួចផ្តើម​ទាក់ទង​នឹង​យេ​ន​ឌ័​រ​ ដើម្បី​បិទ​គម្លាត​យេ​ន​ឌ័​រ​ ដោយ​ផ្តោត​លើ​ការ​លើកកម្ពស់​ស្ត្រី​ និង​ក្មេង​ស្រី​នៅ​ក្នុង​វិស័យសេដ្ឋកិច្ច​ ការ​អប់រំ​ សុខភាព​ និង​ការ​ដឹកនាំ​សាធារណៈ​។​32

​បើ​យ៉ោ​ង​តាម​លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន​ ម៉ា​ណែ​ត​ រដ្ឋាភិបាល​នឹង​ដោះស្រាយ​បញ្ហា​គម្លាត​យេ​ន​ឌ័​រ​ និង​កង្វះ​ឱកាស​សម្រាប់​ស្ត្រី​ តាម​រយៈ​គំនិត​ផ្តួចផ្តើម​ផ្សេងៗ​គ្នា​ រួម​មានការ​បង្កើន​លទ្ធភាព​ទទួល​បានការ​អប់រំ​ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ដល់​និស្សិត​ស្រី​តាម​រយៈ​អាហារូបករណ៍​ ការ​បង្កើន​ការ​ចូលរួម​របស់​ស្ត្រី​នៅ​ក្នុង​ស្ថាប័ន​ជាតិ​ និង​ការ​បន្ត​ដំឡើង​តួនាទី​របស់​ស្ត្រី​ក្នុង​ការ​ធ្វើ​សេចក្តី​សម្រេចចិត្ត​។33​ ដោយ​យុទ្ធសាស្ត្រ​បញ្ច​កោណ​ផ្តល់​អាទិភាព​ដល់​ការ​ផ្លាស់​ប្តូរ​ឌី​ជី​ថ​ល​ រដ្ឋាភិបាល​អាច​នឹង​បង្កើន​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​ខ្លួន​ក្នុង​ការ​ផ្តល់​នូវ​ការ​កសាង​សមត្ថភាព​ក្នុង​ទម្រង់​ជា​កម្មវិធី​អក្ខរកម្ម​ឌី​ជី​ថ​ល​ និង​បច្ចេកវិទ្យា​ឌី​ជី​ថ​ល​ ដើម្បី​លើកកម្ពស់​ស្ត្រី​ក្នុង​តួនាទី​ និង​វិស័យ​ផ្សេងៗ​។​

​ទាក់ទង​នឹង​ក្រសួង​កិច្ចការ​នារី​

ឯកសារយោង

  1. 1. ​ក្រសួង​កិច្ចការ​នារី​,​ “​ប្រវត្តិសាស្ត្រ​,”​ បាន​ចូល​អាន​នៅ​ថ្ងៃ​ទី​១៤​ ខែធ្នូ​ ឆ្នាំ​២០២៣​
  2. 2. ​ក្រសួង​កិច្ចការ​នារី​,​ “​បេសកកម្ម​ និង​ចក្ខុវិស័យ​,”​ បាន​ចូល​អាន​នៅ​ថ្ងៃ​ទី​០២​ ខែមករា​ ឆ្នាំ​២០២៤
  3. 3. ក្រសួង​កិច្ចការ​នារី​,​ “​ជីវប្រវត្តិ​របស់​រដ្ឋមន្ត្រី​,”​ បាន​ចូល​អាន​នៅ​ថ្ងៃ​ទី​១៤​ ខែធ្នូ​ ឆ្នាំ​២០២៣
  4. 4. ទិ​ត្យ​ គ​ង្ស​នូវ​,​ “​គ​.​ជ​.​ប​.​ជ​.​ បញ្ជាក់​ជា​ថ្មី​នូវ​ការ​ប្តេជ្ញា​ចិត្ត​យ៉ាង​មុតមាំ​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ការ​ជួញដូរ​មនុស្ស​,”​ ខ្មែរ​ថា​ម​ស៍​,​ ឆ្នាំ​២០២៣,​ បាន​ចូល​អាន​នៅ​ថ្ងៃ​ទី​១១​ ខែមករា​ ឆ្នាំ​២០២៤​
  5. 5. ហែម ទ្បាច, “ស្ថាប័ននីតិប្រតិបត្តិពីឆ្នាំ១៩៩៣ ដល់ឆ្នាំ២០១៨“, ​រាជបណ្ឌិត្យសភាកម្ពុជា, បាន​ចូល​អាន​នៅ​ថ្ងៃ​ទី​១១​ ខែមករា​ ឆ្នាំ​២០២៤​
  6. 6. ក្រសួង​កិច្ចការ​នារី​,​ “​មន្ទីរ​ខេត្ត​,”​ បាន​ចូល​អាន​នៅ​ថ្ងៃ​ទី​០៣​ ខែមករា​ ឆ្នាំ​២០២៤​
  7. 7. ក្រសួង​កិច្ចការ​នារី​,​ “​មជ្ឈមណ្ឌល​អភិវឌ្ឍន៍​ស្ត្រី​ ,”​ បាន​ចូល​អាន​នៅ​ថ្ងៃ​ទី​៣​ ខែមករា​ ឆ្នាំ​២០២៤​
  8. 8. UN​ Women,​ “​របាយការណ៍​វឌ្ឍនភាព​កម្ពុជា​,”​ UN​ Women​ -​ អាស៊ី​ប៉ា​ស៊ី​ហ្វិ​ក​,​ បាន​ចូល​អាន​នៅ​ថ្ងៃ​ទី​៣​ ខែមករា​ ឆ្នាំ​២០២៤​
  9. 9. ក្រសួង​កិច្ចការ​នារី​,​ “​នារីរតនៈ​ទី​៥៖​ ផែនការ​យុទ្ធសាស្ត្រ​៥​ឆ្នាំ​ ដើម្បី​ជំរុញ​ការ​បញ្ជ្រាប​យេ​ន​ឌ័​រ​និង​ការ​បង្កើន​ភាព​អង់អាច​ដល់​ស្ត្រី​,”​ បាន​ចូល​អាន​នៅ​ថ្ងៃ​ទី​៣​ ខែមករា​ ឆ្នាំ​២០២៤
  10. 10. ដូច​ឯកសារយោង​ខាង​ដើម​។​
  11. 11. ដូច​ឯកសារយោង​ខាង​ដើម​។​
  12. 12. ដូច​ឯកសារយោង​ខាង​ដើម​។​
  13. 13. វណ្ណ​ សុជាតា​,​ “​យុទ្ធនាការ​ដោះស្រាយ​អំពើ​ហិង្សា​យេ​ន​ឌ័​រ​នៅ​កម្ពុជា​,”​ ប៉ុស្តិ៍​ខ្មែរ​,​ បាន​ចូល​អាន​នៅ​ថ្ងៃ​ទី​៣​ ខែមករា​ ឆ្នាំ​២០២៤
  14. 14. UN​ Women,​ “១៦​ថ្ងៃ​នៃ​សកម្មភាព​ប្រឆាំង​នឹង​អំពើ​ហិង្សា​ផ្អែក​លើ​យេ​ន​ឌ័​រ​,”​ UN​ Women​ -​ ទីស្នាក់ការ​កណ្តាល​,​ បាន​ចូល​អាន​នៅ​ថ្ងៃ​ទី​៣​ ខែមករា​ ឆ្នាំ​២០២៤
  15. 15. វណ្ណ​ សុជាតា​,​ “​យុទ្ធនាការ​ដោះស្រាយ​អំពើ​ហិង្សា​យេ​ន​ឌ័​រ​នៅ​កម្ពុជា​,”​ ប៉ុស្តិ៍​ខ្មែរ​,​ ឆ្នាំ​២០២៣,​ បាន​ចូល​អាន​នៅ​ថ្ងៃ​ទី​៣​ ខែមករា​ ឆ្នាំ​២០២៤
  16. 16. UN​ Women,​ “​របាយការណ៍​វឌ្ឍនភាព​កម្ពុជា​,”​ UN​ Women​ -​ អាស៊ី​ប៉ា​ស៊ី​ហ្វិ​ក​,​ ឆ្នាំ​២០២២,​ បាន​ចូល​អាន​នៅ​ថ្ងៃ​ទី​៣​ ខែមករា​ ឆ្នាំ​២០២៤​
  17. 17. ដូច​ឯកសារយោង​ខាង​ដើម​។​
  18. 18. ក្រសួង​កិច្ចការ​នារី​,​ “​កម្ម​វិ​អី​អភិវឌ្ឍន៍ភាព​ជា​អ្នកដឹកនាំ​របស់​យុវជន​ដើម្បី​សមភាព​យេ​ន​ឌ័​រ​,”​ ឆ្នាំ​ ២០២១,​ បាន​ចូល​អាន​នៅ​ថ្ងៃ​ទី​៨​ ខែមករា​ ឆ្នាំ​២០២៤
  19. 19. គណៈកម្មាធិការ​ជាតិ​ប្រឆាំង​ការ​ជួញដូរ​មនុស្ស​,​ “​អំពី​យើង​,”​ បាន​ចូល​អាន​នៅ​ថ្ងៃ​ទី​១៨​ ខែមករា​ ឆ្នាំ​២០២៤
  20. 20. ដូច​ឯកសារយោង​ខាង​ដើម​។​
  21. 21. គណៈកម្មាធិការ​ជាតិ​ប្រឆាំង​ការ​ជួញដូរ​មនុស្ស​,​ “​របាយការណ៍​,”​ បាន​ចូល​អាន​នៅ​ថ្ងៃ​ទី​១៨​ ខែមករា​ ឆ្នាំ​២០២៤
  22. 22. គណៈកម្មាធិការ​ជាតិ​ប្រឆាំង​ការ​ជួញដូរ​មនុស្ស​,​ “​អំពី​យើង​,”​ បាន​ចូល​អាន​នៅ​ថ្ងៃ​ទី​១៨​ ខែមករា​ ឆ្នាំ​២០២៤
  23. 23. UN​ Women,​ “​រាយការណ៍​ជូន​អគ្គលេខាធិការ​អង្គការសហប្រជាជាតិ​ស្តី​ពី​អំពើ​ហិង្សា​លើ​ស្ត្រី​ពលករ​ចំណាកស្រុក​,”​ UN​ Women,​ បាន​ចូល​អាន​នៅ​ថ្ងៃ​ទី​៨​ ខែមករា​ ឆ្នាំ​២០២៤​
  24. 24. កម្មវិធី​ ACCESS,​ “​កម្មវិធី​ ACCESS,”​ បាន​ចូល​អាន​នៅ​ថ្ងៃ​ទី​៣​ ខែមករា​ ឆ្នាំ​២០២៤
  25. 25. ក្រសួង​កិច្ចការ​នារី​,​ “​កម្មករ​ជា​ស្ត្រី​ និង​ការងារ​សមរម្យ​,”​ ឆ្នាំ​២០២១,​ បាន​ចូល​អាន​នៅ​ថ្ងៃ​ទី​៨​ ខែមករា​ ឆ្នាំ​២០២៤​
  26. 26. អង្គការ​អា​ភី​ដា​,​ “​ប្រវត្តិសាស្ត្រ​,”​ បាន​ចូល​អាន​នៅ​ថ្ងៃ​ទី​ ២៣​ ខែមករា​ ឆ្នាំ​ ២០២៤​
  27. 27. ក្រសួង​កិច្ចការ​នារី​,​ “​កម្មករ​ជា​ស្ត្រី​ និង​ការងារ​សមរម្យ​,”​ ឆ្នាំ​២០២១,​ បាន​ចូល​អាន​នៅ​ថ្ងៃ​ទី​៨​ ខែមករា​ ឆ្នាំ​២០២៤​
  28. 28. អង្គការ​អា​ភី​ដា​,​ “​ការ​ពង្រឹង​សមភាព​យេ​ន​ឌ័​រ​ និង​ការ​លើកកំពស់​សិទ្ធិ​ស្ត្រី​ធ្វើ​ការងារ​នៅ​ក្នុង​ប្រទេស​កម្ពុជា​,”​ បាន​ចូល​អាន​នៅ​ថ្ងៃ​ទី​២៣​ ខែមករា​ ឆ្នាំ​២០២៤
  29. 29. ក្រសួង​កិច្ចការ​នារី​,​ “​គម្រោង​ស្ដី​ពី​ការ​បញ្ជ្រាប​យេ​ន​ឌ័​រ​សម្រាប់​បង្កើន​ភាព​អង់អាច​ផ្នែក​សេដ្ឋកិច្ច​ដល់​ស្ត្រី​,”​ បាន​ចូល​អាន​នៅ​ថ្ងៃ​ទី​២៣​ ខែមករា​ ឆ្នាំ​២០២៤​
  30. 30. ក្រសួង​កិច្ចការ​នារី​,​ “​គម្រោង​គាំទ្រ​ដល់​ការ​ដឹកនាំ​កម្មវិធី​សមភាព​យេ​ន​ឌ័​រ​,”​ ឆ្នាំ​ 2022,​ បាន​ចូល​អាន​នៅ​ថ្ងៃ​ទី​២៣​ ខែមករា​ ឆ្នាំ​២០២៤
  31. 31. UN​ Women,​ “​របាយការណ៍​ ជូន​អគ្គលេខាធិការ​អង្គការសហប្រជាជាតិ​ស្តី​ពី​អំពើ​ហិង្សា​លើ​ស្ត្រី​ពលករ​ចំណាកស្រុក​,”​ UN​ Women,​ បាន​ចូល​អាន​នៅ​ថ្ងៃ​ទី​៣​ ខែមករា​ ឆ្នាំ​២០២៤​
  32. 32. រាជរដ្ឋាភិបាល​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​,​ “​យុទ្ធសាស្ត្រ​បញ្ច​កោណ​ ដំណាក់កាល​ទី​១​ ដើម្បី​កំណើន​ ការងារ​ សមធម៌​ ប្រសិទ្ធភាព​ និង​ ចីរភាព​៖​ កសាង​មូលដ្ឋាន​គ្រឹះ​ឆ្ពោះទៅ​សម្រេច​ចក្ខុវិស័យ​កម្ពុជា​ឆ្នាំ​២០៥០,”​ OD​ Mekong​ Datahub,​ បាន​ចូល​អាន​នៅ​ថ្ងៃ​ទី​២៤​ ខែមករា​ ឆ្នាំ​២០២៤​
  33. 33. តន​ វិបុល​,​ “​លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន​ ម៉ា​ណែ​ត​ ចង់​ឃើញ​ស្ត្រី​មាន​តួនាទី​នាំមុខ​រដ្ឋាភិបាល​,”​ ខ្មែរ​ថា​ម​ស៍​,​ ឆ្នាំ​២០២៣,​ បាន​ចូល​អាន​នៅ​ថ្ងៃ​ទី​២៤​ ខែមករា​ ឆ្នាំ​២០២៤
ទំនាក់ទំនងយើងខ្ញុំ

ទំនាក់ទំនងយើងខ្ញុំ

បើលោកអ្នកមានសំនួរទាក់ទងនឹងខ្លឹមសារផ្សាយនៅលើគេហទំព័រ Open Development Cambodia (ODC)? យើងខ្ញុំ​នឹង​ឆ្លើយ​តប​​ដោយ​ក្តី​រីក​រាយ។

តើអ្នកបានឃើញបញ្ហាបច្ចេកទេសណាមួយនៅលើគេហទំព័រOpen Development Cambodia (ODC) ដែរឬទេ?

តើលោកអ្នកយល់យ៉ាងដូចម្តេចដែរចំពោះការងាររបស់អូឌីស៊ី?

តើលោកអ្នកមានឯកសារដែលអាចជួយពង្រីក​គេហទំព័រOpen Development Cambodia (ODC) ដែរ​ឬទេ​?​ យើងខ្ញុំ​នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ទិន្នន័យ​អំពី​ផែនទី​ ច្បាប់​ អត្ថបទ​ និង​ ឯកសារ​ដែល​ពុំ​មាននៅ​លើ​គេហទំព័រ​នេះ​ ហើយ​ពិចារណា​បោះផ្សាយ​ទិន្នន័យ​ទាំងនោះ​។​ សូម​មេត្តា​ផ្ញើ​តែ​ឯកសារ​ណា​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative Commons

ឯកសារត្រូវបានលុប
មានបញ្ហា!

កំណត់សម្គាល់៖ Open Development Cambodia (ODC) នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ឯកសារ​ដែល​បាន​បញ្ជូន​មក​យ៉ាង​ហ្មត់ចត់​ ដើម្បី​កំណត់​ភាព​ត្រឹមត្រូវ​ និង​ពាក់ព័ន្ធ​ មុន​ពេលធ្វើការ​បង្ហោះ​ផ្សាយ​។​ រាល់​ឯកសារ​ដែល​បាន​បង្ហោះ​ផ្សាយ​នឹង​ជា​ឯកសារ​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative​ Commons​។​ យើងខ្ញុំ​សូម​អគុណ​សំរាប់​ការ​គាំទ្រ​របស់​លោក​អ្នក​។​

5GL96
* ប្រអប់មតិមិនអាចទទេ! មិនអាចបញ្ចូនបាន សូមធ្វើការបញ្ចូនម្តងទៀត! Please add the code correctly​ first.

សូម​អរគុណ​សំរាប់​ការ​ចំនាយ​ពេល​ក្នុង​ការ​ចែក​រំលែក​មក​កាន់​យើងខ្ញុំ!