បន្ទាប់ ពីបានស្តារឡើងវិញនូវរបបរាជានិយមលើកទី២ នៅឆ្នាំ១៩៩៣ ពលរដ្ឋខ្មែរ ក្លាយជាម្ចាស់នៃជោគវាសនាខ្លួនឯង និងជាប្រភពនៃអំណាចទាំងអស់។1 ជាមួយនឹងការនាំមកនូវរបបប្រជាធិបតេយ្យសេរី ពលរដ្ឋខ្មែរ ដែលមានអាយុ១៨ឆ្នាំ ឬច្រើនជាងនេះ អាចបោះឆ្នោត ឬឈរឈ្មោះឱ្យគេបោះឆ្នោត ក្នុងអំឡុងពេលបោះឆ្នោត ជាតិ និងក្រោមជាតិ លើកលែងតែមានច្បាប់ចែងផ្សេងពីនេះ។ នៅក្នុងប្រទេសប្រកាន់ប្រព័ន្ធសភានិយម ដូចជាកម្ពុជា សភាតំណាងឱ្យអំណាចនីតិប្បញ្ញត្តិ និងជាអង្គការមានអំណាចបំផុតរបស់រដ្ឋ។
ជា នីតិប្បញ្ញត្តិក្បាលពីរ សភានៅប្រទេសកម្ពុជាមានពីរថ្នាក់៖ រដ្ឋសភា និងព្រឹទ្ធសភា។2 ខណៈពេលដែលសមាជិករដ្ឋសភា ត្រូវបានបោះឆ្នោតជ្រើសតាំងដោយផ្ទាល់ពីប្រជាពលរដ្ឋ នៅរៀងរាល់៥ឆ្នាំម្តង3 សមាជិកព្រឹទ្ធសភាស្ទើតែទាំងអស់ត្រូវបានបោះឆ្នោតជ្រើសតាំងដោយ ប្រយោល ដោយសមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់។4 សមាជិកព្រឹទ្ធសភាដទៃទៀត ត្រូវបានជ្រើសតាំងដោយព្រះមហាក្សត្រ និង រដ្ឋសភា សម្រាប់អាណត្តិ ៦ឆ្នាំ។5 ហេតុដូចនេះ ការបោះឆ្នោតជ្រើសតាំងសមាជិករដ្ឋសភាដោយផ្ទាល់ អាចជាមូលហេតុមួយផ្នែកពន្យល់ថាហេតុអ្វីបានជា រដ្ឋសភាមានអំណាចច្រើនជាងព្រឹទ្ធសភា។
រដ្ឋសភា មានតួនាទីសំខាន់បី៖ ធ្វើច្បាប់ យល់ព្រមលើគោលនយោបាយជាតិ និង ត្រួតពិនិត្យមើលរាជរដ្ឋាភិបាល។ ខណៈដែលសមាជិករដ្ឋសភាអាចផ្តួចផ្តើមសេចក្តីស្នើច្បាប់ រដ្ឋសភាខ្លួនឯងក៏ជាអ្នកអនុម័តសេចក្តីព្រាងច្បាប់ ផ្តួចផ្តើមដោយនាយករដ្ឋមន្ត្រី ប្រមុខនៃអំណាចនីតិប្រតិបត្តិ ផងដែរ។ ផែនការ និងយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាយុទ្ធសាស្ត្រ ព្រមទាំង ថវិការជាតិ ត្រូវដាក់ឆ្លងសុំការយល់ព្រមពីរដ្ឋសភា។6 ជាពិសេស រដ្ឋសភាត្រួតពិនិត្យមើលរាជរដ្ឋា ភិបាល និងសមាជិករាជរដ្ឋាភិបាល ដែលជាអ្នកទទួលខុសត្រូវនៅចំពោះមុខរដ្ឋសភាអំពីការអនុវត្តច្បាប់ និងគោលនយោបាយ។7
តួនាទីរបស់ព្រឹទ្ធសភា នៅក្នុងសភា គឺ ពិនិត្យ និងឱ្យបល់លើសេចក្តីព្រាង ឬសេចក្តីស្នើច្បាប់ ដែលអនុម័តដោយរដ្ឋសភា។ សភាជាន់ខ្ពស់មួយនេះ ធ្វើអត្ថាធិប្បាយ និងស្នើការកែប្រែទៅលើរាល់សេចក្តីព្រាង ឬសេចក្តីស្នើច្បាប់ បន្ទាប់ពីការអនុម័តយល់ព្រមរបស់រដ្ឋសភា។8 ជាធម្មតា រដ្ឋសភាពិចារណាលើយោបល់របស់ព្រឹទ្ធសភា ប៉ុន្តែក្នុងករណីសភាទាំងពីរថ្នាក់មិនឯកភាពគ្នា រដ្ឋសភាជាស្ថាប័នសម្រេចចុងក្រោយ។9 គួរកត់សម្គាល់ផងដែរថា បើទោះបីជាព្រឹទ្ធសភានៅមានតួនាទីជាស្ថាប័នសម្របសម្រួលកិច្ចការរវាងរដ្ឋសភា និងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា (អង្គនីតិប្រិតបត្តិ) តួនាទីនេះកម្រនឹងឃើញមានអនុវត្តណាស់។10
ការរៀបចំ និងការប្រព្រឹត្តទៅរបស់សភា ត្រូវបានកំណត់ដោយបទបញ្ជាផ្ទៃក្នុង៖ បទបញ្ជាផ្ទៃក្នុងរដ្ឋសភា និងបទបញ្ជាផ្ទៃក្នុងព្រឹទ្ធសភា។ ជាធម្មតា រដ្ឋសភា និងព្រឹទ្ធសភា តែងអនុម័តបទបញ្ជាផ្ទៃក្នុងរៀងៗខ្លួន នៅដើមនីតិកាលនីមួយៗ។11 លើសពីនេះ ការប្រជុំរួមគ្នានៃសភាទាំងពីរថ្នាក់ ហៅថាសមាជរវាងរដ្ឋសភានិងព្រឹទ្ធសភា ត្រូវបានគ្រប់គ្រងដោយច្បាប់ និងបទបញ្ជាផ្ទៃក្នុងដោយឡែក។12
ទាក់ទងនឹងសភា
បច្ចុប្បន្នភាពចុងក្រោយ ថ្ងៃទី ១៤ ខែសីហា ឆ្នាំ២០១៥
ឯកសារយោង
- 1. រដ្ឋធម្មនុញ្ញ មាត្រា៥១ថ្មី
- 2. រដ្ឋធម្មនុញ្ញ ជំពូក៧ និងជំពូក៨
- 3. រដ្ឋធម្មនុញ្ញ មាត្រា៧៦ និង មាត្រា៧៨។ មើលបន្ថែម ច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត (ឆ្នាំ២០១៥)។
- 4. រដ្ឋធម្មនុញ្ញ មាត្រា៩៩ថ្មី។ មើលបន្ថែម ច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា។
- 5. រដ្ឋធម្មនុញ្ញ មាត្រា១០០ថ្មី
- 6. នៅរៀងរាល់ត្រីមាសទី៤ នៃឆ្នាំនីមួយៗ រាជរដ្ឋាភិបាលនៃប្រទេសកម្ពុជា តែងរៀបចំសេចក្តីព្រាងច្បាប់ស្តីពី ថវិការជាតិ ដែលនឹងកំណត់ពីចណូលនិងចំណាយប៉ាន់ស្មាននៃរដ្ឋបាលរបស់ប្រទេសនេះ។ សេចក្តីព្រាងច្បាប់នេះ ត្រូវដាក់ឆ្លងរដ្ឋសភាដើម្បីអនុម័ត។ អង្គការទិន្នន័យអំពីការអភិវឌ្ឍ (អូឌីស៊ី) “ឯកសារច្បាប់៖ស្តីពី ថវិការជាតិឆ្នាំ២០១៥ ” ។ ចូលអាននៅថ្ងៃទី ២២ ខែមិថុនា ឆ្នាំ២០១៥។ https://data.opendevelopmentcambodia.net/laws_record/budget-law-2015-2
- 7. រដ្ឋធម្មនុញ្ញ មាត្រា៩៦-៩៨ថ្មី
- 8. រដ្ឋធម្មនុញ្ញ មាត្រា១១៣ថ្មី
- 9. ដូចខាងដើម
- 10. រដ្ឋធម្មនុញ្ញ មាត្រា ១១២ថ្មី
- 11. រដ្ឋសភា “បទបញ្ជាផ្ទៃក្នុងនៃរដ្ឋសភា” ។ ចូលអាននៅថ្ងៃទី ២៣ ខែមិថុនា ឆ្នាំ២០១៥ http://www.national-assembly.org.kh/group-article/29 ។ ព្រឹទ្ធសភា” បទបញ្ជាផ្ទៃក្នុងនៃព្រឹទ្ធសភា”។ ចូលអាននៅថ្ងៃទី ២៣ ខែមិថុនា ឆ្នាំ២០១៥។ http://www.senate.gov.kh/home/index.php?option=com_content&view=article&id=6490&Itemid=273&lang=km
- 12. ច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃសមាជរវាងរដ្ឋសភា និងព្រឹទ្ធសភា ប្រកាសឱ្យដោយព្រះរាជក្រមលេខ នស/រកម/០២១១/០០៥ ចុះថ្ងៃទី ១៩ ខែ កុម្ភៈ ឆ្នាំ២០១១។ រដ្ឋសភា “បញ្ជីច្បាប់៖ អាណត្តិទី៤” ។ ចូលអាននៅថ្ងៃទី ២៣ ខែមិថុនា ឆ្នាំ២០១៥ http://www.national-assembly.org.kh/ViewLawFile.aspx?LawDID=390 ។ បទបញ្ជាផ្ទៃក្នុងនៃសមាជរវាងរដ្ឋសភា និងព្រឹទ្ធសភា (ឆ្នាំ២០១១)។ ក្រុមប្រឹក្សាធម្មនុញ្ញ“សេចក្តីសម្រេចលេខ ១១៤/០០២/២០១១ ចុះថ្ងៃទី ៩ ខែឧសភា ឆ្នាំ២០១១។ ចូលអាននៅថ្ងៃទី ២៣ ខែមិថុនា ឆ្នាំ២០១៥ http://www.ccc.gov.kh/khmer/decision/2011/dec_002.pdf