ការការពារព្រៃឈើ

ការ​កាប់​បំផ្លាញ​ព្រៃឈើ​ គឺជា​បញ្ហា​នៅ​ក្នុង​ប្រទេស​កម្ពុជា​ចាប់តាំងពី​ទសវត្សរ៍​ឆ្នាំ​ ១៩៧០​ ហើយ​វា​កាន់តែ​អាក្រក់​ទៅៗ​ក្នុង​ប៉ុន្មាន​ទសវត្សរ៍​ចុង​ក្រោយ​នេះ​។​ តំបន់​ការពារ​ខ្លះ​ត្រូវ​បាន​កាប់​បំផ្លាញ​ព្រៃឈើ​រហូត​ដល់​សល់​ព្រៃឈើ​តិចតួច​ប៉ុណ្ណោះ​។​ កម្ពុជា​បាន​បាត់បង់​គម្រប​ព្រៃឈើ​ចំនួន​ ៥៥៧.០០០​ ហិ​កតា​ (១១,៧%)​ នៅ​ក្នុង​តំបន់​ការពារ​ ចន្លោះ​ពី​ឆ្នាំ​ ២០០១​ ដល់​ឆ្នាំ​ ២០១៨​។​1​ ការ​បាត់បង់​នេះ​បាន​ជះ​ឥទ្ធិពល​ដល់​ការ​ការពារ​ជីវចម្រុះ​ និង​បាន​ជះ​ឥទ្ធិពល​អវិជ្ជមាន​ដល់​សង្គម​ និង​សេដ្ឋកិច្ច​របស់​ជនជាតិ​ដើម​ភាគតិច​ដែល​ពឹងផ្អែក​លើ​ព្រៃឈើ​។​2​ ដូច្នេះ​រដ្ឋាភិបាល​ និង​អង្គការក្រៅរដ្ឋាភិបាល​នានា​កំពុងធ្វើការ​លើ​ការ​ការពារ​ព្រៃឈើ​នៅ​កម្ពុជា​។​3

ក្រុម​ល្បាត​ព្រៃ​សហគមន៍​ចាប់​យកឧបករណ៍ខុស​ច្បាប់។ រូបភាព ដោយជីវចម្រុះ និងព្រៃឈើ USAID បានថតនៅថ្ងៃទី ២៩ ខែសីហា ឆ្នាំ២០០៨។ ក្រោមអាជ្ញាបណ្ណ CC BY-NC 2.0

ការ​គ្រប់គ្រង​របស់​រដ្ឋាភិបាល​

​យោង​តាម​ច្បាប់​ស្តី​ពី​ព្រៃឈើ​ឆ្នាំ​ ២០០២​ ក្រសួងកសិកម្ម​ រុក្ខា​ប្រមាញ់​ និង​នេសាទ​ ទទួលខុសត្រូវ​ក្នុង​ការ​ចាត់​ថ្នាក់​ និង​ចុះបញ្ជី​ព្រំប្រទល់​ដែល​បាន​កំណត់​សម្រាប់​ព្រៃឈើ​ទាំងអស់​នៅ​ក្នុង​ដី​ព្រៃ​អចិន្ត្រៃយ៍​។​4​ ព្រំប្រទល់​ដី​ព្រៃ​អចិន្ត្រៃយ៍​ជា​ច្រើន​ត្រូវ​បាន​កំណត់​តាម​រយៈ​សម្បទាន​កាប់​ឈើ​ពី​មុន​ តំបន់​ការពារ​ ព្រៃ​ការពារ​ តំបន់​អភិរក្ស​ និង​តំបន់​សហគមន៍​។​5

​ក្រសួងកសិកម្ម​ រុក្ខា​ប្រមាញ់​ និង​នេសាទ​ និង​ក្រសួងបរិស្ថាន​ មាន​តួនាទី​សំខាន់​ពាក់ព័ន្ធ​នឹង​ប្រព័ន្ធ​ផ្គត់ផ្គង់​ឈើ​នៅ​កម្ពុជា​។​ រដ្ឋបាល​ព្រៃឈើ​ ក្រោម​ក្រសួងកសិកម្ម​ រុក្ខា​ប្រមាញ់​ និង​នេសាទ​ ទទួល​បន្ទុក​គ្រប់គ្រង​ព្រៃឈើ​ និង​ធនធាន​ព្រៃឈើ​ ក្រោម​បទ​ប្បញ្ញត្តិ​នៃ​គោលនយោបាយ​វិស័យ​ព្រៃឈើ​ជាតិ​ និង​ច្បាប់​ស្តី​ពី​ព្រៃឈើ​ (២០០២)​។​ រដ្ឋបាល​ព្រៃឈើ​ក៏​អនុវត្ត​កម្មវិធី​ព្រៃឈើ​ថ្នាក់​ជាតិ​ រួម​ទាំង​ព្រៃឈើ​សហគមន៍​ផង​ដែរ​។​ ក្រសួងបរិស្ថាន​ទទួលខុសត្រូវ​ចំពោះ​ការ​ត្រួតពិនិត្យ​បទ​ប្បញ្ញត្តិ​តំបន់​ការពារ​របស់​ប្រទេស​។​ ក្រសួងកសិកម្ម​ រុក្ខា​ប្រមាញ់​ និង​នេសាទ​ ក្រសួងពាណិជ្ជកម្ម​ រដ្ឋបាល​ព្រៃឈើ​ និង​អគ្គនាយកដ្ឋាន​គយ​ និង​រដ្ឋាករ​កម្ពុជា​ ទទួល​បន្ទុក​លើ​អាជ្ញាប័ណ្ណ​ និង​ត្រួតពិនិត្យ​ការ​ជួញដូរ​ផលិតផល​ឈើ​។​6

​តំបន់​ការពារ​ដែល​គ្រប់គ្រង​ដោយ​ក្រសួងបរិស្ថាន​

​រាជរដ្ឋាភិបាល​កម្ពុជា​បាន​បែងចែក​តំបន់ការពារធម្មជាតិ​ជា​ តំបន់​ឧទ្យាន​ជាតិ​សមុទ្រ​ តំបន់​បេតិកភណ្ឌ​ធម្មជាតិ​ តំបន់ដែនជម្រកសត្វព្រៃ​ តំបន់​រ៉ា​ម​សារ​ តំបន់ការពារទេសភាព​ តំបន់​ឧទ្យាន​ជាតិ​ តំបន់​ប្រើប្រាស់​ច្រើន​យ៉ាង​ និង​តំបន់​ស្នូល​នៃ​ឋបនីយ​ជីវ​មណ្ឌល​។​​​7

អគ្គនាយកដ្ឋាន​រដ្ឋបាល​សម្រាប់​ការ​អភិរក្ស​ និង​ការពារ​ធម្មជាតិ​ ក្រោម​ក្រសួងបរិស្ថាន​ ត្រូវ​បាន​ប្រគល់​ឱ្យ​គ្រប់គ្រង​តំបន់​ការពារ​ប្រមាណ​ ៣,២​ ហិ​កតា​ រួម​មានព្រៃ​លិច​ទឹក​ និង​ព្រៃកោងកាង​។​8 ច្បាប់​ស្តី​ពី​តំបន់ការពារធម្មជាតិ​ (២០០៨)​ បាន​បែងចែក​តំបន់​ការពារ​ជា​ ៤​ តំបន់​៖​ តំបន់​ស្នូល​ តំបន់​អភិរក្ស​ តំបន់​ប្រើប្រាស់​និរន្តរភាព​ និង​តំបន់​សហគមន៍​។​9​ ក្រសួង​កំណត់​តំបន់​នៅ​ក្នុង​តំបន់​ការពារ​នីមួយៗ​ ព្រមទាំង​ស្វែងរក​ជំនួយ​ពី​ខាងក្រៅ​ ដើម្បី​កំណត់​តំបន់​ដោយ​ផ្អែក​លើ​វិទ្យាសាស្ត្រ​ ដោយសារ​ក្រសួង​ខ្វះខាត​នូវ​ធនធាន​។​ ទោះជា​យ៉ាងណា​ក៏​ដោយ​ សម្បទាន​ដី​សេដ្ឋកិច្ច​ ត្រូវ​បាន​បង្កើត​ឡើង​ដោយ​ក្រសួង​នៅ​ក្នុង​តំបន់​ដែល​មិន​ត្រូវ​បាន​ចាត់​ថ្នាក់​ជា​តំបន់​ស្នូល​ ឬ​តំបន់​អភិរក្ស​។​10

ផែនទី​អន្តរកម្ម​តំបន់​ការពារ​ធម្មជាតិ​​នៅ​ប្រទេស​កម្ពុជា​​ដែលបាន​បង្កើត​​ដោយ​រាជរដ្ឋាភិបាល​ចាប់​តាំង​ពី​ឆ្នាំ​ ១៩៩៣​

​តំបន់​ការពារ​ដែល​គ្រប់គ្រង​ដោយ​រដ្ឋបាល​ព្រៃឈើ​

​កាតព្វកិច្ច​គ្រប់គ្រង​ព្រៃឈើ​របស់​រដ្ឋបាល​ព្រៃឈើ​ ក្រោម​ច្បាប់​ស្តី​ពី​ព្រៃឈើ​ (២០០២)11​ មិន​រាប់​បញ្ចូល​តំបន់​ការពារ​ក្រោម​យុត្តាធិការ​នៃ​ក្រសួងបរិស្ថាន​ក្រោម​ច្បាប់​ស្តី​ពី​ការ​ការពារ​បរិស្ថាន​ និង​ការ​គ្រប់គ្រង​ធនធានធម្មជាតិ​ (១៩៩៦)​ ទេ​។​12

​ព្រៃ​សហគមន៍​

​សហគមន៍​មូលដ្ឋាន​ថែរក្សា​ព្រៃ​សហគមន៍​ដោយ​មាន​ជំនួយ​ពី​រដ្ឋបាល​ព្រៃឈើ​។​ ដើម្បី​ការពារ​សិទ្ធិ​ប្រើប្រាស់​ដីធ្លី​ សហគមន៍​សហការ​ជាមួយ​រដ្ឋបាល​ព្រៃឈើ​ ដើម្បី​បង្កើត​ផែនការ​គ្រប់គ្រង​ព្រៃឈើ​សហគមន៍​នៅ​ក្នុង​តំបន់​ព្រៃឈើ​ក្បែរ​សហគមន៍​។​13​ យោង​តាម​អនុក្រឹត្យ​លេខ​ ៧៩​ អន​ក្រ​.​បក​ ស្តី​ពី​ការ​គ្រប់គ្រង​សហគមន៍​ព្រៃឈើ​ មាត្រា​ ១២​ សហគមន៍​មាន​សិទ្ធិ​ដាំ​ គ្រប់គ្រង​ ច្រូតកាត់​ និង​លក់​ផលិតផល​ព្រៃឈើ​ និង​អនុ​ផល​ព្រៃឈើ​ ដូច​មាន​ចែង​ក្នុង​ផែនការ​គ្រប់គ្រង​ព្រៃឈើ​សហគមន៍​។​14​ នៅ​កម្ពុជា​មាន​គម្រោង​ព្រៃ​សហគមន៍​ចំនួន​ ៤៩២​ (៤១០.៣៨៦​ ហិ​កតា​)​ ហើយ​សហគមន៍​បាន​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ព្រៃ​សហគមន៍​មាន​ចំនួន​ ៣៤៥​ (៣០៨.៥៦១​ ហិ​កតា​)​។​15

​កម្មវិធី​ព្រៃឈើ​ថ្នាក់​ជាតិ​ (២០១០-២០២៩)

​កម្មវិធី​ព្រៃឈើ​ថ្នាក់​ជាតិ​ត្រូវ​បាន​បង្កើត​ឡើង​ក្នុង​ឆ្នាំ​ ២០១០​ ដោយ​មាន​គោលដៅ​ជា​យុទ្ធសាស្ត្រ​ចំនួន​ប្រាំបួន​ដូច​ខាងក្រោម​៖

  • ​បង្កើន​ការ​រួមចំណែក​ជា​អតិបរមា​នៃ​ព្រៃឈើ​ប្រកបដោយ​និរន្តរភាព​ក្នុង​ការ​កាត់​បន្ថយ​ភាព​ក្រីក្រ​ ធ្វើ​ឱ្យ​ជីវភាព​រស់នៅ​កាន់តែ​ប្រសើរ​ឡើង​ និង​កំណើនសេដ្ឋកិច្ច​ដោយ​យុត្តិធម៌​
  • ​សម្រប​ខ្លួន​ទៅ​នឹង​បម្រែបម្រួល​អាកាសធាតុ​ និង​កាត់​បន្ថយ​ផល​ប៉ះពាល់​របស់​វា​ទៅ​លើ​ជីវភាព​រស់នៅ​ដែល​មាន​មូលដ្ឋាន​លើ​ព្រៃឈើ​
  • ​ការ​ធ្វើ​ផែនការ​ប្រើប្រាស់​ដី​អនុញ្ញាត​ឱ្យធ្វើ​ផែនការ​នៅ​ទូ​ទាំង​វិស័យ​ យុត្តាធិការ​ និង​ព្រំដែន​រដ្ឋាភិបាល​ក្នុង​តំបន់​
  • ​ការ​គ្រប់គ្រង​ព្រៃឈើ​ ភាព​ស្របច្បាប់​ និង​ការ​អនុវត្ត​គ្រប់​កម្រិត​
  • ​បង្កើត​យន្តការ​ដោះស្រាយ​ជម្លោះ​
  • ​លើកកម្ពស់​ការ​យល់​ដឹង​ សមត្ថភាព​ស្ថាប័ន​ និង​គុណភាព​អប់រំ​ ដើម្បី​ជួយ​សម្រួល​ដល់​ការ​អនុវត្ត​រយៈពេល​វែង​របស់​កម្មវិធី​ព្រៃឈើ​ថ្នាក់​ជាតិ​
  • ​រក្សា​ការ​អភិរក្ស​បរិស្ថាន​ និង​ការ​អភិរក្ស​ធនធាន​ព្រៃឈើ​
  • ​អនុវត្ត​គំរូ​នៃ​ការ​គ្រប់គ្រង​ប្រកបដោយ​និរន្តរភាព​ ដែល​អាច​សម្រប​ខ្លួន​ទៅ​នឹង​កាលៈទេសៈ​ដែល​ផ្លាស់​ប្តូរ​
  • ​បង្កើត​ការ​រៀបចំ​ហិរញ្ញវត្ថុ​រយៈពេល​វែង​។​16

​កម្មវិធី​ព្រៃឈើ​ថ្នាក់​ជាតិ​មានកម្ម​វិធី​ចំនួន​ប្រាំមួយ​រួម​មាន​៖

  • ​ការ​កំណត់​ខណ្ឌសីមា​ ការ​ចាត់​ថ្នាក់​ និង​ការ​ចុះបញ្ជី​ព្រៃឈើ​
  • ​ការ​អភិរក្ស​ និង​អភិវឌ្ឍន៍​ធនធាន​ព្រៃឈើ​ និង​ជីវចម្រុះ​
  • ​ការ​អនុវត្ត​ច្បាប់​ និង​អភិបាលកិច្ច​ព្រៃឈើ​
  • ​កម្មវិធី​សហគមន៍​ព្រៃឈើ​
  • ​ការ​អភិវឌ្ឍន៍​សមត្ថភាព​ និង​ការ​ស្រាវជ្រាវ​
  • ​ហិរញ្ញប្បទាន​ព្រៃឈើ​ប្រកបដោយ​និរន្តរភាព​។​17

​បញ្ហា​ប្រឈម​មួយ​ចំនួន​ក្នុង​ការ​ថែរក្សា​ព្រៃឈើ​ឱ្យ​មាន​និរន្តរភាព​ទាក់ទង​នឹង​៖

  • ​ការ​រួមចំណែក​របស់​ព្រៃឈើ​ក្នុង​ការ​កាត់​បន្ថយ​ភាព​ក្រីក្រ​ ជីវភាព​រស់នៅ​ និង​សេដ្ឋកិច្ច​
  • ​បម្រែបម្រួល​អាកាសធាតុ​នឹង​ប៉ះពាល់​ដល់​ការ​ចិញ្ចឹមជីវិត​ដែល​មាន​មូលដ្ឋាន​លើ​ព្រៃឈើ​
  • ​ការ​ធ្វើ​ផែនការ​ប្រើប្រាស់​ដី​តាម​វិស័យ​
  • ​សកម្មភាព​ខុសច្បាប់​ និង​ការ​សហការ​ខ្សោយ​
  • ​ជម្លោះ​ព្រៃឈើ​
  • ​សមត្ថភាព​ និង​ចំណេះដឹង​មាន​កម្រិត​
  • ​ការ​កាប់​បំផ្លាញ​ព្រៃឈើ​
  • ​ភាព​សម​ស្រប​នៃ​គំរូ​គ្រប់គ្រង​
  • ​ហិរញ្ញប្បទាន​។​18

​ការ​គ្រប់គ្រង​ព្រៃឈើ​ប្រកបដោយ​និរន្តរភាព​ (SFM)

​គម្រោង​នេះ​មាន​គោលបំណង​កែ​លម្អ​ការ​គ្រប់គ្រង​ព្រៃឈើ​ប្រកបដោយ​និរន្តរភាព​ ដោយ​បញ្ចូល​ការ​ការ​គ្រប់គ្រង​ព្រៃឈើ​ប្រកបដោយ​និរន្តរភាព​តាម​សហគមន៍​សម្រាប់​ព្រៃ​សហគមន៍​ និង​តំបន់​ការពារ​សហគមន៍​ទៅ​ក្នុង​គោលនយោបាយ​ ផែនការ​ និង​ការ​អនុវត្ត​។​ គម្រោង​នេះ​ត្រូវ​បាន​អនុវត្ត​នៅ​ថ្នាក់​កណ្តាល​ និង​ក្នុង​ខេត្តបាត់ដំបង​ ពោធិ៍សាត់​ កំពង់ឆ្នាំង​ និង​ខេត្តកំពង់ស្ពឺ​ ដែល​គ្របដណ្តប់​លើ​ផ្ទៃដី​ព្រៃឈើ​ចំនួន​ ២​ លាន​ហិ​កតា​ នៅ​ក្នុង​ប្រទេស​កម្ពុជា​។​19

​ការ​គ្រប់គ្រង​ព្រៃឈើ​តាម​សហគមន៍​ (CBFM)

​គម្រោង​នេះ​លើកទឹកចិត្ត​សហគមន៍​ឱ្យ​ដើរតួ​នាទី​យ៉ាង​សកម្ម​ក្នុង​ការ​គ្រប់គ្រង​ព្រៃឈើ​ក្នុង​តំបន់​ ធ្វើ​ឱ្យ​ប្រសើរ​ឡើង​នូវ​ការ​អនុវត្ត​ការ​គ្រប់គ្រង​ព្រៃឈើ​ប្រកបដោយ​និរន្តរភាព​សម្រាប់​ការ​អភិរក្ស​ប្រព័ន្ធ​អេកូឡូស៊ី​ដែល​មាន​តម្លៃ​ក្នុង​មូលដ្ឋាន​ និង​ជា​សាកល​ គាំទ្រ​ដល់​ការ​រស់នៅ​ដែល​ពឹងផ្អែក​លើ​ព្រៃឈើ​សម្រាប់​តម្លៃ​សេដ្ឋកិច្ច​ និង​វប្បធម៌​ និង​លើកកម្ពស់​ការ​អភិវឌ្ឍ​នយោបាយ​តាម​រយៈ​ការ​ចូលរួម​ក្នុង​ដំណើរការ​ប្រជាធិបតេយ្យ​។​20

​ប្រទេស​កម្ពុជា​បាន​ចាប់ផ្តើម​ការ​គ្រប់គ្រង​ព្រៃឈើ​តាម​សហគមន៍​ តាំងពី​ទសវត្សរ៍​ឆ្នាំ​ ១៩៩០​ ដោយ​ អង្គការ​មិនមែន​រដ្ឋាភិបាល​ និង​មានការ​គាំទ្រ​ពី​រដ្ឋាភិបាល​។​ ការ​គ្រប់គ្រង​ព្រៃឈើ​តាម​សហគមន៍​ គឺជា​ការ​គ្រប់គ្រង​ប្រកបដោយ​សក្តានុពល​ក្នុង​ការ​សម្រេច​ឱ្យ​បាន​នូវ​ការ​គ្រប់គ្រង​ព្រៃឈើ​ប្រកបដោយ​និរន្តរភាព​ ស្រប​ពេល​លើកកម្ពស់​ជីវភាព​រស់នៅ​របស់​សហគមន៍​ក្នុង​តំបន់​។​ គំនិត​ដែល​គាំទ្រ​ការ​ផ្ទេរសិទ្ធិ​គ្រប់គ្រង​ដល់​សហគមន៍​ និង​អ្នក​ពាក់ព័ន្ធ​តាម​រយៈ​ព្រៃឈើ​តាម​សហគមន៍​ នឹង​នាំ​មក​នូវ​ការ​គ្រប់គ្រង​ព្រៃឈើ​ប្រកបដោយ​និរន្តរភាព​ និង​ការ​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​នូវ​តម្លៃ​នៃ​លទ្ធផល​បរិស្ថាន​ សង្គម​ និង​សេដ្ឋកិច្ច​នៅ​ថ្នាក់​មូលដ្ឋាន​ផង​ដែរ​។​ ទីតាំង​គ្រប់គ្រង​ព្រៃឈើ​តាម​សហគមន៍​បាន​កើនឡើង​ពី​ ៤៩៩​ កន្លែង​ គ្របដណ្តប់​ភូមិ​ ៩១០​ នៅ​ឆ្នាំ​ ២០១៥​ ទៅ​ ៦៣៦​ កន្លែង​ លើ​ផ្ទៃដី​ ៤៣៧.២៥៥​ ហិ​កតា​ នៅ​ខែកក្កដា​ ឆ្នាំ​ ២០១៩​។​21

​តំបន់​ការពារ​សហគមន៍​ (CPA)

​តំបន់​ការពារ​សហគមន៍​ត្រូវ​បាន​បង្កើត​ឡើង​ ដើម្បី​ផ្តល់​ឱកាស​សម្រាប់​សហគមន៍​មូលដ្ឋាន​ក្នុង​ការ​រួមចំណែក​ដល់​ការ​ការពារ​ធនធានធម្មជាតិ​ ផ្តល់​ភាព​ងាយស្រួល​ដល់​ស្ថាប័ន​រដ្ឋាភិបាល​ក្នុង​ការ​លើកកម្ពស់​ជីវភាព​ សេដ្ឋកិច្ច​មូលដ្ឋាន​ និង​ក្របខ័ណ្ឌ​ច្បាប់​សម្រាប់​សហគមន៍​មូលដ្ឋាន​ និង​ដើម្បី​រួមចំណែក​ក្នុង​ការ​អនុវត្ត​គោលនយោបាយ​វិមជ្ឈការ​ និង​កិច្ចសហការ​របស់​រដ្ឋាភិបាល​។​22

​តំបន់​ការពារ​សហគមន៍​អាច​ត្រូវ​បាន​រៀបចំ​តាម​វិធី​ដូច​ខាងក្រោម​៖

  • ​ការ​ចាត់​ថ្នាក់​តំបន់​៖​ តំបន់​ការពារ​អាច​ត្រូវ​បាន​ចាត់​ថ្នាក់​ជា​ ៤​ តំបន់​ ដូច​មាន​ចែង​ក្នុង​ច្បាប់​ស្តី​ពី​តំបន់ការពារធម្មជាតិ​ (២០០៨)​។​23
  • ​ដំណើរការ​រៀបចំ​ផែនការ​ប្រើប្រាស់​ដី​ដោយ​មានការ​ចូលរួម​៖​ បែងចែក​តំបន់​ទៅ​ជា​ដី​កសិកម្ម​ ដី​លំនៅ​ដ្ឋា​ន​ តំបន់​ការពារ​សហគមន៍​ និង​ដី​អភិរក្ស​។​
  • ​អាជ្ញាធរ​៖​ ព្រៃឈើ​ ឬ​ជលផល​មួយ​ចំនួន​នៅ​ក្នុង​តំបន់​ការពារ​ត្រូវ​បាន​ប្រគល់​ឱ្យ​សហគមន៍​មូលដ្ឋាន​ដើម្បី​គ្រប់គ្រង​ និង​សម្របសម្រួល​។​
  • ​ការ​អភិវឌ្ឍន៍​ជីវភាព​រស់នៅ​ប្រកបដោយ​និរន្តរភាព​៖​ សហគមន៍​មូលដ្ឋាន​មិន​ចាំបាច់​ពឹងផ្អែក​តែ​លើ​ធនធានធម្មជាតិ​ប៉ុណ្ណោះ​ទេ​ ប៉ុន្តែ​ថែម​ទាំង​បង្កើត​ទម្រង់​ចំណូល​ជំនួស​ផង​ដែរ​។​24

​តំបន់​ការពារ​សហគមន៍​ចំនួន​បួន​ត្រូវ​បាន​បង្កើត​ឡើង​ក្នុង​ឆ្នាំ​ ១៩៩៩​ ដោយ​មាន​ជំនួយ​ និង​ការ​ឧបត្ថម្ភ​ពី​នាយកដ្ឋាន​អភិរក្ស​ និង​ការពារ​ធម្មជាតិ​ (DNCP)​ និង​អង្គការ​ដា​នី​ដា​ (DANIDA)​។​ តំបន់​ការពារ​សហគមន៍​ ៤១​ ត្រូវ​បាន​គាំទ្រ​ដោយ​ភ្នាក់ងារ​ផ្សេងៗ​នៅ​ចន្លោះ​ឆ្នាំ​ ២០០០​ និង​ ២០០២​។​ វា​គឺជា​លទ្ធផល​នៃ​ការ​កើនឡើង​ការ​គាំទ្រ​សហគមន៍​ និង​ការ​គ្រប់គ្រង​ល្អ​នៃ​តំបន់​ការពារ​។​25​ តំបន់​ការពារ​សហគមន៍​ចំនួន​ ១៨២​ ត្រូវ​បាន​បង្កើត​ឡើង​ និង​ទទួលស្គាល់​ដោយ​ក្រសួងបរិស្ថាន​ក្នុង​ឆ្នាំ​ ២០២១​។​26

ផែនទី​អន្តរកម្ម​​សហគមន៍​តំបន់​ការពារ​ តំបន់គ្រប់គ្រងនៃតំបន់​ការពារ​ធម្មជាតិ​ និង​សហគមន៍​ព្រៃ​ឈើ​​នៅ​ក្នុង​ប្រទេស​កម្ពុជា​

​គណៈកម្មការ​ជាតិ​ដើម្បី​ទប់ស្កាត់​ និង​បង្ក្រាប​បទល្មើស​ធនធានធម្មជាតិ​ (NADC)

​រាជរដ្ឋាភិបាល​កម្ពុជា​ បាន​ចេញ​សេចក្តីសម្រេច​ ស្តី​ពី​ការ​បង្កើត​គណៈកម្មការ​ជាតិ​ដើម្បី​ទប់ស្កាត់​ និង​បង្ក្រាប​បទល្មើស​ធនធានធម្មជាតិ​ដែល​មានការ​ចូលរួម​ពី​កងរាជអាវុធហត្ថ​ ក្រសួងបរិស្ថាន​ ក្រសួងកសិកម្ម​ រុក្ខា​ប្រមាញ់​ និង​នេសាទ​ និង​រដ្ឋបាល​ខេត្ត​ នៅ​ថ្ងៃ​ទី​០៧​ ខែធ្នូ​ ឆ្នាំ​២០១៦​។​ គណៈកម្មាធិការ​នេះ​មាន​ភារកិច្ច​ដូច​ខាងក្រោម​៖

  • ​ចុះ​ទប់ស្កាត់​ និង​បង្ក្រាប​បទល្មើស​ធនធានធម្មជាតិ​ ដូច​ជា​ការ​កាប់​ព្រៃឈើ​ ការ​ដឹកឈើ​ និង​ការ​នាំ​ចេញ​ឈើ​ខុសច្បាប់​ ការ​ចាប់​សត្វព្រៃ​ និង​ការ​នាំ​ចេញ​សត្វព្រៃ​ខុសច្បាប់​ ការ​កាប់​រានទន្ទ្រាន​យក​ដី​រដ្ឋ​ ព្រមទាំង​ការ​រុករក​រ៉ែ​ដោយ​ខុសច្បាប់​នៅ​ទូ​ទាំង​ប្រទាំង​
  • ​អង្កេត​ និង​ស្រាវជ្រាវ​រក​អ្នក​ប្រព្រឹត្ត​ និង​អ្នក​ពាក់ព័ន្ធ​ និង​សកម្មភាព​នៃ​បទល្មើស​ធនធានធម្មជាតិ​
  • ​ចាប់​ជនល្មើស​ និង​វត្ថុ​តាង​ នៃ​បទល្មើស​ធនធានធម្មជាតិ​ ហើយ​រៀបចំ​កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ​តាម​និ​តិ​វិធី​
  • ​សហការ​ជាមួយ​ភាគី​ វៀតណាម​ ថៃ​ និង​ឡាវ​ ដើម្បី​បង្ការ​ទប់ស្កាត់​ និង​បង្ក្រាប​បទល្មើស​ធនធានធម្មជាតិ​ឱ្យ​មាន​ប្រសិទ្ធិ​ភាព​ក្នុង​ករណី​ចាំបាច់​
  • ធ្វើ​របាយការណ៍​អំពី​លទ្ធផល​ការងារ​របស់​គណៈកម្មការ​ជាតិ​នេះ​ជូន​រដ្ឋាភិបាល​
  • បំពេញភារកិច្ច​ផ្សេងៗ​ទៀត​ដែល​រាជរដ្ឋាភិបាល​ប្រគល់​ជូន​។​27

​ទាក់ទង​នឹង​ការ​ការពារ​ព្រៃឈើ​

ឯកសារយោង

  1. 1. Kai​ Kresek,​ “​តើ​អ្វី​កំពុង​កើតឡើង​ក្នុង​ព្រៃ​កម្ពុជា​,”​ អង្គការ​ឃ្លាំមើល​ព្រៃឈើ​សកល​,​ ថ្ងៃ​ទី​ ២៦​ ខែកក្កដា​ ឆ្នាំ​២០១៩,​ បាន​ចូល​អាន​នៅ​ថ្ងៃ​ទី​ ១៤​ ខែមីនា​ ឆ្នាំ​២០២២​។​
  2. 2. ​គំនិត​ផ្តួចផ្តើម​សកល​,​ “​បទល្មើស​ព្រៃឈើ​ក្នុង​ប្រទេស​កម្ពុជា​៖​ បទល្មើស​ព្រៃឈើ​ក្នុង​ដែនជម្រកសត្វព្រៃ​ព្រៃ​ឡង់​,”​ ខែមីនា​ ឆ្នាំ​២០២១,​ បាន​ចូល​អាន​នៅ​ថ្ងៃ​ទី​ ១៤​ ខែមីនា​ ឆ្នាំ​២០២២​។​
  3. 3. ​អង្គការ​ទិន្នន័យ​អំពី​ការ​អភិវឌ្ឍ​,​ “​អង្គការ​ការពារ​ព្រៃឈើ​,”​ ថ្ងៃ​ទី​ ២៧​ ខែធ្នូ​ ឆ្នាំ​២០១៧,​ បាន​ចូល​អាន​នៅ​ថ្ងៃ​ទី​ ១៤​ ខែមីនា​ ឆ្នាំ​២០២២​។​
  4. 4. ​រាជរដ្ឋាភិបាល​កម្ពុជា​,​ “​ច្បាប់​ស្តី​ពី​ព្រៃឈើ​,”​ ឆ្នាំ​២០០២,​ បាន​ចូល​អាន​នៅ​ថ្ងៃ​ទី​ ១៤​ ខែមីនា​ ឆ្នាំ​២០២២​។​
  5. 5. ​រាជរដ្ឋាភិបាល​កម្ពុជា​,​ “​អនុក្រឹត្យ​លេខ​ ៥៣​ ស្តី​ពី​និ​តិ​វិធី​ ការ​បង្កើត​ ការ​ចាត់​ថ្នាក់​ និង​ការ​ចុះបញ្ជី​កា​សម្បត្តិ​ព្រៃឈើ​អចិន្ត្រៃយ៍​,”​ ថ្ងៃ​ទី​ ០១​ ខែមេសា​ ឆ្នាំ​២០០៥,​ បាន​ចូល​អាន​នៅ​ថ្ងៃ​ទី​ ១៤​ ខែមីនា​ ឆ្នាំ​២០២២​។​
  6. 6. “​ការ​យល់​ដឹង​អំពី​លំហូរ​ និង​ការ​គ្រប់គ្រង​ព្រៃឈើ​នៅ​ក្នុង​ប្រទេស​កម្ពុជា​ក្នុង​បរិបទ​នៃ​ FLEGT,”​ សេវាកម្ម​ព្រៃឈើ​សកល​ រដ្ឋបាល​ព្រៃឈើ​កម្ពុជា​ និង​សហភាព​អឺរ៉ុប​ FLEGT​ Facility,​ ឆ្នាំ​២០១៤,​ បាន​ចូល​អាន​នៅ​ថ្ងៃ​ទី​ ១៤​ ខែមីនា​ ឆ្នាំ​២០២២​។​
  7. 7. ​រាជរដ្ឋាភិបាល​កម្ពុជា​,​ "​ច្បាប់​ស្តី​ពី​តំបន់ការពារធម្មជាតិ​,"​ ថ្ងៃ​ទី​ ១៥​ ខែកុម្ភៈ​ ឆ្នាំ​២០០៨,​ បាន​ចូល​អាន​នៅ​ថ្ងៃ​ទី​ ១៤​ ខែមីនា​ ឆ្នាំ​២០២២​។​
  8. 8. "​ការ​យល់​ដឹង​អំពី​លំហូរ​ និង​ការ​គ្រប់គ្រង​ព្រៃឈើ​នៅ​ក្នុង​ប្រទេស​កម្ពុជា​ក្នុង​បរិបទ​នៃ​ FLEGT,"​ សេវាកម្ម​ព្រៃឈើ​សកល​ រដ្ឋបាល​ព្រៃឈើ​កម្ពុជា​ និង​សហភាព​អឺរ៉ុប​ FLEGT​ Facility,​ ឆ្នាំ​២០១៤,​ បាន​ចូល​អាន​នៅ​ថ្ងៃ​ទី​ ១៤​ ខែមីនា​ ឆ្នាំ​២០២២​។​
  9. 9. ​រាជរដ្ឋាភិបាល​កម្ពុជា​,​ "​ច្បាប់​ស្តី​ពី​តំបន់ការពារធម្មជាតិ​,"​ ថ្ងៃ​ទី​ ១៥​ ខែកុម្ភៈ​ ឆ្នាំ​២០០៨,​ បាន​ចូល​អាន​នៅ​ថ្ងៃ​ទី​ ១៤​ ខែមីនា​ ឆ្នាំ​២០២២​។​
  10. 10. "​ការ​យល់​ដឹង​អំពី​លំហូរ​ និង​ការ​គ្រប់គ្រង​ព្រៃឈើ​នៅ​ក្នុង​ប្រទេស​កម្ពុជា​ក្នុង​បរិបទ​នៃ​ FLEGT,"​ សេវាកម្ម​ព្រៃឈើ​សកល​ រដ្ឋបាល​ព្រៃឈើ​កម្ពុជា​ និង​សហភាព​អឺរ៉ុប​ FLEGT​ Facility,​ ឆ្នាំ​២០១៤,​ បាន​ចូល​អាន​នៅ​ថ្ងៃ​ទី​ ១៤​ ខែមីនា​ ឆ្នាំ​២០២២​។
  11. 11. ​រាជរដ្ឋាភិបាល​កម្ពុជា​,​ "​ច្បាប់​ស្តី​ពី​ព្រៃឈើ​,"​ ឆ្នាំ​២០០២,​ បាន​ចូល​អាន​នៅ​ថ្ងៃ​ទី​ ១៤​ ខែមីនា​ ឆ្នាំ​២០២២​។​
  12. 12. ​រាជរដ្ឋាភិបាល​កម្ពុជា​,​ "​ច្បាប់​ស្តី​ពី​កិច្ចការពារបរិស្ថាន​ និង​ការ​គ្រប់គ្រង​ធនធានធម្មជាតិ​,"​ ថ្ងៃ​ទី​ ២៤​ ខែធ្នូ​ ឆ្នាំ​១៩៩៦,​ បាន​ចូល​អាន​នៅ​ថ្ងៃ​ទី​ ១៥​ ខែមីនា​ ឆ្នាំ​២០២២​។​
  13. 13. "​ការ​យល់​ដឹង​អំពី​លំហូរ​ និង​ការ​គ្រប់គ្រង​ព្រៃឈើ​នៅ​ក្នុង​ប្រទេស​កម្ពុជា​ក្នុង​បរិបទ​នៃ​ FLEGT,"​ សេវាកម្ម​ព្រៃឈើ​សកល​ រដ្ឋបាល​ព្រៃឈើ​កម្ពុជា​ និង​សហភាព​អឺរ៉ុប​ FLEGT​ Facility,​ ឆ្នាំ​២០១៤,​ បាន​ចូល​អាន​នៅ​ថ្ងៃ​ទី​ ១៤​ ខែមីនា​ ឆ្នាំ​២០២២​។​
  14. 14. ​រាជរដ្ឋាភិបាល​កម្ពុជា​,​ "​អនុក្រឹត្យ​លេខ​ ៧៩​ ស្តី​ពី​ការ​គ្រប់គ្រង​សហគមន៍​ព្រៃឈើ​,"​ មាត្រា​ ១២,​ ថ្ងៃ​ទី​ ១០​ ខែមករា​ ឆ្នាំ​២០១៦,​ បាន​ចូល​អាន​នៅ​ថ្ងៃ​ទី​ ១៤​ ខែមីនា​ ឆ្នាំ​២០២២​។​
  15. 15. "​ការ​យល់​ដឹង​អំពី​លំហូរ​ និង​ការ​គ្រប់គ្រង​ព្រៃឈើ​នៅ​ក្នុង​ប្រទេស​កម្ពុជា​ក្នុង​បរិបទ​នៃ​ FLEGT,"​ សេវាកម្ម​ព្រៃឈើ​សកល​ រដ្ឋបាល​ព្រៃឈើ​កម្ពុជា​ និង​សហភាព​អឺរ៉ុប​ FLEGT​ Facility,​ ឆ្នាំ​២០១៤,​ បាន​ចូល​អាន​នៅ​ថ្ងៃ​ទី​ ១៤​ ខែមីនា​ ឆ្នាំ​២០២២​។​
  16. 16. "​កម្មវិធី​ព្រៃឈើ​ថ្នាក់​ជាតិ​ឆ្នាំ​ ២០១០-២០២៩,"​ ថ្ងៃ​ទី​ ១៨​ ខែតុលា​ ឆ្នាំ​២០១០,​ បាន​ចូល​អាន​នៅ​ថ្ងៃ​ទី​ ១៤​ ខែមីនា​ ឆ្នាំ​២០២២​។​
  17. 17. ​ដូច​ឯកសារយោង​ខាងលើ​។​
  18. 18. ​ដូច​ឯកសារយោង​ខាងលើ​។​
  19. 19. ​កម្មវិធី​អភិវឌ្ឍន៍​អង្គការសហប្រជាជាតិ​,​ "​សេចក្តី​សង្ខេបនៃ​គម្រោង​គ្រប់គ្រង​ព្រៃឈើ​ប្រកបដោយ​និរន្តរភាព​,"​ បាន​ចូល​អាន​នៅ​ថ្ងៃ​ទី​ ១៤​ ខែមីនា​ ឆ្នាំ​២០២២​។​
  20. 20. IUCN,​ "​ការ​ឆ្លើយ​តប​កម្រិត​សហគមន៍​ចំពោះ​អំពើ​ហិង្សា​ព្រៃឈើ​នៅ​កម្ពុជា​,"​ ថ្ងៃ​ទី​ ១០​ ខែកក្កដា​ ឆ្នាំ​២០២១,​ បាន​ចូល​អាន​នៅ​ថ្ងៃ​ទី​ ១៤​ ខែមីនា​ ឆ្នាំ​២០២២​។​
  21. 21. AFoCO,​ "​វិសាលភាព​ ប្រសិទ្ធភាព​ និង​ការ​កើនឡើង​នៃ​សហគមន៍​ព្រៃឈើ​ជាង​ ៣០​ឆ្នាំ​ក្នុង​ប្រទេស​កម្ពុជា​,"​ ថ្ងៃ​ទី​ ១៧​ ខែមករា​ ឆ្នាំ​២០២០,​ បាន​ចូល​អាន​នៅ​ថ្ងៃ​ទី​ ១៥​ ខែមីនា​ ឆ្នាំ​២០២២​។​
  22. 22. ​ម៉ៅ​ ចាន់​វី​រៈ​,​ "​តំបន់​សហគមន៍​ថ្មី​ចំនួន​ប្រាំបី​ដែល​ត្រូវ​ការពារ​,"​ ខ្មែរ​ថា​ម​ស៍​,​ ថ្ងៃ​ទី​ ២៤​ ខែមីនា​ ឆ្នាំ​២០២១,​ បាន​ចូល​អាន​នៅ​ថ្ងៃ​ទី​ ១៦​ ខែមីនា​ ឆ្នាំ​២០២២​។​
  23. 23. ​រាជរដ្ឋាភិបាល​កម្ពុជា​,​ "​ច្បាប់​ស្តី​ពី​តំបន់ការពារធម្មជាតិ​,"​ ថ្ងៃ​ទី​ ១៥​ ខែកុម្ភៈ​ ឆ្នាំ​២០០៨,​ បាន​ចូល​អាន​នៅ​ថ្ងៃ​ទី​ ១៤​ ខែមីនា​ ឆ្នាំ​២០២២​។​
  24. 24. ​សាន្ត​ សុ​ជាតិ​ល​ក្ខិ​ណា​,​ "​បង្ហាញ​ពី​ភាព​ជោគជ័យ​៖​ ការ​វាយតម្លៃ​សហគមន៍​តំបន់​ការពារ​នៅ​កម្ពុជា​,"​នាយកដ្ឋាន​អភិរក្ស​-​ការពារ​ធម្មជាតិ​ ក្រសួងបរិស្ថាន​,​ បាន​ចូល​អាន​នៅ​ថ្ងៃ​ទី​ ១៦​ ខែមីនា​ ឆ្នាំ​២០២២​។​
  25. 25. ​ដូច​ឯកសារយោង​ខាងលើ​។​
  26. 26. ​ម៉ៅ​ ចាន់​វី​រៈ​,​ "​តំបន់​សហគមន៍​ថ្មី​ចំនួន​ប្រាំបី​ដែល​ត្រូវ​ការពារ​,"​ ខ្មែរ​ថា​ម​ស៍​,​ ថ្ងៃ​ទី​ ២៤​ ខែមីនា​ ឆ្នាំ​២០២១,​ បាន​ចូល​អាន​នៅ​ថ្ងៃ​ទី​ ១៦​ ខែមីនា​ ឆ្នាំ​២០២២​។​
  27. 27. ​រាជរដ្ឋាភិបាល​កម្ពុជា​,​ "​សេចក្តីសម្រេច​លេខ​ ១២៧​ ស្តី​ពី​ការ​បង្កើត​គណៈកម្មការ​ជាតិ​ដើម្បី​ទប់ស្កាត់​ និង​បង្ក្រាប​បទល្មើស​ធនធានធម្មជាតិ​,"​ ថ្ងៃ​ទី​ ០៧​ ខែធ្នូ​ ឆ្នាំ​២០១៦,​ បាន​ចូល​អាន​នៅ​ថ្ងៃ​ទី​ ១៦​ ខែមីនា​ ឆ្នាំ​២០២២​។​
ទំនាក់ទំនងយើងខ្ញុំ

ទំនាក់ទំនងយើងខ្ញុំ

បើលោកអ្នកមានសំនួរទាក់ទងនឹងខ្លឹមសារផ្សាយនៅលើគេហទំព័រ Open Development Cambodia (ODC)? យើងខ្ញុំ​នឹង​ឆ្លើយ​តប​​ដោយ​ក្តី​រីក​រាយ។

តើអ្នកបានឃើញបញ្ហាបច្ចេកទេសណាមួយនៅលើគេហទំព័រOpen Development Cambodia (ODC) ដែរឬទេ?

តើលោកអ្នកយល់យ៉ាងដូចម្តេចដែរចំពោះការងាររបស់អូឌីស៊ី?

តើលោកអ្នកមានឯកសារដែលអាចជួយពង្រីក​គេហទំព័រOpen Development Cambodia (ODC) ដែរ​ឬទេ​?​ យើងខ្ញុំ​នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ទិន្នន័យ​អំពី​ផែនទី​ ច្បាប់​ អត្ថបទ​ និង​ ឯកសារ​ដែល​ពុំ​មាននៅ​លើ​គេហទំព័រ​នេះ​ ហើយ​ពិចារណា​បោះផ្សាយ​ទិន្នន័យ​ទាំងនោះ​។​ សូម​មេត្តា​ផ្ញើ​តែ​ឯកសារ​ណា​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative Commons

ឯកសារត្រូវបានលុប
មានបញ្ហា!

កំណត់សម្គាល់៖ Open Development Cambodia (ODC) នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ឯកសារ​ដែល​បាន​បញ្ជូន​មក​យ៉ាង​ហ្មត់ចត់​ ដើម្បី​កំណត់​ភាព​ត្រឹមត្រូវ​ និង​ពាក់ព័ន្ធ​ មុន​ពេលធ្វើការ​បង្ហោះ​ផ្សាយ​។​ រាល់​ឯកសារ​ដែល​បាន​បង្ហោះ​ផ្សាយ​នឹង​ជា​ឯកសារ​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative​ Commons​។​ យើងខ្ញុំ​សូម​អគុណ​សំរាប់​ការ​គាំទ្រ​របស់​លោក​អ្នក​។​

Fa9Sh
* ប្រអប់មតិមិនអាចទទេ! មិនអាចបញ្ចូនបាន សូមធ្វើការបញ្ចូនម្តងទៀត! Please add the code correctly​ first.

សូម​អរគុណ​សំរាប់​ការ​ចំនាយ​ពេល​ក្នុង​ការ​ចែក​រំលែក​មក​កាន់​យើងខ្ញុំ!