ហេដ្ឋារចនាសម្ព័ន្ធអគ្គិសនី

Rural energy cooperative in Cambodia

សហគមន៍អគ្គិសនីជនបទក្នុងប្រទេសកម្ពុជា។ រូបភាព ដោយ Nomade Moderne, ថតនៅថ្ងៃទី ២៣ ខែ មីនា ឆ្នាំ ២០០៦។ ក្រោមអាជ្ញាប័ណ្ណ CC BY-NC-ND

អគ្គិសនី​ដែល​បាន​​ចែកចាយ​នៅ​កម្ពុជា​ គឺ​មួយ​ផ្នែក​បាន​មក​ពី​ការ​ផលិត​នៅ​ក្នុងស្រុក​ និង​មួយ​ផ្នែក​ទៀត​ត្រូវ​បាន​នាំ​ចូល​។​ អស់​រយៈពេល​ជា​ច្រើន​ឆ្នាំ​ហើយ​ ការ​ផលិត​ថាមពល​នៅ​ក្នុងស្រុក​ជា​ទូទៅ​ជា​ការ​ផលិត​ខ្នាត​តូច​ ហើយ​ភាគច្រើន​បាន​មក​ពី​ការ​ផលិត​ដោយ​ចំហេះ​ម៉ា​ស៊ូត​ និង​ប្រេង​ ខណៈ​ដែល​អគ្គិសនី​នាំ​ចូល​ពី​ប្រទេស​ជិតខាង​មាន​ចំនួន​ច្រើន​សម្រាប់​ការ​ផ្គត់ផ្គង់​ស្ទើរតែ​ទាំងអស់​។​ មានការ​ចែកចាយ​តិចតួច​នៅ​តាម​តំបន់​ដែល​នៅ​ក្រៅ​តំបន់​ទីក្រុង​ធំៗ​។​ បច្ចុប្បន្ន​នេះ​ តួលេខនៃផលិត នាំចូល និងចែកចាត កំពុង​ប្រែប្រួល​យ៉ាលឿន។​ ប្រទេស​កម្ពុជា​ គឺ​កំពុង​ផលិត​អគ្គិសនី​ដោយខ្លួនឯង​បានកាន់តែ​ច្រើនឡើង​ ពី​ទំនប់​វា​រី​អគ្គិសនី​ និង​រោងចក្រ​ថាមពល​ដើរ​ដោយ​ចំហេះ​ធ្យូងថ្ម​។​

​រាជធានី​ភ្នំពេញ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ប្រើប្រាស់​ ៩០​ភាគរយ​ នៃ​អគ្គិសនី​សម្រាប់​ផ្គត់ផ្គង់​ទូ​ទាំង​ប្រទេស​។​ យ៉ាងណាមិញ​ ការ​ចែកចាយ​ទៅ​កាន់​តំបន់​ជនបទ​ គឺ​កំពុង​កើនឡើង​យ៉ាង​ឆាប់រហ័ស​។​ នៅ​ក្នុង​ឆ្នាំ​ ២០១០​ មាន​ភូមិ​ប្រមាណ​ ២៩​ភាគរយ​ បាន​ភ្ជាប់​បណ្តាញ​អគ្គិសនី​ ហើយនៅ​ពាក់កណ្តាល​ឆ្នាំ​ ២០១៥​ ចំនួន​នេះ​បាន​កើនឡើង​ជាង​ទ្វេ​ដង​ រហូត​ដល់​ ៦២​ភាគរយ​ នេះ​បើ​យោង​តាម​ទិន្នន័យ​ពី​ក្រសួង​រ៉ែ​ និង​ថាមពល​។1​ ភូមិ​ទាំងអស់​ត្រូវ​បាន​រំពឹង​ថា​ នឹង​បាន​ភ្ជាប់​បណ្តាញ​អគ្គិសនី​នៅ​ត្រឹម​ឆ្នាំ​ ២០២០​ ប៉ុន្តែ​នៅ​មាន​ប្រមាណ​ ៨២០,០០០​ គ្រួសារ​ ឬ​ស្មើនឹង​ប្រជាជន​ ៤​ លាន​នាក់​ ដែល​នៅ​មិន​ទាន់​រំពឹង​ថា​នឹង​បាន​ត​ភា្ជ​ប់​បណ្តាញ​អគ្គិសនី​ជាតិ​រហូត​ដល់​ឆ្នាំ​ ២០៣០ យ៉ាងឆាប់​។​2

​តម្រូវការ​អគ្គិសនី​ប្រចាំឆ្នាំ​ត្រូវបាន​រំពឹងថានឹងកើនឡើង​រហូត​ដល់​ ១៧.៩​ភាគរយ​ ចាប់តាំងពី​ឆ្នាំ​ ២០១២​ ដល់​ឆ្នាំ​ ២០២០3​ ដោយសារ​កំណើនផ​លិ​​ត​​កម្ម​ឧស្សាហកម្ម​ កំណើនប្រជាជន​ និង​ការកើនឡើងស្តង់ដារ​នៃ​ការ​រស់នៅ​។​ ជាក់​ស្តែង​​ កំណើន​​ពិត​ប្រា​កដ​ ​​បានបង្ហាញឃើញថាខ្ពស់​ជាង​នេះ​ នៅ​ប្រមាណជា​ ២០​ភាគរយ​ ក្នុង​មួយ​ឆ្នាំ​ និងនៅតែបន្ត​កើន​ឡើងទៀត។​4

​អគ្គិសនី​ គឺ​មាន​តម្លៃ​ថ្លៃ​បើ​ប្រៀបធៀប​ទៅ​នឹង​បណ្តា​ប្រទេស​ផ្សេង​ទៀត​នៅ​ក្នុង​តំបន់អាស៊ី។​ នៅ​កន្លែង​ខ្លះ​ ការ​បញ្ចុះតម្លៃ​ត្រូវ​បាន​ចរចារ​ដើម្បី​ទាក់ទាញ​ការ​វិនិយោគ​ពី​បរទេស​នៅ​ក្នុង​វិស័យ​ឧស្សាហកម្ម​ផលិតកម្ម។​ ជា​ឧទាហរណ៍​ នៅ​តំបន់​សេដ្ឋកិច្ច​ពិសេស​ភ្នំពេញ​ អត្រា​តម្លៃ​អគ្គិសនី​ ២៩​សេន​ (ដុល្លារ) ក្នុង​មួយ​គីឡូវ៉ាតម៉ោង​ ត្រូវ​បាន​រាយការណ៍​ថា​បាន​កាត់​បន្ថយ​នៅ​ត្រឹមតែ​ ២១​សេន​ ហើយ​វា​ចុះ​ទៅ​នៅ​ត្រឹម​ ១៨​ សេន​។5

​ការ​ផលិត​អ​គិ្គ​ស​នី​

​អគ្គិសនី​នៅ​កម្ពុជា​ត្រូវ​បាន​ផលិត​ដោយ​៖

  • អគ្គិសនី​កម្ពុជា​ (EDC)​ ជា​ក្រុមហ៊ុន​របស់​រដ្ឋ​។​ អគ្គិសនី​កម្ពុជា​បាន​ទទួល​អាជ្ញាប័ណ្ណ​សម្រាប់​ការ​ផលិត​ និង​ការ​ចែកចាយ​អគ្គិសនី​នៅ​ក្នុង​ទីក្រុង​ភ្នំពេញ​ និង​ខេត្ត​ក្រុង​ចំនួន​ ១២​ ទៀត​
  • ស្ថាប័នឯកជន​ រួម​ទាំងអ្នក​ផលិត​អគ្គិសនី​ឯករាជ្យ​នានា​នៅ​តាម​ទីប្រជុំជន​ក្នុង​ខេត្ត​នានា​
  • អ្នក​ទទួល​អាជ្ញាប័ណ្ណ​នៅ​តាម​តំបន់​ប្រជុំជន​តូចៗ​
  • ​សហគ្រាសអគ្គិសនី​នៅ​តាម​ទី​ជនបទ។​

​ថាមពល​ដែល​បាន​ផលិត​ និងបញ្ជូនចែកចាយ ដោយអ្នក​ទទួល​បាន​អាជ្ញាប័ណ្ណ​ទាំងអស់​នៅ​ក្នុង​ប្រទេស​កម្ពុជា​អំឡុង​ឆ្នាំ​ ២០១៤​ មាន​ចំនួន​ ៣,០៥៨​ ជី​ឡូ​វ៉ា​ត់​ម៉ោង​ (GWh)​ ដែល​ត្រូវជា​ ៧៣​ភាគរយ​ ច្រើន​ជាង​ថាមពល​ដែល​បាន​បញ្ជូន​ចែកចាយ​នៅ​អំឡុង​ឆ្នាំ​ ២០១៣​។​6

​អគ្គិសនី​ត្រូវ​បាន​ផលិត​ស្ទើរតែ​ទាំងស្រុង​ពី​ស្ថានីយ៍​វា​រី​អគ្គិសនី​ (៦០​ភាគរយ​),​ ពី​រោងចក្រ​ថាមពល​ដើរ​ដោយ​ចំហេះ​ធ្យូងថ្ម​នៅ​ខេត្ត​ព្រះ​សីហ​នុ​ (២៨​ភាគរយ​),​ និងរោងចក្រ​ថាមពល​ដើរ​ដោយ​ចំហេះ​ម៉ា​សូត​ ឬ​ប្រេង​ (១២​ភាគរយ​)​។​

​ស្ថានីយ៍​វា​រី​អគ្គិសនី​ចំនួន​ ៨​ ដែល​កំពុង​តែ​ដំណើរការ​ មាន​ដូច​ជា​៖​ ស្ថានីយ៍​គិរីរម្យ​១,​ ស្ថានីយ៍​គិរី​រម្យ​៣,​ ស្ថានីយ៍​កំចាយ​,​ ស្ថានីយ៍​ស្ទឹង​អា​តៃ​,​ ស្ថានីយ៍​ស្ទឹង​ឬ​ស្សី​ជ្រុំ​ក្រោម​,​ និង​ស្ថានីយ៍​ស្ទឹង​តា​តៃ​ ដែល​ស្ថានីយ៍​ទាំង​អស់នេះ​ត្រូវ​បាន​ភ្ជាប់​ទៅ​នឹង​ស្ថានីយ៍​តំឡើង​តង់ស្យុង​ជាតិ​ទាំងអស់​ ក្នុងនោះមាន ខេត្តរតនគិរី​ (​ភ្ជាប់​ទៅ​នឹង​ប្រព័ន្ធ​ថាមពល​របស់អគ្គិសនី​កម្ពុជា​ខេត្តរតនគិរី​)​ និង​ខេត្តមណ្ឌលគិរី​ (​ភ្ជាប់​ទៅ​នឹង​ប្រព័ន្ធ​ថាមពលរបស់​អគ្គិសនី​កម្ពុជា​ខេត្តមណ្ឌលគិរី​)​។​7 ការ​ផលិត​អ​គិ្គ​ស​នី​ថ្មី​ពី​ស្ថានីយ៍​ស្ទឹង​តា​តៃ​ និង​ការ​ផលិត​បន្ថែម​ទៀត​ពី​ស្ថានីយ៍​ស្ទឹង​ឬ​ស្សី​ជ្រុំ​ក្រោម​ បាន​បង្ហាញ​ថា​ ថាមពល​ដែល​បាន​ផលិត​ដោយ​ស្ថានីយ៍​វា​រី​អគ្គិសនី​នៅ​ឆ្នាំ​ត្រឹម​ឆ្នាំ​ ២០១៤​ (១៨៥១.៦០​ លាន​គីឡូវ៉ាតម៉ោង​)​ ត្រូវជា​ ៥៤%​ ខ្ពស់​ជាង​ការ​ផលិត​កាលពី​ចុងឆ្នាំ​ ២០១៣​។​8

​នៅ​ក្នុង​របាយការណ៍​ឆ្នាំ​ ២០១៥​​ អាជ្ញាធរ​អគ្គិសនី​កម្ពុជា​ បាន​កត់សម្គាល់​ឃើញ​ថា​ គម្រោង​នានា​ស្ថិត​នៅ​ក្រោម​ការ​សាងសង់​នៅឡើយ​ដែល​រួម​ទាំង​រោងចក្រ​ថាមពល​ដើរ​ដោយ​ចំហេះ​ធ្យូងថ្ម​ ដែល​មាន​ទំហំ​ផលិត​ ១៣៥​ មេ​ហ្គា​វ៉ា​ត់​ នៅ​ក្នុង​ខេត្ត​ព្រះ​សីហ​នុ​ ដោយសារ​តែ​គម្រោង​នេះ​ត្រូវ​បាន​អនុញ្ញាត​ឱ្យ​ដំណើរការ​នៅ​ក្នុង​ឆ្នាំ​ ២០១៧​ និងទំនប់​វា​រី​អគ្គិសនី​ ទំហំ​ ៤០០​ មេ​ហ្គា​វ៉ា​ត់​ នៅ​សេ​សាន​ក្រោម២ ​ផង​ដែរ​។​

​ការ​ផលិត​ថាមពល​ក្នុង​ទម្រង់​ផ្សេង​ទៀត​ហាក់​នៅ​មាន​កម្រិត​នៅឡើយ​ ទោះបីជា​ការ​សិក្សា​មួយ​នៅ​ក្នុង​ឆ្នាំ​ ២០១៦​ បាន​បង្ហាញ​ថា​ ការ​ចែកចាយ​ថាមពល​បំ​លែង​ពី​ព​ន្ធឺ​ព្រះអាទិត្យ​ គឺ​កំពុង​មានការ​ប្រកួតប្រជែង​ជាមួយនឹង​ការ​ផលិត​ដោយ​ម៉ាស៊ីន​ម៉ា​សូត​នា​ពេល​បច្ចុប្បន្ន​នេះ​នៅ​កម្ពុជា​ បើ​ទោះជា​តម្លៃ​ប្រេងម៉ាស៊ូត​នៅ​ត្រឹម​កម្រិត​ទាប​បំផុត​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​នេះក៏​ដោយ​។​9

​មូលនិធិ​អគ្គិសនី​ភាវូបនីយកម្ម​ជនបទ​ ត្រូវ​បាន​បង្កើត​ឡើង​នៅ​ឆ្នាំ​ ២០០៤​ ដើម្បី​ជួយ​ផ្តល់​ការ​ទទួល​បាន​អគ្គិសនី​ប្រើប្រាស់​​ដោយសមភាព​​។​ មូលនិធិ​នេះ​ផ្តល់​ជំនួយ​ឥត​សំណង​សម្រាប់​ការ​អភិវឌ្ឍ​ប្រព័ន្ធ​ថាមពល​ពន្លឺព្រះអាទិត្យ​តាម​ផ្ទះ​ និង​ប្រព័ន្ធ​ផលិត​វា​រី​អគ្គិសនី​ខ្នាត​តូច​បំផុត​ និង​ខ្នាត​តូច​ផង​ដែរ​។

​អគ្គិសនី​នាំ​ចូល

​នៅ​ក្នុង​ឆ្នាំ​ ២០១៥​ កម្ពុជា​បាន​ប្រើប្រាស់​អគ្គិសនី​ចំនួន​ ១,៩៨៥​ មេ​ហ្គា​វ៉ា​ត់​ ដែល​ ១,៥៦៩​ មេ​ហ្គា​វ៉ា​ត់​ ត្រូវ​បាន​ផលិត​នៅ​ក្នុងស្រុក​។​ អគ្គិសនី​បាន​នាំ​ចូល​ពី​ប្រទេស​វៀតណាម​ (២៧៧​ មេ​ហ្គា​វ៉ា​ត់​),​ ប្រទេស​ថៃ​ (១៣៥.៥​ មេ​ហ្គា​វ៉ា​ត់​)​ និង​ប្រទេស​ឡាវ​ (៤​ មេ​ហ្គា​វ៉ា​ត់​)​។10

​អគ្គិសនី​​ពី​វៀតណាម​ ត្រូវ​បា​នប​ញ្ជូ​ន​តាម​ខ្សែបណ្តាញ​តង់ស្យុង​ខ្ពស់​ទៅ​កាន់​ទីក្រុង​ភ្នំពេញ​ ចំណែកឯ​អគ្គិសនី​នាំ​មក​ពី​ប្រទេស​ថៃ​ បញ្ជូនតាមខ្សែឆ្លងកាត់បណ្តា​ខេត្តបន្ទាយមានជ័យ​ បាត់ដំបង​ និង​ខេត្តសៀមរាប​។​ អគ្គិសនី​​នាំ​ចូល​ពី​ប្រទេស​ឡាវ​ គឺ​សម្រាប់​ផ្គត់ផ្គង់​ក្នុង​តំបន់​នានានៃ​ខេត្តស្ទឹងត្រែង​។​

​ការ​ចែកចាយ​អគ្គិសនី​

​គម្រោង​ធំៗ​សំដៅពង្រីក​បណ្តាញ​ចែកចាយ​ កំពុង​ដំណើរ​ការឆ្ពោះទៅ​សម្រេចគោលដៅ​នៃ​ផែនការ​យុទ្ធសាស្ត្រ​អភិវឌ្ឍ​ន៍​ជាតិ​ ដែល​នឹង​បន្ថែម​ប្រវែង​ខ្សែបញ្ជូនអគ្គិសនីតង់ស្យុង​ខ្ពស់​ ១២,៨០០​ គីឡូ​ម៉ែ​ត​ទៀត​ ទៅ​កាន់​បណ្តាញ​ចែកចាយ​នៅ​ត្រឹម​ឆ្នាំ​ ២០១៨​។11

​មាន​ហេតុផល​ចំនួន​ពីរ​ នៅ​ពីក្រោយ​នៃ​តម្រូវការ​បន្ថែម​ខ្សែបញ្ជូនអគ្គិសនីតង់ស្យុង​ខ្ពស់​៖​ បញ្ជូនឲ្យទៅដល់ភូមិ​នានា​ដែល​មិន​ទាន់​បាន​ភ្ជាប់​ជាមួយ​បណ្តាញ​ជាតិ​ និង​ភ្ជាប់​ពី​ស្ថានីយ៍​ផលិត​ថ្មីៗ​ទៅ​កាន់​អ្នក​ប្រើប្រាស់​។​ ជា​ឧទាហរណ៍​៖​ ខ្សែបណ្តាញ​មួយ​ដែល​មាន​តម្លៃ​ ៩២​ លាន​ដុល្លារ​នឹង​ត្រូវ​បាន​សាងសង់​ ដើម្បី​ភ្ជាប់​អគ្គិសនី​ពី​ស្ថានីយ៍​វា​រី​អគ្គិសនី​សេ​សាន​ក្រោម​២​ក្នុង​ខេត្តស្ទឹងត្រែង​ទៅ​កាន់​ខេត្តកំពង់ចាម​ និង​ខេត្តក្រចេះ​។​12

​ខណៈដែល​ការ​ចែកចាយ​បាន​កំពុង​រីក​ចម្រើន​យ៉ាង​ឆាប់រហ័ស​ តែនេះ​គឺជា​ដំណើរការ​ដែល​ត្រូវ​ចំនាយ​ថវិកា​ច្រើន​។​ អគ្គនាយក​នៃ​អគ្គិសនី​កម្ពុជា​ លោក​ ទី​ នរិន្ទ​ ត្រូវបានដកស្រង់សម្តីថា ការ​ធ្វើ​អគ្គិសនី​ភាវូបនីយកម្ម​ទាំងស្រុងនៅ​ទូ​ទាំង​ប្រទេស​កម្ពុជា​ អាច​នឹង​ចំនាយ​ថវិកា​ជិត​ ១​ប៊ីលានដុ​លា្ល​រ​។13

​គម្រោង​ចែកចាយ​ជា​ទូទៅ​ទាមទារ​ឱ្យ​មានការ​គាំទ្រ​មូលនិធិ​ពី​ខាងក្រៅ​។​ គម្រោង​ខ្លះ​ត្រូវ​បាន​អនុវត្តក្រោមទម្រង់​ជាការបណ្តាក់ទុន​រួម​គ្នា​។​ ជា​ឧទាហរណ៍​៖​ ការ​អភិវឌ្ឍ​​ក្នុងតម្លៃ ២៣.៩​ លាន​ដុល្លារ​ ដែល​បាន​នាំ​បណ្តាញ​បញ្ជូន​អ​គិ្គ​ស​នី​ជាតិ​ឱ្យ​ដល់ប្រជាជន​ប្រមាណ​ ៣១,០០០​ គ្រួសារ​ (១៥០,០០០​នាក់​)​ ទូ​ទាំង​ខេត្តតាកែវ​ កំពត​ និង​កំពង់ស្ពឺ​ នៅ​ក្នុង​ឆ្នាំ​ ២០១៥​ គឺការបណ្តាក់ទុន​រួម​គ្នា​។​ ធនាគារ​អភិវឌ្ឍន៍​របស់​អា​ល្លឺ​ម៉​ង់​ (Kfw)​ បាន​ចូលរួម​ចំណែក​ទឹកប្រាក់​ ២២.២​ លាន​ដុល្លារ​ ហើយភាគីរដ្ឋាភិបាល​កម្ពុជា​ តាម​រយៈ​អគ្គិសនី​កម្ពុជា​ បង់លើចំណែកដែលនៅសល់។​14

​គម្រោងផ្សេងទៀត ដំណើរការតាមគំរូ​កិច្ចសន្យា​ សាងសង់​-​អាជីវកម្ម​-​ផ្ទេរ​ (BOT)​ ដែល​ក្រុមហ៊ុន​មក​ពី​ខាងក្រៅ​សាងសង់​ និង​ធ្វើ​ប្រតិបត្តិការ​លើ​សំណង់​នោះ​ ដែលនឹងត្រូវផ្ទេរ​ឱ្យ​ជា​កម្មសិទ្ធិ​របស់​កម្ពុជា​វិញ​ បន្ទាប់​ពី​បាន​ដំណើរការ​រយៈពេល​ច្រើន​ឆ្នាំ​។​ គំរូ​បែប​នេះ​ត្រូវ​បាន​ដាក់​ឲ្យអនុវត្តជាមួយគម្រោង​ទំនប់​វា​រី​អគ្គិសនី​របស់​កម្ពុជា ស្ទើរតែទាំងអស់​ ប៉ុន្តែ​វា​ក៏​ត្រូវ​បាន​ប្រើ​សម្រាប់​គម្រោង​ចែកចាយ​ផង​ដែរ​។​ ឧទាហរណ៍​៖​ ខ្សែបណ្តាញ​តង់ស្យុង​ខ្ពស់​មួយ​ទំហំ​ ២៣០​ គីឡូវ៉ុល​ ដែល​ភ្ជាប់​ខេត្តក្រចេះ​ និង​កំពង់ចាម​ គឺ​កំពុង​ត្រូវ​បាន​អភិវឌ្ឍឡើងក្រោមក្របខណ្ឌ​កិច្ចសន្យា​សាងសង់​-​អាជីវកម្ម​-​ផ្ទេរ​ (BOT)​ សម្រាប់រយៈពេល​ ២៥​ឆ្នាំ​។​15

​គោលនយោបាយ​ និង​អភិបាលកិច្ច​

​តាម​ឯកសារ​នៃ​គោលនយោបាយ​ស្នូល​របស់​រាជរដ្ឋាភិបាល​ យុទ្ធសាស្ត្រ​ចតុកោណ​ឆ្នាំ​ ២០១៣​ និង​ផែនការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ​ ២០១៤-២០១៨​ បាន​ដាក់​ចេញ​នូវ​អាទិភាព​ជុំវិញ​ការ​ពង្រីក​ការ​ផលិត​អគ្គិសនី​ និង​ការ​ពង្រីក​ខ្សែបណ្តាញ​តង់ស្យុង​ខ្ពស់​គ្រប់​កម្រិត​ថ្នាក់​ដើម្បី​ពង្រឹង​សន្តិសុខ​ថាមពល​ និង​ដើម្បី​ធានា​ដល់​ការ​ផ្គត់ផ្គង់​ដែល​មាន​ស្ថេ​រ​ភាព​ និង​មាន​តម្លៃ​សមរម្យ​ និង​ការ​ចែកចាយ​អគ្គិសនី​ដើម្បី​ការ​អភិវឌ្ឍ​។​

​ក្នុង​ការ​ត្រៀម​សម្រាប់​វេទិកា​ការ​ប្រែប្រួល​អាកាសធាតុ​ទី​ក្រុងប៉ារីស​ឆ្នាំ​ ២០១៥​ ប្រទេស​កម្ពុជា​បាន​ប្តេជ្ញា​ចិត្តនឹង​ការ​កាត់​បន្ថយ​អាំង​តង់​ស៊ី​តេ​កាបូន​នៅ​ក្នុង​វិស័យ​ថាមពល​របស់​ខ្លួន​ ដែលជា​ផ្នែកនៃការ​ចូលរួម​កំណត់​គោលបំណង​ជាតិរបស់ប្រទេសកម្ពុជា (INIC)​។​ ប្រទេស​កម្ពុជា​បាន​ស្នើរ​ (​ជាមួយលក្ខខណ្ឌ​នៃកិច្ច​គាំទ្រ​អន្តរជាតិ​)​ ការ​ចូលរួម​កាត់​បន្ថយ​ឧស្ម័ន​ផ្ទះ​កញ្ចក់​ រួម​ទាំង​ការ​កាត់​បន្ថយ​ឱ្យ​បាន​ ១៦​ភាគរយ​ នៅ​ត្រឹម​ឆ្នាំ​ ២០៣០​ លើ​វិស័យ​ពាណិជ្ជកម្ម​ក្នុង​វិស័យ​ថាមពល​របស់​ប្រទេស​នេះ​។

​ការ​ចូលរួម​កំណត់​គោលបំណង​ជាតិ​ (INDC)​ សំដៅលើ​ចំណុច​អាទិភាព​ដូច​ជា​៖

  • បណ្តាញ​អគ្គិសនី​ជាតិ​ដែល​ភ្ជាប់​ទៅ​នឹង​ការ​ផលិត​ថាមពល​កកើត​ឡើង​វិញ​ (​ថាមពលព្រះអាទិត្យ​,​ ថាមពល​វា​រី​អគ្គិសនី​,​ ជីវម៉ាស​ និង​ជីវឧស្ម័ន​)
  • ការ​ភ្ជាប់​វិមជ្ឈការ​នៃ​ការ​ផលិត​ថាមពល​កកើត​ឡើង​វិញ​ទៅ​នឹង​បណ្តាញ​ជាតិ​
  • អគ្គិសនី​ដែល​មិន​ភ្ជាប់​ជាមួយ​បណ្តាញ​ជាតិ​ដូច​ជា​ ប្រព័ន្ធ​ពន្លឺព្រះអាទិត្យ​តាម​ផ្ទះ​ វា​រី​អគ្គិសនី​ (​ពី​កូ–ក្រោម​ ៥​គីឡូវ៉ាត់​,​ មី​នី​ –ចន្លោះ​ពី​ ១​ ទៅ​ ២០​ មេ​ហ្គា​វ៉ា​ត់​,​ និង​មីក្រូ​–ពី​ ៥​គីឡូវ៉ាត់​ ទៅ​ ១០០​ គីឡូវ៉ាត់​) និង​កា​រលើ​កម្ពស់​ប្រសិទ្ធិ​ភាព​ថាមពល​សម្រាប់​អ្នក​ប្រើប្រាស់​។​

​អាជ្ញាធរ​អគ្គិសនី​កម្ពុជា​ គឺជា​និយ័ត​ករ​ក្នុង​វិស័យ​ថាមពល​ និង​ជា​អ្នក​ទទួលខុសត្រូវ​សម្រាប់​ការ​ផ្តល់​អាជ្ញាប័ណ្ណ​ ការ​អនុម័ត​ និង​ការ​ពង្រឹង​ការ​អនុវត្ត​ស្តង់ដារ​ និង​ការ​កំណត់​ពន្ធ​ អត្រា​ និង​តម្លៃ​សម្រាប់​អគ្គិសនី​ផង​ដែរ​។​ អាជ្ញាធរ​ផ្តល់​អាជ្ញា​បណ្ណ​សម្រាប់​ការ​ផលិត​ កា​រត​ខ្សែបណ្តាញ​តង់ស្យុង​ខ្ពស់​ ការ​ចែកចាយ​ ការ​លក់រាយ​បន្ត​ ឬ​អាជ្ញា​បណ្ណ​រួម​ប​ញ្ជូ​ល​គ្នា​។​ គេហទំព័រ​របស់​អាជ្ញាធរ​នេះ​ ផ្តល់​នូវ​ព័ត៌មាន​សំបូរ​បែប​លើ​វិស័យ​អគ្គិសនី​កម្ពុជា​ រួម​ទាំង​អាជ្ញា​បណ្ណថត​ចម្លង​នានា​ ក្រប​ខណ្ឌ​គតិយុត្តិ​ ស្តង់ដា​សេវាកម្ម​ របាយការណ៍​ប្រចាំឆ្នាំ​ និង​ផែនទី​ជាដើម​។​

​ក្រសួង​រ៉ែ​ និង​ថាមពល​ ទទួលខុសត្រូវ​សម្រាប់​កិច្ចការ​អភិបាលកិច្ច​ទូទៅនៅ​ក្នុង​វិស័យ​ថាមពល​។​ ក្រសួង​នេះ​មាន​តួនាទី​អភិវឌ្ឍ​គោលនយោបាយ​ និង​យុទ្ធសាស្ត្រ​ គម្រោង​អភិវឌ្ឍន៍​ថាមពល​ ដឹកនាំ​ពាណិជ្ជកម្ម​អគ្គិសនី​ជាមួយ​ប្រទេស​ជិតខាង​ និង​ពិនិត្យ​លើ​គម្រោង​អភិវឌ្ឍន៍​ធំៗ​ និង​ការគ្រប់គ្រង​វិស័យ​អគ្គិសនី​ភាវូបនីយកម្ម​ជនបទ​។​ ក្រសួងពាណិជ្ជកម្ម​ ជាមួយនឹង​ ក្រសួង​រ៉ែ​ និង​ថាមពល​ គឺជា​កម្មសិទ្ធិករ​រួម​នៃ​អគ្គិសនី​កម្ពុជា​។​

​អគ្គិសនី​កម្ពុជា​ (EDC)​ គឺជា​ស្ថាប័ន​ស្វយ័ត​មួយ​ដែល​មាន​ទំនួល​ខុស​ត្រូវ​សម្រាប់​ការ​ផលិត​ ការ​បញ្ជូន​អគ្គិសនី​តាម​ខ្សែបណ្តាញ​តង់ស្យុង​ខ្ពស់​ និង​ការ​ចែកចាយ​អគ្គិសនី​នៅ​ទូ​ទាំង​ប្រទេស​កម្ពុជា​។​ មុខងារ​ដ៏​សំខាន់​របស់​ស្ថាប័ន​នេះ​ គឺ​កំពុង​ផ្គត់ផ្គង់​អគ្គិសនី​ អភិវឌ្ឍកា​រត​ភ្ជាប់​ខ្សែបណ្តាញ​តង់ស្យុង​ខ្ពស់​ និង​សម្រួល​ដល់​ការ​នាំ​ចូល​ និង​នាំ​ចេញ​អគ្គិសនី​ទៅ​កាន់​ និង​មក​ពី​ប្រទេស​ជិតខាង​។​

​បទ​ប្បញ្ញត្តិ​សំខាន់ៗ​នៅ​ក្នុង​ច្បាប់​ស្តី​ពី​អគ្គិសនី​ឆ្នាំ​ ២០០១​ មាន​ដូច​ជា​៖

  • ​ការពារ​សិទ្ធិ​អ្នក​ប្រើប្រាស់​ ដើម្បី​ទទួល​បានការ​ផ្គត់ផ្គង់​សេវាកម្ម​អគ្គិសនី​ដែល​មាន​ស្ថេ​រ​ភាព​ និង​គ្រប់គ្រាន់​តាម​តម្លៃ​សមរម្យ​
  • ជម្រុញការ​ប្រកួតប្រជែង​តាមដែល​អាច​ធ្វើទៅ​បាន​
  • បង្កើត​អាជ្ញាធរ​អគ្គិសនី​កម្ពុជា​ ជានិយ័ត​ករ​ក្នុង​វិស័យ​ថាមពល
  • ​លើកកម្ពស់លក្ខខណ្ឌ​អនុគ្រោះ​សម្រាប់​ការ​វិនិយោគ និង​ប្រតិបត្តិការ​ពាណិជ្ជកម្ម​ក្នុង​វិស័យ​អគ្គិសនី​។​

បានធ្វើបច្ចុប្បន្នភាព៖ ២០ ឧសភា ២០១៦

ទាក់ទងនឹងហេដ្ឋារចនាសម្ព័ន្ធអគ្គិសនី

ឯកសារយោង

  1. 1. WWF និង IES.​ ​“​ចក្ខុវិស័យ​វិស័យ​ថាមពល​៖​ ដំណើរ​ឆ្ពោះទៅ​រក​ថាមពល​កកើត​ឡើង​វិញ​ ១០០%​ នៅ​ឆ្នាំ​ ២០៥០”។​ មហា​តំបន់​ទន្លេមេគង្គ​,​ របាយការណ៍​កម្ពុជា​។​ WWF៖ ខែឧសភា ឆ្នាំ២០១៦។ ចូលអានថ្ងៃទី ២០ ខែឧសភា ឆ្នាំ២០១៦​។​​​ http://awsassets.panda.org/downloads/gmpo_psv_part_1.pdf
  2. 2. ដូចឯកសារយោងខាងដើម។
  3. 3. ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​ (CDC). “សៀវភៅ​ម​គ្គុ​ទេសន៍​ស្តី​ពី​ការ​វិនិយោគ​នៅ​កម្ពុជា​​ ២០១៣”​។​ ចូល​អាន​ថ្ងៃ​ទី​២៥​ ខែ​វិ​ច្ឆ​កា​ ឆ្នាំ​ ២០១៤​។​​ http://www.cambodiainvestment.gov.kh/#fragment-3-tab,​
  4. 4. WWF និង IES.​ ​“​ចក្ខុវិស័យ​វិស័យ​ថាមពល​៖​ ដំណើរ​ឆ្ពោះទៅ​រក​ថាមពល​កកើត​ឡើង​វិញ​ ១០០%​ នៅ​ឆ្នាំ​ ២០៥០”។​ មហា​តំបន់​ទន្លេមេគង្គ​,​ របាយការណ៍​កម្ពុជា​។​ WWF៖ ខែឧសភា ឆ្នាំ២០១៦។ ចូលអានថ្ងៃទី ២០ ខែឧសភា ឆ្នាំ២០១៦​។​ http://awsassets.panda.org/downloads/gmpo_psv_part_1.pdf
  5. 5. ​សុខ​ ចាន់​.​ “​រដ្ឋាភិបាល​ជម្រុញ​ពាណិជ្ជករ​វិនិយោគ​ក្នុង​វិស័យ​ថាមពល​”។​ កាសែត​ខ្មែរ​ថា​ម​ស៍​,​ ចុះ​ថ្ងៃ​ទី​២៥​ ខែកុម្ភៈ​ ឆ្នាំ​២០១៦​។​ ចូលអានថ្ងៃទី ២០​ ខែឧសភា ឆ្នាំ​២០១៦។​​https://opendevelopmentcambodia.net/news/govt-urges-business-to-invest-in-power/
  6. 6. អាជ្ញាធរ​អគ្គិសនី​កម្ពុជា​. របាយការណ៍​ស្តី​ពី​វិស័យ​ថាមពល​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។ រាជធានីភ្នំពេញ៖​ អាជ្ញាធរ​អគ្គិសនី​កម្ពុជា​, បោះ​ពុ​ម្ភ​ឆ្នាំ​២០១៥,​ ទំព័រ​ ២៥​។​ ចូល​អាន​ខែឧសភា​ ឆ្នាំ​២០១៦​។​​ http://eac.gov.kh/wp-content/uploads/2015/07/report-2014en.pdf
  7. 7. ដូច​ឯកសារយោង​ខាង​ដើម​,​ ទំព័រ​ ២៦​។
  8. 8. ​ដូច​ឯកសារយោង​ខាង​ដើម​។​
  9. 9. WWF និង IES.​ ​“​ចក្ខុវិស័យ​វិស័យ​ថាមពល​៖​ ដំណើរ​ឆ្ពោះទៅ​រក​ថាមពល​កកើត​ឡើង​វិញ​ ១០០%​ នៅ​ឆ្នាំ​ ២០៥០”។​ មហា​តំបន់​ទន្លេមេគង្គ​,​ របាយការណ៍​កម្ពុជា​។​ WWF៖ ខែឧសភា ឆ្នាំ២០១៦។ ចូលអានថ្ងៃទី ២០ ខែឧសភា ឆ្នាំ២០១៦​។​ http://awsassets.panda.org/downloads/gmpo_psv_part_1.pd
  10. 10. សរ​ ចាន់​តា​រ៉ា​.​ “​ក្រុមហ៊ុន​នានា​ប្រាប់​ថា​៖​ ដាក់​ការ​ខិតខំ​ប្រឹងប្រែង​បន្ថែម​នៅ​ក្នុង​ការ​ផ្គត់ផ្គង់​ថាមពល​”។​ កាសែត​ភ្នំពេញ​ប៉ុស្តិ៍​,​ ចុះ​ថ្ងៃ​ទី​ ១៩​ ខែមករា​ ឆ្នាំ​២០១៦​។​ ចូលអានថ្ងៃទី ២០​ ខែ ឧសភា ឆ្នាំ ២០១៦។​​ http://www.phnompenhpost.com/business/put-more-energy-power-supply-firms-told
  11. 11. ​ក្រសួងផែនការ​.​ “​ផែនការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ​ ២០១៤-២០១៨”,​ ទំព័រ​ viii.​ ចូល​អាន​ថ្ងៃ​ទី​១៦​ ខែកញ្ញា​ ឆ្នាំ​២០១៥​។​ http://www.mop.gov.kh/Home/NSDP/NSDP20142018/tabid/216/Default.aspx
  12. 12. ​ចាន់​ មួយ​ហុង​.​ “​ខ្សែបណ្តាញ​តង់ស្យុង​ខ្ពស់​នឹង​ភ្ជាប់​ពី​ស្ថានីយ៍​វា​រី​អគ្គិសនី​នៅ​ឆ្នាំ​ ២០១៧”។​ កាសែត​ភ្នំពេញ​ប៉ុស្តិ៍​,​ ចុះ​ថ្ងៃ​ទី​២១​ ខែឧសភា​ ឆ្នាំ​២០១៥​។​​ ចូលអានថ្ងៃទី ២០ ខែ ឧសភា ឆ្នាំ ២០១៦។ http://www.phnompenhpost.com/business/transmission-line-connect-dam-2017
  13. 13. សរ​ ចាន់​តា​រ៉ា​.​ “​ក្រុមហ៊ុន​នានា​ប្រាប់​ថា​៖​ ដាក់​ការ​ខិតខំ​ប្រឹងប្រែង​បន្ថែម​នៅ​ក្នុង​ការ​ផ្គត់ផ្គង់​ថាមពល​”។​ កាសែត​ភ្នំពេញ​ប៉ុស្តិ៍​,​ ចុះ​ថ្ងៃ​ទី​ ១៩​ ខែមករា​ ឆ្នាំ​២០១៦​។​ ចូលអានថ្ងៃទី ២០​ ខែ ឧសភា ឆ្នាំ ២០១៦។​​ http://www.phnompenhpost.com/business/put-more-energy-power-supply-firms-told
  14. 14. ម៉ៃ​ គុណ​មក​រា​.​ “​គម្រោង​ភ្ជាប់​បណ្តាញ​ជាតិ​សម្រាប់​ ១៥០,០០០​ គ្រួសារ​”។​ កាសែត​ភ្នំពេញ​ប៉ុស្តិ៍​,​ ចុះ​ថ្ងៃ​ទី​២​ ខែមីនា​ ឆ្នាំ​២០១៥​។ ចូលអានថ្ងៃទី ២០ ខែឧសភា ឆ្នាំ​២០១៦។ http://www.phnompenhpost.com/project-connect-150000-grid
  15. 15. Cam​ McGrath.​ “​ក្រុមហ៊ុន​ ម៉ា​ឡេ​ស៊ី​ គ្រោង​ចុះបញ្ជី​ក្នុង​ផ្សារ​ហ៊ុន​កម្ពុជា​”។ កាសែត​ភ្នំពេញ​ប៉ុស្តិ៍​,​ ចុះ​ថ្ងៃ​ទី​ ០១​ ខែមីនា​ ឆ្នាំ​២០១៦​។​ ចូលអានថ្ងៃទី ២០ ខែឧសភា ឆ្នាំ ២០១៦។ http://www.phnompenhpost.com/business/pestech-plugs-power-sector-ahead-listing
ទំនាក់ទំនងយើងខ្ញុំ

ទំនាក់ទំនងយើងខ្ញុំ

បើលោកអ្នកមានសំនួរទាក់ទងនឹងខ្លឹមសារផ្សាយនៅលើគេហទំព័រ Open Development Cambodia (ODC)? យើងខ្ញុំ​នឹង​ឆ្លើយ​តប​​ដោយ​ក្តី​រីក​រាយ។

តើអ្នកបានឃើញបញ្ហាបច្ចេកទេសណាមួយនៅលើគេហទំព័រOpen Development Cambodia (ODC) ដែរឬទេ?

តើលោកអ្នកយល់យ៉ាងដូចម្តេចដែរចំពោះការងាររបស់អូឌីស៊ី?

តើលោកអ្នកមានឯកសារដែលអាចជួយពង្រីក​គេហទំព័រOpen Development Cambodia (ODC) ដែរ​ឬទេ​?​ យើងខ្ញុំ​នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ទិន្នន័យ​អំពី​ផែនទី​ ច្បាប់​ អត្ថបទ​ និង​ ឯកសារ​ដែល​ពុំ​មាននៅ​លើ​គេហទំព័រ​នេះ​ ហើយ​ពិចារណា​បោះផ្សាយ​ទិន្នន័យ​ទាំងនោះ​។​ សូម​មេត្តា​ផ្ញើ​តែ​ឯកសារ​ណា​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative Commons

ឯកសារត្រូវបានលុប
មានបញ្ហា!

កំណត់សម្គាល់៖ Open Development Cambodia (ODC) នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ឯកសារ​ដែល​បាន​បញ្ជូន​មក​យ៉ាង​ហ្មត់ចត់​ ដើម្បី​កំណត់​ភាព​ត្រឹមត្រូវ​ និង​ពាក់ព័ន្ធ​ មុន​ពេលធ្វើការ​បង្ហោះ​ផ្សាយ​។​ រាល់​ឯកសារ​ដែល​បាន​បង្ហោះ​ផ្សាយ​នឹង​ជា​ឯកសារ​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative​ Commons​។​ យើងខ្ញុំ​សូម​អគុណ​សំរាប់​ការ​គាំទ្រ​របស់​លោក​អ្នក​។​

HtLhH
* ប្រអប់មតិមិនអាចទទេ! មិនអាចបញ្ចូនបាន សូមធ្វើការបញ្ចូនម្តងទៀត! Please add the code correctly​ first.

សូម​អរគុណ​សំរាប់​ការ​ចំនាយ​ពេល​ក្នុង​ការ​ចែក​រំលែក​មក​កាន់​យើងខ្ញុំ!