ក្រុមហ៊ុនដែក និងដែកថែបអូស្ត្រាលី Port Kembla ។រូបភាព ថតដោយ Tim Pruyn កាលពីថ្ងៃទី២៩ ខែ ឧសភា ឆ្នាំ ២០១៣។ ក្រោមអាជ្ញាប័ណ្ណ៖ CC BY-NC-ND 2.0
ទោះបីជាមានអាជ្ញាប័ណ្ណរុករក បានផ្តល់ឱ្យក្រុមហ៊ុនដែលធ្វើការស្វែងរករ៉ែដែកក្នុងប្រទេសកម្ពុជាក៏ដោយ មិនមានរបកគំហើញជាលក្ខណៈទ្រង់ទ្រាយធំណាមួយ ត្រូវបានរាយការណ៍ឡើយមកទល់នឹងសព្វថៃ្ង ក៏ដូចជាមិនមានការជីកយករ៉ែដែកកើតមាននៅក្នុងប្រទេសកម្ពុជាផងដែរ។ គម្រោងធំមួយចំនួន ត្រូវបានប្រកាសក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ ជុំវិញការរុករករ៉ែដែក និងការតំឡើងរោងចក្រដែកថែប ប៉ុន្តែមិនមានការអភិវឌ្ឍជាក់លាក់ណាមួយគួរឱ្យកត់សម្គាល់នោះឡើយ។
ក្នុងខែមករា ឆ្នាំ២០១៣ រោងចក្រឧស្សាហកម្មរ៉ែដែក និងស្ពាន់កម្ពុជា ដែលចិនជាម្ចាស់កម្មសិទ្ធិ ៧០%(CISMIG) និងក្រុមហ៊ុនស្ថាបត្យកម្មផ្លូវដែកស្ពានសំខាន់ចិន ត្រូវបានរាយការណ៍ពីការចុះកិច្ចព្រមព្រៀងមួយក្នុងវិនិយោគទុនជាទឹកប្រាក់តម្លៃ១១.២ ពាន់លានដុល្លារក្នុងគម្រោងធំៗចំនួនពីរ។ ខណៈពេលនៃការប្រកាសអំពីកិច្ចព្រមព្រៀងនេះ គម្រោងទាំងពីរត្រូវបានរំពឹងថា នឹងចាប់ផ្តើមក្នុងខែកក្កដាឆ្នាំ ២០១៤ ហើយនឹងត្រូវបញ្ចប់ការស្ថាបនាក្នុងឆ្នាំ២០១៨។ គម្រោងទាំងពីរ នឹងក្លាយជាគម្រោងហេដ្ឋារចនាសម្ព័ន្ធធំជាងគេក្នុងប្រវត្តិសាស្ត្ររបស់ប្រទេសកម្ពុជា។
គម្រោងទីមួយរួមមានបីផ្នែក៖
• ផ្លូវដែក ប្រវែង៤០០គីឡូម៉ែត្រដែលមានស្ថានីយ៍ចំនួន១១ ចាប់ផ្តើមពី ខេត្តព្រះវិហារ កាត់តាមខេត្តកំពង់ធំ និងកំពង់ស្ពឺ និងបញ្ចប់នៅខេត្តកោះកុង។
• កំពង់ផែថ្មីមួយ
• ស្ពានថ្មីប្រវែង ៣គីឡូម៉ែត្រក្នុងខេត្តកោះកុង1
គម្រោងទីពីរ ជារោងចក្រដែក និងដែកថែបដែលមានតម្លៃ ១.៦ ពាន់លានដុល្លារ ក្នុងស្រុករវែង ខេត្តព្រះវិហារ ដែលយោងតាមរបាយការណ៍មួយ អះអាងថាអាចនឹងផលិតបានដែកថែបចំនួន ១លានតោនក្នុងមួយឆ្នាំ។ ក្រុមហ៊ុន CISMIG ទទួលបានអាជ្ញាប័ណ្ណពី ក្រសួងរ៉ែ និងថាមពលក្នុង ឆ្នាំ២០០៨ ដើម្បីរុករករ៉ែដែកក្នុងតំបន់ដែលមានផ្ទៃដីចំនួន ១៣០៦៧៤ហិកតា ។2 យ៉ាងណាមិញ រដ្ឋមន្ត្រីក្រសួងបរិស្ថានបានឱ្យដឹងថា ក្រុមហ៊ុននេះនៅមិនទាន់បានផ្តល់របាយការណ៍នៃផលប៉ះពាល់បរិស្ថានទៅលើតំបន់ដែលបានសិក្សានៅឡើយទេ។3
មិនមានការសាងសង់គួរឱ្យកត់សម្គាល់ណាមួយកើតមានឡើងនៅក្នុងតំបន់នោះនៅឡើយទេ បើយោងតាមប្រជាពលរដ្ឋក្នុងស្រុករវែង ដែលបានអះអាងថាក្រុមឧស្សាហកម្មដែក និងស្ពាន់កម្ពុជា បានអនុញ្ញាតិ្តឱ្យក្រុមហ៊ុនតូចៗធ្វើការទាញយករ៉ែដែកក្នុងតំបន់នោះ។4យោងតាមប្រភពរបស់ក្រុមហ៊ុនដែលបានរាយការណ៍តាមរយៈព័ត៌មានខៃស៊ីន អនឡាញ ក្រុមហ៊ុន CISMIG មានគម្រោងជួលកម្មករមូលដ្ឋានចំនួន ២០០០នាក់ ប៉ុន្តែពុំឃើញមានការអនុម័តចំពោះគម្រោងនេះនៅឡើយទេ។5
ក្រុមហ៊ុនមួយចំនួនដែលត្រូវបានរាយការណ៍ពីការចូលរួមក្នុងគម្រោងធំទាំងពីររួមមាន៖
- Cambodia Iron & Steel Mining Industry Group
- Expert Master Holdings Limited
- WS Mining Industry Holding Ltd
- Cambodia Huayi Mining Co. Ltd
- Beijing Steel Enterprises Union Mineral Resources Investment Ltd
- Delong Holding Group Ltd
- China Railway Major Bridge Engineering Group Ltd
- China Ocean Engineering Construction General Bureau6
នៅចុងឆ្នាំ២០១៥ តម្លៃដែកត្រូវបានធ្លាក់ចុះដល់ ២/៣ នៃតម្លៃដើមក្នុងឆ្នាំមុនៗ ដែលធ្វើឱ្យការរុករក និងអភិវឌ្ឍក្នុងតំបន់រុករកថ្មី ដូចជានៅក្នុងប្រទេសកម្ពុជាជាដើម មិនសូវមានភាពទាក់ទាញសម្រាប់ក្រុមហ៊ុនរ៉ែលំដាប់អន្តរជាតិនោះទេ លុះត្រាតែពួកគេមានរោងចក្រផលិតដែកថែបផងដែរ។7
ធ្វើបច្ចុប្បន្នភាពនៅថ្ងៃទី០៤ ខែវិច្ជិកា ឆ្នាំ២០១៥